ភូមា

បស្ចឹម​លោក​​អំពាវនាវ​ឱ្យ​ទេសចរ​បរទេស​ប្រយ័ត្ន​​នឹង​គ្រោះ​ភេរវកម្ម​នៅ​ភូមា​

បំណែក​កញ្ចក់​សណ្ឋាគារ ក្រោយ​ការ​ផ្ទុះគ្រាប់​បែក​របួស​ជន​ជាតិ​អាមេរិក​ម្នាក់ នៅ​ថ្ងៃ​ចន្ទ​ទី​១៤​តុលា ២០១៣
បំណែក​កញ្ចក់​សណ្ឋាគារ ក្រោយ​ការ​ផ្ទុះគ្រាប់​បែក​របួស​ជន​ជាតិ​អាមេរិក​ម្នាក់ នៅ​ថ្ងៃ​ចន្ទ​ទី​១៤​តុលា ២០១៣ © Reuters

បណ្តា​ប្រទេស​បស្ចឹម​លោក​ជា​ច្រើនបាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​​មានការ​ប្រុង​ប្រយ័ត្ន នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ភូមា។ ភូមា​ ដែល​បាន​រង​ការ​វាយប្រហារ​បំផ្ទុះ​គ្រាប់​បែក​តៗ​គ្នា​ ជា​ច្រើន​លើក​ច្រើន នា​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃ​ចុង​ក្រោយនេះ ក្នុង​នោះ​មាន​គ្រាប់​ផ្ទុះ​នៅ​ក្នុង​សណ្ឋាគារ​ប្រណិត​នៅ​ទីក្រុង​រ៉ង់ហ្គូន។

ផ្សាយពាណិជ្ជកម្ម

មិន​មែន​ជា​ការ​ហាមឃាត់​ទេ តែ​ជា​​សេចក្តី​ប្រកាស​ណែនាំ​ ! ប្រទេស​លោក​ខាង​លិច​ មាន​ជា​អាទិ៍​ បារាំង អង់គ្លេស សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្លួន​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ភូមា ​ប្រុង​ប្រយ័ត្ន។ ជា​ការ​គំរាម​កំហែង​ភេរវកម្មដ៏​សំខាន់​មួយ​ ដែលគេ​មិន​ទាន់​ដឹង​ពី​កម្មវត្ថុ និង​អាច​កើត​ឡើង​ដោយ​ចៃដន្យ​នៅ​តាមកន្លែងមាន​ទេសចរច្រើន​! នេះ​បើ​តាម​ភាសា​ទូត​អង់គ្លេស​​​។  នឹង​មាន​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ថ្មី​ទៀត ! នេះ​ជា​ការ​ព្រមាន​របស់​ស្ថានទូត​អូស្រ្តាលី។

 
បើតាមអ្នក​សង្កេត​ការណ៍ សកម្មភាព​បំផ្ទុះ​គ្រាប់​បែក​​នេះ ទំនង​ជា​ដើម្បី​បង្ក​ភាព​ភ័យ​ស្លន់​ស្លោ​ និង​បង្អាក់​ដំណើរ​ការ​​ធ្វើ​កំណែទម្រង់​ប្រទេស​តែ​ប៉ុណ្ណោះ គឺ​គ្មាន​ចេតនា​ធ្វើ​ឱ្យ​មាន​ជន​រងគ្រោះ​ច្រើន​ទេ។ បើ​តាម​​ ​​​សហភាព​ជាតិ​ការ៉ែន ជន​សង្ស័យ​ចាប់​ខ្លួន​បាន​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ជា​សមាជិក​ម្នាក់​របស់​​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធការ៉ែន។ ប៉ុន្តែ​បុគ្គល​នេះ​ទំនង​ជា​មិន​សប្បាយ​ចិត្ត​នឹង​ការ​ចុះ​ហត្ថលេខា​​ឈប់​បាញ់​ជា​ប្រវត្តិសាស្ត្រ​រវាង​សហភាព​និង​រដ្ឋាភិបាល។

សូម​បញ្ជាក់​ថា ការ​បំផ្ទុះ​គ្រាប់​បែក​ជា​សេរី នៅ​តាម​កន្លែង​ផ្សេងៗគ្នា​ បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​សុក្រ​ទី ១១​តុលាមក បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ពីរ​នាក់ និង​របួស​ជា​ច្រើន​នាក់។ គ្រាប់​បែក​ចុង​ក្រោយ​ផ្ទុះ​​កាលពី​ថ្ងៃ​ចន្ទ​ ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ Traders នៅ​ទីក្រុង​រ៉ង់ហ្គូន ដែល​ទេសចរ​បរទេស​និង​អ្នក​ជំនួញ​ចូល​ចិត្ត​ស្នាក់​នៅ បណ្តាល​ឱ្យ​ស្ត្រីជាតិ​អាមេរិក​ម្នាក់​រង​របួស។

ការ​បំផ្ទុះ​គ្រាប់​បែក​ តែង​កើត​ឡើង​ជា​ញឹកញយ​ ក្នុង​សម័យ​ដឹក​នាំ​ដោយ​របប​ផ្តាច់ការ​ ដោយ​​ស្នាដៃ​របស់​ពួក​ឧទ្ទាម​ទ័ព​ព្រៃ ប៉ុន្តែកម្រ​កើត​មាន​ណាស់​ ​តាំង​ពី​ភូមា​មាន​រដ្ឋាភិបាល​ស៊ីវិល នៅ​ឆ្នាំ​២០១១ មានការ​ធ្វើ​កំណែទម្រង់​នយោបាយ និង​ចុះ​កិច្ចព្រមព្រៀង​​សន្តិភាព​ជា​មួយ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគ​តិច​និង​ទ័ព​ព្រៃមក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI