អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អ្វីទៅ​ដែល​ជំរុញ​ឲ្យ​លោក​ស្ហ៊ីនហ្សូអាបេ​ដាក់ចេញ​នូវ​នយោបាយ​ជាតិនិយម?

សំឡេង ០៤:២៩
លោក​ស្ហ៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្តី​ជប៉ុន​
លោក​ស្ហ៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្តី​ជប៉ុន​ EUTERS/Toru Hanai
ដោយ៖ សេង ឌីណា

ចាប់តាំង​ពី​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១២​មក លោក​ស្ហ៊ីនហ្សូ អាបេ បាន​បង្ហាញ​ឲ្យឃើញ​ទាំង​តាមរយៈពាក្យសម្តី និង​សកម្មភាព អំពី​​នយោបាយ​ជាតិ​និយម និង​គោលបំណង​ចង់​ទាញ​ជប៉ុន​ឲ្យ​ចេញ​ពី​ចំណង​នៃ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម ដែល​ជប៉ុន​ត្រូវ​បង្ខំ​ចិត្ត​ទទួល​យក ក្រោយ​ពី​បរាជ័យ​ក្នុង​សង្រ្គាម​លោក​លើកទី២។ តើ​មាន​មូលហេតុអ្វី ដែល​ជំរុញ​ឲ្យ​លោក​ស្ហ៊ីនហ្សូ អាបេ ដើរ​ចូល​គន្លងផ្លូវ​ជាតិនិយម​ខ្លាំង​បែបនេះ?

ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​យល់​ច្បាស់​អំពី​នយោបាយ​ជាតិនិយម​របស់​លោក​ស្ហ៊ីនហ្សូ អាបេ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេ​ត្រូវ​ស្វែងយល់​អំពី​ចំណុច​សំខាន់​ពីរ៖​ ទីមួយ ប្រវត្តិ​គ្រួសារ និង​គោលគំនិត​ជាតិនិយម​​​របស់​លោក​ស្ហ៊ីនហ្សូ​ អាបេ ផ្ទាល់ និង​ទីពីរ ចំណង​សម្ព័ន្ធភាព​ រវាង​ជប៉ុន និង​សហរដ្ឋ​អាមេរិក។

នៅ​ក្រោយ​ពេល​ដែលជប៉ុន​ចាញ់​សង្រ្គាម​លោក​លើកទី២ នៅ​ឆ្នាំ​១៩៤៥ ជប៉ុន​ត្រូវ​បង្ខំ​ចិត្ត​ទទួល​យក​​នូវ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម ដែលដាក់​កម្រិត​ជប៉ុន​មិន​ឲ្យ​មាន​កម្លាំង​ទ័ព ដែល​អាច​ធ្វើ​សង្រ្គាម​ទល់​នឹង​ប្រទេស​ដទៃ។ ដើម្បី​ការពារខ្លួន​ពី​ការ​វាយប្រហារ​ពី​សំណាក់​ប្រទេស​ដទៃ ជប៉ុន​ត្រូវ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង ​លើ​សហរដ្ឋ​អាមេរិក ដែល​បាន​ចុះ​សន្ធិសញ្ញា​សម្ព័ន្ធភាព​នឹង​គ្នា កាល​ពី​ឆ្នាំ​១៩៥២។

ក៏ប៉ុន្តែ នៅ​ពេលនេះ លោក​ស្ហ៊ីនហ្សូ អាបេ ក៏ដូចជា​អ្នកនយោបាយផ្សេងទៀត នៅ​ក្នុង​គណបក្ស​អភិរក្សនិយម​ជប៉ុន ចាប់ផ្តើម​មាន​ការ​បារម្ភ​កាន់តែ​ខ្លាំង ខ្លាចក្រែង​អាមេរិក​លែង​មាន​ឆន្ទៈ ឬ​លែង​មាន​សមត្ថភាព​ក្នុងការ​ការពារជប៉ុន​បាន​តទៅទៀត។

ក្តីបារម្ភ​របស់​ជប៉ុន​កើតមាន​កាន់តែ​ខ្លាំង នៅពេល​ដែល​​ជប៉ុន​មើលឃើញ​ចិន​ ដែល​ជា​គូសត្រូវ​ដ៏ធំ ចេះតែ​បង្កើន​ការចំណាយ​ផ្នែក​ការពារជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជារៀងរាល់​ឆ្នាំ ចំណែកឯ​សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​វិញ​កំពុងតែថមថយ​អំណាច​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ កំណើន​សេដ្ឋកិច្ច​តិចតួច បំណុល​សាធារណៈ​​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ បូករួម​ជាមួយ​នឹង​បញ្ហា​នយោបាយ​ក្នុងស្រុក ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​​អាមេរិក​ត្រូវ​ជាប់គាំង ហើយប្រទេស​ជាតិ​ត្រូវ​ប្រឈមមុខ​នឹង​ការក្ស័យធន​ជាច្រើនលើក​ច្រើន​សា គឺ​សុទ្ធសឹង​ជា​សញ្ញា​អវិជ្ជមាន ដែល​ធ្វើ​ឲ្យ​ជប៉ុន​បាត់​ទំនុកចិត្ត​លើ​សហរដ្ឋ​អាមេរិក។

កាលពី​ដើមខែ​កុម្ភៈ​កន្លងទៅនេះ មន្រ្តី​ម្នាក់​ ដែល​ស្និទ្ធ​នឹង​លោក​ស្ហ៊ីនហ្សូ អាបេ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ថា នៅ​ក្នុង​ចក្ខុវិស័យ​យុទ្ធសាស្រ្ត​រយៈពេល​វែង ជប៉ុន​ចាំបាច់​ត្រូវ​តែ​ចាប់ផ្តើមគិតគូរ​ពីពេលនេះ​ទៅ ដើម្បី​ប្រុងប្រៀបខ្លួន​ ក្នុងករណី​ដែល​សហរដ្ឋ​អាមេរិក​​លែង​អាច​ការពារ​ជប៉ុន​បានតទៅទៀត នៅថ្ងៃ​ខាងមុខ។ មានន័យថា ជប៉ុន​ត្រូវ​តែ​ចាប់ផ្តើម​ពិនិត្យ​មើល​ឡើងវិញ នូវ​តួនាទី​​ បេសកកម្ម និង​រចនាសម្ព័ន្ធ​កងទ័ព ព្រមទាំងគ្រឿងសព្វាវុធ​ដែល​ខ្លួន​មាន ឬ​មិនទាន់​មាន ហើយ​ដែល​ត្រូវ​មាន។

ក្រៅពី​ការ​ពង្រឹង​កម្លាំង​ទ័ព​ខ្លួនឯង ជប៉ុន​ក៏​កំពុងតែ​ស្វះស្វែង​​ផងដែរ ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​​មួយ​ចំនួន​ផ្សេងទៀត​ក្រៅពី​អាមេរិក ដូចជា ជាមួយ​ឥណ្ឌា អូស្រ្តាលី និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជាដើម។ សូម្បីតែ​​​រុស្ស៊ី ដែល​ជា​ប្រទេស​កំពុង​ជាប់ជម្លោះ​ព្រំដែន​ជាមួយ​ជប៉ុន ក៏​រដ្ឋាភិបាល​លោក​ស្ហ៊ីនហ្សូ អាបេ កំពុង​តែ​ព្យាយាម​រឹតចំណង​ទាក់ទង​ជាមួយ​ផងដែរ ដើម្បី​​អាច​ជាចន្ទល់​មួយ​បន្ថែម​ទៀត ចៀសវាង​កុំ​ឲ្យ​ពឹងផ្អែក​លើ​សហរដ្ឋ​អាមេរិក​តែមួយ។

ការធ្លាក់ចុះ​នៃ​អំណាច​របស់​សហរដ្ឋ​អាមេរិក និង​ការ​បង្កើន​កម្លាំង​យោធា​របស់​ចិន គឺ​ជា​ហេតុផលមួយ ក៏ប៉ុន្តែ គោលគំនិត​ជាតិនិយម​របស់​លោក​ស្ហ៊ីនហ្សូ អាបេ​ផ្ទាល់ ក៏​ជា​ហេតុផល​​ចម្បងមួយ​ផងដែរ។ លោក​ស្ហ៊ីនហ្សូ អាបេ គឺ​ជា​អ្នក​នយោបាយ​​ ក្នុង​​ត្រកូល​អ្នក​ជាតិនិយម​ជាច្រើន​តំណ​មកហើយ។

ជីតា​របស់​លោក​ស្ហ៊ីនហ្សូ អាបេ គឺ​លោក​ណូប៊ូស៊ូកេ គីស្ហ៊ី (Nobusuke Kishi) គឺ​ជា​អតីត​រដ្ឋមន្រ្តី​ជប៉ុន នៅ​មុន និង​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២។ នៅ​ក្រោយ​សង្រ្គាម​ លោកគីស្ហ៊ី ​ត្រូវបាន​តុលាការ​អន្តរជាតិ​ក្រុង​តូក្យូ​​ចាប់ឃុំខ្លួន ដោយ​សង្ស័យ​ពីបទឧក្រិដ្ឋកម្ម​សង្រ្គាម ក៏ប៉ុន្តែ ក្រោយ​មក ​លោក​ត្រូវ​បាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។

ក្រោយមកទៀត នៅ​ក្នុង​ពេល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន ចន្លោះ​ពី​ឆ្នាំ​១៩៥៧ ដល់​ឆ្នាំ​១៩៦០ លោក​ណូប៊ូស៊ូកេ គីស្ហ៊ី បាន​ឲ្យ​គេ​រៀបចំ​ទីសក្ការៈ​មួយ ដើម្បី​​ឧទ្ទិស​ដល់​អតីត​មេទ័ព​ជប៉ុន​ក្នុង​សម័យសង្រ្គាម ចំនួន ៧រូប ដោយចារឈ្មោះ​ថា​​ជា “វីរជនស្នេហាជាតិ​ទាំង​៧រូប​ដែល​បូជាជីវិត​ដើម្បី​ប្រទេស​ជាតិ”។ អតីត​មេទ័ព​ទាំង ៧រូបនេះ ស្ថិត​ក្នុង​ចំណោម​មនុស្ស ១៤នាក់​ ដែល​ត្រូវ​បាន​តុលាការ​អន្តរជាតិ​ក្រុងតូក្យូ​កាត់ទោស​ប្រហារ​ជីវិត​ពី​បទ​ឧក្រិដ្ឋម្ម​សង្រ្គាម​។

លោក​ណូប៊ូស៊ូកេ ​គីស្ហ៊ី ត្រូវ​បាន​គេ​ស្គាល់​​ជាទូទៅ​ថា​ជា​អ្នក​ដែល​តែងតែ​ប្រកាន់​គំនិត​គាំទ្រ​នយោបាយ​យោធា​និយម​របស់​ជប៉ុន​នៅមុន​ និង​ក្នុង​អំឡុង​សម័យសង្រ្គាមលោក ហើយ​តែងតែ​ចង់​ឃើញ​ជប៉ុន​រំដោះខ្លួន​ចេញ​ពី​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម។

ប្រមាណ​ជា ៦០ឆ្នាំ​ក្រោយមក ​លោកស្ហ៊ីនហ្សូ អាបេ​ ដែល​ជា​ចៅ​ ​ក្រោយ​ពី​បានឈ្នះ​ឆ្នោត​ ឡើងកាន់​អំណាច​ជា​នាយករដ្ឋមន្រ្តី កាល​ពី​ចុងឆ្នាំ​២០១២​ ​បាន​ប្រកាស​ច្បាស់ៗ​ថា លោក​នឹង​រៀបចំ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​របស់​ជប៉ុន​ ដើម្បី​នាំ​ជប៉ុន​ចេញ​ឲ្យ​ផុត​ពី​របប​ដឹកនាំ​ ដែល​បន្សល់​ទុក​ពី​បរាជ័យ​នៃ​សង្រ្គាម​លោក​លើកទី២។

នៅ​ក្នុង​ត្រកូល​អ្នក​ជាតិនិយម​របស់​លោក​ស្ហ៊ីនហ្សូ អាបេ គេតែងតែ​យល់ថា រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម គឺ​ជា​គំនាប​របស់​ប្រទេស​ឈ្នះ​សង្រ្គាម ដាក់​មកលើ​អ្នកចាញ់ ហើយ​ដោយសារ​តែ​ចាញ់​សង្រ្គាម ទើប​​ជប៉ុន​ត្រូវ​បង្ខំចិត្ត​ឱនក្បាល​ចំពោះ​ប្រទេស​ជិតខាង ដូចជា ចិន និង​កូរ៉េ​ខាងត្បូង ជាដើម ដើម្បី​សុំអភ័យទោស​ចំពោះ​សកម្មភាព​ពី​ក្នុង​សម័យ​សង្រ្គាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ