ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឥណ្ឌូណេស៊ី៖ ​លោកវីដូដូ​ស្បថ​ចូល​កាន់តំណែង ​បញ្ហា​ប្រឈម​ធំៗ​កំពុង​រង់ចាំ

សំឡេង ០៥:១១
លោក​វីដូដូ (Joko Widodo) នៅ​ក្នុង​ពិធីស្បថចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ថ្ងៃចន្ទ ២០ តុលា ២០១៤
លោក​វីដូដូ (Joko Widodo) នៅ​ក្នុង​ពិធីស្បថចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ថ្ងៃចន្ទ ២០ តុលា ២០១៤ REUTERS/Darren Whiteside

លោក​វីដូដូ (Joko Widodo) ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី កាល​ពី​ខែ​កក្កដា ​បាន​ស្បថចូល​កាន់តំណែង​ជា​ផ្លូវការ​នៅថ្ងៃ​ចន្ទ​នេះ។ ក៏ប៉ុន្តែ ប្រធានាធិបតី​ថ្មី ដែល​មាន​នយោបាយ​កំណែទម្រង់​យ៉ាងច្រើន អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ស្មុគស្មាញ នៅ​ក្នុង​ការ​អនុវត្ត​នយោបាយ​កំណែទម្រង់​នេះ។

ផ្សាយពាណិជ្ជកម្ម

 

ពិធី​ស្បថចូល​កាន់តំណែង​របស់​លោក​វីដូដូ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​ឥស្សរជន​បរទេស​មួយចំនួន ដូចជា​ លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​ថូនី អ៊ែបត នាយករដ្ឋមន្រ្តី​អូស្រ្តាលី លោក​លី សៀនឡុង នាយករដ្ឋមន្រ្តី​សិង្ហបុរី ព្រមទាំង​ថ្នាក់​ដឹកនាំ​ផ្សេងទៀត​មក​ពី​បណ្តា​ប្រទេស​អាស៊ាន គឺ​ជា​ការ​បើក​ទំព័រ​សករាជ​ថ្មីមួយ សម្រាប់​ឥណ្ឌូណេស៊ី។ លោក​វីដូដូ គឺ​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដំបូង​បង្អស់ ដែល​មិនមាន​ជាប់ពាក់ព័ន្ធ​នឹង​អតីត​របបសឹកផ្តាច់ការ​របស់​លោក​ស៊ូហារតូ។

លោក​វីដូដូ ត្រូវ​បានគេ​ស្គាល់​ថា​ជា​អ្នក​នយោបាយ ដែល​មាន​ប្រភព​ដើម​ចេញ​ពី​ស្រទាប់​ប្រជាជន​សាមញ្ញ​ធម្មតា ជា​អ្នក​នយោបាយ ដែល​ដុះពន្លក​ចេញ​ពី​នយោបាយ​ថ្នាក់​មូលដ្ឋាន និង​ជា​អ្នក​នយោបាយ​ជំនាន់ថ្មី មាន​គំនិត​ថ្មី របៀបដឹកនាំ​ថ្មី និង​នយោបាយ​កំណែទម្រង់​ច្រើន ដែល​ធ្វើ​ឲ្យ​គេ​ដាក់​ក្តីសង្ឃឹម​ថា លោក​នឹង​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ច្រើន​ដល់​​ឥណ្ឌូណេស៊ី។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា គេ​ក៏​មាន​ក្តីបារម្ភ​ផងដែរ អំពី​សមត្ថភាព​របស់​លោក​ ក្នុងការ​​យក​គំនិត​កំណែទម្រង់​របស់​លោក ទៅអនុវត្ត​​ជា​នយោបាយ​ជាក់ស្តែង។

ឧបសគ្គដ៏ចម្បងបំផុត គឺ​ចលនា​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា ដែល​គណបក្ស​របស់​លោក​វីដូដូ មានសំឡេង​ត្រឹមតែ ៣៩%។ គណបក្ស​ដែល​គ្រប់គ្រង​សំឡេង​ភាគច្រើន​នៅសភា គឺ​គណបក្ស​របស់​លោក​ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ដែល​ជា​ធ្លាប់​​គូប្រជែង​ដ៏ជូរចត់​របស់​លោក​វីដូដូ នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី។

នៅ​ក្នុង​សន្ទុរកថា​ក្នុងពិធី​ស្បថចូល​កាន់តំណែង ដែល​ធ្វើ​នៅ​ក្នុង​វិមាន​រដ្ឋសភា លោក​វីដូដូ បាន​ធ្វើការ​អំពាវនាវ​ដល់​សមាជិក​សភា​​​ឲ្យ​មាន​ការរួបរួម​គ្នា ដោយ​លើកឡើង​ថា “យើង​នឹង​មិន​អាច​ក្លាយ​ជា​ប្រជាជាតិ​ដ៏ខ្លាំងពូកែ​មួយ​បានទេ ប្រសិនបើ​យើង​នៅតែ​ប្រកាន់គំនិត​បែកបាក់គ្នា”។ លោក​វីដូដូ ក៏​បាន​លើកឡើង អំពី​លោក​ស៊ូប៊ីយ៉ាន់តូ​ ដែល​ជា​អតីត​គូប្រជែង​ផងដែរ ដោយចាត់ទុកលោកថា​ជា “មិត្តដ៏ល្អ” ម្នាក់។

គួររំឭកឡើងវិញ​ថា លោក​ស៊ូប៊ីយ៉ាន់តូ អតីត​ឧត្តមសេនីយ៍ និង​ជា​អតីត​កូនប្រសារ​របស់​លោក​ស៊ូហារតូ ធ្លាប់បាន​ប្រកាស​បដិសេធ​មិន​ទទួលស្គាល់​ជ័យជម្នះ​របស់​លោក​វីដូដូ ព្រមទាំង​បាន​ធ្វើការ​ជំទាស់​ទៅដល់​តុលាការ ដើម្បី​ទាមទារ​ឲ្យ​លុបចោល​លទ្ធផល​បោះឆ្នោត។ ប៉ុន្តែ កាល​ពីថ្ងៃ​សុក្រ សប្តាហ៍​មុន លោក​ស៊ូប៊ីយ៉ាន់តូ បាន​សុខចិត្ត​ប្រកាស​ទទួលស្គាល់​លោក​វីដូដូ​ជា​ប្រធានាធិបតី​ នៅក្នុង​កាយវិកា​សម្រុះសម្រួល​គ្នា។ ទោះជាយ៉ាងណា គេ​នៅតែ​មិនទាន់​អាច​ដឹង​ប្រាកដ​ច្បាស់​ថា តើ​ការផ្សះផ្សា​គ្នា​នេះ​អាច​នឹង​ស្ថិតស្ថិរ​នៅ​បាន​យូរ​ប៉ុណ្ណា។

ក្រៅពី​បញ្ហា​ប្រឈម​ខាងផ្នែក​​នយោបាយ​ លោក​វីដូដូ​ក៏​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​ធំ​​ជាច្រើន​ផ្សេងទៀត​ដែរ ដូចជា​បញ្ហា​សេដ្ឋកិច្ច ដែល​បច្ចុប្បន្ន​នេះ​កំពុង​មាន​អត្រា​កំណើន​ទាបបំផុត​មិន​ធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំ​កន្លងទៅនេះ បញ្ហា​ពុករលួយ​ដែល​នៅតែ​មាន​សន្ទុះខ្លាំង បូករួម​នឹង​បញ្ហា​ថ្មី​មួយ​ទៀត គឺ​ឥទ្ធិពល​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ដែល​អាច​បណ្តុះ​ចលនា​ជ្រុលនិយម នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​មាន​អ្នក​កាន់សាសនា​អ៊ីស្លាម​ច្រើន​ជាងគេ​បំផុត​នៅលើ​ពិភពលោក។

គួរធ្វើការ​កត់សម្គាល់ថា ឥណ្ឌូណេស៊ី គឺ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់ទី១​នៅ​ក្នុង​អាស៊ាន (ជាប់ចំណាត់ថ្នាក់​លេខ ៥ នៅ​អាស៊ី បន្ទាប់​ពី​ចិន ជប៉ុន ឥណ្ឌា និង​កូរ៉េ​ខាង​ត្បូង និង​ជាប់លេខ ១៦​នៅលើ​ពិភពលោក) និង​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​លំដាប់ទី៤ នៅលើ​ពិភពលោក ដោយ​មាន​ប្រជាជន​សរុប​ដល់ទៅ ២៥០លាននាក់ ក្នុងនោះ ប្រមាណ​ជា ៩០% គឺ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។ ក្នុង​រយៈពេល ១០ឆ្នាំ​ចុងក្រោយ​នេះ ឥណ្ឌូណេស៊ី មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ក្នុង​ចន្លោះ ពី ៥% ទៅ ៦% ក៏ប៉ុន្តែ ប្រជាជន​ឥណ្ឌូណេស៊ី​រហូតដល់​ទៅ​ជាង ១០០លាន​នាក់ មាន​ប្រាក់ចំណូល​តិចជាង ២ដុល្លារ ក្នុង​១ថ្ងៃ (បន្ទាត់ក្រីក្រ​កំណត់​ដោយ​ធនាគារ​ពិភពលោក គឺ ១,២៥ដុល្លារ​ក្នុងមួយថ្ងៃ)៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI