មធ្យោបាយដែលរដ្ឋាភិបាលអាចស្តាប់មតិយោបល់របស់ម្ចាស់ឆ្នោត!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៥
ក្នុងការចាប់ផ្តើមដឹកនាំរដ្ឋាភិបាលអាណត្តិទី៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តើមរៀបចំវេទិកាសាធារណៈមុនគេដើម្បីស្តាប់សំណូមពររបស់ពលរដ្ឋម្ចាស់ឆ្នោត។ វេទិកាសាធារណៈនេះត្រូវគេគ្រោងរៀបចំឡើងនៅគ្រប់ទិសទី និងជាញឹកញាប់ដើម្បីអនុញ្ញាតឲ្យប្រជាជនបានសម្តែងមតិនៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច។ នេះជាកំណែទម្រង់មួយដែលរដ្ឋាភិបាលរំពឹងថា អាចធ្វើឲ្យការដឹកនាំរបស់ខ្លួនឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនម្ចាស់ឆ្នោត។ ប៉ុន្តែ តើវេទិកាសាធារណៈនេះនឹងមានប្រសិទ្ធភាពដែរឬទេ?
នៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូងនៃរដ្ឋាភិបាលថ្មីអាណត្តិទី៥កាលពីថ្ងៃទី ២៥ កញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់មួយចំនួនក្នុងនោះ ការបង្ខិតមន្ត្រីអាជ្ញាធរឲ្យទៅកៀកនឹងពលរដ្ឋគឺជាកិច្ចការចាំបាច់និងជាបន្ទាន់មួយ។ ដើម្បីសម្រេចគោលដៅនេះ រដ្ឋាភិបាលគ្រោងនឹងរៀបចំវេទិកាសាធារណៈនៅគ្រប់ទិសទី និងឲ្យបានញឹកញាប់ទៀតផង។
គោលដៅនៃការរៀបចំវេទិកាសាធារណៈនេះគឺដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតបានឡើងសម្តែងមតិ និងសំណូមពររបស់ខ្លួននៅចំពោះមុខមន្ត្រីអាជ្ញាធរ។ ប្រជាពលរដ្ឋក៏អាចរិះគន់ឬស្តីបន្ទោសចំៗដល់មន្ត្រីណាដែលបានប្រព្រឹត្តខុសឆ្គងផងដែរ។ ប្រមុខរដ្ឋាភិបាលសង្ឃឹមថា មធ្យោបាយនេះអាចអនុញ្ញាតឲ្យមន្ត្រីអាជ្ញាធរ និងរដ្ឋាភិបាលរបស់លោកអាចស្វែងយល់អំពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបានស៊ីជម្រៅជាងមុនដើម្បីកែតម្រូវគោលនយោបាយរបស់ខ្លួនឲ្យសមស្របទៅតាមការចង់បានរបស់ម្ចាស់ឆ្នោត។
តាមពិតទៅ កិច្ចការទាំងនេះគួរតែត្រូវបានអនុវត្តតាំងពីយូរណាស់មកហើយគឺមិនមែនជារឿងដែលទើបតែត្រូវប្រញាប់ប្រញាល់នៅពេលនេះទេ ពីព្រោះនេះជាគោលការណ៍ដ៏សាមញ្ញបំផុតមួយសម្រាប់លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ គួរឲ្យសោកស្តាយ មន្ត្រីអាជ្ញាធរ និងមន្ត្រីរដ្ឋាភិបាលមួយចំនួនបែរជាមើលរំលងបញ្ហានេះ។
ជាការពិតណាស់ ភាពអសកម្មឬកំហុសឆ្គងរបស់មន្ត្រីរដ្ឋាភិបាលនិងមន្ត្រីអាជ្ញាធរជាច្រើនរាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមគឺជាប្រភពដែលធ្វើឲ្យគណបក្សកាន់អំណាចស្រុតចុះប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងការបោះឆ្នោតសភាអាណត្តិទី៥នេះ។ ស្រុតចុះពីព្រោះតែមន្ត្រីអាជ្ញាធរបានធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្តឬក៏ឈឺចាប់ដោយសារតែទង្វើរបស់ខ្លួន។ ពួកគេមិនបានស្វែងយល់ពីសំណូមពររបស់ពលរដ្ឋទេ តែបែរជាធ្វើខ្លួនឲ្យខ្ពស់ហួសឆ្ងាយពីម្ចាស់ឆ្នោតទៅវិញ។
ជំនួសឲ្យការបម្រើពលរដ្ឋ ពួកគេបែរជាយកអំណាចទៅគាបសង្កត់ពលរដ្ឋម្ចាស់ឆ្នោតដើម្បីលាភសក្ការៈផ្ទាល់ខ្លួនទៅវិញ។ ជំនួសឲ្យកាស្វែងយល់ពីសុខទុក្ខម្ចាស់ឆ្នោត ពួកគេច្រើនតែគេចវេសមិនសូវចង់ប្រឈមមុខជាមួយម្ចាស់ឆ្នោតទៅវិញ។ ជាក់ស្តែង ពេលមានវេទិកាសាធារណៈម្តងៗ មន្ត្រីបក្សកាន់អំណាចច្រើនតែមិនសូវចូលរួមឡើយ។ មិនតែប៉ុណ្ណោះ នៅពេលដែលពលរដ្ឋតវ៉ា ពួកគេបែរជាគេចវេសមិនទទួលខុសត្រូវឬចោទប្រកាន់អ្នកតវ៉ាថាជាក្រុមប្រឆាំងទៅវិញ។ ទីបំផុត ពលរដ្ឋទាំងនោះក៏បោះឆ្នោតឲ្យបក្សប្រឆាំងមែន។
នេះជាហេតុផលដែលប្រមុខរដ្ឋាភិបាលប្រញាប់ប្រញាល់បង្ខិតមន្ត្រីរបស់ខ្លួនឲ្យទៅកៀកនឹងពលរដ្ឋ។ វាជាកំណែទម្រង់ក្នុងផ្លូវត្រូវមួយ ហើយក៏មិនទាន់ហួសពេលដែរបើទោះបីជាវាយឺតយ៉ាវយ៉ាងខ្លាំងក៏ដោយ។ ប៉ុន្តែ អ្វីដែលរដ្ឋាភិបាលគួរប្រយ័ត្នគឺ ប្រសិទ្ធភាពនៃការរៀបចំវេទិកាសាធារណៈ។ អ្វីដែលគួរស្វែងយល់នោះគឺ មិនមែនគ្រប់វេទិកាសុទ្ធតែជាឱកាសដែលពលរដ្ឋហ៊ានសម្តែងមតិនោះឡើយ។
ជាទូទៅ ប្រជាពលរដ្ឋខ្មែរនៅតែមានអារម្មណ៍ភ័យខ្លាចអាជ្ញាធរនៅឡើយ។ ក្នុងន័យនេះ ពួកគេច្បាស់ជាមិនហ៊ានសម្តែងមតិដោយសេរីឡើយ ប្រសិនបើវេទិកានោះមិនធានាបរិយាកាសអព្យាក្រឹតដ៏គួរឲ្យទុកចិត្តនោះ។ ដូច្នេះ អ្នករៀបចំវេទិកាសម្តែងមតិ គួរតែជាអង្គការសង្គមស៊ីវិលឯករាជ្យ គឺមិនមែនជាអាជ្ញាធរឡើយ។ នេះជាចំណុចគន្លឹះដែលត្រូវយកចិត្តទុកដាក់ប្រសិនបើរដ្ឋាភិបាលពិតជាចង់ស្វែងយល់ពីមតិរបស់ពលរដ្ឋមែននោះ។
ម្យ៉ាងទៀត ក្រៅពីវេទិកាសាធារណៈ នៅមានមធ្យោបាយជាច្រើនទៀតដែលរដ្ឋាភិបាលគួរផ្តោតការយកចិត្តទុកដាក់ ដូចជា ការដាក់ពង្រាយប្រអប់សំបុត្រនៅគ្រប់ទីកន្លែងដើម្បីទទួលយកមតិយោបល់ឬពាក្យបណ្តឹងរបស់ពលរដ្ឋ ការស្តាប់មតិរបស់ពលរដ្ឋតាមរយៈតុកាហ្វេ តាមរយៈសារព័ត៌មានឯករាជ្យ វេទិការបស់អង្គការសង្គមស៊ីវិល ឬក៏វេទិការបស់គណបក្សប្រឆាំងផង។
តាមពិត តាមរយៈមធ្យោបាយទាំងនេះ រដ្ឋាភិបាលគួរតែទទួលបានព័ត៌មានគ្រប់គ្រាន់ទៅហើយដើម្បីយល់ដឹងពីសំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋ ដោយគ្រាន់តែបើកចិត្តឲ្យទូលាយ ហើយស្តាប់និងទទួលយកបញ្ហាទាំងនោះមកដោះស្រាយជាការស្រេច។ ផ្ទុយទៅវិញ ប្រសិនបើមន្ត្រីរដ្ឋាភិបាល នៅតែពិរោះនឹងពាក្យបញ្ចើចបញ្ចើតទៅទៀត ហើយមិនចូលចិត្តស្តាប់មតិរិះគន់សោះនោះ គោលនយោបាយកំណែទម្រង់របស់រដ្ឋាភិបាលនឹងច្បាស់ជាមិនទទួលបានលទ្ធផលឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ