ការរួបរួម​គណបក្ស​រាជានិយម​ស្មុគស្មាញ​តែនៅ​មាន​ច្រកចេញ

សំឡេង ០៤:២៥
ព្រះអង្គម្ចាស់​រណឬទ្ធិ និង​លោក​ញឹក ប៊ុនឆៃ នៅពេល​ចង​សម្ព័ន្ធភាព​ចុងក្រោយ​ជាមួយគ្នា
ព្រះអង្គម្ចាស់​រណឬទ្ធិ និង​លោក​ញឹក ប៊ុនឆៃ នៅពេល​ចង​សម្ព័ន្ធភាព​ចុងក្រោយ​ជាមួយគ្នា ©ស៊ីវ ចាន់ណា

បរាជ័យ​នៃ​ការបង្រួបបង្រួម​គ្នា​ឡើងវិញ​រវាង​គណបក្សហ្វ៊ុនស៊ិនប៉ិចនិង​គណបក្សនរោត្តមរណ​ឬ​ទ្ធិនៅពេលនេះ​បាន​បំផ្លាញ​ក្តីសង្ឃឹម​ចុងក្រោយ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ចំពោះ​លទ្ធភាព​ងើបឡើង​វិញ​នៃ​ចលនា​រាជានិយម​នៅ​កម្ពុជា។ មើលទៅការមិនចុះសម្រុង​គ្នា​ពិតជា​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​ទំនងជា​ពិបាក​ស្រោចស្រង់​ពីព្រោះ​សូម្បីតែ​ការផ្សំផ្គុំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​ក៏​នៅតែ​មិនអាច​ធ្វើ​ឲ្យ​អតីត​បងប្អូន​គូសត្រូវ​ទាំងពីរ​ចាប់ដៃគ្នា​ឡើងវិញ​បានដែរ។យ៉ាងណាក៏ដោយមាន​ហេតុផលនិង​កាលៈទេសៈ​មួយចំនួន​ដែល​គណបក្ស​ទាំងពីរ​នៅមាន​លទ្ធភាព​រួបរួម​គ្នា​បាន។ 

ផ្សាយពាណិជ្ជកម្ម

ការផ្សំផ្គុំ​បំណែក​គណបក្ស​រាជានិយម​ពីរ​ដែល​នៅ​សេសសល់​ចុងក្រោយ​ឲ្យ​ក្លាយជា​គណបក្ស​តែមួយ​ឡើងវិញ​ជួបនឹង​បរាជ័យ​ម្តង​ទៀតហើយ​នៅពេលនេះ។ បរាជ័យ​នេះ​គឺជា​សញ្ញា​អាសន្ន​ដ៏​ធំ​មួយ​សម្រាប់​ជីវិត​នយោបាយ​គណបក្ស​រាជានិយម​នៅ​កម្ពុជា។ ដោយ​ផ្អែកលើ​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​ចុងក្រោយ​នេះ ប្រជាប្រិយភាព​របស់​គ​ណ​បក្ស​រាជានិយម​បាន​បន្ត​ស្រុត​ចុះ​យ៉ាងគំហុក​ថែមទៀត។ នេះ​ជា​អ្វីដែល​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​ហៅថា​ជា«មហា​បរាជ័យ»។ ប៉ុន្តែ បើទោះជា​ព្រះអង្គ​ទទួលស្គាល់​មហា​ប​រា​ជ័យ និង​បើទោះបីជា​ជីវិត​នយោបាយ​គណបក្ស​រាជានិយម​ហៀបនឹងដល់​ទីបញ្ចប់​បែបនេះ​ក្តី ក៏​អតីត​បងប្អូន​គូសត្រូវ​ទាំងពីរ​នៅតែ​មិនអាច​ផ្គុំ​កម្លាំង​ធាតុ​រួមគ្នា​ឡើងវិញ​បានដែរ។

ដោយ​មិន​គិតពី​មូលហេតុ​ជា​ប្រពៃណី​ដែល​គេ​ធ្លាប់​បានដឹង​រួចមកហើយ មូលហេតុ​សំខាន់​ដែល​រារាំង​ការរួបរួម ហ្វ៊ុនស៊ិនប៉ិច នៅពេលនេះ​គឺ​ការប្រកាន់​ជំហរ​នយោបាយ​ផ្ទុយគ្នា​រវាង​លោក ញ៉ឹក ប៊ុនឆៃ និង​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ។ នៅពេលដែល​លោក​ញ៉ឹក ប៊ុនឆៃ ចង់​ក្រាញ​ននៀល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រដ្ឋាភិបាលចម្រុះ សម្តេចក្រុមព្រះ​ចង់បាន«ជំហរ​កណ្តាល»មួយ​ដែល​មិន​ប្រឆាំង តែ​ក៏​មិន​គាំទ្រ​រដ្ឋាភិបាល​ដែរ។ មិន​គាំទ្រ​វា​មានន័យ​ស្មើនឹង​ប្រឆាំង​ពាក់កណ្តាល​រួចទៅហើយ។ មកដល់​ត្រឹមនេះ វា​ពិតជា​មិន​ចម្លែក​ទេ​ដែល​លោក ញ៉ឹក ប៊ុនឆៃ បោះបង់​សម្តេចក្រុមព្រះ​ដើម្បី​រក្សា​ដៃគូ​ចម្រុះ​ក្នុង​រដ្ឋាភិបាល ហើយ​វា​ក៏​មិន​ចម្លែក​ដែរ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​គាំទ្រ​លោក​ញ៉ឹក ប៊ុនឆៃ និង​វាយប្រហារ​សម្តេចក្រុមព្រះ​នោះ។

តើ​ហេតុអ្វី​បានជា​សម្តេចក្រុមព្រះ​មិន​ចង់​នាំ​ហ្វ៊ុនស៊ិនប៉ិច​ទៅ​នៅ​កៀក​កិត​ជាមួយ​គណបក្ស​ប្រជាជន​ដូច​កាលពីមុន? ព្រះអង្គ​ពិតជា​មាន​ហេតុផល និង​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​រឿងនេះ។ បំណង​របស់​សម្តេចក្រុមព្រះ​ដែល​គេ​អាច​យល់បាន​នោះ​គឺ ព្រះអង្គ​គ្រាន់តែ​ខំព្យាយាម​បង្ហាញថា ហ្វ៊ុនស៊ិនប៉ិច ក្រោយ​ការបង្រួបបង្រួម​ថ្មី មិនមែនជា​គណបក្ស​ដែល​គាំទ្រ​គណបក្ស​ប្រជាជន១០០% ដូច​កាលពីមុន ឬក៏​ដូច​ហ្វ៊ុនស៊ិនប៉ិច របស់លោក​ញ៉ឹក ប៊ុនឆៃ សព្វថ្ងៃនេះ​ទេ ពោលគឺ​ព្រះអង្គ​ចង់​ផ្តល់​អត្តសញ្ញាណ​មួយ​ឲ្យ​ទៅ​ហ្វ៊ុនស៊ិនប៉ិច​ថ្មី ប្រសិនបើ​ការរួបរួម​អាចទៅរួច​មែន​ពីព្រោះ​ធ្វើ​ដូច្នេះ គេ​អាច​សង្ឃឹមថា អ្នក​ស្រឡាញ់​គណបក្ស​រាជានិយម​មួយចំនួន​អាច​នឹង​វិល​មក​បោះឆ្នោត​ឲ្យ ហ្វ៊ុនស៊ិនប៉ិច ឡើងវិញ។

ត្រង់ចំណុច​នេះ គេ​អាច​និយាយបានថា សម្តេចក្រុមព្រះ​ឈ្វេងយល់​ត្រូវ ពីព្រោះ​ផ្លូវ​នេះ​ពិតជា​ល្អ​ជាង​ផ្លូវ​ចាស់។ ប៉ុន្តែ ព្រះតម្រិះ​របស់​ទ្រង់​បាន​ដើរ​បញ្ច្រាសទិស​នឹង​ភាព«ឡូហ្ស៊ិក» នៃ​ការរួបរួម ហ្វ៊ុនស៊ិនប៉ិច ក្រោម​ការជួយជ្រោមជ្រែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ បញ្ច្រាសទិស​នៅត្រង់ថា គ្មាន​អ្នកនយោបាយ​ណា​ទៅ​ជួយ​ផ្សំផ្គុំ​ឲ្យ​គណបក្ស​មួយ​ដែល​មិន​គាំទ្រ​ខ្លួន​ឲ្យ​រីក​ធំធាត់​នោះឡើយ។ នេះហើយ​ជា​ឬ​សគល់​នៃ​បរាជ័យ​ក្នុងការ​រួបរួម​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ឡើងវិញ​នៅពេលនេះ។

យ៉ាងណា​ក៏ដោយចុះ សម្រាប់​ក្រសែភ្នែក​ក្រុម​អ្នកវិភាគ ច្រក​ទៅកាន់​ការរួបរួម​ក៏​មិនទាន់​បិទ​ទាំងស្រុង​នោះដែរ។ មាន​ហេតុផល និង​កាលៈទេសៈ​មួយ​ចំនួន​ដែល​អាច​ជំរុញ​ឲ្យ​គណបក្ស​ទាំងពីរ​និយាយ​គ្នា​ឡើងវិញ​បាន។ ចូរ​កុំភ្លេចថា ការរួបរួម​ហ្វ៊ុនស៊ិនប៉ិច មិនមែន​មាន​ប្រយោជន៍​តែ​សម្រាប់​គណបក្ស​រាជានិយម​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​ប្រយោជន៍​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ពីព្រោះ ការបែកបាក់​អ្នករាជានិយម​បានផ្តល់​ផលចំណេញ​យ៉ាងច្រើន​ដល់​បក្សប្រឆាំង។ ម្យ៉ាងទៀត សម្តេចក្រុមព្រះ បើទោះបីជា​ទ្រង់​ព្យាយាម​បង្ហាញ​ជំហរ​កណ្តាល​ក៏ដោយចុះ ក៏​គេ​អាច​មើល​ធ្លុះ​ថា សមានចិត្ត និង​ភាព​ដែល​អាចទៅរួច​របស់​ទ្រង់ គឺ​ការ​ស្ថិតនៅ​ជាមួយ​គណបក្ស​កាន់អំណាច​ច្រើនជាង​ស្ថិតក្នុង​បរិស្ថាន​នៃ​បក្សប្រឆាំង។ តើ​ទាំងនេះ​មិនមែនជា​អំណោយផល​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​បន្តទៀត​របស់​អ្នករាជានិយម​ក៏ដូចជា​អ្នក​ពាក់ពន្ធ័​ទាំងឡាយ​ទេ​ឬ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI