កម្ពុជា

ធនាគារ ពិភពលោក​ផ្តល់​ ៤០​លាន​ដុល្លារ​ក្រោយ​ព្យុះកេតសាណា

ខ្យល់​ព្យុះកេតសាណា បោកបក់​លើ​ប្រទេសកម្ពុជា​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិរដ្ឋ និង​ឯកជន​ក្នុង​ខេត្ត​ចំនួន​៨ គិតជាទឹកប្រាក់មានតម្លៃ​ប្រមាណ ១៣១ លាន​ដុល្លារ​អាមេរិក។
ខ្យល់​ព្យុះកេតសាណា បោកបក់​លើ​ប្រទេសកម្ពុជា​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិរដ្ឋ និង​ឯកជន​ក្នុង​ខេត្ត​ចំនួន​៨ គិតជាទឹកប្រាក់មានតម្លៃ​ប្រមាណ ១៣១ លាន​ដុល្លារ​អាមេរិក។ © សុវណ្ណារ៉ា

ធនាគារ​ពិភពលោក​បាន​សម្រេច​ផ្តល់​ជំនួយ​តម្លៃ​៤០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​ការស្តារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គមនានា​ដែលត្រូវ​បាន​បំផ្លាញដោយ​ព្យុះកេតសាណា​កាល​ពីខែ​កញ្ញា​ឆ្នាំកន្លងទៅ។ កាលពី​ខែ​កញ្ញាឆ្នាំមុន ខ្យល់ព្យុះ​កំបុតត្បូង កេត​សាណា បាន​បោកបក់​លើ​ប្រទេស​កម្ពុជា ដែល​ធ្វើឲ្យ​ខូចខាត​ទ្រព្យសម្បត្តិរដ្ឋ និងឯកជនក្នុងខេត្ត​ចំនួន៨នៃប្រទេស​កម្ពុជា​ដែល​គិតជា​ទឹកប្រាក់​មាន​តម្លៃ​ប្រមាណ​១៣១លាន​ដុល្លារ​អាមេរិក៕

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច

ធនាគារ​ពិភពលោក​បាន​សម្រេច​ផ្តល់​ជំនួយ​៤០​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ស្តារ​ហេដ្ឋារចនា​សម្ព័ន្ធ និង​ជួយ​ដល់​ប្រជាជន​រងគ្រោះ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ព្យុះ​កំណាច​កេតសាណា។ ក្នុង​ជំនួយ​៤០​លាន​ដុល្លារ​នេះ ពាក់​កណ្តាល​ជា​ជំនួយ​ឥត​សំណង និង​ពាក់​កណ្តាល​ទៀត​គឺ​ជា​កំចី​ឥត​ការ​ប្រាក់។

 
យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២​វិច្ឆិកា​ម្សិលមិញ ជំនួយ​របស់​ធនាគារ​ពិភពលោក​នេះ នឹង​ត្រូវ​ប្រើប្រាស់​ជា​បន្ទាន់​ទៅលើ​គម្រោង​​ស្តារ​ឡើងវិញ​នូវ​សេវា​ដឹក​ជញ្ជូន ការ​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយ​ព្យុះ​កេតសាណា។ ជំនួយ​ទាំងនេះ ក៏​នឹង​ត្រូវ​ប្រើ​ដើម្បី​ការ​ជួយពង្រឹង​សមត្ថភាព​ភ្នាក់ងារ​រដ្ឋាភិបាល ក្នុង​ការ​ត្រៀម​ជាស្រេច និងការ​គ្រប់គ្រងគ្រោះ​មហន្តរាយ។

លោក ឈីម៉ាវ ហ្វាន់ ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា បាន​លើកឡើង​ក្នុង​សេចក្តីប្រកាសព័ត៌មានថា ព្យុះ​កេត​សាណាបាន​បំផ្លាញ​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​រាប់ពាន់​នាក់ ពិសេស​ប្រជាជន​ក្រីក្រ​។ លោក​បន្ត​ថា ជំនួយ​នេះ​នឹង​ជួយ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ខូចខាត​ឡើងវិញ​ដូចជា ផ្លូវលំ​ជនបទ និង​ផ្តល់​សេវាកម្ម​មូលដ្ឋាន​ដល់​ប្រជាជន​ដែល​ទទួល​រងគ្រោះ ពិសេស​នៅ​ជនបទ។
 

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៩ ខ្យល់​ព្យុះ​កំបុត​ត្បូង កេតសាណា បាន​បោកបក់​លើ​ប្រទេស​កម្ពុជា ដែល​ធ្វើឲ្យ​ខូចខាត​នៅ​តំបន់​ខ្លះ​នៃ​ខេត្ត​ចំនួន​៨​នៅក្នុង​ប្រទេស​កម្ពុជា​រួមមាន ខេត្ត​រតនគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ធំ សៀមរាប ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ។ ពលរដ្ឋ​ចំនួន ៥៣៣៦គ្រួសារ ត្រូវបាន​ជម្លៀស មនុស្ស៦៧នាក់បានទទួលរងរបួស និង​២៤​នាក់​បាន​ស្លាប់។ ចំណែក​សាលារៀន​ចំនួន១៤០ទទួលរង​ប៉ះពាល់​ដោយ​ទឹកជំនន់ និង​ផ្ទៃ​ដី​ស្រែ​ចំនួន​ជិត​៣ម៉ឺនហិចតា ព្រមទាំង​ដី​ដំណាំ​ផ្សេងៗ​ចំនួន​២០០០​ហិចតា​ត្រូវ​បាន​បំផ្លាញ​។

 

មិន​តែ​ប៉ុណ្ណោះ ផ្លូវលំ និង​ផ្លូវជាតិត្រូវ​លិច​ទឹកនិង​ខូចខាត​។ របាយការណ៍​របស់​គណៈកម្មាធិការ​​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​បង្ហាញ​ថា ទំហំ​នៃ​ការ​ខូចខាត​ដែល​បណ្តាល​មក​ពី​ព្យុះ​កេតសាណា គិតជា​ទឹកប្រាក់​មាន​តម្លៃ​សរុប​ប្រមាណ១៣១ លាន​ដុល្លារ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI