វិបត្តិអេហ្ស៊ីប៖ តើអាចមានអ្វីកើតឡើងក្រោយផុតឱសានវាទកងទ័ព?
ចុះផ្សាយនៅថ្ងៃ៖
កាលពីថ្ងៃចន្ទ មេទ័ពអេហ្ស៊ីបបានប្រកាសទុកពេល ៤៨ម៉ោង ឲ្យលោកប្រធានាធិបតីមហាម៉េដ ម៉រស៊ី ដោះស្រាយបញ្ហា ទៅតាមការទាមទាររបស់ចលនាប្រឆាំង។ ឱសានវាទនេះនឹងត្រូវផុត នៅល្ងាចថ្ងៃពុធនេះ។ ក៏ប៉ុន្តែ លោកប្រធានាធិបតីម៉រស៊ី បានប្រកាន់ជំហរតឹងរ៉ឹង មិនព្រមចុះចេញពីតំណែង ហើយបានទាមទារឲ្យមេដឹកនាំកងទ័ពដកឱសានវាទរបស់ខ្លួនវិញ។
សំណួរ-តើមេទ័ពអេហ្ស៊ីបទាមទារចង់បានអ្វីពិតប្រាកដពីលោកប្រធានាធិបតីមហាម៉េដ ម៉រស៊ី?
នៅក្នុងឱសានុវាទ កាលពីល្ងាចថ្ងៃចន្ទ មេដឹកនាំកងទ័ពអេហ្ស៊ីបកំណត់ពេល ៤៨ម៉ោង ឲ្យលោកប្រធានាធិបតីមហាម៉េដ ម៉រស៊ី “ឆ្លើយតបទៅនឹងការទាមទាររបស់ប្រជាជន”។
តាមពិត “ការទាមទាររបស់ប្រជាជន” មានពីរ គឺខាងក្រុមប្រឆាំង ទាមទារឲ្យលោកមហាម៉េដ ម៉រស៊ី ចុះចេញពីតំណែង ហើយរៀបចំបោះឆ្នោតសាជាថ្មីឡើងវិញ។ ចំណែកខាងក្រុមអ្នកគាំទ្រលោកមហាម៉េដ ម៉រស៊ី ទាមទារឲ្យគ្រប់គ្នាទទួលស្គាល់អំណាចរបស់លោកមហាម៉េដ ម៉រស៊ី ដែលជាប្រធានាធិបតី ជ្រើសរើសឡើងតាមការបោះឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យ។
ក៏ប៉ុន្តែ នៅអេហ្ស៊ីប ទាំងខាងក្រុមប្រឆាំង និងខាងអ្នកគាំទ្រលោកមហាម៉េដ ម៉រស៊ី សុទ្ធតែនាំគ្នាយល់ថា ឱសានុវាទរបស់កងទ័ពអេហ្ស៊ីបនេះ គឺដាក់ឲ្យលោកមហាម៉េដ ម៉រស៊ី ចុះចេញពីតំណែង។ សូម្បីតែលោកមហាម៉េដ ម៉រស៊ី ខ្លួនឯងក៏មើលឃើញដូច្នេះដែរ បានជាលោកបានចេញសេចក្តីប្រកាសជាច្រើនលើក ទាមទារឲ្យកងទ័ពដកឱសានុវាទនេះចេញវិញ។
បើយើងស្តាប់សេចក្តីថ្លែងការណ៍ឆ្លងឆ្លើយគ្នាទៅវិញទៅមក រវាងលោកម៉រស៊ី និងមេដឹកនាំកងទ័ពអេហ្ស៊ីប យើងក៏អាចឃើញដែរ ពីការប្រឈមមុខដាក់គ្នា រវាងកងទ័ព និងប្រធានាធិបតី។ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីយប់ម្សិលមិញ លោកមហាម៉េដ ម៉រស៊ី បានប្រកាសថា លោកត្រៀមខ្លួនប្តូរជីវិត ដើម្បីការពារភាពស្របច្បាប់នៃអំណាចរបស់លោក។ ចំណែកខាងកងទ័ពវិញក៏ចេញសេចក្តីថ្លែងការណ៍តបមកវិញដែរថា ទាហានអេហ្ស៊ីបត្រៀមខ្លួនបង្ហូរឈាម ដើម្បីការប្រទេស និងប្រជាជនអេហ្ស៊ីប ពីក្រុមភេរវជន និងពីក្រុមជ្រុលនិយម។
សំណួរ-បើសិនជាផុតឱសានុវាទ លោកមហាម៉េដ ម៉រស៊ី មិនធ្វើតាមការទាមទាររបស់មេដឹកនាំយោធាទេ តើអាចនឹងមានអ្វីកើតឡើង?
នៅក្នុងឱសានុវាទ កាលពីថ្ងៃចន្ទ មេទ័ពអេហ្ស៊ីបបានបញ្ជាក់ថា ប្រសិនបើលោកមហាម៉េដ ម៉រស៊ី មិនឆ្លើយតបទៅតាមការទាមទាររបស់ប្រជាជនទេ កងទ័ពនឹងជាអ្នកធ្វើ ដោយដាក់ចេញនូវផែនទីចង្អុលផ្លូវមួយ ដើម្បីបញ្ចប់វិបត្តិនៅពេលនេះ។
ដូច្នេះ នៅពេលដែលឱសានុវាទត្រូវផុត នៅប៉ុន្មានម៉ោងខាងមុខទៀតនេះ ប្រសិនបើលោកម៉រស៊ី នៅតែមិនចុះចេញពីអំណាច គេរំពឹងថា មេទ័ពអេហ្ស៊ីបនឹងចេញសេចក្តីប្រកាស អំពីផែនទីចង្អុលផ្លូវនេះ ក៏ប៉ុន្តែ សួរថា តើផែនទីចង្អុលផ្លូវនេះមានខ្លឹមសារបែបណា? គេមិនទាន់អាចដឹងឲ្យបានពិតប្រាកដនៅឡើយទេ រហូតមកទល់នឹងពេលនេះ
ក៏ប៉ុន្តែ បើតាមការចុះផ្សាយរបស់កាសែតអេហ្ស៊ីប នៅថ្ងៃពុធនេះ ផែនទីចង្អុលផ្លូវ ដែលកងទ័ពអេហ្ស៊ីបគ្រោងដាក់ចេញ គឺមាន៖
- ទីមួយ ប្រកាសព្យួរដ្ឋធម្មនុញ្ញ ដែលអនុម័តកាលពីខែធ្នូកន្លងទៅ ហើយដែលក្រុមអ្នកប្រឆាំងរិះគន់ថា ជារដ្ឋធម្មនុញ្ញដែលនឹងបើកផ្លូវឲ្យមានការបង្កើតច្បាប់រដ្ឋ ស្របទៅតាមច្បាប់តឹងរ៉ឹងរបស់អ៊ីស្លាម។ ក្រុមអ្នកជំនាញនឹងត្រូវបង្កើតឡើង ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញថ្មី ដើម្បីដាក់ឲ្យប្រជាជនអនុម័ត តាមរយៈការបោះឆ្នោតប្រជាមតិ។
- ទីពីរ សម័យកាលអន្តរកាលមួយនឹងត្រូវបង្កើតឡើង ដឹកនាំដោយក្រុមប្រឹក្សាដែលមានសមាជិក ៣រូប ហើយរដ្ឋាភិបាលអន្តរកាលនេះនឹងត្រូវដឹកនាំដោយតំណាងមេដឹកនាំកងទ័ព។
- ទីបី រដ្ឋាភិបាលអន្តរកាលត្រូវទទួលបន្ទុកចាត់ចែងរៀបចំការបោះឆ្នោតតំណាងរាស្រ្ត និងបោះឆ្នោតប្រធានាធិបតី ហើយការបោះឆ្នោតនេះត្រូវធ្វើឡើង នៅពេលណា ដែលរដ្ឋធម្មនុញ្ញថ្មីត្រូវអនុម័តចប់សព្វគ្រប់។
សំណួរ-និយាយឲ្យចំទៅ គឺមានន័យថា ជាការធ្វើរដ្ឋប្រហារយោធា...
វាគឺជាការធ្វើរដ្ឋប្រហារយោធា ហើយជារដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ដែលគេចាត់ទុកថាជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមលក្ខណៈប្រជាធិបតេយ្យ។
ភាពស្របច្បាប់នៃអំណាច ដែលបានពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនេះហើយដែលជាអាវុធដ៏សំខាន់ ដែលលោកមហាម៉េដ ម៉រស៊ី និងគណបក្សរបស់លោកយកមកតទល់ជាមួយនឹងកងទ័ព។
ក៏ប៉ុន្តែ បើតាមសង្កេតមើលទៅ ការដែលមេទ័ពអេហ្ស៊ីបចេញមុខតតាំងជាមួយលោកប្រធានាធិបតីមហាម៉េដ ម៉រស៊ី ពេលនេះ ប្រហែលជាមកពីមើលឃើញកត្តាអំណោយផលមួយ គឺចលនាប្រឆាំងនឹងលោកមហាម៉េដ ម៉រស៊ី មានកម្លាំងកាន់តែខ្លាំង ចំណែកឯចលនាគាំទ្រកំពុងតែធ្លាក់ចុះខ្លាំង។ ជាក់ស្តែង កាលពីថ្ងៃចន្ទ ក្រុមអ្នកប្រឆាំងនឹងលោកម៉រស៊ី បាននាំគ្នាចេញធ្វើបាតុកម្មរហូតដល់ទៅរាប់លាននាក់ នៅទូទាំងប្រទេស គឺច្រើនលើសលុប បើធៀបនឹងចលនាគាំទ្រលោកម៉រស៊ី។
ម្យ៉ាងទៀត នៅក្នុងជួររដ្ឋាភិបាលរបស់លោកមហាម៉េដ ម៉រស៊ី ផ្ទាល់ ក៏គេឃើញមានមន្រ្តីកាន់តែច្រើន នាំគ្នាបោះបង់ចោល លោកម៉រស៊ី មកគាំទ្រក្រុមប្រឆាំង។ ចាប់តាំងពីថ្ងៃចន្ទមក មានរដ្ឋមន្រ្តីរហូតដល់ទៅ ៦រូប (ក្នុងនោះក៏រួមមានទាំងរដ្ឋមន្រ្តីក្រសួងការបរទេសផងដែរ) ព្រមទាំងមន្រ្តីអ្នកនាំពាក្យប្រធានាធិបតី និងរដ្ឋាភិបាល ៣រូប បាននាំគ្នាលាលែងពីតំណែង ដើម្បីបង្ហាញពីការជំទាស់នឹងជំហររឹងរូសរបស់លោកមហាម៉េដ ម៉រស៊ី។
ដូច្នេះ ការប្រឈមមុខដាក់គ្នា រវាងកងទ័ព និងប្រធានាធិបតីអេហ្ស៊ីបនៅពេលនេះ គឺជាការប្រឈមមុខដាក់គ្នា រវាងម្ខាង ដែលអាងលើមតិភាគច្រើនដែលចេញពីហិបឆ្នោត (ប្រធានាធិបតីមហាម៉េដ ម៉រស៊ី) ហើយម្ខាងទៀត អាងលើមតិភាគច្រើននៅតាមដងផ្លូវ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ