ព្រះវិហារ៖ គួរប្តឹងឲ្យបកស្រាយ ឬទាមទារឲ្យអនុវត្តសាលក្រមតុលាការក្រុងឡាអេ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅពេលនេះ រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសំណុំរឿងប្តឹងទៅតុលាការយុត្តិធម៌ អន្តរជាតិ (តុលាការក្រុងឡាអេ) ដើម្បីសុំឲ្យបកស្រាយឡើងវិញ នូវសាលក្រមឆ្នាំ១៩៦២ ស្តីពីបញ្ហាព្រះវិហារ។ ក៏ប៉ុន្តែ មានមតិខ្លះយល់ថា ការប្តឹងសុំបកស្រាយសាលក្រមនេះ មិនមែនជាមធ្យោបាយល្អទេ។ បញ្ហាត្រូវបានតុលាការក្រុងឡាអេជំនុំជម្រះរួចទៅហើយ មិនចាំបាច់ប្តឹងទៅតុលាការម្តងទៀតទេ។ កម្ពុជាគួរតែទាមទារឲ្យថៃអនុវត្តសាលក្រមឆ្នាំ១៩៦២នេះតែម្តង។
បទវិភាគរបស់ សេង ឌីណា
ប្រាកដណាស់ថា ប្រសិនបើមានជម្រើស កម្ពុជាគួរទាមទារឲ្យថៃអនុវត្តសាលក្រមតុលាការក្រុងឡាអេ (១៥ មិថុនា ១៩៦២) ប្រសើរជាងប្តឹងឲ្យបកស្រាយសាលក្រមនេះឡើងវិញ។ ក៏ប៉ុន្តែ សំណួរដែលចោទឡើង គឺត្រង់ថា តើធ្វើដូចម្តេច ដើម្បីបង្ខំឲ្យថៃអនុវត្តសាលក្រមនេះបាន?
ស្ថាប័នដែលមានសមត្ថកិច្ចត្រួតពិនិត្យមើលការអនុវត្តសាលក្រមតុលាការ យុត្តិធម៌អន្តរជាតិក្រុងឡាអេ គឺក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។ យោងតាមធម្មនុញ្ញអ.ស.ប. ត្រង់ជំពូកទី១៤ មាត្រា ៩៤ ប្រសិនបើភាគីណាមួយមិនអនុវត្តសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ទេ ភាគីម្ខាងទៀតអាចប្តឹងទៅក្រុមប្រឹក្សាសន្តិសុខ ដើម្បីចាត់វិធានការសមស្រប និងចាំបាច់ធានាការអនុវត្តសាលក្រម។
កាលពីឆ្នាំ២០០៨ ក្រោយពីថៃបានបញ្ជូនទាហានចូលមកក្នុងវត្តកែវសិក្ខាគិរីស្វារៈ កម្ពុជាធ្លាប់បានសរសេរលិខិតមួយទៅក្រុមប្រឹក្សាសន្តិសុខ ដោយលើកឡើងថា ថៃបានឈ្លានពានចូលក្នុងទឹកដីកម្ពុជា រំលោភទៅលើសន្ធិសញ្ញាអន្តរជាតិ និងរំលោភទៅលើសាលក្រមរបស់តុលាការក្រុងឡាអេ ឆ្នាំ១៩៦២។ ឆ្លើយតបនឹងលិខិតរបស់រដ្ឋាភិបាលកម្ពុជា ថៃក៏បានផ្ញើលិខិតមួយច្បាប់ដែរ ដើម្បីរារាំងកុំឲ្យក្រុមប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំ អំពីជម្លោះព្រំដែនខ្មែរ-ថៃ។
នៅក្នុងលិខិត៤ទំព័រជាភាសាអង់គ្លេស ថៃបានប្រាប់ទៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ថា ថៃ គោរព និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន សាលក្រមតុលាការក្រុងឡាអេ ឆ្នាំ ១៩៦២។ ការដែលថៃទាមទារតំបន់ជុំវិញប្រាសាទព្រះវិហារ មិនមែនជាការរំលោភលើសាលក្រមឆ្នាំ១៩៦២ទេ ព្រោះសាលក្រមនេះ សម្រេចតែអំពីប្រាសាទព្រះវិហារប៉ុណ្ណោះ មិនមានកំណត់អំពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះទេ។ ការដែលកម្ពុជាលើកឡើងថា តុលាការក្រុងឡាអេបានកំណត់ខ្សែបន្ទាត់ព្រំដែន ដោយយោងទៅលើ “ផែនទីឧបសម្ព័ន្ធ ១" គឺជាការយល់ឃើញរបស់ភាគីកម្ពុជាតែម្ខាងប៉ុណ្ណោះ (សូមអានលិខិតរបស់ថៃ ចុះថ្ងៃទី២១ កក្កដា ២០០៨ ដែលភ្ជាប់មកខាងក្រោម)។
ស្ថិតក្នុងស្ថានភាពនេះ ការប្តឹងទៅក្រុមប្រឹក្សាសន្តិសុខឲ្យអនុវត្តសាលក្រមតុលាការក្រុងឡាអេ ឆ្នាំ១៩៦២ មិនអាចធ្វើទៅបានទេ។ សមាជិកក្រុមប្រឹក្សាសន្តិសុខប្រាកដជាបដិសេធមិនទទួលយកបណ្តឹងកម្ពុជា ក្នុងហេតុផលថា វិវាទរវាងកម្ពុជា និងថៃ មិនទាក់ទងនឹងការអនុវត្តសាលក្រមតុលាការ ឆ្នាំ១៩៦២ទេ ប៉ុន្តែ ជាវិវាទជុំវិញអត្ថន័យ និងវិសាលភាពនៃសាលក្រម ដែលមិនមែនជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខ។
ដូច្នេះ ដើម្បីឲ្យបណ្តឹងទាមទារឲ្យថៃអនុវត្តសាលក្រម ឆ្នាំ១៩៦២អាចមានប្រសិទ្ធិភាព នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ គឺមានតែត្រូវជម្រះបញ្ហាខ្វែងគំនិតគ្នាលើអត្ថន័យ និងវិសាលភាពសាលក្រមនេះឲ្យបានជ្រះស្រឡះជាមុនសិន។ ស្ថាប័ន ដែលមានសមត្ថកិច្ច ក្នុងការបកស្រាយសាលក្រមនេះ គឺតុលាការក្រុងឡាអេ (មាត្រា ៦០ នៃលក្ខន្តិកៈតុលាការក្រុងឡាអេ)។
គួរបញ្ជាក់ថា បណ្តឹងសុំបកស្រាយសាលក្រម មិនមែនជាបណ្តឹងសុំឲ្យជំនុំជម្រះលើអង្គសេចក្តីឡើងវិញនោះទេ។ យោងតាមគោលការណ៍ច្បាប់ (តាមភាសាបារាំងហៅថា Autorité de la chose jugée) សំណុំរឿងដែលតុលាការបានជំនុំជម្រះ និងចេញសេចក្តីសម្រេចស្ថាពររួចហើយ មិនអាចត្រូវលើកយកមកជំនុំជម្រះសាជាថ្មីទៀតទេ (លើកលែងតែក្នុងករណីបណ្តឹងសើរើ)។ បណ្តឹងសុំឲ្យបកស្រាយ គឺគ្រាន់តែឲ្យតុលាការអន្តរជាតិពន្យល់ឲ្យបានច្បាស់លាស់ អំពីអត្ថន័យ ឬវិសាលភាព នៃចំណុចណាមួយជាក់លាក់ (ឬកថាខ័ណ្ឌណាមួយជាក់លាក់) ក្នុងសាលក្រមដែលតុលាការបានសម្រេចសេចក្តីរួចទៅហើយ។
សរុបសេចក្តីមកវិញ បណ្តឹងសុំឲ្យបកស្រាយសាលក្រម ឆ្នាំ១៩៦២ គឺជាជំហានមួយ ដើម្បីឈានទៅបណ្តឹងទាមទារឲ្យអនុវត្តសាលក្រម។ ក្នុងករណីដែលតុលាការក្រុងឡាអេពន្យល់ច្បាស់លាស់ហើយថា ទាំងប្រាសាទព្រះវិហារ និងដីជុំវិញប្រាសាទ គឺជារបស់កម្ពុជា ស្របទៅតាម “ផែនទីឧបសម្ព័ន្ធទី១” ប៉ុន្តែ ថៃនៅតែមិនអនុវត្តតាម កម្ពុជាអាចប្តឹងទៅក្រុមប្រឹក្សាសន្តិសុខឡើងវិញ ដើម្បីចាត់វិធានការបង្ខំឲ្យថៃអនុវត្តតាមសាលក្រមតុលាការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ