ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាម​អ៊ីរ៉ាក់​ឆ្នាំ២០០៣

សំឡេង ០៨:១១

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​សង្រ្គាម​អ៊ីរ៉ាក់ នៅ​ឆ្នាំ​២០០៣។ បន្ទាប់​ពី​សង្រ្គាម​ឈូងសមុទ្រ​ពែក្ស ឆ្នាំ​១៩៩១ អាមេរិក​លើកទ័ព​ចូល​ឈ្លានពាន​អ៊ីរ៉ាក់​សាជាថ្មី ដោយលើកនេះ អាមេរិក​ដាក់ចេញ​នូវ​គោលដៅ​យ៉ាងច្បាស់លាស់ គឺ​ផ្តួលរំលំ​របបដឹកនាំ​សាដាមហ៊ូសេន។

ផ្សាយពាណិជ្ជកម្ម

នៅខែ​តុលា​ឆ្នាំ​២០០១ មួយខែក្រោយ​ភេរវកម្ម​នៅ​ទីក្រុង​ញូវយ៉ក និង​វ៉ាស៊ីងតោន អាមេរិក​បញ្ជូន​កងទ័ព​ចូល​ឈ្លានពាន​ប្រទេស​អាហ្វហ្កានីស្ថាន ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​តាលីបង់ និង​កម្ទេច​ទីជម្រក​របស់​ពួក​អាល់កៃដា។ ១ឆ្នាំកន្លះក្រោយ​មក នៅ​ខែមីនា ឆ្នាំ​២០០៣ អាមេរិក​បាន​លើកទ័ព​ចូល​ឈ្លានពាន​ប្រទេស​មួយទៀត គឺ​អ៊ីរ៉ាក់។

តាមការពិត តាំង​ពី​យប់ថ្ងៃ​ទី១១​កញ្ញា​២០០១ នៅពេលដែល​ភ្លើង​នៅ​អគារ World Trade Center និង​នៅ​មន្ទីរ​ប៉ង់តាហ្គោន​នៅ​មិនទាន់​ពន្លត់​អស់ ហើយ​ការស៊ើបអង្កេត​នៅមិនទាន់​បាន​កំណត់​មុខសញ្ញា​នៃ​អ្នក​ទទួលខុសត្រូវ​ពិតប្រាកដ​នៅឡើយ គំនិត​ធ្វើ​សង្រ្គាម​ទម្លាក់របបសាដាមហ៊ូសេន​នៅ​អ៊ីរ៉ាក់​បាន​ចាប់ផ្តើម​ដុះឡើងភ្លាមរួចទៅហើយ នៅ​ក្នុង​រដ្ឋការ​របស់​លោក​ប៊ូស។ គេ​គួរ​និយាយ​ថា សង្រ្គាម​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០០៣ ថ្វីដ្បិត​តែ​កើតឡើង ក្រោយ​ភេរវកម្ម​១១កញ្ញា ក៏ប៉ុន្តែ ឫសគល់​ពិតប្រាកដ គឺ​មាន​តាំង​ពី​សង្រ្គាម​អ៊ីរ៉ាក់​លើកទី១ គឺ​សង្រ្គាម​ឈូងសមុទ្រ​ពែក្ស ឆ្នាំ​១៩៩១។

នៅ​ឆ្នាំ​១៩៩១ ក្រោយ​ពី​អ៊ីរ៉ាក់​លើកទ័ព​ចូល​ឈ្លានពាន​កូវ៉ែត អាមេរិក​បាន​បញ្ជូន​ទ័ព​​ចូល​ទៅធ្វើ​សង្រ្គាម​នៅ​ឈូងសមុទ្រ​ពែក្ស ដើម្បី​ជួយ​រំដោះ​កូវ៉ែត។ កងទ័ព​អាមេរិក​បាន​​វាយបំបាក់​កងទ័ព​អ៊ីរ៉ាក់​ ក៏ប៉ុន្តែ បាន​សម្រេច​រក្សា​ទុក​សាដាមហ៊ូសេន​ឲ្យ​នៅ​បន្ត​កាន់​អំណាច​។ មិនយូរ​ប៉ុន្មាន​ក្រោយ​មក អាមេរិក​ក៏​បាន​ចាប់ផ្តើម​ស្តាយក្រោយ ហើយ​ចាប់ពី​ឆ្នាំ​១៩៩៨ ក្រោយ​ពី​សាដាមហ៊ូសេន​បណ្តេញ​ក្រុម​អធិការកិច្ច​​របស់​អ.ស.ប លែង​ឲ្យ​ត្រួតពិនិត្យ​មើល​កម្មវិធី​អាវុធ​ប្រល័យលោក​របស់​អ៊ីរ៉ាក់ អាមេរិក​ក៏​បាន​ចាប់ផ្តើមកំណត់​យក​ការ​ផ្តួលរំលំ​សាដាមហ៊ូសេន​ជាគោលដៅ​ចម្បងមួយ​នៃ​នយោបាយ​ការបរទេស​របស់ខ្លូន។

នៅ​ឆ្នាំ​២០០១ នៅពេលដែល​ក្រុម​អាល់កៃដា​វាយប្រហារ​លើ​ទីក្រុង​ញូវយ៉ក និង​វ៉ាស៊ីងតោន អាមេរិក​ស្ថិត​ក្រោម​ការដឹកនាំ​របស់​លោក​ចច ដាបិលយូ ​ប៊ូស ដែល​ជា​កូនប្រុស​បង្កើត​របស់​លោក​ចច ប៊ូស ប្រធានាធិបតី​អាមេរិក ក្នុង​សម័យ​សង្រ្គាម​ឈូងសមុទ្រ​ពែក្ស ហើយ​​មន្រ្តីកំពូលៗ​ដែល​នៅ​ជុំវិញ​លោក​ចច ដាបិលយូ ប៊ូស នៅ​ឆ្នាំ​២០០១ ក៏​សុទ្ធសឹងជា​អ្នក​ដែល​មាន​ជាប់ពាក់ព័ន្ធ​ដោយផ្ទាល់​នឹង​សង្រ្គាម​អ៊ីរ៉ាក់ កាល​ពីឆ្នាំ​១៩៩១៖ លោក​​ឌីក ឆេនី អនុប្រធានាធិបតី​ គឺ​ជាអតីត​រដ្ឋមន្រ្តី​ការពារជាតិ ហើយ​លោក​ខូលីន ផោវែល រដ្ឋមន្រ្តី​ការបរទេស គឺ​ជា​អតីត​នាយសេនាធិការចម្រុះ​កងទ័ព ចំណែក​​​លោក​ដូណាល់ រ៉ុមស្វែលដ៍ ដែល​ជា​រដ្ឋមន្រ្តី​ការពារជាតិ ធ្លាប់​​​ធ្វើ​ជា​​​ប្រេសិតពិសេសទៅកាន់អ៊ីរ៉ាក់។
 

និយាយ​ជារួម រដ្ឋាភិបាល​អាមេរិក​នៅ​ឆ្នាំ​២០០១ គឺ​ជា​រដ្ឋាភិបាល​ទីពីរ​នៃ​អាមេរិក​សម័យសង្រ្គាមឈូងសមុទ្រពែក្ស ហើយ​មេដឹកនាំ​រដ្ឋាភិបាល​​នេះ​ចង់​កែប្រែកំហុសឆ្គង ដែល​ពួកគេ​មិនបាន​ធ្វើ កាល​ពីឆ្នាំ​១៩៩១ គឺ​ផ្តួលរំលំ​របបដឹកនាំ​សាដាមហ៊ូសេន។

នៅ​យប់ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ​២០០១ លោក​ប្រធានាធិបតី​ប៊ូស​បាន​ដាក់​បញ្ជា​ដល់​ទីភ្នាក់ងារ​ចារកិច្ច​សេអ៊ីអា​ឲ្យ​ស្វែងរក​ភស្តុតាង​ដែល​អាច​ភ្ជាប់​សាដាមហ៊ូសេន ទៅនឹង​ភេរវកម្ម​នៅញូវយ៉ក និង​វ៉ាស៊ីងតោន។ នៅទីបំផុត ភស្តុតាង​ភ្ជាប់​សាដាមហ៊ូសេន ទៅនឹង​ភេរវកម្ម​១១កញ្ញា មិនត្រូវ​បាន​គេ​រកឃើញ តែ​លោកប៊ូស​នៅតែ​សម្រេច​ឈ្លានពាន​អ៊ីរ៉ាក់ ដោយ​ផ្អែក​លើ​ហេតុផល​ថ្មីមួយទៀត គឺ​ចោទ​សាដាមហ៊ូសេន​ថា​បាន ឬ​កំពុង​ផលិត​អាវុធ​ប្រល័យលោក។

នៅថ្ងៃ​ទី១២​ ខែ​កញ្ញា ឆ្នាំ​២០០២ មួយថ្ងៃ​ក្រោយ​ខួប​មួយ​ឆ្នាំ នៃ​ភេរវកម្ម​១១កញ្ញា លោក​ប៊ូស បាន​ឡើង​ថ្លែង​នៅ​ចំពោះ​មុខ​អង្គសន្និបាត​អ.ស.ប អំពី​គោលនយោបាយ​របស់​អាមេរិក​ប្រឆាំង​នឹង​របបសាដាមហ៊ូសេន ដោយ​លើក​ហេតុផល​ចម្បង​ទាក់ទង​នឹង​កម្មវិធី​អាវុធ​ប្រល័យលោក​របស់​អ៊ីរ៉ាក់។

នៅពេលនោះ អង់គ្លេស​បាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ​អាមេរិក ក៏ប៉ុន្តែ ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​​ដ៏សំខាន់​ពីរ​ទៀត គឺ​អាល្លឺម៉ង់ និង​បារាំង​បាន​ជំទាស់​នឹង​គម្រោង​ឈ្លានពាន​អ៊ីរ៉ាក់ ដោយ​បាន​ទាមទារ​ឲ្យ​បន្ត​ដោះស្រាយ​បញ្ហា​តាម​ផ្លូវទូត ជាពិសេស តាមរយៈ​ការ​បញ្ជូន​​ក្រុម​អធិការកិច្ចឲ្យ​ទៅ​ត្រួតពិនិត្យ​កម្មវិធី​អាវុធ​ប្រល័យលោក​របស់​អ៊ីរ៉ាក់។

ក្រោយ​ពី​មាន​ការ​ជជែកគ្នា​យ៉ាងតឹងតែង នៅ​ទីបំផុត ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​បាន​អនុម័ត​សេចក្តីសម្រេចមួយ (លេខ​១៤៤១) ចែងពី​ការ​បញ្ជូន​ក្រុម​អធិការកិច្ច​សព្វាវុធ​ឲ្យ​ទៅ​អ៊ីរ៉ាក់ ព្រមទាំង​បាន​ដាក់កាតព្វកិច្ច​តាមផ្លូវ​ច្បាប់​ឲ្យ​សាដាមហ៊ូសេន​គោរព​តាម​សេចក្តីសម្រេច​នេះ។ សាដាមហ៊ូសេន​គោរពតាម ដោយ​សុខចិត្ត​អនុញ្ញាត​ឲ្យមន្រ្តី​ទីភ្នាក់ងារ​ថាមពល​នុយបរមាណូ​អន្តរជាតិ​ចូល​ទៅ​ធ្វើ​អធិការកិច្ច​កម្មវិធី​សព្វាវុធ​របស់​អ៊ីរ៉ាក់ ហើយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០០៣ បេសកកម្ម​អធិការកិច្ច​អន្តរជាតិ​​ដឹកនាំ​ដោយ​លោក​ហាន ប្ល៊ីចស៍ (Hans Blix) និង​លោក​មហាម៉េដ អេលបារ៉ាដាយ (Mohamed ElBaradei)​ ត្រូវ​បាន​បញ្ចប់ ដោយ​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា “គេ​មិន​បាន​រកឃើញ​ភស្តុតាង​ ឬ​តម្រ៉ុយ​ជាក់លាក់​ណាមួយ ដែល​អាច​បញ្ជាក់ថា អ៊ីរ៉ាក់​កំពុង​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នោះទេ”។

បើទោះបីជា​យ៉ាងនេះ​ក៏ដោយ លោក​ប៊ូស​នៅតែ​មិនបោះបង់​គម្រោង​ចូល​ឈ្លានពាន​អ៊ីរ៉ាក់ ដោយ​បាន​បញ្ជូន​លោក​ខូលីន ផោវែល រដ្ឋមន្រ្តី​ការបរទេស​ឲ្យ​​​ទៅ​បញ្ចុះបញ្ចូល​ក្រុមប្រឹក្សា​សន្តិសុខ តាមរយៈ​ការ​បង្ហាញ​ភស្តុតាង​ដែល​សេអ៊ីអា​ប្រមូលបាន ហើយ​ដែល​អាមេរិក​អះអាង​ថា​ជា​ភស្តុតាងបញ្ជាក់​ពី​កម្មវិធី​អាវុធ​ប្រល័យលោក​របស់​សាដាមហ៊ូសេន។
 

លោក​ខូលីន ផោវែល (Colin Powell) រដ្ឋមន្រ្តី​ការបរទេស​អាមេរិក នៅពេល​ថ្លែង​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ២០០៣
លោក​ខូលីន ផោវែល (Colin Powell) រដ្ឋមន្រ្តី​ការបរទេស​អាមេរិក នៅពេល​ថ្លែង​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ២០០៣

ក្រោយ​ពី​បាន​ស្តាប់​បទបង្ហាញ​របស់​លោក​ខូលីន ផោវែល អាមេរិក រួមជាមួយ​នឹងអង់គ្លេស ​អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ ដាណឺម៉ាក អូស្រ្តាលី និង​ជប៉ុន បាន​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អនុម័ត​សេចក្តីសម្រេច​អនុញ្ញាត​ឲ្យ​ចូល​ឈ្លានពាន​អ៊ីរ៉ាក់ ក៏ប៉ុន្តែ រុស្ស៊ី រួមជាមួយ​នឹង​ប្រទេស​សមាជិក​អូតង់​ផ្សេងទៀត​រួមមាន បារាំង អាល្លឺម៉ង់ និង​កាណាដា បាន​ជំទាស់។ នៅទីបំផុត​ទៅ ដោយ​ត្រូវ​ប្រឈមមុខ​នឹង​វ៉េតូ​របស់​រុស្ស៊ី និង​បារាំង សេចក្តីសម្រេច​នេះ​ក៏​មិន​អាច​ចេញ​រួច។ រីឯ​នៅតាម​ដងផ្លូវវិញ ម​នុស្ស​ប្រមាណ​ពី ៦លាន ទៅ​១០លាននាក់ បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម នៅ​តាមទីក្រុង​ប្រមាណ​ជា ៨០០​នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រឆាំង​នឹង​ការ​ចូល​ឈ្លានពាន​អ៊ីរ៉ាក់។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ​ លោក​ប៊ូស​បាន​ចាប់ដៃគូ​ជាមួយ​នឹង​ប្រទេស​សម្ព័ន្ធមិត្ត​មួយ​ចំនួន ហើយ​បាន​លើកទ័ព​ចូល​ឈ្លានពាន​អ៊ីរ៉ាក់ ដោយ​គ្មាន​ការអនុញ្ញាត​​ពី​ក្រុមប្រឹក្សា​សន្តិសុខ​។ សង្រ្គាម​ដែល​រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ភាគច្រើន​លើសលុប​ចាត់ទុក​ថា​ជា​ការរំលោភ​ច្បាប់​អន្តរជាតិ។ អ្នក​ជំនាញ​ខ្លះ​ថែមទាំង​បាន​ចាត់ទុក​ការ​ឈ្លានពាន​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០០៣​នេះ​ថា​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម​ថែម​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI