អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

ការផុងខ្លួន​របស់​អាមេរិក​នៅ​អ៊ីរ៉ាក់

សំឡេង ០៧:១៦
កងទ័ព​អាមេរិក​ពេលចូលកាន់កាប់​​រដ្ឋធានី​បាកដាដ ប្រទេស​អ៊ីរ៉ាក់ នៅ​ឆ្នាំ២០០៣
កងទ័ព​អាមេរិក​ពេលចូលកាន់កាប់​​រដ្ឋធានី​បាកដាដ ប្រទេស​អ៊ីរ៉ាក់ នៅ​ឆ្នាំ២០០៣
ដោយ៖ សេង ឌីណា
៣៣ នាទី

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមលើកឡើង អំពី​ការ​ជាប់ផុងខ្លួន​របស់​អាមេរិក​នៅ​អ៊ីរ៉ាក់ ក្រោយ​ការ​ឈ្លានពាន​ផ្តួលរំលំ​របបដឹកនាំ​សាដាមហ៊ូសេន នៅ​ឆ្នាំ​២០០៣។

ផ្សាយពាណិជ្ជកម្ម

នៅយប់ថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ២០០៣ លោក​ចច ដាបិលយូ ប៊ូស បាន​ធ្វើ​​ថ្លែងការណ៍មួយ​​​ចេញ​ពី​ការិយាល័យ​ក្នុង​សេតវិមាន​ ដោយ​បាន​ប្រកាស​ថា លោក​បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​បើក​ការ​វាយប្រហារ​ទៅលើ​អ៊ីរ៉ាក់ ដើម្បី​ផ្តួលរំលំ​របបផ្តាច់ការ​សាដាមហ៊ូសេន “ដែលកំពុងតែ​បង្ក​ការ​គំរាមកំហែង​ដល់​សុខសន្តិភាព​តាមរយៈអាវុធ​ប្រល័យលោក”។

គ្រាន់តែ​លោក​ប៊ូស​ធ្វើ​សេចក្តីថ្លែងការណ៍​ចប់ភ្លាម កងទ័ព​ជើងគោក​អាមេរិក​បាន​ចាប់ផ្តើម​ឆ្លងព្រំដែន​​ពី​ប្រទេស​កូវ៉ែត វាយលុក​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ក្នុងពេលដែល​​យន្តហោះ​ចម្បាំងអាមេរិក​បាន​ចាប់ផ្តើម​ទម្លាក់គ្រាប់បែក​​លើ​ទីក្រុង​បាកដាដ​ តាំង​ពី​ជិតមួយ​ម៉ោងមុន​មកម៉្លេះ។

ត្រឹមតែ​ប្រមាណ​ជា​៣សប្តាហ៍​ក្រោយ​មក កងទ័ព​អាមេរិក​បាន​វាយលុក​ចូល​កាន់កាប់​រដ្ឋធានី​បាកដាដ, របបដឹកនាំ​សាដាមហ៊ូសេន​ត្រូវ​ដួលរលំ, សាដាមហ៊ូសេន​ផ្ទាល់​បាន​រត់គេចខ្លួន ហើយ​នៅថ្ងៃ​ទី១ ខែឧសភា លោក​ប៊ូស​បាន​ចេញមុខ​ប្រកាស​ជោគជ័យ ហើយ​បិទបញ្ចប់​ប្រតិបត្តិការ​យោធា​នៅ​អ៊ីរ៉ាក់។ ក៏ប៉ុន្តែ តាមការពិត​ដំណើរផ្សងព្រេង​ដ៏សែនស្មុគស្មាញ​របស់​កងទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់​ទើប​តែ​នឹង​ចាប់ផ្តើម​ប៉ុណ្ណោះ។

ជាការពិត​ថា របបដឹកនាំ​សាដាមហ៊ូសេន​ត្រូវ​ដួលរលំ​ទៅតាម​ការ​ចង់​បាន​របស់លោក​ប៊ូស ក៏ប៉ុន្តែ អ្វី​ដែល​កើតឡើង​ជា​បន្តបន្ទាប់​មកទៀត គឺ​ភាព​អនាធិបតេយ្យ និង​សង្រ្គាម​រ៉ាំរ៉ៃ​ជាមួយ​នឹ​ងចលនា​បះបោរ​ប្រដាប់អាវុធ​អ៊ីរ៉ាក់ ដែល​អូសបន្លាយ​ពេល​ជាង​១០ឆ្នាំ រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន​ក៏​នៅតែ​មិន​ទាន់​ត្រូវ​បញ្ចប់​នៅឡើយ។
 

តាមការពិត នៅ​ក្នុង​ការ​សិក្សា​ស៊ើបអង្កេត​ក្រោយៗ​មកទៀត គេ​បាន​រកឃើញ​ថា នៅ​ពេល​ដែល​អាមេរិក​ចូល​ឈ្លានពាន​អ៊ីរ៉ាក់ លោក​ប៊ូស​មាន​គម្រោងការណ៍​ត្រឹមតែ​ផ្តួលរំលំ​សាដាមហ៊ូសេន​តែ​ប៉ុណ្ណោះ តែ​គ្មាន​ផែនការអ្វី​ពិតប្រាកដ នៅ​ក្នុង​ការ​ចាត់ចែង​ប្រទេស​អ៊ីរ៉ាក់ ក្រោយ​ការដួលរលំសាដាមហ៊ូសេន​នោះទេ។

ចំណុច​សំខាន់​មួយដែល​រដ្ឋការ​របស់​លោក​ប៊ូស​ហាក់ដូចជា​បាន​ខ្ជីខ្ជា​មិន​បាន​គិតគូរ​ឲ្យដិតដល់ គឺ​លក្ខណៈ​ពិសេស​នៃ​ប្រទេស​អ៊ីរ៉ាក់ ដែល​ជា​ប្រទេស​ពោរពេញ​ទៅដោយ​ការ​ប្រកាន់​បក្សពួក សហគមន៍ និង​និកាយ​សាសនា ជាពិសេស គឺ​ជម្លោះ រវាង​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត និង​ស៊ុននីត។

អ៊ីរ៉ាក់​គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ភាគច្រើន​កាន់​និកាយ​ស្ហ៊ីអ៊ីត ក៏ប៉ុន្តែ ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ក្រុមសាដាមហ៊ូសេន ដែល​មកពីនិកាយ​ស៊ុននីត ហើយ​អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ដែល​ពួក​ស្ហ៊ីអ៊ីតអ៊ីរ៉ាក់​ចងគំនុំ​ចិញ្ចឹមចិត្ត​រង់ចាំតែ​ឱកាស​សងសឹក​ទៅលើ​ពួក​ស៊ុននីត​។ ការដួលរលំ​នៃ​របបផ្តាច់ការ​សាដាមហ៊ូសេន​គឺជាការ​បើក​ផ្លូវ​​ឲ្យ​ផ្ទុះឡើង​នូវ​ជម្លោះ​សហគមន៍​ពី​ស្ទើរតែគ្រប់ទិស ហើយ​បូករួម​ជាមួយ​នឹងអសមត្ថភាព​របស់​អាមេរិក​ក្នុងការ​គ្រប់គ្រង​ប្រទេស​អ៊ីរ៉ាក់​ក្រោយ​សាដាមហ៊ូសេន​ផងនោះ ប្រទេស​អ៊ីរ៉ាក់​ក៏​ត្រូវ​ធ្លាក់​ទៅក្នុង​ភាព​អនាធិបតេយ្យ​។ ​ទាហាន​អាមេរិក ដែល​ពីដំបូង​​ត្រូវ​បាន​ទទួល​ស្វាគមន៍​ក្នុងនាម​ជា​កងទ័ព​រំដោះ ក៏​ត្រូវ​បាន​ប្រែក្លាយ​មុខមាត់​ទៅជា​កងទ័ព​អាណានិគម។

នៅ​វ៉ាស៊ីងតោន លោក​ប៊ូស​បាន​​សម្រេច​បញ្ជូន​​មន្រ្តី​ការទូត​ម្នាក់ គឺ​លោក ប៉ូល ប្រេម័រ (Paul Bremer) ឲ្យ​ទៅ​អ៊ីរ៉ាក់ ដើម្បី​ចាត់ចែង​ប្រទេស​​ឲ្យ​មាន​សណ្តាប់ធ្នាប់ និង​ទាញ​អ៊ីរ៉ាក់​ឲ្យ​ចេញ​ផុត​ពី​ភាព​អនាធិបតេយ្យ។

នៅខែ​ឧសភា​ឆ្នាំ​២០០៣ លោក​ប៉ូល ប្រេម័រ បាន​ធ្វើ​ដំណើរទៅដល់​ប្រទេស​អ៊ីរ៉ាក់ ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​បាន​ចេញ​សេចក្តីសម្រេច​ចំនួន២ ដែល​ជា​សេចក្តីសម្រេច​ពីរដំបូងគេ​បង្អស់​ក្នុងឋានៈ​​ជា​​​ប្រមុខអាជ្ញាធរ​បណ្តោះអាសន្ន​ ហើយ​ជា​សេចក្តីសម្រេច​ដែល​ត្រូវ​បាន​ប្រវត្តិសាស្រ្ត​ចារទុក​ថា​ជា​កំហុសឆ្គង​ដ៏ធំបំផុត ដែល​បង្ក​ឲ្យ​មាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

សេចក្តីសម្រេច​ទី១ គឺ​ការ​រំលាយ​គណបក្ស​បាត​របស់​សាដាមហ៊ូសេន ដោយ​ហាមឃាត់​សមាជិក​ទាំងអស់​មិន​ឲ្យ​កាន់​មុខងារ​សាធារណៈ។ សេចក្តីសម្រេច​ទី២ គឺ​ការ​រំសាយ​ចោលទាំងស្រុង​នូវ​កងទ័ព​ជាតិអ៊ីរ៉ាក់ ដែល​បន្សល់ទុក​តាំង​ពី​សម័យ​សាដាមហ៊ូសេន។ សេចក្តីសម្រេច​ទាំងពីរ​នេះ​ត្រូវ​បាន​ធ្វើឡើង ក្នុងគោលដៅ​គាស់រំលើងចោលទាំងស្រុង​នូវ​អំណាច​ និង​ឥទ្ធិពល​របស់​សាដាមហ៊ូសេន និង​បក្ស​ពួក ដើម្បី​កុំ​ឲ្យ​ពួកគេ​បង្ក​ការគំរាមកំហែង​ដល់​អំណាច​នៃ​រដ្ឋាភិបាល​ថ្មី​។ ក៏ប៉ុន្តែ លទ្ធផល គឺ​បញ្ច្រាស​ពី​អ្វី​ដែល​គេ​ចង់បាន។

សមាជិក​គណបក្ស​បាត​របស់​សាដាមហ៊ូសេន ដែល​ភាគច្រើន​ជា​អ្នក​មាន​ចំណេះដឹង និង​បទពិសោធន៍​ក្នុង​កិច្ចការ​សាធារណៈ​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ការងារ។ ទាហាន​អ៊ីរ៉ាក់ ដែល​សុទ្ធសឹង​ជា​យុវជន​ពេញកម្លាំង ហើយ​ទទួលបាន​ការហ្វឹកហ្វឺន​ខ្ពស់​ពី​សម័យ​សាដាមហ៊ូសេន​ក៏​ត្រូវ​បានគេ​រំសាយ​ចោល។ ទាំងអស់​នេះបាន​ធ្វើ​ឲ្យ​អ៊ីរ៉ាក់​ត្រូវ​បាត់បង់​ធនធានមនុស្ស​ដ៏មាន​តម្លៃ នៅ​ក្នុង​ការ​ស្តារឡើងវិញ​នូវ​សណ្តាប់ធ្នាប់ សន្តិសុខ និង​សេវាសាធារណៈ។

ជាងនេះ​​ទៅទៀត ការ​បណ្តេញ​​មន្រ្តី​សាធារណៈ និង​ទាហាន​ដែល​សុទ្ធសឹង​ជា​​អ្នក​មក​ពី​និកាយ​​ស៊ុននីត គឺ​ជា​​ការ​រុញច្រាន​ពួកគេ​ឲ្យ​ក្លាយ​ទៅ​ជា​ចលនា​បះបោរ ប្រឆាំង​នឹង​អាមេរិក ក៏ដូចជា ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្មី ដែល​គ្រប់គ្រង​ដោយ​ពួក​ស្ហ៊ីអ៊ីត ហើយ​ធ្វើ​ឲ្យ​អ៊ីរ៉ាក់​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្រ្គាម​ស៊ីវិល​រ៉ាំរ៉ៃ បាត់បង់​ទាំង​ស្រុង​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ និង​ជាពិសេស ​បាត់បង់​ឯកភាព​ជាតិ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​។

អ្នក​ប្រវត្តិសាស្រ្ត​ជាច្រើន​យល់ថា គឺ​ដោយសារ​តែ​ការ​ឈ្លានពាន​របស់​អាមេរិក និង​ការ​រំសាយកងទ័ព​ជាតិ​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០០៣​នេះ​ហើយ ដែល​ជា​ដើមហេតុ​ដ៏សំខាន់​មួយ ដែលនាំ​ឲ្យ​មាន​ការ​កកើត​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​អ៊ីរ៉ាក់ និង​ស៊ីរី ហើយ​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិសុខ​អន្តរជាតិ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ