ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េ​ខាង​ជើង៖ តើ​អំណាច​ពិតប្រាកដ​នឹង​ត្រូវ​ធ្លាក់​ក្នុង​ដៃ​អ្នកណា?

សំឡេង ០៥:៥៣
លោក​គីម ជុងអ៊ុន ក្នុង​ពិធីបុណ្យសព​លោក​គីម ជុងអ៊ីល
លោក​គីម ជុងអ៊ុន ក្នុង​ពិធីបុណ្យសព​លោក​គីម ជុងអ៊ីល REUTERS/KRT

ក្រោយ​ការ​ស្លាប់​របស់​លោក​គីម ជុងអ៊ីល កូនប្រុស​របស់​គាត់ គឺ​លោក​គីម ជុងអ៊ុន ត្រូវ​បាន​គេ​តែងតាំង​ឲ្យ​ឡើង​មក​ស្នងតំណែងពី​ឳពុក។ ក៏ប៉ុន្តែ ភាព​ស្រពិចស្រពិល​នៅតែ​កើតមាន​ ជុំវិញ​ថា​តើ​អំណាច​ពិតប្រាកដ​នឹង​ស្ថិត​ក្នុង​ដៃ​របស់​លោក​គីម ជុងអ៊ុន ឬ​ក៏​អ្នកណា​ផ្សេង? តើការ​ផ្ទេរអំណាច​អាច​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី ដូច​ក្រោយ​ការ​ស្លាប់​របស់​លោក​គីម អ៊ីលស៊ុង កាល​ពី​ឆ្នាំ​១៩៩៤​ ដែរ​ឬទេ?

ផ្សាយពាណិជ្ជកម្ម

ដំណឹង​ស្តីពី​មរណភាព​របស់​​លោក​គីម ជុងអ៊ីល ដែលបាន​កាន់​អំណាច​ផ្តាច់ការ​ នៅ​កូរ៉េ​ខាង​ជើង​អស់រយៈពេល ១៧​ឆ្នាំ ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មាន​អារម្មណ៍​ធូរចិត្ត។ ក៏ប៉ុន្តែ ការស្លាប់​របស់​លោក​គីម ជុងអ៊ីល កំពុងតែ​ធ្វើឲ្យ​​កូរ៉េ​ខាងជើង​​ធ្លាក់​ចូល​ក្នុង​ដំណាក់កាល​អន្តរកាល​មួយ​ប្រកប​ទៅដោយ​គ្រោះថ្នាក់។

ជាទូទៅ នៅក្នុង​ប្រទេស​ដែល​អំណាច​រដ្ឋ​ស្ថិត​ក្នុង​ដៃ​មេដឹកនាំ​ផ្តាច់ការ​ ដោយ​មិនមាន​ស្ថាប័ន​ជាតិ​ជា​មូលដ្ឋាន​រក្សា​និរន្តរភាព​នៃ​អំណាច​ ការស្លាប់​របស់​មេដឹកនាំ​ផ្តាច់ការ​តែងតែ​ចោទ​ជា​បញ្ហា​ជុំវិញ​ស្ថិរភាពនយោបាយ។

បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​របស់​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​ថា លោក​ គីម ជុងអ៊ុន កូនប្រុសពៅ​របស់​លោក​គីម ជុងអ៊ីល គឺ​ជា​អ្នក​ឡើងមក​ស្នងតំណែង​ពី​ឳពុក។ ក៏ប៉ុន្តែ គេ​នៅតែ​បារម្ភ​ខ្លាច លោក គីម ជុងអ៊ុន ដែល​ជា​មេដឹកនាំ​ដ៏​ក្មេងខ្ចីនេះ មិនអាច​កាន់អំណាច​​បាន​ពេញលេញ​ក្នុងដៃ បង្ក​ជា​ការ​ប្រជែង​អំណាច​ក្នុងជួរ​ថ្នាក់​ដឹកនាំ​កងទ័ព​កូរ៉េ​ខាងជើង។

កាលពី​ឆ្នាំ​១៩៩៤ នៅពេល​ដែល​លោក​គីម ជុងអ៊ីល ឡើង​មក​ស្នងតំណែង​ពី​លោក​គីម អ៊ីលស៊ុង​ ជា​ឳពុក ការ​ព្រួយបារម្ភ​អំពី​អស្ថិរភាព​អំណាច​នៅ​កូរ៉េ​ខាង​ជើង​ក៏​ធ្លាប់​កើតមាន​ឡើងដែរ។ នៅពេលនោះ អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​បាននាំគ្នា​គិតគូរ​ពី​គ្រប់​សេណារីយ៉ូ​ទាំងអស់ រាប់ពី​សង្រ្គាម​ស៊ីវិល រហូតដល់​ការ​ដួលរលំ​នៃរបប​កុម្មុយនិស្ត​ព្យុងយ៉ាង។ ក៏ប៉ុន្តែ ទីបំផុត លោក​គីម ជុងអ៊ីល បាន​កាន់​អំណាច​ពេញដៃ អស់រយៈពេល ១៧​ឆ្នាំ រហូតដល់​ថ្ងៃ​ស្លាប់។

ក៏ប៉ុន្តែ លោក​គីម ជុងអ៊ុន មិនប្រាកដ​ថា​អាច​ធ្វើ​​បានដូច​ឳពុក​របស់​គាត់ កាល​ពី​ឆ្នាំ​១៩៩៤​នោះទេ។ នៅពេល​ឡើង​មក​កាន់អំណាច លោក​គីម ជុងអ៊ីល មាន​អាយុ ៥២ឆ្នាំ ហើយ​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​​ក្នុងការ​ឆាកនយោបាយ​កូរ៉េ​ខាង​ជើង។ លោក​គីម ជុងអ៊ីល ត្រូវ​បាន​ឳពុក​រៀបចំ​ផ្ទុកផ្តាក់​ឲ្យ​ស្នងតំណែង ហើយ​ត្រូវ​បាន​គេ​ដឹងឮ​ជា​សាធារណៈ​តាំង​ពី ១៤ឆ្នាំ មុន​​​​ពេល​គាត់​ឡើង​មក​កាន់អំណាច។

ចំណែក​លោក​គីម ជុងអ៊ុន​ វិញ ពេលនេះ ទើប​នឹង​មាន​អាយុ ២៨​ឆ្នាំ​ប៉ុណ្ណោះ ហើយ​មិនទាន់​មាន​បទពិសោធន៍​ក្នុងការ​គ្រប់គ្រង​ប្រទេស​​នៅឡើយទេ។ ទើបតែ​នៅ​ឆ្នាំ​២០១០​កន្លងទៅ​ថ្មីៗ​នេះ​ប៉ុណ្ណោះ ដែល​លោក​គីម ជុងអ៊ុន ត្រូវ​បាន​លោក​គីម ជុងអ៊ីល តែងតាំង​ឲ្យ​កាន់មុខតំណែង​ក្នុង​ជួរ​កងទ័ព ក្នុងឋានៈ​ជា​ឧត្តមសេនីយ៍​ផ្កាយ៤។ ការ​រៀបចំ​​ឲ្យ​លោក​គីម ជុងអ៊ុន ឡើងមក​ស្នងតំណែង​ក៏​ទំនង​ជា​ធ្វើ​ឡើង​ដោយ​តក់ក្រហល់​ដែរ ក្រោយ​ពី​លោក​គីម ជុងអ៊ីល ធ្លាក់ខ្លួន​ឈឺធ្ងន់ កាលពី​ឆ្នាំ​២០០៨។

ការ​ខ្វះ​បទពិសោធន៍ ព្រមទាំង​អាយុ​នៅ​ក្មេងខ្ចី​នេះ​ហើយ ដែល​អាច​ជា​បញ្ហា​ សម្រាប់​លោក គីម ជុងអ៊ុន ក្នុងការ​ត្រួតត្រា​មេទ័ព​ចំណាស់ៗ​របស់​​កូរ៉េ​ខាង​ជើង។

សេណារីយ៉ូ​មួយ ដែល​គេ​សម្លឹងឃើញ គឺ​លោក​គីម ជុងអ៊ុន ចេញមុខ​ជា​មេដឹកនាំ​ផ្លូវការ ក៏ប៉ុន្តែ មាន​ក្រុម​ទីប្រឹក្សា​​នៅ​ពីខាង​ក្រោយ​ជា​អ្នក​ឲ្យ​យោបល់ (ឬ​ក៏​ជា​អ្នក​​សម្រេច​កិច្ចការ​ធំៗ​តែម្តង)។ នៅ​ក្នុង​ចំណោម​មន្រ្តី​ក្រោយ​ឆាក​នេះ អ្នក​ដែល​ទំនង​ជា​នឹង​មាន​អំណាច​ជាងគេ គឺ​លោក​ចាង សុងថែក (Jang Song-thaek) ដែល​ជា​ប្អូនថ្លៃ​របស់​លោក​គីម ជុងអ៊ីល (ត្រូវជា​ឳពុកមា​របស់​លោក​គីម ជុងអ៊ុន)។

កន្លងមក លោក​ចាង សុងថែក គឺ​ជា​អ្នក​កាន់អំណាច​ទ័ព​​លំដាប់​ទីពីរ បន្ទាប់​ពី​លោក​គីម ជុងអ៊ីល។ សាស្រ្តាចារ្យ​​ម្នាក់ ជំនាញ​ខាង​កិច្ចការ​កូរ៉េ​ខាង​ជើង ឈ្មោះ យ៉ាង មូជីន (Yang Moo-jin) ​បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) ​ថា នៅពេល​ដែល​លោក​គីម ជុងអ៊ីល ធ្លាក់ខ្លួន​ឈឺធ្ងន់ នៅ​ឆ្នាំ​២០០៨ គឺ​លោក​ចាង​ សុងថែក ដែល​​ជា​អ្នក​ទទួល​ខុសត្រូវ​រៀបចំ​ចាត់ចែង​​ការ​ស្នងតំណែង​របស់​លោក​គីម ជុងអ៊ុន។

លោក​ចាង​ សុងថែក ទំនង​​ជា​ឥស្សរជន​ដែល​មាន​អំណាច​អាច​​ត្រួតត្រា​មេទ័ព​កូរ៉េ​ខាង​ជើង​បាន។ ដូច្នេះ ប្រសិន​បើ​គាត់​មិន​មាន​បំណង​​ច្បាម​អំណាច​​មក​កាន់កាប់​ដោយ​ខ្លួនឯងទេ លោក​ចាង សុងថែក អាចជា​សសរទ្រូង​ដ៏​សំខាន់​មួយ សម្រាប់​រក្សា​អំណាច​របស់​លោក​គីម ជុងអ៊ុន។ ក្នុងករណីនេះ លោក​គីម ជុងអ៊ុន​វិញ ប្រហែល​ជា​មាន​ត្រឹមតែ​ឈ្មោះ​​​ជា​ប្រមុខដឹកនាំ​​ប៉ុណ្ណោះ។ ចំណែក​អំណាច​ពិតប្រាកដ​អាច​នឹង​ត្រូវ​ធ្លាក់​ក្នុងដៃ​របស់​ លោក​ចាង សុងថែក ដែល​​ជា​អ្នក​ឲ្យ​យោបល់​ពី​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI