ករណីស្លាប់ដោយជំងឺគ្រុនចាញ់នៅទូទាំងពិភពលោកមានការធ្លាក់ចុះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ បានជួយជីវិតមនុស្សប្រមាណជាង ៣លាននាក់ ចាប់តាំងពីឆ្នាំ២០០០មក។ នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ចេញផ្សាយ កាលពីថ្ងៃពុធ។ ក៏ប៉ុន្តែ របាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់ដោយជំងឺគ្រុនចាញ់នៅតែមានកម្រិតខ្ពស់ ដែលទាមទារចាំបាច់ឲ្យមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀត ដើម្បីទប់ទល់នឹងជំងឺនេះ។
របាយការណ៍ជំងឺគ្រុនចាញ់ ឆ្នាំ២០១៣ ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធនេះ បង្ហាញថា ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១២ អត្រាអ្នកស្លាប់ដោយជំងឺគ្រុនចាញ់នៅទូទាំងពិភពលោកបានធ្លាក់ចុះ ៤៥%។ ក៏ប៉ុន្តែ ចំនួនអ្នកស្លាប់នៅតែមានច្រើន ដោយកាលពីឆ្នាំ២០១២កន្លងទៅនេះ មានករណីគ្រុនចាញ់ប្រមាណជា ២០៧លាននាក់ នៅទូទាំងពិភពលោក ក្នុងនោះ មាន ៦២៧ ០០០នាក់ស្លាប់។
របាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា កង្វះខាតខាងផ្នែកថវិកា និងកង្វះខាតវិធានការបង្ការសាមញ្ញៗ ដូចជា មុង ជាដើម គឺជាមូលហេតុធ្វើឲ្យមេរោគគ្រុនចាញ់នៅតែជាការគំរាមកំហែងដ៏ធំមួយ សម្រាប់ពិភពលោក ជាពិសេស នៅតំបន់អាហ្វ្រិក និងអាស៊ីអាគ្នេយ៍។
លោកស្រីម៉ាហ្ការេត ចាន់ (Margaret Chan) អគ្គនាយិកាអង្គការសុខភាពពិភពលោក បានថ្លែងថា “ការណ៍ដែលមានមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវឈឺ និងស្លាប់ ដោយមូសខាំបែបនេះ គឺជាសោកនាដកម្មដ៏ធំមួយ សម្រាប់ពិភពលោក ក្នុងសតវត្សរ៍ទី២១នេះ”។
នៅក្នុងពេលបច្ចុប្បន្ននេះ មានមនុស្សប្រមាណជា ៣ ៤០០លាននាក់ នៅទូទាំងពិភពលោក ដែលកំពុងប្រឈមមុខនឹងការឆ្លងមេរោគគ្រុនចាញ់ ក្នុងនោះ ប្រមាណជា ៨០% ស្ថិតនៅក្នុងតំបន់អាហ្វ្រិក។ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសនីហ្សេរីយ៉ា ត្រូវបានគេចាត់ជាប្រទេសដែលកំពុងប្រឈមមុខនឹងជំងឺគ្រុនចាញ់ធ្ងន់ធ្ងរជាងគេ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បញ្ហាប្រឈមមួយទៀត ដែលកំពុងតែធ្វើឲ្យគេព្រួយបារម្ភ គឺការលេចឡើងនៃករណីមេរោគគ្រុនចាញ់ ដែលធន់នឹងថ្នាំពេទ្យ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺក្នុងប្រទេសថៃ វៀតណាម ភូមា និងកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ