អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

តេងស៊ាវពីង​និង​កំណែទម្រង់​សេដ្ឋកិច្ច​ចិន

សំឡេង ០៨:១៦
លោក តេង ស៊ាវពីង បិតា​កំណែទម្រង់​សេដ្ឋកិច្ចចិន
លោក តេង ស៊ាវពីង បិតា​កំណែទម្រង់​សេដ្ឋកិច្ចចិន
ដោយ៖ សេង ឌីណា
៣៩ នាទី

នៅ​ក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង​ នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​ប្រវត្តិសាស្រ្ត​ចិន​សម័យ​ទំនើប ដោយ​លើកឡើង អំពី​ឥស្សរជន​មួយរូប ដែល​ល្បីឈ្មោះ នៅ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​នាំ​ឲ្យ​សេដ្ឋកិច្ច​ចិន​រីកចម្រើន​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន គឺ​លោក តេង ស៊ាវពីង។

ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ឆ្នាំ​១៩៧១ ម៉ៅសេទុង​បាន​កម្ចាត់​គូប្រជែង​របស់​ខ្លួន​ស្ទើរតែ​ទាំងអស់ នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន។ តេង ស៊ាវពីង ត្រូវ​បាន​គេ​ដកតំណែង និង​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ស្រែ​​ដើម្បី​លត់ដំខ្លួន។ ចំណែក​ឯ​មេដឹកនាំ​កងទ័ព​ដ៏​មាន​អំណាច គឺ លីន ពៀវ ក៏​ត្រូវ​ស្លាប់​ក្នុង​ការ​ធ្លាក់​យន្តហោះ ពេល​រត់គេចខ្លួន​ ក្រោយ​ពី​រងការ​ចោទប្រកាន់​ថា​បាន​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ម៉ៅសេទុង។

ក៏ប៉ុន្តែ ការប្រជែង​ដណ្តើម​អំណាច​គ្នា ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនោះ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​ត្រូវ​ធ្លាក់​​ក្នុង​សភាព​យ៉ាងសែន​ដុនដាប​ងើបមុខ​មិនរួច។

តាមការពិត នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៅនេះ ​ថ្វីដ្បិត​តែ​ម៉ៅសេទុង​​គិតគូរ​ខ្លាំង​តែ​ពី​រឿង​នយោបាយ ជាពិសេស ពី​ការ​បោស​សម្អាត​ផ្ទៃក្នុងបក្ស ដើម្បី​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ម៉ៅសេទុង​ក៏​បន្ត​ចិញ្ចឹមចិត្ត​ចង់​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឲ្យ​បាន​រីកចម្រើន​ផងដែរ។

នៅ​ក្រោយ​ពី​បាន​កម្ចាត់​គូប្រជែង និង​ពង្រឹង​អំណាច​យ៉ាងរឹងមាំ​ក្នុងដៃ​ហើយ ម៉ៅសេទុង​ក៏​បាន​ចាប់ផ្តើម​​ងាក​មក​គិតគូរ​ស្តារ​សេដ្ឋកិច្ច​វិញម្តង តែ​នៅពេលនោះ ម៉ៅសេទុង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ដ៏ធំមួយ គឺ​ការ​ខ្វះខាត​ធនធាន​មនុស្ស ដោយសារ​តែ​​​បដិវត្តន៍​វប្បធម៌​បាន​ធ្វើ​ឲ្យ​​មន្រ្តី​មាន​សមត្ថភាព​ល្អៗ​មួយ​ផ្នែក​ធំ​ត្រូវ​បាន​គេ​កម្ចាត់ចោល​ ដោយខ្លះ​ត្រូវ​ស្លាប់ ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​ដកតំណែង ឬ​បញ្ជូន​ឲ្យ​ទៅធ្វើការ​នៅតាម​ជំរំ​លត់ដំ។

ដើម្បី​ចាត់ចែង​បញ្ហា​សេដ្ឋកិច្ច ម៉ៅសេទុង​រំពឹង​លើ​មនុស្ស​ជំនិត​ចុងក្រោយ គឺ​ជូ អេនឡាយ ដែល​ពេលនោះ​ មាន​តំណែង​ជា​នាយករដ្ឋមន្រ្តី​។ ក៏ប៉ុន្តែ ជូ អេនឡាយ ដឹង​ច្បាស់​ថា ដើម្បី​អាច​ស្តារ​សេដ្ឋកិច្ច​ឲ្យ​ងើប​ចេញ​ពី​វិបត្តិ​វិញ​បាន គឺ​ចាំបាច់​ត្រូវ​តែ​ហៅ​មន្រ្តីមានសមត្ថភាព​ឲ្យ​ចូល​មក​ធ្វើ​ការ​វិញ។ ហេតុដូច្នេះហើយ​បាន​ជា​ នៅខែ​មីនា ឆ្នាំ​១៩៧២ ជូ អេនឡាយ បាន​បញ្ជូន​បញ្ជីឈ្មោះ​មន្រ្តី​ជាន់ខ្ពស់​​ជាង ៤រយនាក់ ទៅ​សុំ​ការ​ឯកភាព​ពី​ម៉ៅសេទុង ដើម្បី​ឲ្យ​ពួកគេ​វិលត្រឡប់​ចូល​មក​បម្រើ​ការងារ​វិញ។ សំណើ​របស់​ជូ អេនឡាយ បានទទួល​ការ​ឯកភាព​ភ្លាមៗ​ពី​សំណាក់​ម៉ៅសេទុង។ ក៏ប៉ុន្តែ នៅ​ពេលនោះ មាន​ឥស្សរជន​ដ៏​មាន​សមត្ថភាព​ម្នាក់ ដែល​ជូ អេនឡាយ ចង់​ឲ្យ​វិលត្រឡប់​មក​ធ្វើ​ការ​វិញ​ដែរ តែ​ម៉ៅសេទុង​​​នៅ​មិនទាន់​ទុកចិត្ត គឺ តេង ស៊ាវពីង។
 

រហូត​ទាល់តែ​ប្រមាណ​ជា​ជិត​១ឆ្នាំ​ក្រោយ​មក គឺ​នៅ​ខែ​​កុម្ភៈ​ឆ្នាំ​១៩៧៣ ទើប​ម៉ៅសេទុង​អនុញ្ញាត​ឲ្យ​តេង ស៊ាវពីង បញ្ចប់​​កិច្ចការ​លត់ដំខ្លួន​នៅ​ស្រុកស្រែ ហើយ​វិលត្រឡប់​មក​ក្រុង​ប៉េកាំង​វិញ។ ក៏ប៉ុន្តែ នៅពេលនោះ តេង ស៊ាវពីង ក៏​នៅមិនទាន់​ត្រូវ​បាន​តែងតាំង​ឲ្យ​កាន់មុខតំណែង​ណាមួយ​នោះដែរ។

អ្នកដែល​ជំទាស់​នឹង​ការ​វិលត្រឡប់​មក​កាន់តំណែង​របស់ តេង ស៊ាវពីង នៅពេលនោះ គឺ​លោកស្រី ជាំង ឈីង ភរិយា​របស់​ម៉ៅសេទុង និង​គូកន ៣នាក់​ទៀត ដែល​សុទ្ធសឹង​ជា​សមាជិក​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុងគណៈអចិន្រ្តៃយ៍​បក្ស។ ក៏ប៉ុន្តែ ដោយសារ​តែ​មាន​អន្តរាគមន៍​របស់​ជូ អេនឡាយ ម៉ៅសេទុង​ចាប់ផ្តើម​ដាក់ទំនុកចិត្ត​ និង​ប្រគល់​កិច្ចការ​ឲ្យ​​តេង ស៊ាវពីង​ធ្វើ​​ឡើងវិញ​បន្តិចម្តងៗ ហើយ​​នៅ​ឆ្នាំ​១៩៧៤ ក្រោយ​ពី ជូ អេនឡាយ ​ត្រូវ​ធ្លាក់​ខ្លួន​ឈឺធ្ងន់​​ដោយ​ជំងឺ​មហារីក តេង ស៊ាវពីង ត្រូវ​បាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្រ្តី ទទួល​បន្ទុក​​ចាត់ចែង​កិច្ចការ​រដ្ឋ​​ជា​ប្រចាំថ្ងៃ​​ជំនួសមុខ​ឲ្យ​​ ជូ អេនឡាយ។ ទោះជាយ៉ាងណា ការវិលត្រឡប់​មកកាន់អំណាច​​របស់ តេង ស៊ាវពីង មាន​រយៈពេល​ត្រឹមតែ ២ឆ្នាំ​ប៉ុណ្ណោះ។

នៅ​​ដើម​ឆ្នាំ​១៩៧៦ ក្រោយ​ពី​ ជូ អេនឡាយ ទទួល​មរណភាព និង​ដោយ​មាន​ការ​ចាក់ដោត​ពី​លោកស្រី ជាំង ឈីង ម៉ៅសេទុង​ក៏​បាន​ដកតំណែង តេង ស៊ាវពីង សាជាថ្មី​ម្តងទៀត។ ក៏ប៉ុន្តែ ប្រមាណ​ជា ៥ខែ​ក្រោយ​មក​ទៀត ម៉ៅសេទុង​ខ្លួនឯង​ផ្ទាល់​ក៏​បាន​ទទួល​មរណភាព នៅថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​១៩៧៦។ មួយខែ​ក្រោយ​មរណភាព​របស់​ម៉ៅសេទុង លោកស្រី ជាំង ឈីង ព្រមទាំង​បក្សពួក​ត្រូវ​បាន​ចាប់ខ្លួន​យក​ទៅ​កាត់ទោស ចំណែក​ តេង ស៊ាវពីង ក៏​បាន​វិលត្រឡប់​មក​កាន់​តំណែង​ឡើងវិញ។

ក្រោយ​ពី​បាន​ឡើងកាន់អំណាច តេង ស៊ាវពីង បាន​ប្រកាស​បិទបញ្ចប់​បដិវត្តន៍​វប្បធម៌​របស់​ម៉ៅសេទុង ហើយ​គ្រប់​អ្នក​ដែល​ត្រូវ​រងគ្រោះ​ក្នុង​បដិវត្តន៍​វប្បធម៌ ទោះបី​ជា​អ្នក​រស់រាន​មានជីវិត​ហើយ​កំពុង​ជាប់ទោស ឬ​ក៏​អ្នក​ដែល​បាន​ស្លាប់​ទៅហើយ​ក្តី ត្រូវ​បាន​លុបលាង​ទោសកំហុស​ចេញវិញ​ទាំងអស់។

ខាងផ្នែក​សេដ្ឋកិច្ច តេង ស៊ាវពីង បាន​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​ដ៏សំខាន់​មួយ ដែល​ជា​ដើមឫស​នៃ​ជោគជ័យ​នៃ​សេដ្ឋកិច្ចចិន​រហូត​មក​ទល់​នឹង​ពេល​សព្វថ្ងៃ។ របបកម្មសិទ្ធិឯកជន​ត្រូវ​បាន​បង្កើតឡើងវិញ​យ៉ាងពេញលេញ។ ប្រជាកសិករ​ចិន​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​​ធ្វើ​កសិកម្ម​ជាលក្ខណៈ​ជន ហើយ​អាច​យក​ផល​ដែល​ផលិតបាន​​​ទៅលក់​នៅលើ​ទីផ្សារ នៅ​ក្នុង​តម្លៃ​​ដែល​កំណត់​ដោយ​ការព្រមព្រៀង រវាង​អ្នក​ទិញ និង​អ្នកលក់ ស្របទៅតាម​យន្តការ​នៃ​ទីផ្សារ​សេរី។

លើសពីនេះ​ទៅទៀត ប្រជាជន​ចិន​ម្នាក់ៗ មាន​សិទ្ធិ​បោះទុន​រកស៊ី បង្កើត​ជា​​ក្រុមហ៊ុន​សហគ្រាស​ជាលក្ខណៈ​ឯកជនសុទ្ធសាធ ដែល​ជា​រឿង​មិន​ធ្លាប់​មាន ចាប់តាំង​ពី​បក្ស​កុម្មុយនិស្ត​ឡើងកាន់អំណាច កាល​ពី​ឆ្នាំ​១៩៤៩។ វិស័យ​វិនិយោគ​នេះ​មិនត្រឹមតែ​បើក​ចំហ សម្រាប់​ប្រជាជន​ចិន​ជា​លក្ខណៈ​បុគ្គលបែបនេះ​ទេ តែ​ក៏​បាន​បើក​ចំហ​យ៉ាងទូលំទូលាយ​ផងដែរ ទៅដល់​វិនិយោគិន​បរទេស ហើយ​​ដើម្បី​ទាក់ទាញ​វិនិយោគ​បរទេស តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​ត្រូវ​បាន​បង្កើតឡើង នៅ​តាម​តំបន់​ជាប់​នឹង​ឆ្នេរ​សមុទ្រ។

នៅ​ក្នុង​វិស័យអប់រំ​វិញ សាលារៀន និង​សកលវិទ្យាល័យ​នៅ​ទូទាំង​ប្រទេស​​បាន​ចាប់ផ្តើម​បើក​ទ្វារទទួល​សិស្ស ព្រមទាំង​ពង្រីក​កម្មវិធី​សិក្សា ជាពិសេស នៅ​ក្នុង​វិស័យបច្ចេកទេស ហើយ​ការចុះឈ្មោះ​ទទួល​សិស្ស​នៅ​តាម​សកលវិទ្យាល័យ​ត្រូវ​បាន​ធ្វើឡើង ដោយ​ផ្អែក​ទៅលើ​សមត្ថភាព ជាជាង​ទៅតាម​មនោគមន៍វិជ្ជា​នយោបាយ ឬ​តាម​ខ្សែស្រឡាយ​ជាបក្ខជន ដូចដែល​គេ​ធ្លាប់​ធ្វើ​ពីមុន។ មិនត្រឹមតែ​ប៉ុណ្ណោះ និស្សិត​ចិន​រាប់​ម៉ឺននាក់​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ដែល​សុទ្ធសឹង​ជា​ប្រទេស​មូលធន​និយម ហើយ​មាន​មនោគមន៍វិជ្ជា​នយោបាយ​ផ្ទុយ​ពី​បក្ស​កុម្មុយនិស្ត​ចិន។

នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០ ដោយសារតែ​ការ​បើក​ចំហរ​ក្នុង​វិស័យ​វិនិយោគ, ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​​ដែល​មាន​អត្រា​ពន្ធ​ទាប ព្រមទាំង​ការ​អភិវឌ្ឍធនធាន​មនុស្ស វិនិយោគ​បរទេស​ក៏​ចាប់ផ្តើម​ហូរចូល​មក​ក្នុង​ប្រទេស​ចិន​ ហើយ​ចាប់ពី​ពេលនោះ​ហើយ ដែល​សេដ្ឋកិច្ច​ចិន​ចាប់ផ្តើម​មាន​កំណើន​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត​មិន​ធ្លាប់មាន ហើយ​បន្ត​កើនឡើង​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

សព្វថ្ងៃ​នេះ ចិន​គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់ទីពីរ ហើយ​អាច​នឹង​ប្រជែង​យក​ឈ្នះ​អាមេរិក​នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ ភាពរុងរឿង​របស់​ចិន​នៅពេលនេះ ត្រូវ​បាន​ប្រវត្តិសាស្រ្ត​ផ្លូវការ​របស់​ចិន​ចារទុក​ថា​ ជា​ស្នាដៃ​ដ៏ធំ​មហិមា​របស់​ម៉ៅសេទុង ក៏ប៉ុន្តែ ធាតុពិតជាក់ស្តែង អ្នកដែល​​បាន​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ពិតប្រាកដ ហើយ​ដែល​ជា​ដើមឫស​នៃ​ភាពរុងរឿង​នៃ​សេដ្ឋកិច្ច​​របស់​ចិន​នៅពេលនេះ គឺ តេង ស៊ាវពីង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ