ភូមា

ភូមា​ជា​ទឹកដី​សុវណ្ណភូមិ​ទាក់ទាញ​អ្នកវិនិយោគ​បរទេស

ប្រធានាធិបតីភូមា លោក​​ថេន សេន​
ប្រធានាធិបតីភូមា លោក​​ថេន សេន​ ©Reuters

ចាប់តាំង​ពី​របបសឹក​ផុតរលត់ ភូមា​បាន​ប្រែក្លាយ​មុខមាត់​របស់ខ្លួន​ជារៀងរាល់ថ្ងៃ។ ចាប់ពីថ្ងៃនេះ រហូត​ដល់​ថ្ងៃ​សុក្រ​ទី ៧ មិថុនា ភូមា​នឹង​បើកទ្វារ ទទួល​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​គេ​បាន​ដាក់រហស្សនាម​ថា Davos អាស៊ីបូព៌ា។ នៅក្នុង​វេទិកា​សេដ្ឋកិច្ច​មួយនេះ នឹង​មាន​ចូលរួម​ពីសំណាក់​​មេដឹកនាំ​ មកពី​ប្រទេស​ជាង ៥០ និង​អ្នកជំនួញ ជាច្រើន​រយនាក់។

ផ្សាយពាណិជ្ជកម្ម

គឺ​កំណែ​ទម្រង់​ដ៏រហ័ស និង​ស៊ីជម្រៅ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​ភូមា​បាន​ទទួល​បាន​ការលើកទឹកចិត្ត រហូត​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រទេស​អាស៊ី​អាគ្នេយ៍ ទីមួយ រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក។ គណៈប្រតិភូ ជាង ៩០០​នាក់ មក​ពី​ប្រទេស​ជាង ៥០ ជាពិសេស​ក្រុម​អ្នកវិនិយោគិន​បរទេស ត្រូវ​តំរង់ជួរ​បន្តគ្នា ដើម្បី​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច ដែល​ជា​កន្លែង ប្រកួតប្រជែង ដណ្តើម​ចំណែក​គ្នា ព្រោះថា ធ្លាប់​ទទួល​រង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍ អន្តរជាតិ ​និង​បិទទ្វារ​សេដ្ឋកិច្ច​ជាច្រើន​ទសវត្សរ៍ ភូមា នៅពេល​នេះ ត្រូវ​បាន​គេ​ចាត់ទុក​ជា​ទឹកដី​បរិសុទ្ធ ជាទីផ្សារ​ថ្មី​ស្រឡាង និង​មាន​សក្តានុពល ជាមួយ​នឹង​ប្រជាជន អ្នកប្រើប្រាស់ ជាង ៦០​លាន​នាក់។ ចំណែក តម្លៃ​ពលកម្ម​ក៏​មាន​តម្លៃ​ថោក​ទៅទៀត។

ជាក់ស្តែង ក្រុមហ៊ុន​ភេសជ្ជៈ​អាមេរិកាំង ដូចជា​Coca Cola ដែល​អវត្តមាន​ជាង ៦​ទសវត្សរ៍ នៅភូមា ទើប​ចាប់​បើក​សម្ពោធ​រោងចក្រ​ផលិត សម្បក​ដប​របស់ខ្លួន នៅថ្ងៃ​អង្គារម្សិលមិញ ចំណែក​ក្រុមហ៊ុន​យក្ស​Unilever វិញ គ្រោង​នឹង​ដំឡើង​រោងចក្រ​របស់​ខ្លួន សម្រាប់​ទីផ្សារ​ក្នុង​ស្រុក។

យោងតាម​មន្រ្តី​រដ្ឋាភិបាល ក្រុមអ្នកវិនិយោគិន​បរទេស​បាន​តំរង់ជួរ​បន្តកន្ទុយគ្នា​ដើម្បី​សុំ​ជួប​លោកប្រធានាធិបតី​ថេន សេន។ “ឥស្សរជន​សំខាន់ៗ​ចង់ជួប ប៉ុន្តែ លោកប្រធានាធិបតី​ភូមា​មិន​អាច​ជួប​មនុស្ស​គ្រប់គ្នា​ទេ” នេះ​ជា​ការបញ្ជាក់​របស់​មន្រ្តីភូមា។

នៅក្នុង​វេទិកា​សេដ្ឋកិច្ច​អាស៊ីបូព៌ា គេ​រំពឹងថា លោកប្រធានាធិបតី​ថេន សេន និង​លោកស្រី អ៊ុងសាន ស៊ូជី នឹង​ឡើង​ថ្លែង​សុន្ទរកថា ស្វាគម នៅថ្ងៃ​ព្រហស្បតិ៍​ស្អែកនេះ។

សូមបញ្ជាក់ថា ក្នុង​រយៈពេល​ជិត ពីរ​ឆ្នាំ ដែល​ភូមា​បាន​ផ្លាស់ប្តូរ​ពី​របបសឹក​មក​ជា​រដ្ឋាភិបាល​ស៊ីវិល រដ្ឋាភិបាល​ភូមា បាន​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង ដោះលែង​អ្នកទោស​នយោបាយ​ជាបន្តបន្ទាប់ និង​ចរចា​សន្តិភាព​បញ្ចប់​សង្រ្គាម​ជាមួយ​ក្រុមឧទ្ទាមទ័ពព្រៃ។ នៅមួយថ្ងៃ​មុន​បើក​វេទិកា​សេដ្ឋកិច្ច លោកប្រធានាធិបតី​​ថេន សេន ទើប​បាន​ប្រកាស​តាម​វិទ្យុជាតិ ថា រដ្ឋាភិបាល​នឹង​ដោះលែង​អ្នកទោស​នយោបាយ​ភូមា ​ទាំងអស់ ក្នុង​ពេល​ឆាប់ៗនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI