ប្រវត្តិសាស្រ្តពិភពលោក

បដិវត្តន៍​វប្បធម៌​ចិន ​(១៩៦៦-១៩៧៦)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​បដិវត្តន៍​វប្បធម៌​នៅ​ចិន ក្នុងចន្លោះ​ពីឆ្នាំ​១៩៦៦ ដល់​ឆ្នាំ១៩៧៦ ក្រោម​ការដឹកនាំ​របស់​ម៉ៅសេទុង។

នៅ​ក្នុងអំឡុង​បដិវត្តន៍​វប្បធម៌ រាល់​សេចក្តីបង្រៀន​តាំងពី​ដើម​ទាំងអស់​ត្រូវ​គេ​លុបបំបាត់​ចោល ជំនួស​មកវិញ​ដោយ​កម្រង​ពាក្យសម្តី​របស់​ម៉ៅសេទុង ដែលគេ​យក​ទៅ​ចងក្រង​ជា "កូនសៀវភៅក្រហម"
នៅ​ក្នុងអំឡុង​បដិវត្តន៍​វប្បធម៌ រាល់​សេចក្តីបង្រៀន​តាំងពី​ដើម​ទាំងអស់​ត្រូវ​គេ​លុបបំបាត់​ចោល ជំនួស​មកវិញ​ដោយ​កម្រង​ពាក្យសម្តី​របស់​ម៉ៅសេទុង ដែលគេ​យក​ទៅ​ចងក្រង​ជា "កូនសៀវភៅក្រហម"
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​ឡើង​កាន់អំណាច​ នៅ​ឆ្នាំ​១៩៤៩ បក្ស​កុម្មុយនិស្តចិន​ក្រោម​ការដឹកនាំ​របស់​ម៉ៅសេទុង បាន​ដាក់ចេញ​នូវ​នយោបាយ​សេដ្ឋកិច្ច​ផែនការ​តាមបែប​កុម្មុយនិស្ត ដោយ​យក​គំរូ​តាម​សហភាព​សូវៀត។ ក៏ប៉ុន្តែ ក្រោយ​ពីបាន​អនុវត្ត​នយោបាយ​សេដ្ឋកិច្ច​នេះ​អស់រយៈពេល​ជិត ១០ឆ្នាំ សេដ្ឋកិច្ច​របស់​ចិន​មិនមាន​ការរីកចម្រើន​ជឿនលឿន​​ដូចជាការ​រំពឹងទុក ហើយ​ចិន​នៅតែ​ជា​ប្រទេស​កសិកម្ម​ក្រីក្រ ដើរតាម​យ៉ាងដាច់ឆ្ងាយ​ពីក្រោយ​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​លោកខាងលិច។

នៅ​ឆ្នាំ​១៩៥៨ ម៉ៅសេទុង​ក៏​បាន​ប្រកាស​​​ដាក់ចេញ​នូវ​កំណែទម្រង់​​​ថ្មី​មួយទៀត ដែល​គេហៅ​ថា “​មហាលោតផ្លោះ” (Great Leap Forward) ក្នុងគោលដៅ​ប្រែក្លាយ​ប្រទេស​ចិន ពី​​ប្រទេស​កសិកម្ម ទៅ​ជា​ប្រទេស​ឧស្សាហកម្ម​ទំនើប ជាមួយនឹង​ពាក្យស្លោក​ថា “​១៥ឆ្នាំ​ទៀត ចិន​នឹង​ដើរទាន់ ឬ​ហួស​អាមេរិក​និង​អង់គ្លេស”។

របបសមូហភាព​ត្រូវ​បាន​អនុវត្ត​យ៉ាងពេញទំហឹង​នៅ​ទូទាំង​ប្រទេស ទាំង​នៅ​ទីក្រុង និង​នៅ​តាម​ទីជនបទ។ កម្មសិទ្ធិឯកជន​ទាំង​អស់​ត្រូវ​លុបចោល។ អ្វីៗ​ទាំងអស់​​រាប់ចាប់តាំង​ពី​ទ្រព្យ​សម្បត្តិ ដីធ្លី រហូត​ដល់​សត្វពាហនៈ និង​ផលដំណាំ​ដែល​ដាំបាន សុទ្ធតែ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ។ ប្រជាជន​គ្រប់រូប​ ក្មេង ចាស់ ប្រុស ស្រី​ ត្រូវ​បាន​កេណ្ឌ​ឲ្យ​ទៅ​ធ្វើការ​​នៅ​តាម​ស្រែចម្ការ ជីកប្រឡាយ លើកទំនប់ និង​​ជាពិសេស គឺ​ធ្វើការ​នៅ​តាមរោងជាង​ផលិត​ឧបករណ៍​ប្រើប្រាស់​ដោយខ្លួនឯង ដើម្បី​ចៀសវាង​ការ​នាំចូល​ពី​បរទេស។
 

ក៏ប៉ុន្តែ នៅ​ទីបំផុត​ទៅ នយោបាយ “មហាលោតផ្លោះ” នេះ មិនត្រឹមតែ​មិន​បាន​ប្រែក្លាយ​ចិន​ឲ្យ​ទៅ​ជា​ប្រទេស​ឧស្សាហកម្ម​នោះទេ តែថែម​ទាំង​បំផ្លិចបំផ្លាញ​វិស័យ​កសិកម្ម​ដែល​មាន​ស្រាប់ ហើយ​​បង្កើត​ឲ្យ​មាន​គ្រោះអត់ឃ្លាន​ដ៏ធ្ងន់ធ្ងរ​បំផុត ដែល​គេ​មិន​ធ្លាប់​ជួប​ប្រទះ​ក្នុង​ប្រវត្តិសាស្រ្ត។ គេ​ប៉ាន់ស្មាន​ថា គ្រាន់តែ​ក្នុងរយៈពេល ៣ឆ្នាំ (ពីឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦១) ប្រជាជន​ចិន​ប្រមាណ​ជា ៣០លាន​នាក់ ត្រូវ​ស្លាប់​ដោយ​​ការ​អត់អាហារ ដោយ​ជំងឺ និង​ដោយ​បញ្ហា​សុខភាព​ផ្សេងទៀត​បង្កឡើង​ដោយ​ការ​ហូបចុក​មិន​គ្រប់គ្រាន់។

នយោបាយ​ “មហាលោតផ្លោះ” ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សោកនាដកម្ម និង​ជា​បរាជ័យ​ដ៏ធំមួយ​នៃ​ការ​ដឹកនាំ​របស់​ម៉ៅសេទុង ហើយ​​​មន្រ្តី​ជាច្រើន​ក្នុង​ជួរ​ដឹកនាំ​បក្ស​កុម្មុយនិស្ត​បាន​បាត់បង់​ជំនឿចិត្ត​លើ​ការដឹកនាំ​របស់​ម៉ៅសេទុង។ នៅ​ខែមេសា ឆ្នាំ​១៩៥៩ ម៉ៅសេទុង​ក៏​បាន​សុខចិត្ត​លាឈប់​ពី​តំណែង​ជា​ប្រធានាធិ​បតី។ លោក​នៅ​បន្ត​កាន់តំណែង​ជា​លេខា​បក្ស ក៏ប៉ុន្តែ បាន​ប្រគល់​កិច្ចការ​គ្រប់គ្រង​រដ្ឋ​ប្រចាំថ្ងៃ​ទៅ​ឲ្យ​​ប្រធានាធិបតី​ថ្មី គឺ​លោក លីវ ស្ហាវឈី (Liu Shaoqi) និង​លេខា​នៃ​គណៈអចិន្រ្តៃយ៍​បក្ស គឺ​លោក​ តេង ស៊ាវពីង។

មេដឹកថ្មី​បាន​ធ្វើការ​បន្ធូរបន្ថយ​នយោបាយ “មហាលោតផ្លោះ” របស់​ម៉ៅសេទុង ដោយ​បាន​លុបចោល​ការ​ហូបរួម ហើយ​បង្កើត​ឲ្យ​មានឡើងវិញ នូវការ​ធ្វើកសិកម្ម​ជាលក្ខណៈ​ឯកជន។ គ្រោះអត់ឃ្លាន​ត្រូវ​បាន​កាត់បន្ថយ ហើយ​​សេដ្ឋកិច្ច​ក៏​ចាប់​ផ្តើម​ងើប​ចេញ​ពី​វិបត្តិ​មកវិញ។ ជោគជ័យ​របស់​មេដឹកនាំ​ថ្មី បាន​ធ្វើ​ឲ្យ​ឥទ្ធិពល​របស់​ម៉ៅសេទុង​នៅ​ក្នុង​បក្ស​ត្រូវ​ថយចុះ​កាន់តែ​ខ្លាំង​ រហូត​ដល់​អ្នក​ខ្លះ​ហ៊ាន​សរសេរ​រិះគន់​​នយោបាយ “មហាលោតផ្លោះ” ​ជ្រុល​និយម​របស់​លោក​ថែម​ទៀតផង។

ក៏ប៉ុន្តែ ម៉ៅសេទុង​មិន​សុខចិត្ត​បណ្តោយ​ឲ្យ​របូត​អំណាច​ផុត​ពី​ដៃ​​នោះទេ ហើយ​ដើម្បី​ប្រមូល​អំណាច​យក​មក​គ្រប់គ្រង​វិញ ម៉ៅសេទុង​ពឹងលើ​មនុស្ស​សំខាន់​ពីរ​រូប គឺ​​លោក​ លីន ពៀវ (Lin Biao) ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ និង​មួយរូបទៀត គឺ​​លោកស្រី ជៀន ឈីង (Jian Qing) ដែល​ជា​ភរិយា​របស់​លោក​ម៉ៅសេទុង​​ផ្ទាល់ និង​​ជា​អតីត​តារាសម្តែង​ដ៏​មាន​ប្រជាប្រិយភាព និង​មាន​វោហារ។

លោក​ លីន ពៀវ ជួយ​ម៉ៅសេទុង​ក្នុងការ​បង្កើន​ឥទ្ធិពល​ក្នុង​ជួរ​កងទ័ព ចំណែក​ឯលោកស្រី ជៀន ឈីង វិញ ជួយ​ខាង​ផ្នែក​ឃោសនា​មហាជន ដើម្បី​លើកមុខមាត់​លោក​ប្រធានម៉ៅ ព្រមទាំង​ធ្វើការ​វាយប្រហារ​ទៅលើ​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​នៅ​ពេលនោះ។ ពាក្យសម្តី​សំខាន់ៗ​របស់​ម៉ៅសេទុង ត្រូវ​បាន​លោក​ លីន ពៀវ យក​ទៅ​ចងក្រង​ជា​សៀវភៅ ដែល​គេច្រើន​តែ​ហៅ​ថា “កូនសៀវភៅក្រហម” ហើយ​យក​ទៅ​ចែកចាយ​ដល់កងទ័ព ព្រមទាំង​កងកម្លាំង​យុវជន​ដែល​គេ​ទើប​នឹង​បង្កើតឡើង ដោយ​ដាក់ឈ្មោះ​ថា “ឆ្មាំក្រហម” (Red Guards)។

ក្រោយ​ពី​បាន​ចាក់ឫស​ឥទ្ធិពល​ក្នុង​ជួរ​កងទ័ព និង​យុវជន​បាន​ដោយជោគជ័យ នៅ​ឆ្នាំ​១៩៦៦ ម៉ៅសេទុង​ក៏​បាន​ប្រកាស​ធ្វើ​បដិវត្តន៍​ថ្មី​មួយទៀត គឺ “បដិវត្តន៍​វប្បធម៌” ក្នុងគោលដៅ​​លុបបំបាត់​វប្បធម៌​ចាស់គំរិល ព្រមទាំង​គំនិត​សក្តិភូមិនិង​និយម​បរទេស​ ដែល​លោក​អះអាង​ថា កំពុងតែ​ចាក់ឫស​យ៉ាងជ្រៅ​នៅ​​តាម​សាលារៀន នៅ​ក្នុង​សង្គម ​ ក៏ដូចជា​​នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនិស្ត​​នៅ​ពេលនោះ។

ចាប់ពី​ឆ្នាំ​១៩៦៦ សាលារៀន​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ត្រូវ​បិទទ្វារ​ ហើយ​យុទ្ធនាការ​បោសសម្អាត​ផ្ទៃក្នុង​​បាន​ចាប់ផ្តើម​ឡើង​នៅ​ទូទាំង​ប្រទេស។ លោក​​ លីវ ស្ហាវឈី ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​ប្រធានាធិបតី ហើយ​យក​ទៅ​ឃុំឃាំង ព្រមទាំង​ធ្វើ​ទារុណកម្ម រហូត​ត្រូវ​ស្លាប់​នៅ​ក្នុង​គុក នៅ​ឆ្នាំ​១៩៦៩។ លោក​ តេង ស៊ាវពីង​វិញ ត្រូវ​បាន​គេនិរទេស​​ឲ្យ​ទៅ​រស់នៅ​ធ្វើ​ជា​កសិករ “ដើម្បី​លត់ដំកែប្រែខ្លួន” នៅ​តំបន់​ដាច់ស្រយាល​ប៉ែក​ខាង​ត្បូង​ប្រទេស​ចិន។

នៅ​ទូទាំង​ប្រទេស ក្រុមយុវជន ដែលគេ​ឲ្យឈ្មោះ​ថា “ឆ្មាំក្រហម” ត្រូវ​បាន​គេ​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​ធ្វើការ​ឆែកឆេរ​ផ្ទះសម្បែង​ប្រជាជន ដើម្បី​ស្វែងរក​​អ្នក​ដែល​គេ​គិត​ថា​មាន​គំនិត​ចាស់គំរិល គំនិត​សក្តិភូមិ គំនិត​រណប​បរទេស ឬ​អ្នក​ដែល​មាន​គំនិត​ប្រឆាំង​នឹង​ម៉ៅសេទុង។ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន ការផ្តល់​សិទ្ធិអំណាច​ហួសហេតុ​ដល់​ក្រុមយុវជន​នេះ បាន​បង្ក​​ជា​បញ្ហាធ្ងន់ធ្ងរ​ដល់​ម៉ៅសេទុង​ខ្លួនឯង ដោយ​ក្រុម “ឆ្មាំក្រហម” មាន​ការបែងចែក​ជា​បក្ស​ជាក្រុម ហើយ​ធ្វើការ​ប្រជែងគ្នា​ទៅវិញ​ទៅមក បង្កើត​ទៅជា​​អនាធិបតេយ្យ​ គ្រប់គ្រង​លែង​បាន។

នៅ​ពាក់កណ្តាល​ឆ្នាំ​១៩៦៨ នៅ​ពេល​មើលឃើញ​ភាព​ចលាចល​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ ស្ទើរតែ​រាលដាល​ទៅ​ជា​សង្រ្គាម​ស៊ីវិល ម៉ៅសេទុង​ក៏​បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព​ចេញ​បង្រ្កាប​ក្រុម “ឆ្មាំក្រហម”។ នៅពេលនោះ គឺ​​​​ក្រុមយុវជន “ឆ្មាំក្រហម” ខ្លួនឯង​វិញម្តង ដែល​ត្រូវ​បាន​គេ​​បញ្ជូន​ឲ្យ​ទៅរស់នៅ​ធ្វើការ​នៅតាម​ទី​ជនបទ ដើម្បី​ធ្វើការ​លត់ដំ​កែប្រែ​។
 

សេនាប្រមុខ លីន ពៀវ មនុស្សជំនិត​ដែល​ក្លាយ​ជា​គូសត្រូវ​របស់​ម៉ៅសេទុង
សេនាប្រមុខ លីន ពៀវ មនុស្សជំនិត​ដែល​ក្លាយ​ជា​គូសត្រូវ​របស់​ម៉ៅសេទុង

ការ​បង្រ្កាប និង​ការ​បោសសម្អាត​ផ្ទៃក្នុង​គ្នា​ឯង​នេះ​មិនបាន​កើតឡើង​តែ​ទៅលើ​ក្រុម​យុវជន “ឆ្មាំក្រហម”​នេះ​ទេ ក៏ប៉ុន្តែ បន្តិចម្តងៗ វា​បានរាលដាល​ទៅដល់​ជួរថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ខ្លួនឯង​ផ្ទាល់។ ចាប់ពី​ឆ្នាំ​១៩៧០ ជួរ​ថ្នាក់ដឹកនាំ​កំពូល​នៃ​បក្ស​កុម្មុយនិស្ត​ចិន​ត្រូវ​បាន​បែកជាពីរ រវាង​ម្ខាង​ក្រុម​អ្នក​ស្និទ្ធិ​នឹង​ម៉ៅសេទុង និង​ម្ខាងទៀត​ក្រុម​អ្នក​ស្និទ្ធិ​នឹង​ លីន ពៀវ រដ្ឋមន្រ្តី​ការពារជាតិ​និង​ជា​អតីត​មនុស្ស​ជំនិត​របស់​ម៉ៅសេទុងផ្ទាល់។

នៅ​ឆ្នាំ​១៩៧១ ក្រោយ​ពី​រងការ​​​ចោទប្រកាន់​ថា​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ម៉ៅសេទុង លីន ពៀវ ព្រមទាំង​ក្រុម​គ្រួសារ​ក៏​​បាន​រត់ភៀសខ្លួន​តាម​យន្តហោះ សំដៅ​ទៅ​សុំ​សិទ្ធិ​ជ្រកកោន នៅ​សហភាព​សូវៀត ក៏ប៉ុន្តែ យន្តហោះរបស់​លោក​ត្រូវ​ធ្លាក់​នៅ​​​ក្នុង​ប្រទេស​ម៉ុងហ្គោលី សម្លាប់​មនុស្ស​ទាំងអស់​ដែល​នៅលើ​នោះ។

ក្រោយ​ការ​ស្លាប់​របស់ លីន ពៀវ អំណាច​របស់​ម៉ៅសេទុង​បាន​កើនឡើង​កាន់តែ​ខ្លាំង ហើយ​បដិវត្តន៍​វប្បធម៌​បាន​បន្ត​ធ្វើ​រហូត​ដល់​ពេល​ដែល​ម៉ៅសេទុង​ទទួល​មរណភាព នៅ​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​១៩៧៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI