ចិន-សហភាពអឺរ៉ុប

ជំនួបកំពូល​សហភាព​អឺរ៉ុប-ចិន​បើកធ្វើ​នៅ​ទីក្រុង​ព្រុចស៊ែល

លោក​វេន ជាប៉ាវ (ឆ្វេង) ក្នុង​ជំនួប​កំពូល​សហភាព​អឺរ៉ុប-ចិន ថ្ងៃ​ទី២០ កញ្ញា ២០១២
លោក​វេន ជាប៉ាវ (ឆ្វេង) ក្នុង​ជំនួប​កំពូល​សហភាព​អឺរ៉ុប-ចិន ថ្ងៃ​ទី២០ កញ្ញា ២០១២ REUTERS/Yves Herman

សហភាព​អឺរ៉ុប និង​ចិន ដែល​សុទ្ធសឹង​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ បាន​បើក​ធ្វើ​ជំនួបកំពូល​ប្រចាំឆ្នាំ​របស់​ខ្លួន នៅថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក ដែល​ជា​ទីស្នាក់ការ​របស់​សហភាព​អឺរ៉ុប។ ជំនួបកំពូល​នេះធ្វើឡើង ក្នុងពេល​វិវាទ​ពាណិជ្ជកម្ម​រវាង​ដៃគូ​ពាណិជ្ជកម្ម​ទាំងពីរ​​កំពុង​តែ​កើតមាន​កាន់តែ​ខ្លាំង។ ហើយ​នេះ គឺ​ជា​ជំនួបកំពូល​លើកចុងក្រោយ​របស់​លោក​នាយករដ្ឋមន្រ្តី​ចិន វេន ជាប៉ាវ ដែល​នឹង​ត្រូវ​ចប់​អាណត្តិ​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀតនេះ។

ផ្សាយពាណិជ្ជកម្ម

មាន​បញ្ហា​ជាច្រើន ដែល​អាចចោទ​​ជា​បញ្ហា នៅ​ក្នុង​ជំនួបកំពូល​រវាង​ចិន និង​សហភាព​អឺរ៉ុប នៅ​ពេលនេះ។ សេដ្ឋកិច្ច​របស់​អឺរ៉ុប​កំពុង​តែ​ធ្លាក់​ចុះ​ខ្លាំង ហើយ​ការនាំចេញ​របស់​ចិន​ក៏​ធ្លាក់ចុះ ដែល​ជា​ឧបសគ្គ​ដ៏​ធំ ដល់​កំណើន​សេដ្ឋកិច្ច​ចិន។ ក្នុងពេល​ជាមួយគ្នា វិវាទ​ពាណិជ្ជកម្ម​រវាង​ ចិន និង​សហភាព​អឺរ៉ុប ក៏​កំពុង​តែកើតមាន​ខ្លាំង ជាពិសេស ទាក់ទង​នឹង​ការ​ប្រកួតប្រជែង​លក់​ផ្ទាំង​កញ្ចក់​ផលិត​អគ្គិសនី​ពី​ព្រះអាទិត្យ។ ​សហភាព​អឺរ៉ុប​​ធ្លាប់​បាន​ចោទ​ចិន​ថា​ ​នាំចូល​​ផ្ទាំងកញ្ចក់​ទាំងនេះ​មក​លក់​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប ក្នុង​តម្លៃ​ទាបជាងថ្លៃ​ដើម ដែល​ជា​ការ​ប្រកួតប្រជែង​មិន​យុត្តិធម៌។ ការចោទប្រកាន់​នេះ​បាន​ធ្វើ​ឲ្យ​ចិន​ផ្ទុះកំហឹង ហើយ​ព្រមាន​​ចង់​កាត់បន្ថយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប។

ក្រៅពីនេះ នៅមាន​បញ្ហា​មួយ​ចំនួន​ទៀត នៅ​ក្នុង​ទំនាក់ទំនង​រវាង​ចិន និង​សហភាព​អឺរ៉ុប ដូចជា បញ្ហា​សិទ្ធិមនុស្ស​ ការ​ខ្វែងគំនិត​គ្នា​ក្នុង​វិបត្តិ​ស៊ីរី និង​ជម្លោះ​ព្រំដែន​​រវាង​ចិន និង​ប្រទេស​ជិតខាង ដែល​ជាការ​ព្រួយបារម្ភ​មួយ​ដែរ​របស់​សហភាព​អឺរ៉ុប។

ក៏ប៉ុន្តែ ប្រភព​ពី​មន្រ្តី​ការទូត​សហភាព​អឺរ៉ុប​បាន​បង្ហើប​ឲ្យដឹង​ថា ជំនួបកំពូល​នៅ​ពេលនេះ មិនមែន​ធ្វើ​ឡើង ក្នុងគោលដៅ​ជជែក និង​​សម្រេច​កិច្ចការ​ធំៗ​ណាមួយ​នោះទេ ប៉ុន្តែ នឹង​ត្រូវ​ផ្តោត​លើ​ការ​ពង្រឹង​ទំនាក់ទំនង​​រវាង​សហភាព​អឺរ៉ុប និង​ចិន ជាពិសេស គឺ​ដើម្បី​ត្រួសត្រាយ​ផ្លូវ សម្រាប់​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​ថ្មី​របស់​ចិន។

សម្រាប់​លោក​ វេន ជាប៉ាវ ដែល​នឹង​ត្រូវ​ចុះ​ពី​អំណាច​នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀតនេះ ជំនូបកំពូល​ចិន-សហភាព​អឺរ៉ុប​លើកនេះ គឺជា​ជំនួបកំពូល​លើក​ចុងក្រោយ​របស់​លោក។ លោក វេន ជាប៉ាវ ត្រូវ​បាន​គេ​ទទួលស្គាល់ថា ជា​ឥស្សរជន​មួយ​រូប​ដែល​បាន​​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ចិន និង​សហភាព​អឺរ៉ុប។ នៅ​ក្នុង​រយៈពេល ៩ឆ្នាំ ដែល​លោក​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​សហភាព​អឺរ៉ុប បាន​កើនឡើង​ មួយជាបួន។ សហភាព​អឺរ៉ុប​​កំពុង​តែ​ព្យាយាម​ធ្វើ​យ៉ាងណា​រក្សា​ទំនាក់ទំនង​នេះ​ជាមួយ​នឹង​មេដឹកនាំថ្មី​របស់​ចិន។

គួរបញ្ជាក់ថា សហភាព​អឺរ៉ុប​ ទាំង ២៧ប្រទេស​បូកបញ្ចូលគ្នា គឺ​ជា​ទីផ្សារ​ដ៏ធំ​លំដាប់ទី១ សម្រាប់​ការនាំចេញ​ទំនិញចិន។ ចំណែក​ចិនវិញ គឺ​ជា​ដៃគូពាណិជ្ជកម្ម​​ទី២ របស់​សហភាព​អឺរ៉ុប បន្ទាប់​ពី​សហរដ្ឋ​អាមេរិក។ កាល​ពី​ឆ្នាំ​២០១១​កន្លងទៅនេះ ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​សហភាព​អឺរ៉ុប មាន​ទំហំ​ជាទឹកប្រាក់​រហូតដល់ទៅជិត ៤៣០ពាន់​លាន​អឺរ៉ូ (ប្រមាណ ៥៦០ពាន់​លាន​ដុល្លារ)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI