អានតួអត្ថបទ
វិបត្តិនយោបាយ​ថៃ

អ្វី​ដែល​នៅ​ពី​ក្រោយ​ច្បាប់​ឧក្រិដ្ឋកម្ម​ជេរ​ប្រមាថ​ព្រះមហាក្សត្រថៃ

ព្រះអង្គ​ភូមិបុល​ព្រះមហាក្សត្រ​ដែល​សោយរាជ្យ​បាន​យូរ ជាងគេ​ក្នុង​ប្រវត្តិសាស្រ្ត​និង​ដែល​ការពារ​ដោយ​ច្បាប់​ឧក្រិដ្ឋ​ជេរប្រមាថ។
ព្រះអង្គ​ភូមិបុល​ព្រះមហាក្សត្រ​ដែល​សោយរាជ្យ​បាន​យូរ ជាងគេ​ក្នុង​ប្រវត្តិសាស្រ្ត​និង​ដែល​ការពារ​ដោយ​ច្បាប់​ឧក្រិដ្ឋ​ជេរប្រមាថ។ ©Reuters
ដោយ៖ ឈាង បុប្ផា
៣៤ នាទី

សមាជិក​ក្រុមអាវក្រហម​ម្នាក់​ដែល​មាន​និន្នាការ​គាំទ្រ​លោកថាក់ស៊ីន ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋកម្ម​​ថៃ​ផ្តន្ទាទោស នៅថ្ងៃ​ព្រហស្បតិ៍​ទី ១៥ ធ្នូ ២០១១ ឲ្យ​ជាប់គុក ១៥ឆ្នាំ ក្នុងបទ​ចោទប្រកាន់​ជេរប្រមាថ​ព្រះមហាក្សត្រ​ថៃ។ តុលាការ​បាន​រកឃើញ​ថា នៅក្នុង​អំឡុង​បាតុកម្ម​ឆ្នាំ ២០០៨ ក្នុង​ក្រុងបាងកក លោកស្រី Daranee បាន​ប្រើ​សម្តី​ធ្ងន់ៗ ដែល​ប៉ះពាល់​ដល់​ព្រះកិត្តិនាម​របស់ព្រះមហាក្សត្រ។ ព្រះអង្គភូមិបុល ព្រះជន្ម​៨៤​ព្រះវស្សា មិន​មាន​តួនាទីក្នុង​រដ្ឋាភិបាល ប៉ុន្តែ ការនិយាយ​ប៉ះពាល់​ដល់​ព្រះអង្គ និង​គ្រួសារ​ព្រះរាជវង្ស គឺ​ជារឿង​ដែល​គេ​មិន​អាច​អត់ឱន​ទោស​ឲ្យ​បាន ក្នុង​ប្រទេសថៃ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍ ប្រជាជន​ថៃ បីរូប​រួម លោកស្រី Daranee ​ត្រូវ​តុលាការ​ឧក្រិដ្ឋកម្ម​​ថៃ សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់គុក ក្រោមបទ​ចោទប្រកាន់​ជេរប្រមាថ ឬ​និយាយ​ប៉ះពាល់​ព្រះចេស្តាព្រះមហាក្សត្រ ឬ​គ្រួសារ​ព្រះរាជវង្ស។

 
កាលពីសប្តាហ៍មុន ជនជាតិអាមេរិកាំង ដើមកំណើតថៃ​ម្នាក់ទើបត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក ២ឆ្នាំកន្លះ ទៅ​តាម​ច្បាប់​ឧក្រិដ្ឋកម្ម​ស្តី​ពីការជេរ​ប្រមាថ​ព្រះមហាក្សត្រ។ តុលាការ​បាន​រកឃើញ​ថា បុរស​អាមេរិកាំង​ដើមកំណើត​ថៃ បាន​បកប្រែ​សៀវភៅ​មួយ​ឈ្មោះ "ព្រះរាជា​មិន​ដែល​ញញឹម" និង​បាន​យកទៅ​ផ្សព្វផ្សាយ​បន្ត​ដោយ​ខុសច្បាប់ នៅក្នុង​Blog អ៊ិនធ័រណេត​របស់​គាត់។ នៅចុងសប្តាហ៍មុននេះទៀត ប្រជាជន​ថៃ​រាប់រយ​នាក់​បាន​ធ្វើ​បាតុកម្ម នៅមុខ​តុលាការ​ឧក្រិដ្ឋកម្ម​ដើម្បី​ប្រឆាំង​នឹង​ការអនុវត្តន៍​ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​បុរស​ចំណាស់​ម្នាក់ (តាអំពុង) ដែល​តុលាការ​បានកាត់ទោស​គាត់​ឲ្យ​ជាប់គុក​២០ឆ្នាំ កាលពីខែវិច្ឆិកា ក្នុង​បទចោទ​ប្រកាន់​ផ្ញើសារ​តាមទូរស័ព្ទ​ទៅ​នាយក​រដ្ឋមន្រ្តី​ដែលមាន​ន័យជេរ​ប្រមាថ​ព្រះរាជិនី​ថៃ។

ក្នុង​រយៈពេល​មួយឆ្នាំនេះ មាន​មនុស្ស​បួននាក់​ដែល​ត្រូវ​តុលាការ​ប្រើច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ ដើម្បី​កាត់ទោស​ឲ្យ​ជាប់គុក​ពី ២ឆ្នាំ ដល់ ២០ឆ្នាំ។ មនុស្ស​ជាច្រើន​នាក់​ទៀត កំពុង​ត្រូវ​ចាប់ឃុំខ្លួន និង​រង់ចាំ​សវនាការ។ រដ្ឋមន្រ្តី​ថៃ ទទួល​បន្ទុក​ព័ត៌មានវិទ្យា​វិញ ធ្លាប់​បាន​បង្ហាញ​បញ្ជីខ្មៅដែល​មាន​ឈ្មោះ​ជន ២០០​នាក់ ដែល​គេ​កំពុង​តាមចាប់ខ្លួន ពីបទ​និយាយ​ប៉ះពាល់ ឬ​ជេរ​ប្រមាថ ព្រះរាជវង្ស​ថៃ តាម​អ៊ិនធ័រណេត។

ក្នុង​ប្រទេស​ថៃ ព្រះអង្គ​​ភូមិបុល​ត្រូវ​ប្រជាជន​ថៃ​គោរព​កោតខ្លាច​ខ្លាំង និងចាត់ទុក​ជាព្រះអង្គ​ជា​ព្រះមហាក្សត្រ​ពាក់​កណ្តាល​ព្រះអាទិទេព។ បើទោះបី​ជា​តាមទ្រឹស្តី ព្រះមហាក្សត្រ​ថៃ​លែង​មាន​អំណាច​គ្រប់គ្រង​ប្រទេស​ថៃ តាំងពីឆ្នាំ ១៩៣២ ប៉ុន្តែ ក្នុង​ការអនុវត្តន៍​ជាក់ស្តែង ព្រះមហាក្សត្រ​ថៃ​នៅតែ​មាន​អំណាច​លើ​រដ្ឋាភិបាល។

ព្រះអង្គ​ភូមិបុល ផ្ទាល់ ដែល​បាន​សោយរាជ្យ​ជាង ៦ទសវត្សរ៍ ធ្លាប់​មាន​ព្រះបន្ទូល​កាលពី​ឆ្នាំ ២០០៥ថា ព្រះអង្គ​បើក​ឲ្យ​គេ​និយាយ​រិះគន់​កំហុស​ព្រះអង្គ។ ផ្ទុយទៅវិញ ប្រសិន​បើ​ព្រះអង្គ​មិន​ធ្វើ​អ្វីខុស ដូចការរិះគន់ នោះ នឹង​ពិតជា​មាន​បញ្ហា​មិនខាន។ ព្រះភូមិបុល មាន​បន្ទូល​ថា “ប្រសិន​បើ​គេ​ហាមឃាត់​មិន​ឲ្យ​រាស្រ្ត​រិះគន់​ព្រះមហាក្សត្រ នោះ ព្រះមហាក្សត្រ​នឹង​លង់ចូល​ក្នុង​ស្ថានភាព​លំបាក​មិនខាន”។

ព្រះបន្ទូល​របស់​ព្រះអង្គ​ភូមិបុល មិន​បាន​លើកទឹកចិត្ត​ប្រជាជន​ថៃ​ជាទូទៅ ឲ្យ​ងើបឈរ​រិះគន់ដែរ ពីព្រោះ​ពួកគេ​នៅតែ​ខ្លាច​រអែង​នឹង​ទោស​ជាប់គុក ១៥ឆ្នាំ ដែល​មាន​ចែង នៅក្នុង​ ច្បាប់ឧក្រិដ្ឋកម្ម​ជេរប្រមាថ ដែលបង្កើត​ឡើង​ដើម្បី​ការពារ ព្រះមហាក្សត្រ និង​គ្រួសារ​ព្រះរាជវង្ស។ ពាក្យបណ្តឹង​ចេញមកពី​តុលាការ នៅពេល​គ្រួសារ​ព្រះរាជវង្ស​មិន​មាន​សិទ្ធិ​ដើម្បី​ធ្វើ​ពាក្យ​បណ្តឹង​ដោយ​ខ្លួន​ឯងបាន។
 

មជ្ឈមណ្ឌល​បង្កើត​ពិសេស​ដោយ​រដ្ឋាភិបាល​ដើម្បី​ត្រួតពិនិត្យ​ចាប់​ឃាត់​អត្ថបទ​ផ្សាយ​ក្នុង​អ៊ិនធ័រណេត​ណា​ដែល​គេ​វាយតម្លៃ​ថា​ប៉ះពាល់ និង​ជេរប្រមាថ​ព្រះមហាក្សត្រថៃ
មជ្ឈមណ្ឌល​បង្កើត​ពិសេស​ដោយ​រដ្ឋាភិបាល​ដើម្បី​ត្រួតពិនិត្យ​ចាប់​ឃាត់​អត្ថបទ​ផ្សាយ​ក្នុង​អ៊ិនធ័រណេត​ណា​ដែល​គេ​វាយតម្លៃ​ថា​ប៉ះពាល់ និង​ជេរប្រមាថ​ព្រះមហាក្សត្រថៃ

កន្លងមក គេ​មិនសូវ​ឃើញ​បណ្តឹង​ពីរឿង​ជេរប្រមាថ​ព្រះមហាក្សត្រទេ។ ប្រជាជន​ថៃ​ហាក់​បាន​ប្រមូលផ្តុំគ្នា រស់នៅក្រោម​ម្លប់​ដ៏ត្រជាក់​របស់​ព្រះរាជា និង​គេ​មិនសូវ​លឺ​មាន​បទចោទប្រកាន់​ស្តីពីការ​ជេរប្រមាថ​ព្រះមហាក្សត្រ​អ្វីទេ។ ទើបតែ​ចាប់ពីឆ្នាំ ២០០៦ គឺ​ឆ្នាំ​ដែល​មាន​រដ្ឋប្រហារ​ទម្លាក់​លោកថាក់ស៊ីន ដែល​គេ​ចាប់លឺ​កាន់តែច្រើន​ពី​ករណី​បណ្តឹង​ជេរប្រមាថ​ព្រះមហាក្សត្រ។ នៅពេលនោះ ប្រជាជន​ថៃ​ចាប់ផ្តើម​បែកបាក់​គ្នា ចេញ​ជាពីរក្រុម។ មួយក្រុម​គឺ​ក្រុមអាវក្រហម ដែល​ការពារ​លោក​ថាក់ស៊ីន និង​អះអាង​ថា ជា​ក្រុមទាមទារ​ប្រជាធិបតេយ្យ។ ពួកគេ​ប្រឆាំង​នឹង​ក្រុមទីពីរ ដែល​ជាក្រុមបញ្ញវន្ត និង​ដែល​អះអាង​ថា ជា​អ្នកការពារ​ព្រះមហាក្សត្រ។ ក្រុមទីពីរ​នេះ​ដែល​បាន​ការគំាទ្រ​ពី​ព្រះញាតិវង្ស បាន ប្រើ​ច្បាប់​ជេរប្រមាថ ដើម្បី​ចោទប្រកាន់​លោកថាក់ស៊ីន និង​ក្រុមអាវក្រហម​ប្រឆាំង។

សាស្រ្តាចារ្យ David Streckfuss ប្រវត្តិវិទូ ដែល​សរសេរ​ផ្តោត​លើ​ច្បាប់​ជេរប្រមាថ បាន​និយាយថា បណ្តឹង​ចោទប្រកាន់​ពីបទ​ជេរប្រមាថ​មាន​ត្រឹមតែ​៤ ឬ​៥ ក្នុង​មួយឆ្នាំៗ។ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ ២០០៦ បន្តឹង​ចោទប្រកាន់​ពី​បទល្មើស​នេះ​បាន​កើន​ដល់​ប្រមាណ ២០០​ក្នុង​មួយៗឆ្នាំ។

ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស និង​គណបក្ស​ប្រឆាំង​ធ្លាប់​បាន​ចោទប្រកាន់​ថា តុលាការ​ស្ថិតនៅក្រោម​អំណាច​របស់​រដ្ឋាភិបាល។ ហើយ​រដ្ឋាភិបាល​របស់​លោក​អាភីស៊ីត​បាន​យក​លេស​ប្រើច្បាប់​ឧក្រិដ្ឋកម្ម​ជេរប្រមាថ ព្រះមហាក្សត្រ​ដើម្បី​បង្រ្កាប និង​ចាប់​ក្រុមប្រឆាំង​ដាក់គុក។

តុលាការ​មិន​ឯករាជ្យ និង​ត្រូវ​ស្ថិតនៅក្រោម​អំណាច​របស់​រដ្ឋាភិបាល។ លើកនេះ រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​មិន​អាច​ជួយ​សមាជិក​របស់ខ្លួន​ឯង។ លោកស្រី​យីងឡាក់​ធ្លាប់​បាន​និយាយ​ថា ច្បាប់ជេរប្រមាថ​នេះ​ត្រូវ​គេ​ប្រើប្រាស់​ដោយ​មិនសមស្រប។ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ឧបនាយករដ្ឋមន្រ្តី​ថៃ​បែរជាចេញមុខ​និយាយ​ថា ការងារ​អាទិភាព​របស់​រដ្ឋាភិបាល​គឺ​ទប់ស្កាត់​ការជេរប្រមាថ​ព្រះមហាក្សត្រ។ មិន​ខុស​ពី​សម័យ​គ្រប់គ្រង​ដោយ​លោក​អាភីស៊ីត នៅក្នុង​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់ វិធានការ​ក្តៅ​ជាច្រើន បាន​បង្កើតឡើង ដើម្បី​រឹតបន្តឹង​ការរិះគន់ ព្រះរាជវង្ស តាម​អ៊ិនធ័រណេត៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ