អភិរក្ស​សត្វព្រៃ

រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​អំពាវនាវ​ឲ្យ​បញ្ឈប់​ពាណិជ្ជកម្ម​ភ្លុកដំរី​ទោះ​ស្របច្បាប់

ភ្លុកដំរី​ដែល​គេ​ត្រៀម​ដុតបំផ្លាញចោល នៅ​ក្នុង​ប្រទេស​កេនយ៉ា កាលពីខែ​មេសា ឆ្នាំ​២០១៦
ភ្លុកដំរី​ដែល​គេ​ត្រៀម​ដុតបំផ្លាញចោល នៅ​ក្នុង​ប្រទេស​កេនយ៉ា កាលពីខែ​មេសា ឆ្នាំ​២០១៦ ©REUTERS/Thomas Mukoya

កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ មន្រ្តី​រដ្ឋាភិបាល​មក​ពី​បណ្តា​​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​បាន​ព្រមព្រៀងគ្នា​ចេញ​សេចក្តីសម្រេច​មួយ អំពាវនាវ​ឲ្យ​គ្រប់​ប្រទេស​ទាំងអស់​ហាមឃាត់​ការ​លក់​ភ្លុកដំរី​ក្នុង​រូបភាព ទោះបីជា​ការ​លក់​ដោយស្របច្បាប់​ក៏ដោយ។ នេះ​គឺ​ជា​លើកដំបូងបង្អស់ ដែល​មាន​ការ​អំពាវនាវ​ឲ្យ​ហាមឃាត់​ការ​លក់​ភ្លុកដំរី​ដោយស្របច្បាប់​បែបនេះ ហើយ​ការ​អំពាវនាវ​បែបនេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​មានការ​បារម្ភ​ខ្លាច​​សត្វដំរី​ត្រូវ​ប្រឈមមុខ​នឹង​ការ​ស្លាប់​ផុតពូជ​ដោយ​ការ​បរបាញ់។

ផ្សាយពាណិជ្ជកម្ម

សេ​ចក្តីសម្រេច​​អំពាវនាវ​ឲ្យ​ហាមឃាត់​ការ​លក់ភ្លុកដំរី​ស្របច្បាប់​ត្រូវ​បាន​ធ្វើឡើង នៅ​​ថ្ងៃ​ចុងក្រោយ​នៃ​សន្និសីទ​​​របស់​សហព័ន្ធ​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ ដែល​បើក​ធ្វើ​នៅ​ក្នុង​រដ្ឋហាវ៉ៃ​សហរដ្ឋ​អាមេរិក។ សន្និសីទ​រយៈពេល​១០ថ្ងៃ​នេះ មាន​ការ​ចូលរួម​ពី​សំណាក់​តំណាង​រដ្ឋាភិបាល អ្នកជំនាញ ព្រមទាំង​តំណាង​អង្គការ​អន្តរជាតិ និង​អង្គការ​ក្រៅរដ្ឋាភិបាល​ជាច្រើន​ផ្សេងទៀត គិតជាសរុប​ចំនួន​ប្រមាណ​ជា ៩ពាន់នាក់។

ក្រោយ​ពី​មាន​ការជជែក​តស៊ូមតិគ្នា​យ៉ាងតានតឹង និង​បើទោះបីជា​មាន​ការ​ជំទាស់​ពី​បណ្តា​ប្រទេស​ខ្លះ សន្និសីទ​បាន​អនុម័ត​សេចក្តីសម្រេច ជំរុញ​ឲ្យ​គ្រប់​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់ ចាត់វិធានការ តាមរយៈ​ការ​អនុម័ត​ច្បាប់​ហាមឃាត់​ទាំងស្រុង​នូវ​ការ​លក់​ដូរ​ភ្លុកដំរី​​នៅ​ក្នុង​ប្រទេស​រៀងៗខ្លួន។

សេចក្តីសម្រេច​នេះ​មិនមាន​អានុភាព​ផ្លូវច្បាប់​ចាប់បង្ខំ​ឲ្យ​ប្រទេស​នីមួយៗ​ត្រូវតែ​គោរព​តាម​នោះទេ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ការអំពាវនាវ​ឲ្យ​ហាមឃាត់​ការ​លក់​ដូរ​ភ្លុកដំរី​ដោយ​ស្របច្បាប់ ធ្វើឡើង​ដោយ​អង្គការ​អន្តរជាតិ​ដ៏ធំបែបនេះ គឺ​ជា​រឿង​ដែល​មិន​ធ្លាប់​មាន​ទេ កាល​ពីពេលមុនៗ ដោយ​កន្លងមក គេ​ធ្លាប់​ឃើញ​មាន​ត្រឹមតែ​​ការ​ទាមទារ​​ទប់ស្កាត់​ការ​​ការជួញដូរ​ភ្លុក​ដំរី​ដោយ​ខុសច្បាប់​តែ​ប៉ុណ្ណោះ។

អ្នកជំនាញ​ និង​សកម្មជន​ការពារ​សត្វដំរី​បាន​អះអាង​ថា មានតែ​ការ​ហាមឃាត់​​ទាំងស្រុង​នូវ​ការលក់ដូរ​ភ្លុកដំរី​គ្រប់រូបភាពបែបនេះ​ទើប​មាន​ប្រសិទ្ធភាព ក្នុង​ការ​ទប់ស្កាត់​ការ​បរបាញ់​ដំរី​ និង​ការពារ​ពូជសត្វដំរី​បាន ពីព្រោះ គិតរហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ទីផ្សារ​ស្របច្បាប់​នៃ​ភ្លុកដំរី​នេះ​ត្រូវ​បាន​ឈ្មួញខិលខូចយក​ធ្វើ​ជា​មធ្យោបាយ ក្នុងការ​បង្វែរ​ភ្លុកដំរី​ទៅ​ក្នុង​ទីផ្សារ​ងងឹត។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ សត្វដំរី​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​បាន​ស្លាប់​ផុតពូជ​អស់ទៅហើយ។ តំបន់​ដែល​នៅ​សល់​ដំរី​ច្រើន គឺ​នៅ​អាហ្វ្រិក។ ក៏ប៉ុន្តែ ការធ្វើ​ជំរឿន​នាពេល​ថ្មីៗ​នេះ​បង្ហាញ​ថា នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៤ ​ចំនួន​សត្វ​ដំរី នៅ​ក្នុង​តំបន់​អាហ្វ្រិក​នេះ​បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ៣០% ហើយ​ដើមហេតុ​ចម្បងជាងគេ​នៃ​ការ​ធ្លាក់​ចុះ​នេះ គឺ​ដោយសារ​តែ​មាន​ការ​បរបាញ់​ដោយ​ខុសច្បាប់។ ភ្លុកដំរី​ដែល​បាន​ពី​ការ​បរបាញ់​ដោយ​ខុសច្បាប់​នៅ​អាហ្វ្រិក​នេះ ភាគច្រើន​ត្រូវ​បាន​គេ​នាំ​យក​ទៅលក់​នៅ​ក្នុង​តំបន់​អាស៊ី ជាពិសេស គឺ​ចិន និង​វៀតណាម ដែល​ជា​ទីផ្សារភ្លុកដំរី​ធំបំផុត​នៅលើ​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI