អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​អាហ្វ្រិក​ខាង​ត្បូង​គ្មាន​លោក​ម៉ង់ដេឡា​នឹងក្លាយ​ទៅជា​យ៉ាងណា?

សំឡេង ០៥:២៦
សព​របស់​លោក​នែលសុន ម៉ង់ដេឡា ត្រូវ​បាន​គេ​បញ្ចុះ នៅ​ស្រុក​កំណើតរបស់លោក នៅថ្ងៃ​អាទិត្យ ទី១៥ធ្នូ ២០១៣។
សព​របស់​លោក​នែលសុន ម៉ង់ដេឡា ត្រូវ​បាន​គេ​បញ្ចុះ នៅ​ស្រុក​កំណើតរបស់លោក នៅថ្ងៃ​អាទិត្យ ទី១៥ធ្នូ ២០១៣។ REUTERS/Odd Andersen
ដោយ៖ សេង ឌីណា
៣០ នាទី

ការកាន់ទុក្ខ​រយៈពេល​១០ថ្ងៃ សម្រាប់​លោក​នែលសុន​ ម៉ង់ដេឡា បាន​ឈាន​ដល់​ថ្ងៃ​ចុងក្រោយ​ហើយ នៅថ្ងៃអាទិត្យ​​​​នេះ។ ពិធី​​បុណ្យ​បញ្ចុះសព​លោក​ម៉ង់ដេឡា ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ នៅ​​គូនូ (Qunu) ដែល​ជា​ស្រុក​កំណើត​របស់​លោក ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជា ៤៥០០នាក់។

ផ្សាយពាណិជ្ជកម្ម

ពិធីបុណ្យ​បញ្ចុះសព​លោក​ម៉ង់ដេឡា នៅថ្ងៃ​អាទិត្យ​នេះ គឺ​ជា​ពិធី​បុណ្យ​សម្រាប់​តែ​ក្រុម​គ្រួសារ សាច់ញាតិ មិត្តភក្តិ អ្នក​ជិតស្និទ្ធិ និង​​ឥស្សរជន​បរទេស​ខ្លះៗ​តែប៉ុណ្ណោះ ហើយ​មិនមែន​ជា​ពិធី​ធំ មាន​អ្នក​ចូលរួម​​រាប់​ម៉ឺននាក់​ និង​​មាន​ប្រមុខរដ្ឋ ឬ​ប្រមុខរដ្ឋាភិបាល​ ចូលរួម​ច្រើន​ដូច​ពិធី​បុណ្យ​កាល​ពីថ្ងៃ​អង្គារ​កន្លងទៅ​នេះ​ទេ។

នៅ​ក្នុង​ពិធីបុណ្យ​បញ្ចុះសពនេះ លោក​យ៉ាកុប ហ៊្សូម៉ា (Jacob Zuma) ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ បាន​លើកឡើង​ថា ដំណើរ​ដ៏វែងឆ្ងាយ​របស់​លោក​នែលសុន ម៉ង់ដេឡា បាន​មក​ដល់​ទី​បញ្ចប់​ហើយ តែអាហ្វ្រិកខាង​ត្បូង​​នឹង​បន្ត​ដំណើរ​របស់​ខ្លួន​តទៅមុខទៀត។ ក៏ប៉ុន្តែ សំណួរ​ចោទឡើង​ថា អាហ្វ្រិក​ខាង​ត្បូង ដែល​គ្មាន​លោក​ម៉ង់ដេឡា នឹង​ត្រូវ​ក្លាយជា​យ៉ាងណា?

 

នៅ​​ក្នុង​ពេលនេះ វា​នៅ​ឆាប់ពេក ដែលគេ​​ពិបាក​នឹង​ធ្វើការសន្និដ្ឋាន​ថា តើ​អាច​នឹង​មាន​អ្វី​ប្រែប្រួល នៅ​អាហ្វ្រិក​ខាង​ត្បូង ក្រោយ​មរណភាព​របស់​លោក​ម៉ង់ដេឡា។ ក៏ប៉ុន្តែ គេ​អាច​មើលឃើញ​ថា ចាប់តាំង​ពី​លោក​ម៉ង់ដេឡា លែង​កាន់តំណែង​ជា​ប្រធានាធិបតី នៅ​ឆ្នាំ​១៩៩៩ អាហ្វ្រិក​ខាង​ត្បូង​ពិបាក​នឹង​រក​មេដឹកនាំ​ណា ដែល​មាន​ប្រជាប្រិយភាព និង​សមត្ថភាព​ដឹកនាំ​ប្រទេស ដើម្បី​បន្ត​មរតក​នយោបាយ​របស់​លោក​ម៉ង់ដេឡា។

 

សូមអាន៖ តើ​លោក​ម៉ង់ដេឡា​បាន​បន្សល់ទុក​មរតកអ្វីខ្លះ​សម្រាប់​មនុស្សជាតិ?

 

លោក​យ៉ាកុប ហ្ស៊ូម៉ា ប្រធានាធិបតី​បច្ចុប្បន្ន កំពុង​តែ​​ប្រឈមមុខ​នឹង​ការ​រិះគន់​ច្រើន ទាក់ទង​នឹង​រឿង​អាស្រូវ​ពុករលួយ រឿង​ចាយលុយ​ខ្ជះខ្ជាយ និង​អសមត្ថភាព ក្នុងការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​ប្រជាជន​អត់ការងារធ្វើ។

 

នៅ​ក្នុង​អំឡុង​ពិធីបុណ្យសព​លោក​ម៉ង់ដេឡា កាល​ពីថ្ងៃ​អង្គារ គេឃើញ​ថា នៅពេល​ដែល​ប្រមុខរដ្ឋ ឬ​ប្រមុខរដ្ឋាភិបាល​បរទេស ជាពិសេស លោក​អូបាម៉ា​​ឡើង​ថ្លែង​សុន្ទរកថា ប្រជាជន​អាហ្វ្រិក​ខាង​ត្បូង​នាំគ្នា​ទះដៃ​អបអរ​សាទរ​យ៉ាងអឺងកងពេញ​ស្តាត។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​លោក​យ៉ាកុប ហ្ស៊ូម៉ា ដែល​ជា​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ផ្ទាល់ ឡើង​ថ្លែង​សុន្ទរកថា​វិញ គេ​បែរ​ជា​នាំគ្នា​ហួច និង​ស្រែក​ចំអក​ទៅវិញ។

 

បច្ចុប្បន្ន​នេះ គណបក្ស​ ANC (African National Congress) ដែល​ជា​បក្ស​កាន់អំណាច នៅ​អាហ្វ្រិក​ខាង​ត្បូង តាំង​ពី​សម័យ​លោក​នែលសុន​ ម៉ង់ដេឡា​មក​នោះ ក៏​កំពុង​តែ​មាន​ការ​ប្រេះឆា​គ្នា​ខ្លាំង។ តាម​ការ​ស្ទាបស្ទង់មតិ​ នៅថ្ងៃ​អាទិត្យ​នេះ អ្នកគាំទ្រ​គណបក្ស ANC ដល់​ទៅ ៥១% ទាមទារ​ឲ្យ​លោក​យ៉ាកុប ហ្ស៊ូម៉ា ចុះចេញ​ពី​តំណែង។

 

កន្លងមក ប្រជាជន​ភាគច្រើន​បន្ត​បោះឆ្នោត​ឲ្យ​គណបក្ស ANC ដោយសារ​តែ​គេ​យល់ថា​ នេះ​ជា​គណបក្ស​របស់​លោក​ម៉ង់ដេឡា។ ក៏ប៉ុន្តែ នៅ​ក្រោយ​មរណភាព​របស់​លោក​ម៉ង់ដេឡា ការរិះគន់ ការ​ប្រឆាំង​នឹង​គណបក្ស ANC អាច​នឹង​កើតមាន​កាន់តែ​ខ្លាំង ហើយ​ការ​បាក់បែក​​​គ្នា​ក្នុង​បក្ស​ក៏​អាច​កើតមាន​កាន់តែ​ខ្លាំង​​ទៅទៀត។

 

រហូតមកទល់​នឹង​ពេលនេះ មាន​ក្រុម​ខ្លះ​ ដែល​ធ្លាប់​តែ​គាំទ្រ​​​គណបក្ស ANC បាន​បំបែក​ខ្លួន ទៅ​បង្កើត​ជា​គណបក្ស​ថ្មី ដើម្បី​មក​ប្រកួតប្រជែង​ជាមួយ​នឹង​គណបក្ស ANC ក្នុងការ​បោះឆ្នោត​ ដែល​នឹង​ត្រូវ​ធ្វើ នៅ​ឆ្នាំ​ក្រោយ។

 

​លោក​ម៉ង់ដេឡា​បាន​លាចាកលោក​នេះ​ទៅ ដោយ​បាន​​បន្សល់ទុក​ដល់​ប្រជាជន​អាហ្វ្រិក​ខាង​ត្បូង នូវ​​គំរូ​ អំពី​ការ​អត់ឱន ការ​ផ្សះផ្សា និង​ការ​បង្រួបបង្រួម​គ្នា ក៏ប៉ុន្តែ គំរូ​នេះ​មិនសូវ​ជា​មាន​អ្នក​អនុវត្ត​តាម​ច្រើន​ប៉ុន្មាន​ទេ។ គណបក្ស​របស់​លោក​ម៉ង់ដេឡា​ក៏​មាន​ការ​បែកបាក់​គ្នា​ច្រើន ហើយ​សូម្បីតែ​ក្នុង​ក្រុមគ្រួសារ​របស់​លោក​ក៏​មាន​ជម្លោះ​ហែកហួរ​គ្នា​ច្រើន​ដែរ តាំងពី​ពេល​លោក​ម៉ង់ដេឡា​នៅ​មាន​ជីវិត​នៅឡើយ។

 

សូមអាន៖ នែលសុន ម៉ង់ដេឡា និមិត្តរូប​នៃ​ការ​អត់ឱនទោស​និង​ការ​ផ្សះផ្សា

 

ខាង​ផ្នែក​សេដ្ឋកិច្ច​វិញ លោក​ម៉ង់ដេឡា បាន​បន្សល់​ទុក​អាហ្វ្រិក​ខាង​ត្បូង ដែល​មាន​កម្លាំង​សេដ្ឋកិច្ច​ខ្លាំង​ជាង​មុន។ ចាប់តាំង​ពី​ឆ្នាំ​១៩៩៥ ក្រោយ​ពេល​លោក​ម៉ង់ដេឡា កាន់​តំណែង​ជា​ប្រធានាធិបតី អាហ្វ្រិក​ខាង​ត្បូង​​មាន​កំណើន​សេដ្ឋកិច្ច​​ខ្ពស់ រហូត​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ទៅ​ក្នុង​ចំណោម​ប្រទេស ៥ ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ជាងគេ ដែល​គេហៅថា BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាង​ត្បូង)។

 

អាហ្វ្រិក​ខាង​ត្បូង​​គឺ​ជា​ប្រទេស​មាន​​សេដ្ឋកិច្ច​ជឿនលឿន​ជាងមុន ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា ​គម្លាត រវាង​អ្នកមាន និង​អ្នក​ក្រ នៅតែ​កើតមាន ហើយ​មាន​ច្រើន​ជាងមុន​ទៅទៀត។ ជាទូទៅ អាហ្វ្រិក​ខាង​ត្បូង​តែងតែ​ត្រូវបាន​អ.ស.ប ចាត់បញ្ចូល​ជា​ប្រទេស ដែល​មាន​គម្លាត​ខ្ពស់​ជាងគេ រវាង​អ្នកមាន​ និង​អ្នកក្រ។

 

របបអាប៉ាថេត​ត្រូវ​ដួលរលំ ក៏ប៉ុន្តែ សេដ្ឋកិច្ច​អាហ្វ្រិក​ខាង​ត្បូង នៅតែ​ស្ថិត​ក្នុង​ដៃ​ពួកជនជាតិ​ស្បែក ស ដែល​ជា​ជនជាតិ​ភាគតិច ហើយ​ដែល​ទាញ​យក​ផលប្រយោជន៍​បានច្រើន​ជាង​ពួកស្បែក​ខ្មៅ ពី​កំណើន​សេដ្ឋកិច្ច​អាហ្វ្រិក​ខាង​ត្បូង។

 

សូមអាន៖ ជនកម្ពុជា​លើកឡើង​ពី​គំរូវីរភាព​របស់​លោក​នែលសុន ម៉ង់ដេឡា

 

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​កាន់តែ​ខ្លាំង​ទៅទៀត គឺ​អត្រា​កំណើន​សេដ្ឋកិច្ច​​ត្រូវ​ធ្លាក់ចុះ ចំណែក​ឯ​អត្រា​អ្នក​អត់ការងារ​ធ្វើ​វិញ មាន​កម្រិត​ខ្ពស់ រហូតដល់​ទៅ ២៥% មានន័យថា ក្នុង​ចំណោម​ប្រជាជន​ពេញ​កម្លាំង​ធ្វើការ ១០០នាក់ មាន ២៥នាក់ អត់ការងារ​ធ្វើ។ អត្រា​អ្នក​អត់ការងារ​ធ្វើ​នេះ មាន​កាន់​តែ​ខ្ពស់ គឺ​រហូត​ដល់​ទៅ៥០% នៅ​ក្នុង​ចំណោម​យុវជន អាយុ​ក្រោម ២៥ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ