ក្រិក

តើ​នឹង​មាន​អ្វី​កើតឡើង​បើសិន​ជា​ក្រិក​ចេញ​ពី​តំបន់​អឺរ៉ូ?

លុយ Drachme (តាមភាសា​អង់គ្លេស Drachma) ដែល​ក្រិក​ធ្លាប់​ប្រើ​កាល​មុន​ពេល​ចាយលុយ​អឺរ៉ូ
លុយ Drachme (តាមភាសា​អង់គ្លេស Drachma) ដែល​ក្រិក​ធ្លាប់​ប្រើ​កាល​មុន​ពេល​ចាយលុយ​អឺរ៉ូ REUTERS/Yorgos Karahalis

ក្រោយ​ពី​ក្រិក​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ បង្កើត​រដ្ឋាភិបាល​ថ្មី​មិនបាន នៅពេលនេះ សេណារីយ៉ូ​ដែល​ក្រិក​ត្រូវ​ចេញ​ពី​តំបន់​អឺរ៉ូ​ត្រូវ​បាន​គេ​លើក​យក​មក​ជជែក​គ្នា​កាន់តែ​ច្រើន​ឡើងៗ។ ទាំង​ប្រធាន​គណៈកម្មការ​អឺរ៉ុប ទាំង​មន្រ្តី​រដ្ឋាភិបាល​អាល្លឺម៉ង់ សុទ្ធតែ​បាន​ព្រមាន​ថា បើ​ក្រិក​មិន​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ​តាម​ការព្រមព្រៀង​ជាមួយ​អឺរ៉ុប​ទេ ក្រិក​គួរតែ​ចាកចេញ​ពី​តំបន់​អឺរ៉ូ។ តើ​ក្រិក​អាច​ចេញ​ពី​តំបន់​អឺរ៉ូ​បាន​ដោយ​របៀបណា?

ផ្សាយពាណិជ្ជកម្ម

ដើរចេញ​ខ្លួនឯង ឬ​ត្រូវ​គេ​បណ្តេញ​ចេញ?

តំបន់អឺរ៉ូ (Eurozone) ពោលគឺ ប្រទេស ១៧ ដែល​ចាយលុយ​អឺរ៉ូ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សន្ធិសញ្ញា Maastricht ឆ្នាំ​១៩៩២។ នៅ​ក្នុង​សន្ធិសញ្ញា​នេះ មិនមាន​កន្លែង​ណាមួយ ដែល​ចែង​អំពី​​ការ​បណ្តេញ​ប្រទេស​ជា​សមាជិក​ចេញ​ទេ។ ដូច្នេះ ​តំបន់​អឺរ៉ូ​មិនមាន​​យន្តការ​ផ្លូវច្បាប់​​ណាមួយ​ យក​មក​ធ្វើ​ជា​មូលដ្ឋាន​ ដើម្បី​​​បណ្តេញ​ប្រទេស​ជាសមាជិក​ចេញ​បានទេ។

បើ​សិន​ជា​ក្រិក​ត្រូវ​ចេញ​ពី​តំបន់​អឺរ៉ូ​មែន ករណី​ដែល​មើលទៅ​ទំនង​ជា​អាច​កើតឡើង​ជាងគេ គឺ​ក្រិក​ស្ម័គ្រចិត្ត​ដើរចេញ​ដោយ​ខ្លួនឯង។ ក៏ប៉ុន្តែ គេ​ត្រូវ​ធ្វើការ​បែងចែក​​ករណី​ពី​ឲ្យ​ដាច់ពីគ្នា រវាង​​​សហភាព​អឺរ៉ុប ដែល​មាន​សមាជិក ២៧​ប្រទេស និង​តំបន់​ចាយលុយ​អឺរ៉ូ ដែល​មាន​តែ ១៧​ប្រទេស។ យើងដឹង​ស្រាប់ហើយ​ថា ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​​​ទាំងអស់​មិនមែន​សុទ្ធតែ​ស្ថិត​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​ទេ។ អង់គ្លេស ដាណឺម៉ាក និង​ស៊ុយអែដ​ ជាដើម ជា​សមាជិក​សហភាព​អឺរ៉ុប ប៉ុន្តែ មិន​ស្ថិត​ក្នុង​តំបន់​​​អឺរ៉ូ។

ឈប់ចាយលុយ​អឺរ៉ូ តែ​បន្ត​នៅជា​សមាជិក​សហភាព​អឺរ៉ុប?

បើ​ពិនិត្យ​មើល​ទៅលើ​​​សន្ធិសញ្ញា​ទាំងអស់​របស់​អឺរ៉ុប យើង​ឃើញ​មាន​ចែង​តែ​ករណី ដើរចេញ​ពី​សហភាព​អឺរ៉ុប​តែ​ប៉ុណ្ណោះ គឺ​នៅ​ត្រង់​មាត្រា ៥០ នៃ​សន្ធិសញ្ញា​ក្រុង​ Lisbonne ​ឆ្នាំ​២០០៧​។ ចំពោះ​ការ​ដើរចេញ​ពី​តំបន់​អឺរ៉ូ គឺ​មិនឃើញ​មាន​​​មាត្រា​ណាមួយ​​​ចែង​ទេ។ ដូច្នេះ ដើម្បី​អាច​ចេញ​ពី​តំបន់​អឺរ៉ូ​បាន ក្រិក​មាន​តែ​ត្រូវ​ដើរចេញ​ពី​សហភាព​អឺរ៉ុប​តែម្តង។

ក៏ប៉ុន្តែ នេះ​និយាយ​តាម​ផ្លូវ​ច្បាប់​សុទ្ធសាធ។ តាមផ្លូវ​នយោបាយ​ ក្រិក​នៅតែ​​អាច​ចរចា​ជាមួយ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដើម្បី​រកវិធី​​ចេញ​ពី​តំបន់​អឺរ៉ូ ដោយ​​បន្ត​ស្ថិត​នៅ​ក្នុង​សហភាព​អឺរ៉ុប​ដដែល។ ករណីនេះ​​មិនមែន​ថា​ទៅ​មិនរួច​នោះទេ ព្រោះ​សព្វថ្ងៃ​នេះ​ក៏​មាន​ប្រទេស​ជាច្រើន​ដែរ ដែល​ជា​​សមាជិក​សហភាព​អឺរ៉ុប ហើយ​​មិន​ចាយ​លុយ​អឺរ៉ូ។
 
តើ​នឹង​មាន​អ្វីកើតឡើង​​ចំពោះ​ប្រទេស​ក្រិក​ បើសិន​ជា​ក្រិក​ចេញ​ពី​តំបន់​អឺរ៉ូ?
 
ក្រិក​ចេញ​ពី​តំបន់​អឺរ៉ូ និង​ក្រិក​ប្រកាស​​ក្ស័យធន គឺ​ជា​រឿង​ពីរ ដែល​មើលទៅ​ពិបាក​នឹង​ចែក​ឲ្យ​ដាច់​ពីគ្នា។ តាមពិត​បើ​យើងមើល​ទៅ នៅ​ក្រិក​​បច្ចុប្បន្ន​នេះ មាន​ប្រជាជន​ភាគតិច​ណាស់ ដែល​ចង់​ចេញ​ពី​តំបន់អឺរ៉ូ ប៉ុន្តែ ភាគច្រើន​លើសលុប​មិន​ចង់​អនុវត្ត​នយោបាយ​​របស់​អឺរ៉ុប ដែល​ទាមទារ​ឲ្យ​ក្រិក​កាត់បន្ថយ​ការ​ចំណាយសាធារណៈ។

ដូច្នេះ បើសិន​ជា​ក្រិក​ត្រូវ​ចេញ​ពី​តំបន់​អឺរ៉ូ​មែន សេណារីយ៉ូ​ដែល​ទំនង​ជា​អាច​កើតឡើង​ជាងគេ គឺ​​​ចាប់ផ្តើម​ដោយ​ការ​​បដិសេធ​ឈប់​អនុវត្ត​នយោបាយ​​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ។ អឺរ៉ុប​​យល់ថា ក្រិក​រំលោភ​លើ​ការព្រមព្រៀង​កន្លងមក ក៏​ឈប់​ផ្តល់​លុយ​ឲ្យ​ក្រិក​ខ្ចី។ ក្រិក​អត់លុយ​សងបំណុល ក៏​ប្រកាស​ក្ស័យធន ដើម្បី​ជម្រះ​បំណុល​ចាស់ ហើយ​ចាប់ផ្តើម​កសាង​សេដ្ឋកិច្ច​ពី​សូន្យ​មកវិញ។ ក្រិក​ក៏​ដើរចេញ​ពី​តំបន់​អឺរ៉ូ ហើយ​​បង្កើត​រូបិយប័ណ្ណ​ជាតិ​​ផ្ទាល់​ខ្លួនឯងវិញ ដើម្បី​អាច​បញ្ចុះ​ថ្លៃ​រូបិយប័ណ្ណ​​នេះ​ទៅតាម​តម្រូវការ​សេដ្ឋកិច្ច​របស់​ខ្លួន។

រៀបចំ​ចរាចរណ៍​​រូបិយប័ណ្ណ​ថ្មី

ដូច្នេះ ចេញ​ពី​តំបន់​អឺរ៉ូភ្លាម ក្រិក​ត្រូវ​ចាប់ផ្តើម​គិតគូរ​បង្កើត​រូបិយប័ណ្ណ​ជាតិ​ថ្មី ដើម្បី​មក​ជំនួស​លុយ​អឺរ៉ូ។ បើតាម​អ្នកជំនាញ​ខាង​រូបិយប័ណ្ណ ក្រិក​ត្រូវការ​ពេលវេលា​យ៉ាង​តិច ពី ៤ ទៅ ៦ខែ ដើម្បី​អាច​បង្កើត​រូបិយប័ណ្ណ​ថ្មី មក​ដាក់​ឲ្យ​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​បាន ហើយ​រូបិយប័ណ្ណ​ថ្មីនេះ​អាច​​មាន​តម្លៃ​ទាប​ជាងលុយ​អឺរ៉ូ យ៉ាងតិច ៥០%។
ទប់ស្កាត់​កុំ​ឲ្យ​ធនាគារ​ឯកជន​រលំ​ដោយ​សារ​ប្រជាជន​នាំគ្នា​ដកលុយ

ក្នុង​អំឡុងពេល​នេះ ប្រជាជន​ក្រិក​ដែល​មាន​លុយ​​អឺរ៉ូទុក​ក្នុង​ធនាគារ ក៏​ចាប់ផ្តើម​នាំគ្នាបារម្ភ​ថា បន្តិចទៀត​លុយ​អឺរ៉ូ​នេះ​នឹង​ត្រូវ​ប្តូរ​ទៅ​គិតជា​រូបិយប័ណ្ណ​​​ថ្មី ដែល​មាន​តម្លៃ​ថោក​ជាង​លុយ​អឺរ៉ូ​ឆ្ងាយ។ ដូច្នេះ ដើម្បី​កុំ​ឲ្យ​ខាត​ទាន់​ គឺ​មាន​តែ​នាំគ្នា​ទៅ​ដកលុយ​អឺរ៉ូ​​ចេញ​ពី​ធនាគារ​ឲ្យ​ហើយ។ នៅពេល​ដែល​គ្រប់គ្នា​ពពាក់ពពូន​ទៅ​​ដក​លុយ​ពីធនាគារ លទ្ធផល គឺ​ធនាគារ​នឹង​​​​ត្រូវ​រលំ។ ដើម្បី​ចៀសវាង​បញ្ហា​នេះ ទាល់តែ​រដ្ឋាភិបាល​ក្រិក​​ចេញ​បញ្ជា​​ហាម​មិន​ឲ្យ​ដកលុយ ហើយ​​មិន​ឲ្យ​មាន​ការ​ផ្ទេរ​លុយ​អឺរ៉ូ​ចេញ​ពី​ប្រទេស។ និយាយ​ជារួម គឺ​រដ្ឋាភិបាល​ត្រូវ​ចេញ​បញ្ជា​ឲ្យ​​បិទ​ទ្វារ​ធនាគារ​ទាំងអស់ ទម្រាំ​ដល់​ពេល​រូបិយប័ណ្ណ​ថ្មី​អាច​ដាក់​ឲ្យ​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​បាន។

អតិផរណា​កើនឡើង​កប់ពពក

ពេល​រៀបចំ​រូបិយប័ណ្ណ​ថ្មីរួច ប្រាក់ខែ​ និង​ប្រាក់​ចំណូល​ផ្សេងៗ ដែល​ពីមុន​គិត​ជា​អឺរ៉ូ ក៏​ត្រូវ​ប្តូរ​មក​គិត​ជា​លុយ​ថ្មីវិញ។ ក៏ប៉ុន្តែ ដោយសារ​តែ​លុយ​ថ្មី​នេះ​​ធ្លាក់​ថ្លៃ​ខ្លាំង​ធៀប​នឹង​លុយ​អឺរ៉ូ ដូច្នេះ ក្រិក​នឹង​ត្រូវ​ប្រឈមមុខ​នឹង​វិបត្តិ​អតិផរណា (Hyperinflation)។ ទំនិញ​សព្វមុខ ជាពិសេស ទំនិញ​នាំចូល​ពី​បរទេស​ត្រូវ​ឡើង​ថ្លៃ​កប់ពពក។ ការ​រស់​នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ត្រូវ​ជួប​នឹង​បញ្ហា​លំបាក។

ក្រុមហ៊ុន​ឯកជន​ត្រូវ​ក្ស័យធន​ដោយសារ​បំណុល​កើនឡើង

ទោះបី​ជា​រូបិយប័ណ្ណ​ថ្មី​ត្រូវ​ដាក់​ឲ្យ​ធ្វើ​ចរាចរណ៍​នៅលើ​ទីផ្សារ​ហើយ​ក៏ដោយ ក៏​នៅតែ​មាន​​ក្រុមហ៊ុន​ឯកជន​ក្រិក​ច្រើន ​នៅ​បន្ត​​ជំពាក់​បំណុល​​ជាលុយ​អឺរ៉ូ។ ឧទាហរណ៍​ ករណី​​ជំពាក់​លុយ​ថ្លៃ​ទិញ​វត្ថុធាតុដើម​ពី​បរទេស ដែល​កិច្ចសន្យា​គិត​ជាលុយអឺរ៉ូ។ បំណុល​ជា​អឺរ៉ូ​នឹង​ត្រូវ​ក្លាយ​ជា​បន្ទុក​កាន់តែ​ធ្ងន់ បើធៀប​នឹង​លុយ​ក្រិក​ថ្មី ដែល​មាន​តម្លៃ​ថោក។ ដូច្នេះ វា​អាច​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​អស់​ទាំងនេះ​ត្រូវ​ក្ស័យធន បិទទ្វារ​ឈប់រកស៊ី ហើយ​បុគ្គលិក​ត្រូវ​អស់​ការងារ​ធ្វើ។

ទាំង​នេះ​គឺ​ជា​ផលវិបាក​អវិជ្ជមាន​ក្នុងរយៈពេល​ខ្លី។ សម្រាប់​រយៈពេល​វែង ការ​ចេញ​ពី​តំបន់​អឺរ៉ូ​ក៏​អាច​ផ្តល់​​ផលវិជ្ជមាន​ខ្លះ​ដែរ​ដល់​ក្រិក។

ផលវិជ្ជមាន​សម្រាប់​រយៈពេល​វែង

កាល​ណា​ក្រិក​ចាយ​លុយ​ថ្មី ដែល​មាន​តម្លៃ​ថោក​ជាង​លុយ​អឺរ៉ូ​បច្ចុប្បន្ន វា​អាច​ជួយ​ឲ្យ​​ក្រិក​អាច​បង្កើន​ការ​នាំចេញ ព្រោះ​ទំនិញ​ផលិត​នៅ​ក្រិក​​ត្រូវ​មាន​តម្លៃ​ថោក​ជាង​ពេល​ចាយលុយ​អឺរ៉ូ ដែល​ផ្តល់​ភាព​​ងាយស្រួល​ក្នុងការ​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ ជាពិសេស ទីផ្សារ​អឺរ៉ុប។ កាលណា​ការនាំចេញ​កើនឡើង វា​អាច​ជា​កម្លាំង​ចលករមួយ ជំរុញ​កំណើន​សេដ្ឋកិច្ច។

នៅពេល​មើលឃើញ​​តម្លៃ​អចលនទ្រព្យ និង​​តម្លៃ​ពលកម្ម​នៅ​ក្រិក​ថោក​ជាង​មុន (ព្រោះ​​​ប្រាក់ខែ និង​តម្លៃ​អចលនវត្ថុ​ត្រូវ​គិត​ជា​រូបិយប័ណ្ណ​ថ្មី ដែល​ថោក​ជាងលុយ​អឺរ៉ូ​បច្ចុប្បន្ន) ក្រុមហ៊ុន​បរទេស​អាច​ចាប់ផ្តើម​ចាប់អារម្មណ៍​ក្នុង​ការ​​ចូល​មក​បោះទុន​រកស៊ី បង្កើត​រោងចក្រ​នៅ​ក្នុង​ប្រទេស​ក្រិក ហើយ​បង្កើតការងារ​ដល់​ប្រជាជន​ក្រិក។

រូបិយប័ណ្ណ​ថ្មី​​ថោក​ជាង​អឺរ៉ូ​បច្ចុប្បន្ន​ ថ្លៃទំនិញ ថ្លៃ​បន្ទប់​សណ្ឋាគារ​​​នៅ​ក្រិក ក៏​​​អាច​មាន​តម្លៃ​​ថោក​ជាង​ពេល​ចាយលុយ​អឺរ៉ូ ដូច្នេះ ក្រិក​អាច​ទាក់ទាញ​អ្នក​ទេសចរ​បរទេស​បាន​ច្រើន​ជាងមុន ហើយ​អាច​បង្កើត​ការងារ បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាជន​ក្រិក​បាន​ច្រើន​ជាងមុន។

ក៏ប៉ុន្តែ បើទោះជា​ក្រិក​អាច​ស្តារ​សេដ្ឋកិច្ច​មកវិញ​បានមែន ក៏​​ត្រូវការ​ចំណាយ​ពេល​​យូរ​ដែរ។ ទម្រាំ​ដល់​ពេលនោះ ប្រជាជន​ក្រិក​ប្រាកដ​ជា​ត្រូវ​ស៊ូទ្រាំ​ពិបាក​វេទនា​មួយរយៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI