កម្ពុជា

វិវា​ទរោង​ចក្រ​SL​ នឹង​អាច​ដោះ​ស្រាយ​បញ្ចប់​​​នៅ​សប្តាហ៍​ក្រោយ​

ទិដ្ឋភាព​បាតុកម្ម​តវ៉ា​​ បិទផ្លូវជាតិលេខ៤ ដោយ​កម្មករ​ កម្មការិនី ​រោងចក្រ​កាត់ដេរ។
ទិដ្ឋភាព​បាតុកម្ម​តវ៉ា​​ បិទផ្លូវជាតិលេខ៤ ដោយ​កម្មករ​ កម្មការិនី ​រោងចក្រ​កាត់ដេរ។ RFI/Channa Siv

កម្មករ​​កាត់ដេរ​​មួយចំនួន​​នៃ​​រោង​ចក្រ​ SL បាន​ធ្វើ​​កូដកម្ម​​ចូលដល់​​ថ្ងៃទី ​៤ ហើយ​​មកដល់​​ថ្ងៃ​សៅរ៍​​នេះ ​​ដើម្បី​​ទាម​ទារ​​ឲ្យ​​ក្រុម​ហ៊ុន​​ដោះ​ស្រាយ​​ល័ក្ខ​​ខ័​ណ្ឌ​​ការងារ​​ចំនួន​៤​ចំណុច​ ដែល​​ពួក​គេ​បាន​ស្នើ​​សុំ​​ជា​​យូរ​​មក​ហើយ ​ហើយ​​មិន​ទាន់​មាន​​ការ​ឆ្លើយ​តប​។ ការ​ទាម​ទារ​​របស់​​ក​ម្មករ​ បាន​​ធ្វើ​ឡើង​​ ខណៈ​ដែល​​ការ​ចចារ​​ជា​​ផ្លូវ​ការ​​មួយ អាច​នឹង​​ត្រូវ​គេ​រៀបចំ​ឡើង​​នៅ​​សប្តាហ៍​​ក្រោយ ​ដើម្បី​​បញ្ចប់​​វិវាទ​​ដ៏​​អូស​បន្លាយ​​នៃ​​​រោងចក្រ​​​កាត់​ដេរ​​មួយ​​នេះ។​

ផ្សាយពាណិជ្ជកម្ម

កម្មករ​ កម្មការិនី ​នៃ​រោងចក្រ​កាត់ដេរ SL ដែល​បាន​អះអាងថា ​មាន​គ្នា​ប្រមាណ​ជា ១ពាន់​នាក់ បាន​បន្តធ្វើ​កូដកម្ម​ដោយ​បិទផ្លូវ៣៧១ នៅ​ថ្ងៃ​សៅរ៍​ជា​បន្តទៀត​ ដើម្បី​តវ៉ា​ទៅនឹង​ល័ក្ខ​ខ័​ណ្ឌ ការងារ​មួយចំនួន ​ដែល​ពួកគេ​យល់ថា ​បាន​រំលោភ​ទៅលើ​ច្បាប់​ការងារ។ ការតវ៉ា​នេះ​បានធ្វើ​ឡើង​ចាប់​ពីថ្ងៃ​អង្គារ​ទី០៨ តុលា មក​ គឺ​បន្ទាប់ពី​ពួកគេ​បាន​វិល​ត្រលប់​មកពី​ស្រុកកំណើត បន្ទាប់​ពី​ពិធី​​​បុណ្យ​ភ្ជុំបិណ្ឌត្រូវ​បញ្ចប់​ ហើយ​បន្តសកម្មភាព​ទាមទារ​ឡើងវិញ​ដែល​ត្រូវបាន​ផ្អាក​កាលពីមុន​បុណ្យ​ភ្ជុំបិណ្ឌ។

លោក ឈួ​ង ឈាង តំណាង​សហជីព​កម្មករ​នៃ​រោងចក្រ SL បាន​ប្រាប់​វិទ្យុ​បារាំង RFI ថា​ពួកគេ​បន្ត​ទាមទារ​បួន​ចំណុច ​គឺ​មិនត្រូវ​កាត់​ប្រាក់ខែ​ពួកគេ​នៅពេល​ធ្វើ​កូដកម្ម ដក​លោក
មាស សុថា ទីប្រឹក្សា​រោងចក្រ​ដ៏​មានអំណាច ដែល​កម្មករ​ចោទថា ​បាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​មិនអាច​ដោះស្រាយ​ចេញ ស្នើសុំ​ឲ្យ​ដក​ពាក្យបណ្តឹង​ប្រឆាំង​កម្មករ និង​ប្រាក់​ថ្លៃ​បាយ​ប្រចាំថ្ងៃ។

កាលពី​ខែ​មុន កម្មករ​សរុប​ប្រមាណ ៦ពាន់​នាក់ បាន​ចុះ​ដើរ​តាមផ្លូវ​ជា​ញឹកញាប់​ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​រដ្ឋ ក៏ប៉ុន្តែ​ មិនមាន​លទ្ធផល​ឆ្លើយតប​ទៅនឹង​ការចង់បាន​របស់​កម្ម​ករ​ឡើយ។ តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​សហជីព មកទល់​ថ្ងៃ​សៅរ៍​នេះ កម្មករ​មួយចំនួនបាន​ចល័ត​ទៅធ្វើ​​ការ​នៅ​រោងចក្រ​ផ្សេង​ ឬ​ធ្វើ​សំណង់ ខ្លះ​មិនទាន់​ត្រលប់​មកពី​ស្រុកកំណើត ​បន្ទាប់ពី​បុណ្យ​ភ្ជុំបិណ្ឌ។ កម្មករ​ប្រមាណ​ជា៣០ភាគរយ​ បន្ត​ចូលធ្វើការ​នៅ​រោងចក្រ​SLដដែល ហើយ​មួយចំនួនទៀត បន្តធ្វើ​កូដកម្ម។

រវាង​អ្នក​សហជីព និង​តំណាង​រោងចក្រ​តែង​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក គឺ​រោងចក្រ​ចោទ​សហជីព​ថា បាន​គាបសង្កត់​កម្មករ​មិន​ឲ្យ​ចូលធ្វើការ​វិញ​ នៅពេលដែល​មានការ
ដោះស្រាយ​ចំណុច​ជាច្រើន​កន្លងមក។ ក៏ប៉ុន្តែ ​អ្នក​សហជីព​បាន​ចោទ​ទៅ​រោងចក្រ​វិញ​ថា​ បាន​ព្យាយាម​ទិញ​កម្មករ​ឲ្យ​ផ្តាច់ខ្លួន​ពី​សមាជិកភាព​សហជីព​ស៊ីខាវ​ឌូ ដែល​ដឹកនាំ​ដោយ​លោក អាត់ ធន់ ខណៈដែល​ការបើកប្រាក់​ឈ្នួល​កាលពី​ខែកញ្ញា​កន្លងមក ​ត្រូវ​ថៅកែ​កាត់​យក​អស់​ជាច្រើន ដោយ​មូលហេតុ​ចូលរួម​ធ្វើ​កូដកម្ម​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មានការ​ខាតបង់។

ទោះជា​យ៉ាងនេះ​ក្តី​ ការចចារ​មួយ​ជា​ផ្លូវការ ​នឹង​អាច​កំណត់​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ ខណៈដែល​ការជួប​ជជែក​គ្នាមុនៗ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ត្រូវបាន​ច្រានចោល​ដោយ​ភាគី​ថៅកែ។

កាលពី​ថ្ងៃទី ៩ខែតុលា កន្លងទៅនេះ​ ទីស្តីការគណៈរដ្ឋមន្ត្រី​បានចេញ​លិខិត​មួយ​ ដោយ​បង្គាប់​ឲ្យ​មាន​ការចរចា​គ្នា​ឡើងវិញ​រវាង​សហជីព​និង​កម្មករ SL ដោយ​មិនមាន​ការរំខាន​ពី​ជន​ទី​បី​ដែលមាន​ឥទ្ធិពលដល់​ផ្អាក​ការអនុវត្ត​ន៍​ដំណើរការ​របស់​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI