កម្ពុជា

យុទ្ធនាការប្រឆាំងរោងចក្រ SL កាន់តែធំទៅៗ

កម្មករ​កាត់ដេរ​នៃ​រោងចក្រ SL នៅតែ​បន្តធ្វើ​កូដកម្ម​នៅខាងមុខ​រោងចក្រ​ដដែល ខណៈដែល​អ្នក​សហជីព​កំពុង​ជម្រុញ​អ្នកបញ្ជា​​ទិញ​អន្តរជាតិ​ ឲ្យ​ពិចារណា​លើ​ការទិញ​ទំនិញ​ចេញពី​ប្រទេស​កម្ពុជា​ ក្រោម​ផ្លាក​ផលិតកម្ម​នៃ​រោងចក្រ SL។ ជាមួយគ្នានេះ យុទ្ធនាការ​ពិភពលោក «សម្លៀកបំពាក់​ស្អាតស្អំ»​ ​Clean Clothes Campaign កំពុងតែ​ចាប់ផ្តើម​សកម្មភាព​ទាំងនេះ​ផងដែរ ខណៈដែល​ដំណោះស្រាយ​ដែលមាន​ការចូលរួម​ពី​ក្រសួង​ការងារ និង​សាលាក្រុង​ភ្នំពេញ​នៅ​មិនទាន់​រកឃើញ​នៅឡើយ។

ក្រុម​នគរបាល​ធ្វើអន្តរាគមន៍រារាំង​មិន​ឲ្យ​កម្មករ​រោងចក្រ​ដើរហែ​ក្បួន​ តាមផ្លូវជាតិលេខ៤ ​ចូលទីក្រុង​ភ្នំពេញ។
ក្រុម​នគរបាល​ធ្វើអន្តរាគមន៍រារាំង​មិន​ឲ្យ​កម្មករ​រោងចក្រ​ដើរហែ​ក្បួន​ តាមផ្លូវជាតិលេខ៤ ​ចូលទីក្រុង​ភ្នំពេញ។ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

វិវាទ​រវាង​កម្មករ​និង​ថៅកែ​រោងចក្រ​កាត់ដេរ​SL ដែល​បានអូសបន្លាយ​ជាង​ពីរ​ខែ​មកហើយ​នោះ បាន​ឈានទៅរក​យុទ្ធនាការ​លំដាប់​ពិភពលោក​មួយ ដោយសារតែ​ពុំ​អា​ចរក​ដំណោះស្រាយ​ឃើញ រវាង​អ្នកពាក់ព័ន្ធ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​សម្លៀកបំពាក់​ ដ៏​ចំរូងចំរាស​នេះ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា CCAWDU លោក អាត់ ធន់ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ករណី​ជម្លោះ​រ៉ាំ​រៃ​នៅ​រោងចក្រ SL  កំពុង​តែមាន​ការចាប់​អារម្មណ៍​​ខ្លាំង​ពី​អន្តរជាតិ ដោយ​កម្មករ សហជីព​មិនបាន​នៅ​ស្ងៀម​ឡើយ។ ពោលគឺ​មានការ​តវ៉ា​ផ្ទាល់​នៅខាងមុខ​រោងចក្រ​រប​ស់​ពួកគេ ការបង្កើន​ការផ្សព្វផ្សាយ​ទៅកាន់​អ្នកបញ្ជា​ទិញ
សំខាន់ៗ​ និង​មានការ​ផ្សព្វផ្សាយ​លំដាប់​ពិភពលោក​ផងដែរ ដោយ​មាន​យុទ្ធនាការ​សម្លៀកបំពាក់​ស្អាតស្អំ (Clean Clothes Campaign) ដែលជា​យុទ្ធនាការ​មួយ​ដ៏​មាន​ឥទ្ធិពល​ធំធេង​ នៅក្នុង​ពិភព​ឧស្សាហកម្ម​វាយនភ័ណ្ឌ​អន្តរជាតិ។

នៅក្នុង​ជំនួប​ជាមួយនឹង​ប្រធាន​សហជីព​អន្តរជាតិ Industrie All ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ស្រុក​ខ្មែរ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ប្រធាន​សហជីព​ឯករាជ្យ CCAWDU លោក អាត់ ធន់ បាន​រៀបរាប់​ប្រាប់​ប្រតិភូ​អំពី​ការលំបាក​របស់​កម្មក​រ​នៅក្នុង​រោងចក្រ SL និង​ដំណើរការ
ដែល​នាំ​ឲ្យ​មាន​វិវាទ​ដែល​មិនអាច​ដោះស្រាយ​ចេញ​នាពេលនេះ។

តំណាង​សហជីព​អន្តរជាតិ បានធ្វើការ​សន្និដ្ឋានថា វិវាទ​ការងារ​នៅ​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​នេះ ​មិនសូវ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់កាស​ប៉ុន្មាន​ទេ គឺជា​ការរើសអើង​សហជីព​ដ៏គួរឲ្យចាប់អារម្មណ៍។​ ជាមួយគ្នា​នេះ ​តំណាង​សហជីព​អន្តរជាតិ​សន្យាថា​ នឹង​ជម្រុញ​ទៅ​អ្នកបញ្ជា​ទិញ​ ក្នុងនោះ​មាន Gap Levis H&M និង Indertexជាដើម ឲ្យ​ជជែក​ជាមួយ​ក្រុមហ៊ុន​SL ម្តងទៀត។

សូមបញ្ជាក់ថា​ ទីផ្សារ Indertex និង​ទីផ្សារ H&M ដែល​បញ្ជា​ទិញ​ធំជាងគេ​ពី​រោងចក្រ​នេះ បានធ្វើ​លិខិត​ទៅកាន់​ក្រុមហ៊ុន​ម្តង​ហើយ​ កាលពីពេលថ្មីៗនេះ ខណៈដែល​ក្រុមហ៊ុន​បង្ហាញ​នូវ​ឆន្ទៈ​ចង់​ច​ចា​ជាមួយ​កម្មករ។ មន្ត្រី​អង្គការ​ពលកម្ម​អន្តរជាតិ និង​ក្រុមហ៊ុន​បញ្ជា​ទិញ GAP ក៏បាន​ប្រាប់​សហជីព​ផងដែរ​ កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន​SLហាក់ដូចជា​ចង់​ដាក់​កម្មករ​ឲ្យ​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​មួយ។

សូម​រំលឹកថា​ វិវាទ​នៅ​រោងចក្រ​SL បាន​កើតមានឡើង​បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​របៀប​របប​ធ្វើ​ការងារ​​ដោយ​អ្នកមានអំណាច​នៅក្នុង​ក្រុមហ៊ុន ដែល​នេះ​ធ្វើ​ឲ្យ​កម្មករ​ផ្ទុះ​ការតវ៉ា​ដោយហេតុ​ថា​ប៉ះពាល់​ទៅដល់​លក្ខខណ្ឌ​ការងារ​ជាច្រើន​របស់​ពួកគេ។ ហេតុដូច្នេះ​ហើយ ​ទើប​ជា
បា​តុ​កម្ម​បាន​បន្ត​អូសបន្លាយ​មកទល់ពេលនេះ គឺ​ដោយសារតែ​ក្រុមហ៊ុន​មិន​ព្រម​ចូល​តុ​ច​ចា​ បើទោះជា​មាន​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ក៏ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI