ក្រសួងការងារព្រមចរចាបញ្ហាប្រាក់ខែឡើងវិញតែសហជីពមិនទាន់បញ្ឈប់បាតុកម្ម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងជំនួបរវាងមេដឹកនាំសហជីព និងក្រសួងការងារនៅរសៀលថ្ងៃសុក្រនេះ ក្រសួងការងារបានយល់ព្រមបើកឲ្យមានការពិភាក្សាបន្ថែមទៀត អំពីបញ្ហាប្រាក់ខែកម្មករ។ កិច្ចពិភាក្សានេះគ្រោងនឹងធ្វើនៅថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយនេះ។ ក្រសួងបានស្នើឲ្យសហជីពកម្មករបញ្ឈប់បាតុកម្មហើយចូលតុចរចាឡើងវិញ។ ប៉ុន្តែ មេដឹកនាំសហជីពអះអាងថា នឹងនៅតែបន្តបាតុកម្មរហូតទាល់តែកម្មករទទួលបានប្រាក់ខែ ១៦០ ដុល្លារ ទើបឈប់។
ទីបំផុតទៅ ក្រសួងការងារបានយល់ព្រមបើកឲ្យមានការចរចាបញ្ហាប្រាក់ខែកម្មករឡើងវិញដោយកំណត់យកថ្ងៃចន្ទទី៣០ធ្នូដើមសប្តាហ៍ក្រោយនេះ ជាថ្ងៃបើកការចរចាត្រីភាគីជាថ្មីម្តងទៀត។ ជាថ្នូរនឹងការយល់ព្រមចរចាឡើងវិញនេះ ក្រសួងការងារបានសុំឲ្យសហជីពបញ្ឈប់បាតុកម្ម និងកូដកម្មកម្មករហើយចូលធ្វើការជាធម្មតាឡើងវិញ។ ប៉ុន្តែ មេដឹកនាំសហជីពបានប្រកាសថានឹងមិនបញ្ឈប់បាតុកម្មទេ ដរាបណាការទាមទារដំឡើងប្រាក់ខែ ១៦០ ដុល្លារក្នុងមួយខែ មិនបានដូចបំណងនោះ។
ការសម្រេចបែបនេះបានកើតឡើងបន្ទាប់ពីមេដឹកនាំសហជីពបានជួបពិភាក្សាជាមួយតំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃសុក្រនេះ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងបន្ទាប់ពីក្រសួងការងារបានកោះហៅតំណាងសហជីព៦នាក់ ដែលបានដឹកនាំបាតុកម្ម និងកូដកម្មកម្មករឲ្យជួបពិភាក្សាដោះស្រាយបញ្ហា។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាការងារបានសម្រេចកាលពីថ្ងៃទីអង្គារ២៤ធ្នូ ដំឡើងប្រាក់ខែកម្មករពី៨០ដល់៩៥ដុល្លារ ក្នុងឆ្នាំ ២០១៤ ។ ការដំឡើងនេះនឹងធ្វើឡើងចន្លោះពី១៥ដល់១៧ដុល្លារ ជារៀងរាល់ឆ្នាំ រហូតដល់ ១៦០ ដុល្លារក្នុងឆ្នាំ ២០១៨ ។ ក្រុមសហជីពមួយចំនួនបានយល់ព្រមទទួលយកសេចក្តីសម្រេចនេះ ប៉ុន្តែ សហជីពមួយចំនួនទៀតមិនទទួលយកទេ។ ទីបំផុត បាតុកម្មនិងកូដកម្មបានកើតឡើងគ្រប់ទិសទី រហូតដល់កើតមានអំពើហិង្សាទៀតផងនៅថ្ងៃសុក្រនេះ។
ប្រឈមមុខនឹងស្ថានការណ៍នេះ ក្រសួងការងារបានកោះហៅតំណាងសហជីពចំនួន ៦ នាក់ឲ្យចូលជួបពិភាក្សាជាថ្មីនៅថ្ងៃសុក្រនេះ។ ក្រោយពីកិច្ចប្រជុំរយៈពេលជាងពីរម៉ោង ក្រសួងការងារបានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា ខ្លួននឹងជំរុញឲ្យមានការពិភាក្សាបន្ថែមទៀតអំពីបញ្ហាប្រាក់ខែកម្មករ។ ក្រសួងក៏បានថ្កោលទោសអំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនរបស់កម្មករផងដែរ។
ប៉ុន្តែ លោក អាត់ ធន់ បានប្រកាសប្រាប់ក្រុមកម្មករនៅក្រោយជំនួបនោះថា បាតុកម្មនឹងបន្តធ្វើរហូតដល់ថ្ងៃ ៣០ ដើម្បីរង់ចាំស្តាប់លទ្ធផល។ លោកបញ្ជាក់ថា ប្រសិនបើការដំឡើងប្រាក់ខែមិនបានដល់កម្រិត ១៦០ ដុល្លារ ដូចដែលកម្មករទាមទារទេ បាតុកម្ម និងកូដកម្មនឹងបន្តធ្វើដោយគ្មានឈប់ឈរឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ