កម្ពុជា

សង្គម​​ស៊ីវិល​ បារម្ភ​ពី​ផល​ប៉ះពាល់​លើ​សង្គម​​និង​​បរិស្ថាន​ពី​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា​

ការរួម​ប្រជុំ​របស់​សង្គមស៊ីវិល​​​ស្តី​ពី​ផល​ប៉ះពាល់​​បរិស្ថាន​ដោយ​ហេតុ​មកពីអាជីវកម្ម​រុករក​រ៉ែ ​ប្រេង​និង​ឧស្ម័ន​​នៅក្នុង​ប្រទេស​កម្ពុជា​
ការរួម​ប្រជុំ​របស់​សង្គមស៊ីវិល​​​ស្តី​ពី​ផល​ប៉ះពាល់​​បរិស្ថាន​ដោយ​ហេតុ​មកពីអាជីវកម្ម​រុករក​រ៉ែ ​ប្រេង​និង​ឧស្ម័ន​​នៅក្នុង​ប្រទេស​កម្ពុជា​ NGO DPA.

សង្គម​ស៊ីវិល នៅ​កម្ពុជា បាន​សម្តែង​នូវ​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើងៗ ពី​​ផល​ប៉ះពាល់​​លើ​​សង្គម​និង​​បរិស្ថាន ​ពី​​ការ​​ធ្វើ​​អាជីវកម្ម​​រុក​រក​​រ៉ែ ​ប្រេង​ និង​​ឧស្ម័ន​ មន្ត្រី​​អង្គការ​​ក្រៅ​​រដ្ឋាភិបាល ​ដែល​​កំពុង​​ពង្រីក​​សកម្មភាព​​កាន់​តែ​​ធំ​​ឡើងៗ​។​ សង្គម​​ស៊ីវិល​ ទាមទារ​​ឲ្យ​មាន​​ការ​សិក្សា​​ពី​​ផល​ប៉ះពាល់​​សង្គម​និង​​បរិស្ថាន ​យ៉ាង​​ត្រឹមត្រូវ​ មុន​​នឹង​​ក្រុមហ៊ុន​​រុករក​​រ៉ែ​ ប្រេង​ និង​​ឧស្ម័ន​ ទាំង​​លើ​​ដី​គោក​និង​​នៅ​​ដែន​សមុទ្រ​។​

ផ្សាយពាណិជ្ជកម្ម

ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្នែក​ធនធានធម្មជាតិ នៅ​កម្ពុជា បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​ ចំពោះ​ការធ្វើ​អាជីវកម្ម​រ៉ែ ប្រេង និង​ឧស្ម័ន នៅ​ដែន​គោក និង​ក្នុង​ដែនសមុទ្រ​កម្ពុជា នៅ​ពេល​សព្វថ្ងៃ​។ សង្គម​ស៊ីវិល ទាមទារ​ឲ្យ​រដ្ឋាភិបាល តម្រូវឲ្យ​ក្រុមហ៊ុន​បរទេសនិង​ក្រុមហ៊ុន​ក្នុង​ស្រុក សិក្សា​ពី​ផលប៉ះពាល់​សង្គមនិង​ផលប៉ះពាល់​បរិស្ថាន​​​គ្រប់​​ជ្រុង​ជ្រោយ​។

​​របាយការណ៍​​ស្តីពី ទំនោរ​បច្ចុប្បន្ន​នៃ​ផលប៉ះពាល់​លើ​សង្គមនិង​បរិស្ថាន ពី​អាជីវកម្ម​រ៉ែ នៅ​កម្ពុជា ត្រូវបាន​ផ្សព្វផ្សាយ នៅ​ព្រឹក​ថ្ងៃទី​៣០​ធ្នូ ឆ្នាំ​២០១១​។ របាយការណ៍ បាន​សិក្សា​ស៊ីជម្រៅ​លើ​​ផលប៉ះពាល់​លើ​​ធនធាន​​ជីវៈចម្រុះ​ មាន​ព្រៃឈើ ដែន​ជម្រក​សត្វ ជា​ពិសេស​បញ្ហា​ទំនៀម​ទម្លាប់​​សាសនា​ជាដើម​។ ​តាម​​របាយការណ៍​មក​ដល់​ពេល​នេះ ​រដ្ឋាភិបាល​​កម្ពុជា​ បាន​​ផ្តល់​​អាជ្ញា​ប័ណ្ណ​​ឲ្យ​ក្រុមហ៊ុន​រុករក​រ៉ែ ប្រេង និង​ឧស្ម័ន ចំនួន ១២៨ ក្រុមហ៊ុន​។ ក្រុមហ៊ុន ដែល​កំពុង​ធ្វើ​​អាជីវកម្ម ក្នុង ១៨ ខេត្ត លើ​ផ្ទៃដី​ជាង ២៤.០០០ គីឡូម៉ែត្រ​ក្រឡា គឺ​មកពី​ប្រទេស​អូស្ត្រាលី អាមេរិក កូរ៉េ វៀតណាម ចិន ជប៉ុន សឹង្ហ​បូរី ថៃ បារាំង និង​ក្រុមហ៊ុន​ក្នុងស្រុក​។​

 
​លោក ម៉ម សម្បត្តិ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍ និង​ភាព​ជា​ដៃគូ ក្នុង​សកម្មភាព​រួម​គ្នា ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ បាន​លើកឡើង​ថា ក្រុមហ៊ុន ដែល​ធ្វើ​អាជីវកម្ម​រ៉ែ ប្រេង និង​ឧស្ម័ន នៅ​កម្ពុជា​ទាំងនោះ សង្គម​ស៊ីវិល ទទួលបាន​តែ​របាយការណ៍​ចំនួន​២ ប៉ុណ្ណោះ ដែល​បាន​បង្ហាញ​​ពី​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​។ ក៏​ប៉ុន្តែ​របាយការណ៍​ផលប៉ះពាល់​បរិស្ថាន និង​សង្គម របស់​ក្រុមហ៊ុន​ជាច្រើន​ទៀត រួម​ទាំង​ក្រុមហ៊ុន​រុករក​ប្រេង ឆេ​វរ៉ុន របស់​អាមេរិក នៅ​ដែនសមុទ្រ​ក្នុង​ប្លុក A ដែល​នឹង​ទាញ​យក​ប្រេង នៅ​ខែ​ធ្នូ ឆ្នាំ​២០១២ សង្គម​ស៊ីវិល​មិនទាន់​បាន​ទទួល​នៅឡើយ​ទេ​។

ចំណែក​លោក ដាញ់ សេរី អនុប្រធាន​នាយកដ្ឋាន​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន របស់​ក្រសួង​បរិស្ថាន​លើកឡើងថា ក្រសួង​បរិស្ថាន កំពុងតែ​ធ្វើ​ច្បាប់ ដែល​តម្រូវឲ្យ​ក្រុមហ៊ុន​រុករក​រ៉ែ ឧស្ម័ន និង​ប្រេងកាត ត្រូវ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម ពី​អាជីវកម្ម​ទាំងនោះ​។

យ៉ាងណាក៏ដោយ តាម​សង្គម​ស៊ីវិល ការ​មិន​សិក្សា​ជាមុន​ពី​ផលប៉ះពាល់​សង្គម និង​បរិស្ថាន ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ពី​អាជីវកម្ម​រ៉ែ នាំ​ឲ្យ​បង្កបញ្ហា​ជាច្រើន ដូច​ករណី​កម្មករ ៨ នាក់ ស្លាប់​នៅ​ខេត្ត​ក្រចេះ ក្នុង​រណ្តៅ​រ៉ែ​មាស របស់​ក្រុមហ៊ុន​ចិន ជាដើម​។ គ្រោះថ្នាក់​នោះ ជា​បទពិសោធន៍ និង​មេរៀន សម្រាប់​កម្ពុជា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI