កម្មករមកធ្វើការនៅភ្នំពេញក្នុងចន្លោះពី២០ទៅ៣០%អាចមិនត្រឡប់ទៅបោះឆ្នោត
ចុះផ្សាយនៅថ្ងៃ៖
ក្នុងខណៈពេលដែលប្រជាជនច្រើនលាននាក់ត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃអាទិត្យស្អែកនោះ កម្មករច្រើនម៉ឺននាក់ដែលឡើងមកធ្វើការនៅទីក្រុងភ្នំពេញអាចមិនត្រឡប់ទៅបោះឆ្នោតនៅស្រុកកំណើត។ បើយោងតាមមន្រ្តីសហជីពកម្មករកាត់ដេរក្នុងចន្លោះពី២០ទៅ៣០%អាចមិនទៅបោះឆ្នោត។ មូលហេតុចម្បងគឺដោយសារបញ្ហាហិរញ្ញវត្ថុ។
របាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៣ខែមិថុនាស្អែកនេះ មានចំនួន៩លាននាក់។ ប៉ុន្តែជាក់ស្តែង មិនមែនប្រជាជនទាំងអស់ទៅបោះឆ្នោតនោះទេ។ អ្នកដែលសម្រេចចិត្តមិនទៅបោះឆ្នោតភាគច្រើនគឺកម្មករដែលឡើងមកធ្វើការនៅទីក្រុងភ្នំពេញ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាដែលធ្វើការយ៉ាងជិតស្និទជាមួយកម្មករកាត់ដេរអស់រយៈពេលជាង១០ឆ្នាំមកហើយនោះ បាននិយាយប្រាប់នៅថ្ងៃសៅរិ៍នេះថា កម្មករកាត់ដេរក្នុងចន្លោះពី២០ទៅ៣០% អាចមិនទៅបោះឆ្នោត។ មូលហេតុគឺដោយសារ ពួកគេប្រឈមនឹងបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួនម្យ៉ាងនិងម្យ៉ាងទៀត គឺដោយសារក្រុមហ៊ុនមួយចំនួនបានអនុវត្តនយោបាយលើកទឹកចិត្តដំឡើងប្រាក់ខែទ្វេជូនដល់កម្មករនៅថ្ងៃបោះឆ្នោត។
លោក អាត់ ធន់ បានស្តីបន្ទោសថា៖«ថៅកែមិនគួរទាក់ទាញកម្មករអោយនៅបន្តធ្វើការតាមរយៈការដំឡើងប្រាក់លើកទឹកចិត្តនោះទេ រីឯកម្មករវិញពួកគេត្រូវធ្វើដំណើរទៅបោះឆ្នោតដើម្បីអភិវឌ្ឍភូមិឃុំរបស់ខ្លួន»។
ប្រទេសកម្ពុជាមានកម្មករកាត់ដេរចំនួនប្រមាណជា៤សែននាក់។ កម្មករដែលបម្រើការក្នុងវិស័យកាត់ដេរនៅទីក្រុងភ្នំពេញភាគច្រើនមកពីជនបទ។ ក្រសួងការងារធ្លាប់បានប្រកាសអោយកម្មករកាត់ដេរនិងកម្មករក្នុងវិស័យផ្សេងមានសិទ្ធិឈប់សម្រាកចំនួនពី២ទៅ៣ថ្ងៃដើម្បីធ្វើដំណើរទៅបោះឆ្នោតនៅតាមបណ្តាខេត្តនានាមែន។ ប៉ុន្តែកម្មករខ្លួនឯងទេដែលសុខចិត្តមិនទៅបោះឆ្នោតដោយសារតែបញ្ហហិរញ្ញវត្ថុនិងចម្ងាយផ្លូវឆ្ងាយ។
មិនមែនមានតែកម្មករក្នុងវិស័យកាត់ដេរទេដែលមិនទៅបោះឆ្នោតនោះ តាមពិត កម្មករមួយចំនួនក្នុងវិស័យផ្សេងទៀតក៏មិនទៅបោះឆ្នោតដែរ។ កញ្ញា ដាណែតបម្រើការនៅក្នុងហាងមួយនៅទីក្រុងភ្នំពេញ ដែលទើបមានអាយុ ១៨ឆ្នាំនៅឆ្នាំនេះនិងជាលើកទីមួយដែលត្រូវបោះឆ្នោតនោះ បាននិយាយប្រាប់នៅថ្ងៃសៅរិ៍នេះថា កញ្ញាសម្រេចចិត្តមិនទៅបោះឆ្នោតនៅក្នុងខេត្តកំពង់ធំរបស់នាងទេពីព្រោះកញ្ញាមិនចង់ចំណាយប្រាក់កាសអត់ប្រយោជន៍។ ដាណែតបាននិយាយបន្តទៀតថា ប្រសិនបើនាងទៅបោះឆ្នោត នាងត្រូវចំណាយលុយប្រហែល២៥ដុល្លារអាមេរិកសម្រាប់ធ្វើដំណើរទៅមក ដូច្នេះនាងមិនទៅទេ។ សន្លឹកឆ្នោតរបស់នាងមានតម្លៃមែនប៉ុន្តែនាងមិនសូវមានលុយកាក់។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការសង្កេតការណ៍បោះឆ្នោត Comfrel បានទទួលស្គាល់ពីការលំបាកផ្នែកហិរញ្ញវត្ថុរបស់កម្មករមែនប៉ុន្តែលោកអំពាវនាវអោយកម្មករទាំងអស់នាំគ្នាទៅបោះឆ្នោតដើម្បីក្លាយទៅជាម្ចាស់អំណាច។
លោក គល់ បញ្ញា បានអត្ថាធិប្បាយបន្តទៀតថា សម្រាប់ការបោះឆ្នោតលើកក្រោយទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គួរពិចារណារៀបចំការបោះឆ្នោតតាមបណ្តាញប្រៃសណីយ៍ឬតាមរយៈការសម្រួលអោយមានការចុះឈ្មោះនៅទីកន្លែងស្នាក់នៅបណ្តោះអាសន្ន។
សូមបញ្ជាក់ថា កាលពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០០៧កន្លងមក មានប្រជាពលរដ្ឋ៦៧%បានចូលរួមការបោះឆ្នោតនិងជាង៧០%សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីឆ្នាំ២០០៨៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ