សេដ្ឋកិច្ចពិភពលោក

វិបត្តិសេដ្ឋកិច្ចជាមូលហេតុ​នៃ​​វិបត្តិផ្លូវចិត្តរបស់​បុគ្គលិក

បុគ្គលិក​នៅក្រុមហ៊ុន​មួយ​ក្តោប​ក្បាល​របស់គាត់​នៅមុខ​កុំព្យូទ័រ
បុគ្គលិក​នៅក្រុមហ៊ុន​មួយ​ក្តោប​ក្បាល​របស់គាត់​នៅមុខ​កុំព្យូទ័រ ©ReutersAndrew Winning

បុគ្គលិក​កាន់តែច្រើន​កើតជម្ងឺផ្លូវចិត្ត។ វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក សកលភាវូបនីយកម្ម និង​ការរៀបចំ​ការងារ​របៀបថ្មី កំពុង​ធ្វើ​ឲ្យ​សុខភាព​ផ្លូវចិត្ត​របស់​បុគ្គលិក​បម្រើការងារ​រដ្ឋ និង​ឯកជន​កាន់តែ​ធ្លាក់ចុះ។ នេះ​បើតាម​របាយការណ៍ ចេញផ្សាយ ក្នុង​សប្តាហ៍នេះ ដោយ​អង្គការ​OCDE​ដែល​ប្រមូលផ្តុំដោយ​ប្រទេស​ចំនួន ៣៤ និង​ធ្វើការ​ផ្តោតទៅលើ​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

ផ្សាយពាណិជ្ជកម្ម

សព្វថ្ងៃនេះ តើ​មាន​នរណាមួយ​ដែលមិន​រងផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល? ក្នុង​បរិបទ​វិបត្តិសេដ្ឋកិច្ច ការព្រួយបារម្ភ​ពីរឿង​បាត់បង់​ការងារ និង​សម្ពាធ​ការងារ មាន​កាន់តែ​ច្រើន និង​រហូតធ្វើ​ឲ្យ​បុគ្គលិកបម្រើការងារ​រងប៉ះពាល់​ផ្លូវចិត្ត។ តាមរបាយការណ៍​របស់​អង្គការ​ OCDE  វិបត្តិ​ផ្លូវចិត្ត​បាន​ប៉ះពាល់​រួចហើយ ដល់​បុគ្គលិក​ជាង​២០ភាគរយ ដែល​កំពុង​បម្រើការ នៅក្នុង​ប្រទេស​អភិវឌ្ឍ និង​កំពុង​អភិវឌ្ឍ ដែល​ជា​សមាជិក​របស់​អង្គការ OCDE។ អ្នកសរសេរ​របាយការណ៍​បាន​ទាញសញ្ញា​ប្រកាសអាសន្ន​ថា គឺ​អនាគត​មិនច្បាស់លាស់​ក្នុង​ការងារ និង​សម្ពាធការងារ​ដែល​ជា​មូលហេតុ​ចម្បង ធ្វើឲ្យ​បុគ្គលិក​បម្រើ​ការងារ​មាន​ជម្ងឺផ្លូវចិត្ត កាន់តែច្រើន នៅថ្ងៃ​អនាគត។

បើតាម​អ្នកសរសេរ​របាយការណ៍ វិបត្តិ​ផ្លូវចិត្ត​របស់​បុគ្គលិក ដែល​គេ​រកឃើញ​បច្ចុប្បន្ន​សុទ្ធតែ​បាន​ការបញ្ជាក់ ពី​ផ្នែកវេជ្ជសាស្រ្ត។ បុគ្គលិក​ទាំងនោះ ភាគច្រើន​មាន​ជម្ងឺ​ធ្លាក់​ទឹកចិត្ត ប្រើប្រាស់​គ្រឿងញៀន និង​គ្រឿងស្រវឹង ហើយ​បុគ្គលិក​ដែល​រងប៉ះពាល់​ផ្លូវចិត្ត​ជាងគេ គឺ​អ្នកដែល​មិនមាន​កិច្ចសន្យា​ការងារ​រយៈពេលវែង។ ការងារ​របស់ពួកគេ​មិន​ទៀតទាត់ ហើយ​ពួកគេ​មិន​ដឹងថា តើ​នៅពេលណា​ពួកគេ​នឹង​បាត់បង់វា។ ការខ្វល់ខ្វាយ​ពីរឿង​បាត់បង់​ការងារ និង​ដំណឹង​កាត់បន្ថយ​បុគ្គលិក​ដោយសារ​វិបត្តិសេដ្ឋកិច្ច​កំពុង​រួបរឹត​អារម្មណ៍​បុគ្គលិក និង​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ទឹកចិត្ត។

ម្យ៉ាងទៀត របាយការណ៍​បង្ហាញថា សម្ពាធការងារ​នៅក្នុង​ប្រទេស​អឺរ៉ុប​បាន​កើនឡើង​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ នៅអង់គ្លេស សម្ពាធ​ការងារ​បាន​កើនពី​២៥​ទៅដល់​៤០ភាគរយ ចំណែក​ក្នុង​ប្រទេស​អេស្ប៉ាញ​ដែល​រងគ្រោះ​ដោយ​វិបត្តិគ្មានការងារ សម្ពាធ​ការងារ​បាន​កើន​ពី​២៩ទៅ ៤១​ភាគរយ។

ទោះជា​របាយការណ៍​បង្ហាញ​ថា វិបត្តិ​ផ្លូវចិត្ត​មិនទាន់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ប៉ុន្តែ បញ្ហាផ្លូវចិត្ត​របស់​បុគ្គលិក និង​អ្នកដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​ប្រទេស នៅអឺរ៉ុប និង​នៅក្នុង​ប្រទេស​កំពុង​រីកលូតលាស់​ថ្មី ដូចជា​ចិន និង​តួកគី​ជាដើម។

អ្នកសរសេរ​របាយការណ៍​បង្ហាញថា បុគ្គលិក ទាំងនោះ​នៅ​កំពុង​បម្រើការងារ​មែន ប៉ុន្តែ វិបត្តិ​ផ្លូវចិត្ត​ធ្វើ​ឲ្យ​ពួកគេ​អសកម្ម​នៅក្នុង​ការងារ។ ការងារ​ផលិតកម្ម​ថយចុះ ធ្វើ​ឲ្យ​រោងចក្រ និង​សហគ្រាស​ខាតបង់។ តាមរបាយការណ៍ ការខាតបង់​ដោយសារ​ជម្ងឺផ្លូវចិត្ត​មាន​ទំហំធំធេង​ដល់​បុគ្គល និយោជក និង​សង្គម។ វាតំណាង​ឲ្យ​៣ ទៅ ៤​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុកសរុប​នៅក្នុង​សហភាព​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI