ខ្មែរក្រហម

សាក្សី៖ លោក អៀង សារី បាន​ធ្វើ​យុទ្ធនាការ​អូសទាញ​បញ្ញវន្ត​ក្រៅ​ប្រទេស​ឲ្យ​ចូល​ស្រុក

អៀង សារី អតីត​​រដ្ឋមន្រ្តី​ការ​បរទេសខ្មែរក្រហម
អៀង សារី អតីត​​រដ្ឋមន្រ្តី​ការ​បរទេសខ្មែរក្រហម ©Reuters

ក្នុង​ពេល​តុលាការ​ខ្មែរក្រហម​បន្ត​បើកសវនាការ កាត់ទោស​លោក​នួន​ជា ខៀវ​សំផន និង​លោក​អៀង​សារី ក្នុង​សំណុំរឿង​០០២ នៅ​ថ្ងៃ​ទី​៨​ធ្នូ​នេះ លោក ឡុង នរិន្ទ អតីត​កម្មាភិបាលជាន់ខ្ពស់​ខ្មែរក្រហម ដែល​បម្រើការ​នៅ​ក្រសួងការបរទេស ជាមួយ​លោក​អៀង​សារី បាន​លើកឡើង​ថា ក្រោយ​ពី​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច លោក​អៀង​សារី បានធ្វើ​យុទ្ធនាការ​អូសទាញ​បញ្ញវន្ត​នៅ​បរទេស ឲ្យចូល​មក​ក្នុង​ស្រុក ដើម្បី​រួមគ្នា​កសាង​ប្រទេស​។ ក៏​ប៉ុន្តែ​ក្រោយមក​បញ្ញវន្ត​ទាំងនោះ ត្រូវ​បាត់​ខ្លួន​ជា​បន្តបន្ទាប់ នៅ​គុក​បឹងត្របែក និង​នៅ​ច្រាំង​ចំរេះ ក្នុង​ទីក្រុង​ភ្នំពេញ​។​

ផ្សាយពាណិជ្ជកម្ម

​សវនាការ​នៅ​តុលាការ​ខ្មែរក្រហម នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៨​ធ្នូ ឆ្នាំ​២០១១ បន្ត​លើ​ការ សួរដេញដោល​សាក្សី​សក្ដានុពល​ម្នាក់ ដែលជា​អតីត​កម្មាភិបាលជាន់ខ្ពស់​ខ្មែរក្រហម គឺ​លោក ឡុង នរិន្ទ​។ លោក ឡុង នរិន្ទ បាន​លើកឡើង​ថា មាន​ការបាត់​ខ្លួន​កម្មាភិបាលជាន់ខ្ពស់​ខ្មែរក្រហម នៅ​ក្រសួង​ការបរទេស ក្រោម​ការដឹកនាំ​របស់​លោក​អៀង​សារី​។ អ្នក​ដែល​រៀន​នៅ​ប្រទេស​សង្គមនិយម និង​នៅ​ប្រទេស​បារាំង ក៏​បាត់​ខ្លួន ទោះជា​សញ្ញាប័ត្រ​ធំ​ប៉ុន​ណា​ក៏​ដោយ​។

​ក្នុងសម័យ​ខ្មែរក្រហម ពាក្យ​ថា “បាត់​ខ្លួន” ឬ​ “ទៅ​រៀនសូត្រ” គឺជា​អ្នក​នោះ ត្រូវ​ខ្មែរក្រហម នាំយក​ទៅ​សម្លាប់​។​

​ថ្លែង​ពី​ផ្ទះ​នៅ​ខេត្ត​បន្ទាយមានជ័យ តាម​ប្រព័ន្ធ​វីដេអូ ចូល​មក​កាន់​អង្គ​សវនាការ លោក ឡុង នរិន្ទ លើកឡើងថា រដ្ឋមន្ត្រីការបរទេស​ខ្មែរក្រហម លោក អៀង​សារី មិន​ដែល​ប្រកាសប្រាប់​អ្នក​ធ្វើការ​នៅ​ក្រសួងការបរទេស​ថា អ្នក​បាត់​ខ្លួន​ទាំង​នោះ ត្រូវ​ចាប់ខ្លួន​ទេ​។ តែ​លោក​អៀង​សារី បាន​ប្រាប់ថា អ្នក​ទាំងនោះ ជា​ភ្នាក់ងារ CIA និង ភ្នាក់ងារ KGB ភ័យញ័រ ដូចជា​កណ្តុរ​ធ្លាក់ទឹក​។​

​មាន​អាយុ ៧៣ ឆ្នាំ លោក ឡុង នរិន្ទ បាន​លើកឡើង​ថា គោលបំណង​តែមួយគត់​របស់​លោក ក្នុង​ការ​ចូល​បក្ស​កុម្មុយនិស្ត ដែល​ជា​ចលនា​តស៊ូ​ខ្មែរក្រហម គឺ​ក្នុង​ស្មារតី​ស្នេហា​ជាតិ ហើយ​លោក​អៀង​សារី ជា​អ្នកទទួល​លោក ឲ្យចូល​បក្ស​។

​តាម​សាក្សី​ដំបូង​នេះ មាគ៌ា​នយោបាយ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា កាលណោះ កំណត់ថា កសាង​ប្រទេស​កម្ពុជា ឲ្យទៅ​ជា​ប្រទេស​សង្គមនិយម និង​ជា​ប្រទេស​កុម្មុយនិស្តនិយម​។ ក៏​ប៉ុន្តែ​ តាម​លោក ឡុង នរិន្ទ ការអនុវត្ត​មាគ៌ា​របស់​ខ្មែរក្រហម មិន​ត្រឹមត្រូវ​។

​ក្រោយ​ខ្មែរក្រហម​ឡើង​កាន់​អំណាច នៅ​ឆ្នាំ​១៩៧៥ លោក ឡុង នរិន្ទ ក៏បាន​លើកឡើង​ថា លោក​អៀង​សារី បានធ្វើ​យុទ្ធនាការ​អូសទាញ​និស្សិត​ខ្មែរ​នៅ​បរទេស ដោយ​ណែនាំ​ថា ប្រទេស​កម្ពុជា​បាន​ឯករាជ្យ​ហើយ ដូច្នេះ​ពួក​មិត្ត សុទ្ធតែ​ស្នេហា​ជាតិ សូម​វិល​ត្រឡប់​ទៅ​ប្រទេស​ជាតិ​វិញ ដើម្បី​រួមគ្នា​កសាង​ប្រទេស ឲ្យបាន​រុងរឿង​។

​លោក ឡុង នរិន្ទ បាន​បន្ថែមថា និស្សិត​ដែល​រៀន​នៅ​បរទេស​ទាំងនោះ សុទ្ធតែ​ជា​អ្នកស្នេហាជាតិ ដូច្នេះ​គេ​វិលត្រឡប់​មក​កម្ពុជា ដោយ​ឆ្លងកាត់​តាម​ប៉េកាំង ប្រទេស​ចិន​។ អ្នកខ្លះ នៅ​ធ្វើការ​នៅ​ប៉េកាំង​មួយរយៈ មុន​នឹង​បន្ត​ចូលមក​កម្ពុជា​។ មកដល់​កម្ពុជា មាន​បញ្ញវន្ត​ខ្លះ ចូលទៅ​នៅ​បឹង​ត្របែក និង​នៅ​ច្រាំង​ចំរេះ ក្នុង​ទីក្រុង​ភ្នំពេញ​។ ​បន្ទាប់​ពី​ស្នាក់នៅ​មណ្ឌល​បឹងត្របែក និង​ច្រាំង​ចំរេះ ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ការបរទេ​ស និស្សិត និង​បញ្ញវន្ត​ខ្មែរ​ខ្លះ បាត់​ខ្លួន ហើយ​អ្នកខ្លះ ក៏​វិល​ទៅ​ក្រៅប្រទេស ដើម្បី​បម្រើការ​ជា​បុគ្គលិក​ស្ថានទូត​។​

​មក​ដល់​ត្រង់នេះ ប្រព័ន្ធ​វីដេអូ​ត្រូវ​កាត់ផ្តាច់ ដោយសារ​តែ​ចៅក្រម​ប្រកាសថា នៅផ្ទះ​របស់​លោក ឡុង នរិន្ទ នៅ​ស្រុក​ម៉ា​ល័យ ខេត្ត​បន្ទាយមានជ័យ ដែល​ជា​អតីត​តំបន់​តស៊ូ​របស់​ខ្មែរក្រហម ដាច់​ភ្លើង​។ សវនាការ​សួរដេញដោល​សាក្សី​លោក ឡុង នរិន្ទ នឹង​ធ្វើ​បន្ត​នៅ​ថ្ងៃស្អែក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI