Forum សេដ្ឋកិច្ចពិភពលោក៖ គម្លាតថយចុះរវាងស្រី្ត និងបុរសនៅក្នុងជីវិតនយោបាយសម្រាប់ឆ្នំា ២០១៣
ចុះផ្សាយនៅថ្ងៃ៖
គម្លាតរវាងស្រ្តី និងបុរសក្នុងការចូលប្រឡូកក្នុងឆាកនយោបាយមានការថយចុះក្នុងឆ្នំា ២០១៣ នេះបើផ្អែកតាមរបាយការណ៍មួយចេញផ្សាយដោយ Forum សេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសកាលពីថ្ងៃសុក្រ ទី២៥ តុលា។ គម្លាតថយចុះក៏ដោយសារតែមានស្រ្តីភាគច្រើនបាននំាគ្នាចូលខ្លួនធ្វើនយោបាយក្នុងឆ្នំា ២០១៣ នេះ។
កុំឲ្យចាញ់បុរស និងចៀសវាងឃ្លាមួយដែលថា ស្រ្តីជាមេផ្ទះ វិលជុំវិញតែចង្គ្រាននោះ មានស្រ្តីកាន់តែច្រើនឡើងៗបានចាប់អារម្មណ៍ក្នុងរឿងនយោបាយ។ យោងតាមរបាយការណ៍ប្រចំាឆ្នំា ២០១៣ ចេញផ្សាយដោយ Forum សេដ្ឋកិច្ចពិភពលោកនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសកាលពីថ្ងៃសុក្រ ទី២៥ តុលាឲ្យដឹងថា ក្នុងឆ្នំា ២០១៣ នេះ មានស្រ្តីប្រមាណជា ២១% បានចូលប្រឡូកក្នុងឆាកនយោបាយ ពោលគឺមានការកើនបន្តិច បើធៀបនឹងឆ្នំា ២០១២ ដែលមានតែ ១៩%។
របាយការណ៍ឆ្នំា ២០១៣ ដដែលបានកត់សម្គាល់ឃើញថា មាន ៨៦ប្រទេសក្នុងចំណោមប្រទេស ១៣៣ បានទទួលជោគជ័យក្នុងការកាត់បន្ថយគម្លាតរវាងស្រ្តី និងបុរសក្នុងឆាកនយោបាយ ព្រមទាំងបានជួយលើកតម្កើងស្ថានភាពទូទៅរបស់ស្រ្តីផងដែរ។ គួររម្លឹកជូនថា Forum សេដ្ឋកិច្ចពិភពលោកបានចេញផ្សាយរបាយការណ៍របៀបនេះតំាងពី ៨ឆ្នំាមកហើយ។ សម្រាប់របាយការណ៍ឆ្នំា ២០១៣ នេះ Forum សេដ្ឋកិច្ចពិភពលោកបានធ្វើការសិក្សាដោយផ្អែកលើទិន្នន័យផ្តល់ដោយប្រទេសចំនួន ១៣៦ប្រទេសស្តីពីលទ្ធផលនៃការកាត់បន្ថយគម្លាតរវាងបុរស និងស្រ្តីនៅក្នុងវិស័យចំនួន ៤ រួមមាន សុខភាព អប់រំ ការចូលរួមនៅក្នុងជីវិតនយោបាយ និងសមភាពសេដ្ឋកិច្ច។
មិនខុសពីឆ្នំា ២០១២ ទេ ប្រទេសដែលបានរក្សាចំណាត់ថ្នាក់របស់ខ្លួននៅដដែលក្នុងផ្នែកកាត់បន្ថយគម្លាតរវាងបុរស និងស្រ្តីមាន អ៊ីស្លង់ ហ្វំាងឡង់ ន័រវែស និងប្រទេសស៊ុយអែត។ ជាការកត់សម្គាល់ ប្រទេសអ៊ីស្លង់បានរក្សាជាចំណាត់ជាប្រទេសឈានមុខទី១ តំាងពី ៥ឆ្នំាមកហើយ ដោយបានកាត់បន្ថយគម្លាតរវាងបុរស និងស្រ្តីរហូតដល់ទៅ ៨០%។ រីឯប្រទេសបារំាងទទួលបានចំណាត់ថ្នាក់លេខ ៤៥ ក្នុងឆ្នំា ២០១៣ ទល់នឹងលេខ ៥៧ ក្នុងឆ្នំា ២០១២។ នៅអាស៊ី ជាលើកទី១ ប្រទេសហ្វីលីពីនបានឡើងចំណាត់ថ្នាក់ទី៥ បន្ទាប់ពីស្ថិតក្នុងចំណាត់ថ្នាក់ទី៨ កាលពីឆ្នំា ២០១២។ ចំណែកប្រទេសដែលស្ថិតក្រោមគេ មានឆាដ ជាប់លេខទី ១៣៤ ប៉ាគីស្ថានជាប់លេខ ១៣៥ និងបន្តដោយប្រទេសយេម៉ែនជាប់លេខ ១៣៦។
បើនិយាយជាលក្ខណៈសកល មានតែគម្លាតទាក់ទងនឹងការចូលរួមក្នុងនយោបាយទេ ដែលមានការផ្លាស់ប្តូរក្នុងឆ្នំា ២០១៣ ដោយកើនពី ១៩% មក ២១%។ រីឯនៅក្នុងផ្នែក ៣ទៀត រួមមាន សេដ្ឋកិច្ច អប់រំ និងសុខភាព គឺគ្មានផ្លាស់ប្តូរអ្វីទេ បើធៀបនឹងឆ្នំា ២០១២៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ