លោកស្រីអ៊ុងសាន ស៊ូជីទៅប្រទេសថៃដើម្បីជួបប្រជាជនភូមាដែលគាំទ្រគាត់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មេដឹកនាំបក្សប្រឆាំងភូមា លោកស្រីអ៊ុងសាន ស៊ូជី បានធ្វើដំណើរទៅដល់ប្រទេសថៃ កាលពីរាត្រីថ្ងៃអង្គារទី ២៩ ឧសភា។ ក្នុងរយៈពេល ២៤ឆ្នាំដែលលោកស្រីអ៊ុងសាន ស៊ូជីស្ថិតនៅក្នុងប្រទេសភូមា នេះជាដំណើរទស្សនកិច្ចលើកទីមួយ ដែលលោកស្រី បានចេញដំណើរទៅបរទេស។ លោកស្រី អ៊ុងសាន ស៊ូជីបានជ្រើសរើសយកប្រទេសថៃមកធ្វើជាប្រទេសទីមួយដើម្បីធ្វើទស្សនកិច្ច ព្រោះថៃ មានព្រំដែនជាមួយភូមាប្រមាណ ១៨០០គីឡូម៉ែត្រ។ នៅក្នុងប្រទេសថៃ សម្បូរប្រជាជនភូមារស់នៅច្រើនជាងគេ។
នៅក្នុងប្រទេសថៃ លោកស្រីអ៊ុងសាន ស៊ូជី បានទទួលស្វាគមយ៉ាងគគ្រឹកគគ្រេងពីប្រជាជនភូមា ដែលរស់នៅក្នុងទឹកដីថៃ។ នៅថ្ងៃពុធនេះ លោកស្រីបានជួបជាមួយក្រុមប្រជាជនភូមាដែលប្រកបរបរជាពលករ អន្តោប្រវេសន៍ នៅខេត្តសាមុត សាកន។ បន្ទាប់មក លោកស្រីនឹងទៅជួបក្រុមជនភៀសខ្លួនភូមា ជាងមួយសែន ប្រាំម៉ឺននាក់ ដែលកំពុងរស់នៅ ក្នុងជំរំដែលស្ថិតនៅ ភាគខាងជើងប្រទេសថៃ។ នៅប្រទេសថៃ លោកស្រីអ៊ុងសាន ស៊ូជី នឹងឆ្លៀតទៅជួបក្រុមជនភៀសខ្លួននយោបាយ។ សកម្មជនប្រឆាំងភូមា រាប់ម៉ឺននាក់ លួចរត់គេចចេញពីការតាមចាប់ បង្រ្កាបរបស់របបសឹកភូមា និងបានយកប្រទេសថៃ ជាទីតាំងសម្រាប់តវ៉ា រិះគន់ និងប្រឆាំងនឹងរដ្ឋាភិបាលក្នុងស្រុក។
គោលដៅរបស់លោកស្រីអ៊ុងសាន ស៊ូជីទៅប្រទេសថៃ គឺដើម្បីទៅផ្សារភ្ជាប់ ចំណង ឡើងវិញ ជាមួយប្រជាជនភូមាដែលបានទន្ទឹងរង់ចាំជំនួយពីលោកស្រី ពោល គឺតាំងពីពេលលោកស្រី អ៊ុងសាន ស៊ូជី កូនស្រីរបស់មេទ័ពអ៊ុងសាន បានធ្វើដំណើរទៅដល់ភូមានៅឆ្នាំ ១៩៨៨ម្ល៉េះ។ ប្រជាជនភូមា ដែលលោកស្រីមិនបានទាក់ទងជាមួយ ដោយសារតែលោកស្រីត្រូវរបបសឹក ចាប់ដាក់ឃុំក្នុងគេហដ្ឋាន អស់១៥ឆ្នាំ។
ម្យ៉ាងទៀត ទស្សនកិច្ចរបស់លោកស្រីអ៊ុងសាន ស៊ូជីនៅថៃ ក៏ជាឱកាសឲ្យលោកស្រីអាចពង្រឹងទំនាក់ទំនងជាមួយក្រុមមនុស្សដែល ធ្លាប់គាំទ្របុព្វហេតុនយោបាយរបស់លោកស្រី។ ក្រុមបះបោរភូមាទាំងនេះ បានរត់ទៅជ្រកនៅប្រទេសថៃ និងបានតស៊ូផ្នែកនយោបាយតាំងពីទឹកដីថៃ ដើម្បីទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យឲ្យប្រជាជនភូមា។
នៅព្រឹកថ្ងៃពុធនេះ នៅក្នុងខេត្តសាមុត សាកន ប្រមុខបក្សប្រឆាំងភូមាបានសន្យាទៅកាន់ប្រជាពលករភូមាថា លោកស្រីនឹងខំប្រឹងអស់ពីសមត្ថភាពដើម្បីពួកគេ។ លោកស្រីអ៊ុងសាន ស៊ូជីបាននិយាយផងដែរលើកទឹកចិត្តឲ្យប្រជាជនភូមានៅបរទេសតស៊ូតទៅទៀត គឺកុំអស់សង្ឃឹម ព្រោះថា ការផ្លាស់ប្តូរនឹងនៅតែមានជានិច្ច។
គួរបញ្ជាក់ថា នេះជាលើកទីមួយ ដែលប្រមុខបក្សប្រឆាំងភូមាបានធ្វើដំណើរទៅបរទេស បន្ទាប់ពីស្ថិតនៅតែក្នុងប្រទេសភូមា អស់ ២៤ឆ្នាំ។ ក្រៅពីជាប់ឃុំក្នុងគេហដ្ឋានរបស់របបសឹក លោកស្រីអ៊ុងសាន ស៊ូជី បានបដិសេធមិនធ្វើដំណើរទៅបរទេស ដោយលោកស្រីខ្លាចថា របបសឹកនឹងមានឱកាសរារាំង មិនឲ្យលោកស្រីត្រលប់ចូលភូមាវិញ។ លើកនេះ ការដែលលោកស្រីយល់ព្រមចាកចេញពីភូមា ទៅធ្វើដំណើរទស្សនកិច្ចនៅបរទេស ក៏ព្រោះលោកស្រីជឿទុកចិត្តថា ភូមាបច្ចុប្បន្នកំពុងធ្វើការផ្លាស់ប្តូរ។
លោកស្រីអ៊ុងសាន ស៊ូជីដឹងថា រដ្ឋាភិបាលភូមាថ្មី ត្រូវការលោកស្រី និងប្រាកដ ជាបើកផ្លូវឲ្យលោកស្រីត្រលប់ចូលប្រទេសវិញ។ ព្រោះថា គ្មានលោកស្រី ភូមា នឹងមិនអាចទទួលបានការដកទណ្ឌកម្មពីប្រទេសលោកខាងលិច។ អ៊ីចឹងបើនិយាយពីរឿងទុកចិត្ត លោកស្រីអ៊ុងសាន ស៊ូជី មិនជឿទុកចិត្តទាំងស្រុងលើរដ្ឋាភិបាលភូមាថ្មីទេ ព្រោះរដ្ឋាភិបាលនៅតែគ្រប់គ្រងភាគច្រើនដោយពួកយោធាដដែល។ ពួកយោធានេះដែលនៅតែមានមហិច្ឆតាលុបបំបាត់ចោលមិនឲ្យមានក្រុមប្រឆាំង នៅភូមា ព្រោះតាមឯកសារ សម្ងាត់ យោធា បើទោះជាសេរីភាពរបស់លោកស្រីអ៊ុងសាន ស៊ូជីធ្វើឲ្យភូមាមានទំនាក់ទំនងប្រសើរឡើងវិញ ជាមួយប្រទេសលោកខាងលិច ប៉ុន្តែ យ៉ាងណាក៏ដោយ គេត្រូវបង្រ្កាបក្រុមអ្នកប្រឆាំងឲ្យផុតពូជ នៅភូមា។
លោកស្រីអ៊ុងសាន ស៊ូជីធ្លាប់រំលឹកដល់ប្រទេសលោកខាងលិច ដោយបាន និយាយព្រមានទុកមុនថា កំណែទម្រង់នយោបាយនៅភូមា គឺអាចផ្លាស់ប្តូរ លែងមានទៅវិញ។ ដោយសារជំហររបស់លោកស្រី ស៊ូជី ប្រទេសលោកខាងលិចមិនបានដកទណ្ឌកម្មទាំងស្រុង គឺសម្រេចព្យួរផ្អាកត្រឹមមួយឆ្នាំ ប៉ុណ្ណោះ គឺដើម្បីអាចតាមដានមើលការវិវឌ្ឍនយោបាយរបស់រដ្ឋាភិបាលភូមាតទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ