អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​មាន​យន្តការ​អាច​រារាំង​លោក​ដូណាល់ត្រាំ​ក្នុង​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដែរ​ឬ​ទេ?

សំឡេង ០៦:១៤
កូតនុយក្លេអ៊ែរ​អាមេរិក​ត្រូវ​ស្ថិត​ក្នុងដៃ​លោក​ដូណាល់ត្រាំ ចាប់ពីពេល​លោក​ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី ថ្ងៃសុក្រ ទី២០ មករា ២០១៧
កូតនុយក្លេអ៊ែរ​អាមេរិក​ត្រូវ​ស្ថិត​ក្នុងដៃ​លោក​ដូណាល់ត្រាំ ចាប់ពីពេល​លោក​ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី ថ្ងៃសុក្រ ទី២០ មករា ២០១៧ REUTERS/Kevin Lamarque
ដោយ៖ សេង ឌីណា
៣៣ នាទី

ចាប់តាំង​ពី​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មក ទាំង​គូប្រជែង​របស់​លោក​ដូណាល់ត្រាំ និង​ទាំង​អ្នក​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​ដូចគ្នា តែងតែ​បានលើកឡើង​ថា លោក​ដូណាល់ត្រាំបង្ហាញ​នូវ​ចរិក​ឆេវឆាវ​ច្រើន ដែល​ពិបាក​នឹង​ទុកចិត្ត​នឹងប្រគល់​កូត​នុយក្លេអ៊ែរ។ នៅទីបំផុត​ទៅ កូតនុយក្លេអ៊ែរ​នៅពេលនេះ គឺ​ពិតជា​ធ្លាក់​ក្នុងដៃ​លោក​ដូណាល់ត្រាំ​មែន ចាប់តាំង​ពី​លោក​ស្បថ​ចូល​កាន់តំណែង កាល​ពីថ្ងៃ​សុក្រ។ តើ​លោក​ដូណាល់ត្រាំ​ពិតជា​មាន​អំណាច​ផ្តាច់មុខ​ក្នុងការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ដោយ​មិន​មាន​អ្នកណា​អាច​រារាំង​បាន​មែន​ឬ​ក៏​យ៉ាងណា?

ផ្សាយពាណិជ្ជកម្ម

តាមច្បាប់ ប្រធានាធិបតី​អាមេរិក​គឺ​ជា​អ្នក​​មាន "អំណាច​ផ្តាច់មុខ​និង​ដាច់ខាត” (sole and absolute authority) ក្នុងការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ដែលមានន័យថា មានតែ​ប្រធានាធិបតី​តែ​ម្នាក់គត់​ដែល​មាន​អំណាច​ប្រើ​អាវុធ​នុយក្លេអ៊ែរ ហើយ​គ្មាន​អ្នកណា​អាច​រារាំង​ប្រធានាធិបតី​បាន​នោះទេ។ ក៏ប៉ុន្តែ នៅ​ក្នុង​ការអ​នុវត្ត​ជាក់ស្តែង មានសេណារីយ៉ូខ្លះ ដែល​អាច​កើតឡើង ហើយ​ដែល​អាច​រារាំង ឬ​ពន្យារពេល​ប្រធានាធិបតី​ក្នុងការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ។

នីតិវិធី​នៃ​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ
 
គេតែងតែនាំគ្នា​លើកឡើង​ថា លោក​ដូណាល់ត្រាំ​នៅពេលនេះ​មាន​ “ប៊ូតុង” នុយក្លេអ៊ែរ​នៅ​ក្នុងដៃ​​ សម្រាប់​ប្រើ​ក្នុងការ​​បាញ់​មីស៊ីល​នុយក្លេអ៊ែរ។ ក៏ប៉ុន្តែ តាមការពិត ប្រធានាធិបតី​មិនដែល​មាន​ “ប៊ូតុង” នុយក្លេអ៊ែរ​នោះទេ គឺ​មានត្រឹមតែ​លេខកូត​ក្នុងការ​បញ្ជាបាញ់ ហើយ​ខ្សែសង្វាក់​នៃ​ការ​បញ្ជា​បាញ់​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល។

នីតិវិធី​ពិតប្រាកដនៃ​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ គឺ​ជា​ការណ៍សម្ងាត់ ដែល​មិនមាន​អ្នកខាងក្រៅណា​អាច​ដឹង​លម្អិត​បាននោះទេ។ ក៏ប៉ន្តែ គេ​អាច​ដឹង​បានត្រួសៗ។

អ្វី​​ដែល​គេ​អាច​ដឹង​បាន គឺ​ប្រធានាធិបតី​មាន​ជំនួយការ​យោធា​ម្នាក់ កាន់​កាបូប​ផ្ទុក​កូតនុយក្លេអ៊ែរ (គេច្រើន​ហៅ​ថា “Football”) ​ដើរតាម​ជាប់​ជា​ប្រចាំ។ នៅ​ក្នុង​កាបូបនេះ​​មាន​ផ្ទុក​ព័ត៌មាន​ចាំបាច់​មួយចំនួន រួមមាន​ដូចជា ចំណុចស៊ីប និង​​លេខកូត​សម្គាល់​ក្នុងការ​បញ្ជា​ឲ្យ​បាញ់​មីស៊ីល ព្រមទាំង​មាន​ឧបករណ៍​ទាក់ទង​ដើម្បី​បញ្ជា​បាញ់។

បទបញ្ជា​របស់​ប្រធានាធិបតី​ត្រូវ​ឆ្លងកាត់​តាម​ទីបញ្ជាការដ្ឋាន​កងទ័ព​នៅ​ក្នុង​មន្ទីរប៉ង់តាហ្គោន។ ក្រោយ​ពី​​ប៉ង់តាហ្គោន​ពិនិត្យ​មើល​លេខកូត​ច្បាស់លាស់ អាច​បញ្ជាក់ថា អ្នក​ដែល​ចេញ​បញ្ជា គឺ​ពិត​ជា​ប្រធានាធិបតីហើយ ទើប​ចេញ​បញ្ជា​បន្ត​ទៅ​ឲ្យ​អង្គភាព​នុយក្លេអ៊ែរ ដែល​អាច​ជា​អង្គភាព​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​បាញ់​ចេញ​ពី​ដី (Land-based ICBM)) ជា​នាវាមុជទឹក​ផ្ទុក​មីស៊ីល​នុយក្លេអ៊ែរ ឬ​ក៏ជា​យន្តហោះ​ទម្លាក់​គ្រាប់បែក។ អង្គភាព​អស់ទាំងនេះ​ហើយ ដែល​ជា​អ្នក​​​ធ្វើការ​ពិនិត្យ​ពិច័យ​មើល​លេខកូតម្តងទៀត ហើយ​ជា​អ្នក​ចុចប៊ូតុង បាញ់​មីស៊ីល​នុយក្លេអ៊ែរ។

ជំនួយការ​យោធា​ដែល​កាន់​កាបូប​ផ្ទុក​កូតនុយក្លេអ៊ែរ​ដើរតាម​ប្រធានាធិបតី​ជាប់ជា​ប្រចាំ
ជំនួយការ​យោធា​ដែល​កាន់​កាបូប​ផ្ទុក​កូតនុយក្លេអ៊ែរ​ដើរតាម​ប្រធានាធិបតី​ជាប់ជា​ប្រចាំ Olivier Douliery / AFP

អ្នក​អាច​រារាំង​ប្រធានាធិបតី៖ រដ្ឋមន្រ្តី​ការពារជាតិ

ការរារាំង​បញ្ជា​ប្រធានាធិបតី​ក្នុងការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ អាច​កើតមានឡើង​នៅ​ត្រង់ដំណាក់កាល​ប៉ង់តាហ្គោន ហើយ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ដែល​ជា​អ្នក​មានតួនាទី​សំខាន់​ជាងគេ។

តាមច្បាប់ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ត្រូវ​តែ​បញ្ជូន​បទបញ្ជា​របស់​ប្រធានាធិបតី ទៅ​ឲ្យ​អង្គភាព​នុយក្លេអ៊ែរ ក៏ប៉ុន្តែ ប្រសិនបើ​រដ្ឋមន្រ្តី​ការពារជាតិ​មើលឃើញ​ថា បទបញ្ជា​របស់​ប្រធានាធិបតី​មិនសមរម្យ ហើយ​សម្រេច​មិនបញ្ជូន​បទបញ្ជា​បន្ត​ទៅ​ឲ្យ​អង្គភាព​នុយក្លេអ៊ែរ ខ្សែសង្វាក់​នៃ​ការ​បញ្ជា​បាញ់​អាវុធ​នុយក្លេអ៊ែរ​នឹង​ត្រូវ​គាំង​ត្រឹមនេះ។ ក្នុងករណីនេះ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​​​ធ្វើ​ល្មើស​ច្បាប់ ហើយ​ប្រធានាធិបតី​​អាច​ដកតំណែង​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ចេញបានភ្លាមៗ ក្នុងបទ​រំលោភ​បទបញ្ជា​ប្រធានាធិបតី។

ក្រោយ​ការដកតំណែង​រដ្ឋមន្រ្តី​ការពារជាតិហើយ មន្រ្តី​ថ្នាក់​បន្ទាប់ គឺ​អនុរដ្ឋមន្រ្តី​នឹង​ត្រូវ​ឡើងមកធ្វើ​ជា​រដ្ឋមន្រ្តី​ស្តីទី ហើយជា​អ្នក​ដែល​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​បទបញ្ជា​ប្រធានាធិបតី ក្នុងការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ។ ប្រសិនបើ​រដ្ឋមន្រ្តី​ស្តីទី​បះបោរ​មួយទៀត ប្រធានាធិបតី​អាច​​​ដកតំណែង​ ហើយបន្ទុក​ត្រូវ​ធ្លាក់​ទៅ​​​មន្រ្តី​ថ្នាក់​បន្ទាប់ទៀត... នៅទីបញ្ចប់​ប្រហែល​ជា​មាន​អ្នក​ធ្វើ​តាម​បទបញ្ជា ក៏ប៉ុន្តែ សេណារីយ៉ូនេះ យ៉ាងហោចណាស់​អាច​ពន្យារពេល​​ប្រធានាធិបតី​បាន ហើយ​ក្នុង​អំឡុង​ពេលនោះ ប្រធានាធិបតី​អាច​ធ្វើការ​ពិចារណា​ឡើងវិញ។

អនុប្រធានាធិបតី​ និង​វិសោធនកម្ម​ទី២៥​នៃ​រដ្ឋធម្មនុញ្ញ (25th Amendment)

រដ្ឋធម្មនុញ្ញ​អាមេរិក​មាន​ចែង​ពី​នីតិវិធី​មួយ ដែល​អាច​ឲ្យ​អនុប្រធានាធិបតី និង​សមាជិក​រដ្ឋាភិបាល​ដកតំណែង​ប្រធានាធិបតី ក្នុងហេតុផល​ថា ប្រធានាធិបតី​លែង​មាន​សមត្ថភាពខាងផ្លូវកាយ (ដូចជា​ មាន​ជំងឺ​ ឬរងរបួស​ធ្ងន់ធ្ងរ ជាដើម) ឬ​បាត់បង់​​សមត្ថភាព​ខាង​ផ្លូវចិត្ត​​ ក្នុងការ​ដឹកនាំ​ប្រទេស​តទៅទៀត។

នៅ​ក្នុងករណីនេះ អនុប្រធានាធិបតី (ក្នុងករណី​លោក​ដូណាល់ត្រាំ អនុប្រធានាធិបតី​ គឺ​លោក ម៉ៃក៍ ផិនស៍) ត្រូវ​កោះប្រជុំ​គណៈរដ្ឋមន្រ្តី ដើម្បី​ធ្វើការ​បោះឆ្នោត​។ ប្រសិនបើ​សមាជិក​គណៈរដ្ឋមន្រ្តី​បោះឆ្នោត​ដោយ​សំឡេង​ភាគច្រើន​សម្រេច​ដកតំណែង​ប្រធានាធិបតី អនុប្រធានាធិបតី​នឹង​ត្រូវ​ឡើង​មក​ជំនួស។

នីតិវិធី​ទីពីរនេះ​គឺ​ជា​នីតិវិធី​ស្របច្បាប់​ ក៏ប៉ុន្តែ ត្រូវការ​ចំណាយពេល​យូរ ដែល​ពិបាក​នឹង​យក​មក​ប្រើ ក្នុងការ​រារាំង​ប្រធានាធិបតី​មិន​ឲ្យ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ពីព្រោះថា នីតិវិធី​ក្នុងការ​បញ្ជា​ឲ្យ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ថ្វីដ្បិត​តែ​ត្រូវ​ធ្វើ​ទៅតាម​ខ្សែសង្វាក់​នៃ​ការ​បញ្ជា​ទ័ព​ច្រើន​ដំណាក់កាល តែ​អាច​កើតឡើង​នៅ​ក្នុងរយៈពេល​យ៉ាងយូរ​បំផុត​ត្រឹម ៣០នាទី (ចាប់ពី​ពេល​ប្រធានាធិបតី​ចេញបទបញ្ជា រហូតដល់​ពេល​ដែល​មីស៊ីល​ត្រូវ​បាញ់​ចេញ)។

ដូច្នេះ​អ្នក​ដែល​អាច​រារាំង​លោក​ដូណាល់ត្រាំ​មិន​ឲ្យ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​បាន​ភ្លាមៗ គឺ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ហើយ​ការរារាំង​នេះ​ត្រូវតែ​ធ្វើឡើង​តាមរយៈការ​​រំលោភ​ច្បាប់ ដោយ​មិនគោរព​បទបញ្ជា​ប្រធានាធិបតី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ