អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

១០ឆ្នាំ​នៃ​ប្រតិបត្តិការ​តាមប្រមាញ់​ប៊ិនឡាដិន

សំឡេង ០៨:១០
អូសាម៉ា ប៊ិនឡាដិន នៅ​ក្នុង​បញ្ជីឈ្មោះ​ជន​ដែល​ប៉ូលិស​អាមេរិក​តាមរកមុខជាងគេ
អូសាម៉ា ប៊ិនឡាដិន នៅ​ក្នុង​បញ្ជីឈ្មោះ​ជន​ដែល​ប៉ូលិស​អាមេរិក​តាមរកមុខជាងគេ
ដោយ៖ សេង ឌីណា

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ​ សេង ឌីណា សូម​លើកឡើង អំពី​ប្រតិបត្តិការ​តាម​ប្រមាញ់​មេភរវជន អូសាម៉ា ប៊ិនឡាដិន នៅ​ក្រោយ​ភេរវកម្ម​ថ្ងៃ១១កញ្ញា​ឆ្នាំ​២០០១។ ប្រតិបត្តិការ​ដែល​ត្រូវ​ចំណាយ​ពេលរហូតដល់​ទៅ ១០ឆ្នាំ។

ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​ភេរវកម្ម​ ១១កញ្ញា ឆ្នាំ​២០០១ អូសាម៉ា ប៊ិនឡាដិន បាន​ក្លាយ​ជា​មេភេរវជន​ ដែល​ត្រូវ​បាន​គេ​តាម​ប្រមាញ់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ អាមេរិក​បាន​​ប្រកាស​ផ្តល់​រង្វាន់​រហូត​ដល់​ទៅ ២៥លាន​ដុល្លារ ដល់​អ្នក​ដែល​ផ្តល់​ព័ត៌មាន ដែល​អាច​ឈាន​ទៅ​ចាប់ខ្លួន​ប៊ិនឡាដិន។ អាមេរិក​លើកទ័ព​ចូល​ឈ្លានពាន​ប្រទេស​ដល់​ទៅ២ គឺ​អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ាក់ ដោយ​បាន​ចំណាយ​លុយ​រាប់ពាន់​លាន​ដុល្លារ។

ក៏ប៉ុន្តែ ប្រមាណ​ជា ១០ឆ្នាំ​ក្រោយ​ ប៊ិនឡាដិន​នៅតែ​​មិនត្រូវ​បាន​គេ​រកឃើញ ហើយ​សូម្បីតែ​ប៊ិនឡាដិន​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​ណា​នោះ ក៏​គេ​មិនទាំង​អាច​ដឹង​ឲ្យ​បាន​ពិតប្រាកដផង ដោយ​ព័ត៌មាន​ខ្លះ​ថា នៅ​អាហ្វហ្កានីស្ថាន, ខ្លះ​ថា នៅ​ប៉ាគីស្ថាន រហូត​មាន​ខ្លះទៀត​ថា នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ នៅ​ក្នុង​អំឡុង​ពេលនោះ អាល់កៃដា​នៅតែ​បន្ត​រៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​ទៅលើ​ប្រទេស​លោកខាងលិច រួមមាន​ដូចជា ភេរវកម្ម​នៅ​បាលី (ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០០២), នៅ​​ទីក្រុង​ម៉ាឌ្រីដ (​អេស្ប៉ាញ ឆ្នាំ២០០៤) និង​នៅ​ទីក្រុង​ឡុងដ៍ (ប្រទេស​អង់គ្លេស ឆ្នាំ​២០០៥) ជាដើម។

នៅ​ក្នុង​ប្រតិបត្តិការ​តាមប្រមាញ់​ប៊ិនឡាដិន អាមេរិក​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដ៏ទំនើប​បំផុត​​ដែល​ខ្លួន​មាន រួមទាំង​ផ្កាយរណប និងយន្តហោះ​​ឈ្លបយកការណ៍ ហើយ​​ជាពិសេស​ គឺ​ប្រព័ន្ធ​អេឡិចត្រូនិច​ដ៏ទំនើប​ក្នុងការ​លួច​តាមដាន​ការ​ទាក់ទង​តាម​ប្រព័ន្ធ​ទូរស័ព្ទ និង​អ៊ីនធ័រនែត។ ក៏ប៉ុន្តែ បញ្ហា​ដែល​ចោទ គឺ​នៅត្រង់​ថា ប៊ិនឡាដិន​ ដែល​ដឹង​ពី​តាក់ទិក​អាមេរិក បាន​ចៀសវាង​ដាច់ខាត​មិន​ប្រើ​ទូរស័ព្ទ ឬ​អ៊ីនធ័រនែត ហើយ​​ប្រើ​មធ្យោបាយ​ទាក់ទង​​ដ៏ចាស់គំរិល​មួយ​ គឺ​អ្នក​នាំសារ។
 

អ្នកនាំសារ​នេះ​ហើយ ដែល​ក្រុមការងារ​របស់​សេអ៊ីអា​យក​ធ្វើ​ជា​​អាទិភាព​មួយ នៅ​ក្នុង​តាមរក​ប៊ិនឡាដិន ហើយ​នៅ​ឆ្នាំ២០០៤ តម្រ៉ុយ​ដ៏សំខាន់​មួយ​ក៏​បាន​លេចឡើង​ទាក់ទង​នឹង​អ្នក​នាំសារ​របស់​ប៊ិនឡាដិន។

នៅ​ហ្គ័នតាណាម៉ូ ទីតាំង​ដែល​អាមេរិក​ជួល​ពី​គុយបា​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ទ័ព​ជើងទឹក ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ធ្វើ​ជា​ជំរំ​ឃុំឃាំង​ភេរវជន ដែល​គេ​ចាប់ខ្លួន​ពី​បរទេស ជាពិសេស គឺ​សមាជិក​ក្រុម​អាល់កៃដា។ នៅ​ក្នុងការ​សួរចម្លើយ​អ្នក​ទោស​នៅ​ហ្គ័នតាណាម៉ូ​នេះ មាន​ឈ្មោះ​មនុស្ស​ម្នាក់ គឺ​ “អាល់កូវ៉ែទី” ដែល​គេ​តែងតែ​លេចឮ​ញឹកញាប់​ជាងគេ រហូត​ធ្វើ​ឲ្យ​ក្រុមការងារ​សេអ៊ីអា​មាន​ការ​សង្ស័យ​ថា “អាល់កូវ៉ែទី​” នេះ គឺ​ជា​មនុស្ស​សំខាន់ នៅ​ក្នុង​រចនាសម្ព័ន្ធ​របស់​អាល់កៃដា ហើយ​ប្រហែល​ជា​មាន​ជាប់ទាក់ទង​ជិតដិត​ជាមួយ​នឹង​ប៊ិនឡាដិន ឬ​មួយ​ក៏​ជា​ឈ្មោះ​សម្ងាត់​របស់​ប៊ិនឡាដិន​ផងក៏​អាច​ថាបាន។ “អាល់កូវ៉ែទី” ក៏បានក្លាយ​ទៅជា​អាទិភាព​ដ៏ធំមួយ​របស់​ក្រុមការងារ​សេអ៊ីអា ទទួលបន្ទុក​តាមរក​ប៊ិនឡាដិន ក៏ប៉ុន្តែ ជាច្រើន​ខែ​ក្រោយមក “អាល់កូវ៉ែទី” នៅត្រឹមតែជាឈ្មោះ ដោយ​មិនអាច​កំណត់​អត្តសញ្ញាណ​បាន​ថា​ជាអ្នកណាពិតប្រាកដ។

ឆ្នាំ២០០៨ លោក​អូបាម៉ា​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ជាមួយ​នឹង​ការសន្យា​ថា លោក​នឹង​ធ្វើអ្វីៗគ្រប់យ៉ាង​តាមដែល​អាច​ធ្វើ​ទៅបាន ដើម្បី​រកប៊ិនឡាដិន​ឲ្យ​ទាល់តែឃើញ​។ លោក​អូបាម៉ា​បាន​ដាក់បញ្ជា​ឲ្យ​សេអ៊ីអា​យក​ការ​ប្រមាញ់​ប៊ិនឡាដិន​ធ្វើ​ជា​អាទិភាព​ទី១ ហើយ​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ក៏​បាន​ដាក់​សម្ពាធ​យ៉ាងខ្លាំង​ផងដែរ​ទៅលើ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ឲ្យ​សហការ​ក្នុងការ​តាមរក​ប៊ិនឡាដិន។

នៅ​ពេលនោះ ប៉ាគីស្ថាន​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​របស់​អាមេរិក​ ដោយ​ក្នុងមួយឆ្នាំៗ ប៉ាគីស្ថាន​បាន​ទទួល​ជំនួយ​រាប់ពាន់លាន​ដុល្លារ​ពីអាមេរិក ជាពិសេស ជំនួយ​ខាង​ផ្នែក​យោធា ដើម្បី​ធ្វើ​ជាថ្នូរ​ក្នុងការ​ជួយ​អាមេរិក​ក្នុងសង្រ្គាម​ប្រឆាំង​នឹង​ភេរវកម្ម។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា អាមេរិក​សង្ស័យ​ថា ប៉ាគីស្ថាន​ខ្វះភាព​ស្មោះត្រង់ ដោយដៃម្ខាង​យក​លុយ​ពី​អាមេរិក ឯដៃ​ម្ខាង​ទៀត​លួច​ជួយ​ក្រុម​ភេរវជន​ដោយ​សម្ងាត់ ឬ​យ៉ាងហោចណាស់ មិនជួយសហការ​ដោយ​ពេញដៃ​ពេញជើង ក្នុងការ​តាមរក​ប៊ិនឡាដិន។

សម្ពាធ​ពី​លោក​អូបាម៉ា​បាន​ធ្វើ​ឲ្យ​ប៉ាគីស្ថានផ្លាស់ប្តូរ​ជំហរ ដោយ​ទីភ្នាក់ងារ​ចារកិច្ច​ប៉ាគីស្ថាន​ចាប់ផ្តើម​ចែករំលែក​ព័ត៌មាន​សម្ងាត់​ច្រើន​ជាងមុន ទាក់ទង​នឹង​ក្រុមភេរវជន ជាពិសេស បាន​ផ្តល់​បញ្ជី​​លេខទូរស័ព្ទ​ចំនួន​រាប់រយលេខ​​ ដែល​​​គេ​សង្ស័យ​ថា​មាន​ជាប់ពាក់ព័ន្ធ​នឹង​​អាល់កៃដា។ តាមរយៈ​ការ​លួចស្តាប់​លេខទូរស័ព្ទ​អស់ទាំងនេះ​ហើយ ដែល​សេអ៊ីអា​អាច​កំណត់​មុខសញ្ញា​ “អាល់កូវ៉ែទី” ដែល​កំពុងរស់​នៅ​ក្នុងប្រទេស​ប៉ាគីស្ថាន ហើយ​ដែលគេ​សង្ស័យ​ថា​ជា​អ្នកនាំសារ​ដ៏ជំនិត​បំផុត​របស់​ប៊ិនឡាដិន។

ចាប់ពីខែ​សីហា​ឆ្នាំ២០១០ សេអ៊ីអា​បាន​ផ្តោត​ធនធាន​ទាំងអស់​ដែល​ខ្លួន​មាន រាប់ចាប់តាំង​ពី​ផ្កាយរណប រហូតដល់​ដ្រូនឈ្លបយកការណ៍ដ៏ទំនើប​បំផុត​ដែល​ខ្លួនមាន ដើម្បី​តាម​ឃ្លាំមើល​សកម្មភាពរបស់​អាល់កូវ៉ែទី។

ថ្ងៃមួយ អាល់កូវ៉ែទី​បើកឡាន​ចេញ​ពីផ្ទះ ក្នុង​ដំណើរ​ផ្លូវឆ្ងាយ ក្រោម​ការ​ឃ្លាំមើល​ពីលើ​ដោយ​ផ្កាយរណប និង​ដ្រូន​ឈ្លបយកការណ៍​របស់​អាមេរិក។ នៅពេលនោះ សេអ៊ីអា​រំពឹង​ថា អាល់កូវ៉ែទី​អាច​នឹង​នាំផ្លូវ​ទៅដល់​កន្លែង​លាក់​ខ្លួន​របស់​ប៊ិនឡាដិន ដែល​គេ​សង្ស័យ​ថា ប្រហែល​ជា​នៅ​ក្នុង​តំបន់​ព្រំដែន រវាង​ប្រទេស​ប៉ាគីស្ថាន និង​អាហ្វហ្កានីស្ថាន។ ក៏ប៉ុន្តែ ខុសពីការ​រំពឹងទុក ពេល​មកដល់​ផ្លូវបំបែក ឡាន​របស់​អាល់កូវ៉ែទី​មិនបើក​សំដៅ​ទៅព្រំដែន តែ​បើក​ក្នុងទិសផ្ទុយ​ទៅវិញ គឺ​សំដៅ​ទៅ​ទីក្រុង​អាបូតាបាដ ដែល​នៅមិនឆ្ងាយ​ប៉ុន្មាន​ពី​ រដ្ឋធានី​អ៊ីស្លាម៉ាបាដ។
 

អាល់កូវ៉ែទី​បើក​ឡាន​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ ដែល​គេ​មើល​មួយភ្លែត​មាន​លក្ខណៈ​សាមញ្ញ​ធម្មតា ក៏ប៉ុន្តែ ក្រោយ​ពី​តាមឃ្លាំមើល​យ៉ាងដិតដល់ ទាំង​តាម​រយៈ​ផ្កាយរណប និង​ដ្រូនឈ្លបយកការណ៍ និង​ទាំង​ការ​ដាក់​ពង្រាយ​ភ្នាក់ងារ​ចារកិច្ច​ឲ្យ​បន្លំ​ខ្លួន​ជា​ប្រជាជន​សាមញ្ញ​ធម្មតា​ទៅ​រស់នៅ​ជុំវិញផ្ទះនេះ ​សេអ៊ីអា ក៏បាន​សន្និដ្ឋាន​ថា អ្នក​ដែលរស់​នៅ​ក្នុង​ផ្ទះ​នេះ ​ប្រាកដ​​ជា​ឥស្សរជន​ជាន់ខ្ពស់​របស់​អាល់កៃដា ក៏ប៉ុន្តែ ទោះជាយ៉ាងណា​ គេ​នៅតែ​មិនទាន់​មាន​ភស្តុតាងដែល​អាច​បញ្ជាក់​​ច្បាស់លាស់ថា​ជា​ប៊ិនឡាដិន។

នៅ​ក្នុងពេល​ដែល​សេអ៊ីអា​បន្ត​តាមរក​ភស្តុតាង​ ដើម្បី​បញ្ជាក់​ពី​វត្តមាន​របស់​ប៊ិនឡាដិន នៅ​អាបូតាបាដ នៅ​ឯ​សេតវិមាន​ឯណោះវិញ លោក​អូបាម៉ា​បាន​កោះប្រជុំ​សម្ងាត់​នូវ​មន្រ្តី​ជំនិតៗ ដើម្បី​ជជែក​អំពី​​ចំណាត់ការ​បន្ត។ សេណារីយ៉ូ​ចំនួន ៣​ ត្រូវ​បាន​លើកឡើង។

ទីមួយ គឺ​សហការ​ជាមួយ​ប៉ាគីស្ថាន ក៏​ប៉ុន្តែ សេណារីយ៉ូ​នេះ​ត្រូវ​បាន​ច្រានចោល​ភ្លាមៗ ដោយសារ​តែ​គេ​មិនទុកចិត្តអាជ្ញាធរ​ប៉ាគីស្ថាន។ សេណារីយ៉ូ​ទី២ គឺ​ការ​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែកបំបាំងកាយ ធុន B-2 ឬ​មីស៊ីល​បណ្តែត ដើម្បី​វាយប្រហារ​ទៅលើ​ផ្ទះ​របស់​ប៊ិនឡាដិន។ ក៏ប៉ុន្តែ សេរីយ៉ូ​ទី២​​ក៏​ត្រូវ​បាន​ច្រានចោល ដោយសារ​តែ​បារម្ភ​ខ្លាច​មាន​ស្លាប់​ជនស៊ីវិល​ដែល​នៅ​ក្បែរខាង និង​ម្យ៉ាងទៀត គឺ​ខ្លាច​សាកសព​ប៊ិនឡាដិន​ត្រូវ​ខ្ទេចខ្ទី​ទាំងស្រុង លែង​មាន​ភស្តុតាង​សម្រាប់​ប្រាប់​សាធារណជន។ សេណារីយ៉ូ​ទី៣ ដែល​លោក​អូបាម៉ា​សម្រេច​ជ្រើសរើស​យក គឺបញ្ជូន​កង​កុម្ម៉ង់ដូ​ពិសេស​ឲ្យ​លួចចូល​ទៅ​ធ្វើការ​វាយប្រហារ​លើ​ផ្ទះ​នៅ​អាបូតាបាដ ដោយ​មិន​ឲ្យ​អាជ្ញាធរ​ប៉ាគីស្ថានដឹងជាមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ