អាមេរិក-តួកគី

អាមេរិក​អះអាង​ថា បាន​ជួប​ជា​លើក​ទីមួយ ​​ក្រុម​តំណាង​យុទ្ធជន​គួដ​ស៊ីរី

ក្រុម​គួដ​ស៊ីរី​ដែល​ទទួល​បាន​ការគាំទ្រ​ពី​គួដ​តួកគី កំពុង​ប្រយុទ្ធ​ការពារ​កុំ​ឲ្យ​ក្រុង​កូបាណេ​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុមជីហាត
ក្រុម​គួដ​ស៊ីរី​ដែល​ទទួល​បាន​ការគាំទ្រ​ពី​គួដ​តួកគី កំពុង​ប្រយុទ្ធ​ការពារ​កុំ​ឲ្យ​ក្រុង​កូបាណេ​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុមជីហាត © REUTERS/Kai Pfaffenbach

មន្រ្តីជាន់ខ្ពស់​អាមេរិក​បាន​ជួប ជាលើក​ទីមួយ​អ្នកទទួលខុសត្រូវ​របស់​ចលនា​គួដ​ស៊ីរី។ ក្រសួង​ការបរទេស បាន​បង្ហាញ​ដំណឹង​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ តុលា។ ជំនួប​នេះ​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​តួកគី ​ក្តៅក្រហាយ មិនពេញចិត្ត ព្រោះ​ចលនា​គួដ​ស៊ីរី​ដែល​កំពុង​ប្រយុទ្ធ​នឹង​ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម ត្រូវ​តួកគី​ចាត់ទុក​ជា​សាខា​មួយ​របស់​គណបក្ស​គួដ​តួកគី ដែល​​ជា​គូសត្រូវ​របស់​ទីក្រុង​អង់ការ៉ា។  

ផ្សាយពាណិជ្ជកម្ម

មន្រ្តី​អាមេរិក​បានជួប​ពិភាក្សា ជា​លើក​ទីមួយ ជាមួយ​ក្រុម​គួដ​ស៊ីរី ដែល​តំណាង​ឲ្យ​គណបក្ស​រួបរួម​ប្រជាធិបតេយ្យ​នៅ​ស៊ីរី។ តាម​អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក ជំនួប​នេះធ្វើ​ឡើង នៅក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្រ្ត​របស់​អាមេរិក ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី។ អ្នកនាំពាក្យ​មិន​បាន​បង្ហាញ​ពីអត្តសញ្ញាណ​របស់​មន្រ្តី​អាមេរិក ឬ​ទីកន្លែង​ដែល​ពួកគេ​ជួប​នឹង​ក្រុមយុទ្ធជន​គួដទេ ប៉ុន្តែ តាម​មន្រ្តីទូត​អាមេរិក​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ជំនួប​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក រវាង​មន្រ្តី​អាមេរិក និង​ក្រុមគួដ​ស៊ីរី​បាន​ធ្វើ​ឡើង កាលពី​ចុង​សប្តាហ៍​មុន នៅទីក្រុង​ប៉ារីស ពោល​គឺ​នៅក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​ប្រមុខការបរទេស ចន ឃែរី នៅអឺរ៉ុប។

 
អាមេរិក​ធ្លាប់​តែ​មាន​ប្រវត្តិ​ជួយ​ក្រុម​គួដ​នៅ​អ៊ីរ៉ាក់ ប៉ុន្តែ មិនដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុមគួដ នៅ​ស៊ីរីទេ។ ក្រុមគួដ​ស៊ីរី កំពុង​ប្រយុទ្ធ​យ៉ាងត្រដាប​ត្រដួល តទល់​នឹង​ការវាយ​លុកលុយ​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅ​ទីក្រុង​កូបាណេ ក្នុងទឹកដី​ស៊ីរី។ តាម​មន្ត្រី​នាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​អាមេរិក ទីក្រុង​កូបាណេ​ត្រូវ​បាន​គេចាត់ទុក​ជា​និមិត្តរូប​នៃ​ការតស៊ូ​ប្រយុទ្ធ​ស្វិតស្វាញ​ប្រឆាំង​នឹង​ក្រុមជីហាត។ នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ អាមេរិក​ និង​សម្ព័ន្ធ​អន្តរជាតិ​បាន​ប្រើ​យន្តហោះ​ចម្បាំង​ទៅ​ទម្លាក់​គ្រាប់ លើ​សម្បុក​ក្រុមជីហាត រហូត​ធ្វើ​ឲ្យ​ក្រុមនេះ​ដកថយ ចេញ​ពី​កន្លែង​ខ្លះ ដែល​ពួកគេ​ទើប​វាយ​យក​បាន នៅទីក្រុង​កូបាណេ។

តាមអ្នកវិភាគខ្លះ ជំនួប​រវាង​មន្រ្តី​អាមេរិក និង​ចលនា​គួដ​ស៊ីរី​ប្រាកដ​ជាធ្វើ​ឲ្យ​រដ្ឋាភិបាល​តួកគី​ខឹង​សម្បារ ព្រោះថា តួកគី​បាន​ចាត់ទុក​ក្រុមគួដ​ស៊ីរី​ជា​ដៃជើង​របស់​គណបក្ស​ពលករ​គួដ ដែល​ជា​សត្រូវ​ស៊ូពូជ​របស់​រដ្ឋាភិបាល​អង់ការ៉ា។ ដើម្បី​ជៀសវាង​បញ្ឆេះ​កំហឹង​របស់​អង់ការ៉ា អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក​បាន​អះអាងថា ជំនួន​នោះ​ធ្វើ​ឡើង​តែ​មួយភ្លែត​តែប៉ុណ្ណោះ។ ម្យ៉ាងទៀត រហូតមកដល់ពេលនេះ ទីក្រុង​វ៉ាស៊ីនតោន​ក៏​មិន​ទាន់​មាន​ចេតនា​ចង់​បំពាក់​អាវុធ ឬ​បណ្តុះបណ្តាល​ក្រុមគួដ​ស៊ីរី ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​ដែរ។

នៅក្នុង​រឿង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៅ​ស៊ីរី និង​អ៊ីរ៉ាក់ រដ្ឋាភិបាល​តួកគី​ត្រូវ​រង​ការបន្ទោស និង​រិះគន់​ទាំងពី​អន្តរជាតិ និង​សកម្មជន​គួដ តួកគី ដែល​ចោទ​រដ្ឋាភិបាល​ថា ស្ពឹកស្រពន់ និង​ឈរឱបដៃ ទុក​ឲ្យ​ក្រុមជីហាត​សម្លាប់​ប្រជាជន​គួដ នៅ​ទីក្រុង​កូបាណេ​របស់​ស៊ីរី ដែល​នៅ​ជាប់​ព្រំដែន​តួកគី។ ភាព​អសកម្ម​របស់​រដ្ឋាភិបាល​តួកគី នៅក្នុង​ការប្រយុទ្ធតបត​នឹង​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​អាច​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​តួកគី មិន​បាន​ទទួល​ការគាំទ្រ ដើម្បី​បាន​ទទួល​កៅអី ជា​សមាជិក​មិន​អចិន្រ្តៃយ៍ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។ ដោយសារ​តែ​គ្មាន​ការគាំទ្រ​ពី​បណ្តា​ប្រទេស​អ៊ីស្លាម តួកគី​បាន​ប្រកួត​ចាញ់​អេស្ប៉ាញ មិន​អាច​ក្លាយ​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ម្សិលមិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI