ហេតុអ្វីបានជាអង់គ្លេសមិនព្រមទទួលយកសន្ធិសញ្ញាថ្មីរបស់អឺរ៉ុប?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០២
លោក David Cameron នាយករដ្ឋមន្រ្តីអង់គ្លេស បានជំទាស់នឹងសំណើរបស់បារាំង និងអាល្លឺម៉ង់ ដែលចង់កែប្រែសន្ធិសញ្ញាសហភាពអឺរ៉ុប ដើម្បីដោះស្រាយវិបត្តិប្រាក់បំណុល។ ការជំទាស់នេះបានជំរុញឲ្យបារាំង និងអាល្លឺម៉ង់ងាកទៅបង្កើតសន្ធិសញ្ញាដាច់ដោយឡែកមួយ ជាមួយប្រទេសជាសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ដោយទុកឲ្យអង់គ្លេសនៅឯកោម្នាក់ឯង។ ហេតុអ្វីបានជាលោក David Cameron ជ្រើសរើសផ្លូវដើរដ៏ឯកោបែបនេះ?
នៅក្នុងអំឡុងជំនួបកំពូលអឺរ៉ុប កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ លោក David Cameron បានពន្យល់ថា លោកជំទាស់នឹងការកែប្រែសន្ធិសញ្ញាសហភាពអឺរ៉ុប ព្រោះ វាមិនបម្រើឲ្យផលប្រយោជន៍របស់អង់គ្លេស។
គួរបញ្ជាក់ថា តាំងពីដើមមក អង់គ្លេសតែងតែជំទាស់នឹងការទាមទាររបស់សហភាពអឺរ៉ុប ដែលចង់រឹតបន្តឹងការគ្រប់គ្រងសកម្មភាពទីផ្សារមូលត្រ និងបង្កើតពន្ធលើការទិញដូរមូលបត្រធ្វើឡើងដោយធនាគារ។ អង់គ្លេសយល់ថា ការធ្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ទីផ្សារមូលបត្រអង់គ្លេស ដែលជាទីផ្សារមូលបត្រធំបំផុត នៅអឺរ៉ុប។
នៅក្នុងជំនួបកំពូល កាលពីថ្ងៃសុក្រ លោក Cameron បានទាមទារឲ្យមានពិធីសារពិសេសមួយ ដើម្បីការពារទីផ្សារមូលបត្រអង់គ្លេស ទើបអង់គ្លេសយល់ព្រមឲ្យមានការកែប្រែសន្ធិសញ្ញាសហភាពអឺរ៉ុប។ ក៏ប៉ុន្តែ បារាំង និងអាល្លឺម៉ង់ប្រឆាំងយ៉ាងដាច់អហង្ការមិនឲ្យបង្កើតករណីពិសេស សម្រាប់អង់គ្លេសតែម្នាក់ឯងដូច្នេះទេ។ ដោយមិនអាចកែប្រែសន្ធិសញ្ញាសហភាពអឺរ៉ុបបាន បារាំង និងអាល្លឺម៉ង់ក៏ងាកទៅចរចាបង្កើតវិធានសារពើពន្ធថ្មី ក្នុងក្របខ័ណ្ឌសន្ធិសញ្ញាដាច់ដោយឡែកមួយ ដែលចុះរវាងប្រទេសចាយលុយអឺរ៉ូ (១៧ប្រទេស) ដោយបើកផ្លូវឲ្យប្រទេសផ្សេងទៀតចូលរួម តាមគោលការណ៍ស្ម័គ្រចិត្ត។
ថ្វីដ្បិតតែលោក David Cameron លើកឡើងអំពីការការពារទីផ្សារមូលបត្រអង់គ្លេស ក៏ប៉ុន្តែ ហេតុផលសំខាន់បំផុត ដែលអង់គ្លេសមិនទទួលយកវិធានសារពើពន្ធរបស់អឺរ៉ុប គឺមកពីបញ្ហានយោបាយផ្ទៃក្នុងរបស់អង់គ្លេស។ លោក David Cameron និងគណបក្សរបស់លោក (គណបក្សអភិរក្សនិយម) តែងតែប្រកាន់ជំហរមិនចង់ឲ្យអង់គ្លេសធ្វើសមាហរ័ណកម្មស៊ីជម្រៅជាមួយសហភាពអឺរ៉ុប។
នៅមុនជំនួបកំពូលអឺរ៉ុប សមាជិកសភាមកពីគណបក្សអភិរក្សនិយមបានព្រមានថា ប្រសិនបើលោក David Cameron ចុះហត្ថលេខាយល់ព្រមឲ្យកែប្រែសន្ធិសញ្ញាសហភាពអឺរ៉ុប ពួកគេនឹងទាមទារឲ្យយកសន្ធិសញ្ញាថ្មី ទៅឆ្លងកាត់ការបោះឆ្នោតប្រជាមតិ។ លោក David Cameron ដឹងថា ពលរដ្ឋអង់គ្លេសភាគច្រើនប្រាកដជាមិនទទួលយកសន្ធិសញ្ញាថ្មីនេះទេ។ ដូច្នេះ បើសិនជាមានការបោះឆ្នោតប្រជាមតិ គាត់ប្រាកដជាត្រូវទទួលបរាជ័យ ហើយអាចនឹងត្រូវគេបង្ខំឲ្យចុះចេញពីតំណែង។
ក៏ប៉ុន្តែ ការបដិសេធមិនទទួលយកវិធានសារពើពន្ធរបស់អឺរ៉ុបក៏កំពុងតែធ្វើឲ្យលោក David Cameron ត្រូវប្រឈមមុខនឹងវិបត្តិនយោបាយដែរ។ ក្រៅពីគណបក្សប្រឆាំង គណបក្សជាដៃគូក្នុងរដ្ឋាភិបាលចម្រុះ (Liberal Democrats) ក៏រិះគន់សេចក្តីសម្រេចរបស់លោក David Cameron នេះដែរ។ លោក Nick Clegg ឧបនាយករដ្ឋមន្រ្តី និងជាមេដឹកនាំគណបក្ស Liberal Democrats បានលើកឡើងថា ការបដិសេធមិនទទួលយកវិធានសារពើពន្ធថ្មីរបស់អឺរ៉ុបមិនមែនជារឿងល្អទេ ព្រោះវាកំពុងតែធ្វើឲ្យអង់គ្លេសស្ថិតក្នុងភាពឯកោ។
គួរបញ្ជាក់ថា ក្នុងចំណោមប្រទេសក្រៅតំបន់ចាយលុយអឺរ៉ូទាំង ១០ មាន ៩ប្រទេស ដែលបានសុខចិត្តទទួលយកសន្ធិសញ្ញា ដែលចុះហត្ថលេខាដោយប្រទេសក្នុងតំបន់ចាយលុយអឺរ៉ូ។ គិតជាសរុប ប្រសិនបើមិនមានការជំទាស់ពីសភាជាតិទេនោះ ប្រទេសចំនួន ២៦ នឹងអនុវត្តសន្ធិសញ្ញាថ្មីរបស់អឺរ៉ុប។ អង់គ្លេសគឺជាប្រទេសតែមួយគត់ ដែលស្ថិតនៅក្រៅសន្ធិសញ្ញាថ្មីនេះ។
សេចក្តីសម្រេចរបស់លោក David Cameron បានទទួលនូវការអបអរសាទរយ៉ាងខ្លាំងក្លាពីសំណាក់មន្រ្តីគណបក្សអភិរក្សនិយម។ អ្នកខ្លះបានលើកឡើងថា ការសម្រេចនៅក្រៅសន្ធិសញ្ញាថ្មីរបស់អឺរ៉ុប ដែលកំពុងតែស្ថិតក្នុងវិបត្តិប្រាក់បំណុល គឺប្រៀបបាននឹងការមិនឡើងលើនាវា Titanic ដែលកំពុងតែប្រឈមមុខនឹងការលិចលង់។
ក៏ប៉ុន្តែ ប្រសិនបើសេដ្ឋកិច្ចអឺរ៉ុបពិតជាត្រូវលិចលង់មែន ការស្ថិតនៅក្រៅសន្ធិសញ្ញាថ្មីរបស់អឺរ៉ុប មិនប្រាកដថាអាចជួយឲ្យសេដ្ឋកិច្ចអង់គ្លេសចៀសរួចពីវិបត្តិនោះទេ ព្រោះការនាំចេញភាគច្រើនរបស់អង់គ្លេស គឺនាំចេញទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុប។ ផ្ទុយទៅវិញ ប្រសិនបើសន្ធិសញ្ញាថ្មីចូលជាធរមាន ហើយអឺរ៉ុបទាំង ២៦ប្រទេស នាំគ្នាជជែកអំពីការបង្កើតច្បាប់ ដើម្បីរឹតបន្តឹងការគ្រប់គ្រងសកម្មភាពទីផ្សារមូលបត្រ ឬបង្កើតពន្ធលើការទិញដូរមូលបត្រ អង់គ្លេសប្រាកដជាមិនអាចចូលរួម ដើម្បីតវ៉ាការពារផលប្រយោជន៍របស់ខ្លួនបានទេ។
នៅថ្ងៃចន្ទ ១២ ធ្នូ នេះ លោកនីកូឡា សាកូហ្ស៊ី ប្រធានាធិបតីបារាំង បានថ្លែងថា “នៅពេលនេះ អឺរ៉ុបថ្មីមួយបានចាប់កំណើតហើយ”។ ក៏ប៉ុន្តែ អឺរ៉ុបថ្មីនេះ គឺជាអឺរ៉ុបដែលគ្មានរាជាណាចក្រអង់គ្លេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ