អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

សង្រ្គាម​អាហ្វហ្កានីស្ថាន​ឆ្នាំ២០០១

សំឡេង ០៨:១០
ទាហាន​មក​ពី​កងម៉ារីន​អាមេរិក នៅ​ក្នុង​អំឡុង​សង្រ្គាម​អាហ្វហ្កានីស្ថាន ឆ្នាំ២០០១
ទាហាន​មក​ពី​កងម៉ារីន​អាមេរិក នៅ​ក្នុង​អំឡុង​សង្រ្គាម​អាហ្វហ្កានីស្ថាន ឆ្នាំ២០០១
ដោយ៖ សេង ឌីណា

នៅ​ក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមលើកឡើង អំពី​​សង្រ្គាម​អាហ្វហ្កានីស្ថាន​នៅ​ឆ្នាំ​២០០១ ក្រោយ​​​ភេរវកម្ម ១១កញ្ញា នៅ​សហរដ្ឋ​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

នៅល្ងាចថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​២០០១ ក្រោយ​ពី​បាន​ចំណាយ​ពេល​ពេញ​មួយថ្ងៃ នៅ​កន្លែង​មាន​សុវត្ថិភាព លោក​ប្រធានាធិបតី ចច ដាបិលយូ ប៊ូស បាន​វិលត្រឡប់​មក​សេតវិមាន​វិញ ហើយ​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ទៅកាន់​ប្រជាជាតិ​អាមេរិក នៅម៉ោង ៨ និង​៣០នាទីយប់។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ លោក​ប្រធានាធិបតី​អាមេរិក​បាន​លើកឡើង​នូវ​ចំណុច​សំខាន់​ចំនួន​ពីរ ដែល​នឹ​ងក្លាយ​ទៅជា​គោលនយោបាយ​របស់​អាមេរិក​​នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម​​នារយៈពេល​ជាច្រើន​ឆ្នាំ​ក្រោយ​មក​ទៀត។

សម្រាប់​អាមេរិក ភេរវកម្ម​លែងជា​បទឧក្រិដ្ឋធម្មតា​ដូចពីមុន​ទៀតហើយ តែ​វា​ជា​សកម្មភាព​នៃ​សង្រ្គាម ដែល​អាមេរិក​​ត្រូវឆ្លើយតប​ទៅវិញ​ដោយ​សង្រ្គាម ហើយ​នៅ​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​ភេរវកម្ម​នេះ អាមេរិក​នឹង​មិនធ្វើការ​បែងចែក​ទេ រវាង​ក្រុម​ភេរវជន និង​​អ្នក​ដែល​ផ្តល់​ទីជម្រក​ដល់​ពួក​ភេរវជន ឬ​អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា សង្រ្គាម​ប្រឆាំង​ភេរវកម្ម​ដែល​អាមេរិក​នឹង​បើក​ធ្វើ​មិនសំដៅតែ​ទៅលើ​ក្រុម​ភេរវជន​នោះទេ តែ​ក៏សំដៅ​ផងដែរ​ទៅលើ​ប្រទេស​ណា​ដែល​គាំទ្រ ឬផ្តល់​ទីជម្រក​ដល់​ពួក​ភេរវជន។ ប្រទេស​ដែល​នឹង​ត្រូវ​ក្លាយ​ជា​ចំណុចស៊ីប​មុនគេ គឺ​អាហ្វហ្កានីស្ថាន។

ចាប់តាំង​ពី​ឆ្នាំ​១៩៩៦ អាហ្វហ្កានីស្ថាន​ស្ថិត​ក្រោម​អំណាច​របស់​ក្រុម​តាលីបង់ ដែល​ជា​ក្រុម​អ៊ីស្លាម​ប្រកាន់តឹង និង​ជា​សម្ព័ន្ធមិត្ត​របស់​អាល់កៃដា។ នៅ​ក្រោយ​ពេល​ដែល​ប៊ិនឡាដិន​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ប្រទេស​ស៊ូដង់ គឺ​ពួកតាលីបង់ ដែល​បានផ្តល់​ទីជម្រក​ដល់​ប៊ិនឡាដិន និង​អាល់កៃដា ហើយ​ចេញ​ពី​ក្នុងទឹកដី​អាហ្វហ្កានីស្ថាន​នេះ​ហើយ ដែល​ក្រុម​អាល់កៃដា​បាន​បង្កើត​ជំរំហ្វឹកហ្វឺន រៃអង្គាសលុយ និង​រៀបចំផែនការ​វាយប្រហារ​ភេរវកម្ម​លើ​សហរដ្ឋ​អាមេរិក រួមទាំង​គម្រោងការណ៍​ភេរវកម្ម​១១កញ្ញា​ផងដែរ។

នៅថ្ងៃ​ទី១៤​ខែកញ្ញា ៣ថ្ងៃ​ក្រោយ​​ការវាយប្រហារ​ភេរវកម្ម សហរដ្ឋ​អាមេរិក​បាន​ដាក់​ឱសានវាទ​ដល់​ពួក​តាលីបង់ ឲ្យ​ប្រគល់​ខ្លួន​ប៊ិនឡាដិន និង​​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត ព្រមទាំង​ទាមទារ​ឲ្យ​កម្ទេច​ចោល​ទាំងអស់​នូវ​ជំរំ​របស់​អាល់កៃដា នៅ​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។ រដ្ឋាភិបាល​តាលីបង់​បដិសេធ​មិនព្រម​ធ្វើ​តាម កងទ័ព​អាមេរិក​ក៏​បាន​បើក​កា​រវាយប្រហារ​ទៅលើ​អាហ្វហ្កានីស្ថាន នៅថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ២០០១។​
 

ការចូល​ឈ្លានពាន​ប្រទេស​អាហ្វហ្កានីស្ថាន​ដោយ​កងទ័ព​អាមេរិក គឺ​ជា​ការ​សម្រេច​ទៅតាម​ក្តីបំណង​របស់​ប៊ិនឡាដិន ពីព្រោះ​ថា នៅពេលដែល​អាល់កៃដា​រៀបចំ​គម្រោងការណ៍​វាយប្រហារ​ភេរវកម្ម​ទៅលើ​អាមេរិក ប៊ិនឡាដិន​មាន​គោលដៅ​ចម្បងមួយ គឺ​ធ្វើ​យ៉ាងណា​ទាក់ទាញ​អាមេរិក​ឲ្យ​ចូល​ឈ្លានពាន​ប្រទេស​អាហ្វហ្កានីស្ថាន ដើម្បី​អាច​ប្រមែរប្រមូល និង​បង្រួបបង្រួម​ក្រុម​ជីហាត ក្នុង​ការ​ធ្វើ​សង្រ្គាម​វាយបំបាក់​​​ប្រទេស​មហាអំណាច​មិនមែន​អ៊ីស្លាម ដូចជា អ្វី​ដែល​ក្រុម​មូចាហ៊ីឌីន​បាន​ធ្វើ​ទៅលើ​កងទ័ព​សូវៀត កាល​ពី​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០។

ក៏ប៉ុន្តែ ប៊ិនឡាដិន​មើលស្រាល​កម្លាំងទ័ព​របស់​អាមេរិក និងជាពិសេស ភ្លេចខ្លួន​ថា ជ័យជម្នះ​របស់​ពួក​មូចាហ៊ីឌីន​ទៅលើ​កងទ័ព​សូវៀត គឺ​បាន​មក​ដោយ​សារ​តែ​មាន​ជំនួយ​ពី​អាមេរិក ដែល​កំពុងតែ​ប្រជែង​ជាមួយ​នឹង​សូវៀត​ក្នុង​សង្រ្គាម​ត្រជាក់។ នៅ​ពេលនេះ សង្រ្គាម​ត្រជាក់​បាន​បញ្ចប់​ទៅហើយ។ អាល់កៃដា និង​តាលីបង់​ត្រូវ​ប្រឈមមុខ​នឹង​កងទ័ព​អាមេរិក​តែម្នាក់ឯង។

ក្នុងរយៈពេល​ត្រឹមតែ​មួយខែ កងទ័ព​អាមេរិក​បាន​វាយលុក​ចូល​កាន់កាប់​រដ្ឋធានី​កាប៊ុល។ ​របបដឹកនាំ​តាលីបង់​ក៏​ត្រូវ​ដួលរលំ ហើយ​នៅខែ​ធ្នូ ឆ្នាំ​២០០១ រដ្ឋាភិបាល​បណ្តោះអាសន្ន​ថ្មី​មួយ​ត្រូវ​បាន​បង្កើតឡើង ដឹកនាំ​ដោយ​លោក​ហាមីដ កាហ្សៃ។

ក្រោយ​កា​រដួលរលំ​នៃ​រដ្ឋធានី​​កាប៊ុល កងកម្លាំង​តាលីបង់​បាន​រត់ភៀសខ្លួន​ទៅ​បោះទីតាំង​នៅ​តំបន់​ភ្នំ បង្កើត​ជា​ចលនា​ឧទ្ទាម​ បន្ត​ប្រយុទ្ធប្រឆាំង​នឹង​កងទ័ព​អាមេរិក និង​កងទ័ព​នៃ​រដ្ឋាភិបាល​ថ្មី​របស់​អាហ្វហ្កានីស្ថាន។ ចំណែក​ប៊ិនឡាដិន​វិញ​​បាន​រត់ទៅលាក់​ខ្លួន​នៅ​តំបន់​ភ្នំ​​មួយ​កន្លែង ឈ្មោះ​ថា តូរ៉ាបូរ៉ា ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំដែន រវាង​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន។ តូរ៉ាបូរ៉ា​ត្រូវ​បាន​កងទ័ព​អាមេរិក​វាយបែក​នៅ​អំឡុង​ខែ​ធ្នូ​ឆ្នាំ​២០០១ ហើយ​ប៊ិនឡាដិន ក៏​បាន​រត់ភៀសខ្លួន​ឆ្លងព្រំដែន ចូល​ទៅ​​លាក់​ខ្លួន​ក្នុង​ទឹកដី​​ប៉ាគីស្ថាន។

នៅ​ក្នុងរយៈពេល​មួយឆ្នាំ​ទៅពីរ​ឆ្នាំ​ក្រោយ​មក អ្នកពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ភេរវកម្ម​១១កញ្ញា​ត្រូវ​បាន​អាមេរិក​ចាប់ខ្លួន​បាន​ជា​បន្តបន្ទាប់ ក្នុងនោះ​ ខាលីត មហាម៉េដ ដែល​ជា​មេគំនិត​ធំ ត្រូវ​បាន​ចាប់ខ្លួន នៅ​ថ្ងៃទី១ ខែមីនា ឆ្នាំ​២០០៣ នៅ​ក្បែរ​ទីក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន។ ក៏ប៉ុន្តែ អូសាម៉ា ប៊ិនឡាដិន​វិញ តែងតែ​រត់រួច​ពី​​ការ​តាមប្រមាញ់​របស់​អាមេរិក ហើយ​ត្រូវ​បាត់សម្រោល​សូន្យឈឹង រហូត​ដល់​ឆ្នាំ​២០១១ ទើប​អាមេរិក​រកមុខឃើញ និង​បាញ់​សម្លាប់ នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

ការចូលឈ្លានពាន​ទៅលើ​អាហ្វហ្កានីស្ថាន​ដោយ​កងទ័ព​​អាមេរិក​ បាន​ចាប់ផ្តើម​ធ្វើឡើង ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​កងទ័ព​អង់គ្លេស​ ព្រមទាំង​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត​នៅ​ក្នុង​បក្ស​សម្ព័ន្ធ​អូតង់ ហើយ​បាន​ទទួល​ការ​ឯកភាព​ពី​សំណាក់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប តាមរយៈ​សេចក្តីសម្រេច លេខ​១៣៨៦ អនុម័ត​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០០១។ នៅ​ខែ​សីហា ឆ្នាំ​២០០៣ ​ការដឹកនាំ​ប្រតិបត្តិការ​យោធា​​នៃ​កងទ័ព​ចម្រុះអន្តរជាតិ​នៅ​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​ត្រូវ​បាន​ផ្ទេរ​ពីអាមេរិក ទៅ​ដាក់​ឲ្យ​ស្ថិ​តក្រោម​បញ្ជាការដ្ឋាន​របស់​អង្គការ​អូតង់ ស្រប​ទៅតាម​អាណត្តិ​ដែល​ផ្តល់​ឲ្យ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប។

និយាយ​ជារួម សង្រ្គាម​របស់​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន នៅ​ឆ្នាំ​២០០១ ទទួល​បាន​ទាំង​នីត្យានុកូលភាព និង​ធម្មានុរូបភាព។ នីត្យានុកូលភាព (ភាព​ស្របច្បាប់) ទទួល​បាន​តាមរយៈ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប។ ចំណែក​ឯ​ធម្មានុរូបភាព​ទទួលបាន​តាមរយៈ​ការ​គាំទ្រ​ពី​សំណាក់​ក្រុម​សម្ព័ន្ធមិត្ត និង​ជាពិសេស ការគាំទ្រ​ពី​សំណាក់​សាធារណមតិ​អន្តរជាតិ​ជាទូទៅ ដោយសារ​តែ​គេ​យល់ឃើញ​ថា​ អាហ្វហ្កានីស្ថាន ដែល​​នៅ​ពេលនោះ​​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួកតាលីបង់ គឺ​ជា​អ្នក​ផ្តល់​ទីជម្រក និង​កិច្ចការពារ​ដល់​ប៊ិនឡាដិន និង​ក្រុម​ភេរវជន​អន្តរជាតិ​អាល់កៃដា ដែល​ជា​អ្នក​ទទួលខុសត្រូវ ក្នុងការ​វាយប្រហារ​ភេរវកម្ម​លើ​អាមេរិក។

ក៏ប៉ុន្តែ នៅ​ក្នុង​ការ​ឆ្លើយតប​នឹង​ភេរវកម្ម​១១កញ្ញា លោក​ប៊ូស​មិន​​បញ្ចប់​ត្រឹម​ការ​ផ្តួលរំលំ​របបតាលីបង់​នៅ​អាហ្វហ្កានីស្ថាន​តែ​ប៉ុណ្ណោះទេ តែ​បាន​សម្រេច​ចូល​ឈ្លានពាន​​ផ្តួលរំលំ​​របបដឹកនាំ​សាដាមហ៊ូសេន​នៅ​អ៊ីរ៉ាក់ នៅ​ឆ្នាំ​២០០៣។

ខុសពី​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន ការ​ចូល​ឈ្លានពាន​អ៊ីរ៉ាក់ នៅ​ឆ្នាំ​២០០៣ បាន​បង្ក​ឲ្យ​មាន​បញ្ហាចម្រូងចម្រាស​ជាច្រើន ទាំង​ខាង​ផ្លូវច្បាប់ និង​សាធារណមតិ​អន្តរជាតិ ហើយ​ភាព​ចម្រូងចម្រាស​នៃ​សង្រ្គាម​នៅ​អ៊ីរ៉ាក់​នេះ​បាន​បង្ក​ជា​បញ្ហា​តាមលង​អាមេរិក ទាំង​នៅ​ក្នុង​អំឡុង​អាណត្តិ​របស់​លោ​ប៊ូស ហើយ​បន្ត​រហូត​មក​ទល់​នឹងពេល​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ