ប្រវត្តិសាស្រ្តពិភពលោក

អរិយធម៌​ដ៏ចំណាស់​បំផុត​របស់​មនុស្សជាតិ៖ អេហ្ស៊ីប មេសូប៉ូតាមី ឥណ្ឌា និង​ចិន

សំឡេង ១០:៣០
ពីរ៉ាមីដ នៅ​អេហ្ស៊ីប ដែល​ជា​អច្ឆរិយវត្ថុ​របស់​ពិភពលោក​
ពីរ៉ាមីដ នៅ​អេហ្ស៊ីប ដែល​ជា​អច្ឆរិយវត្ថុ​របស់​ពិភពលោក​ GettyImages

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅថ្ងៃ​អាទិត្យ​នេះ សេង ឌីណា សូម​រៀបរាប់​ជូនលោក​អ្នកនាង​ អំពី​រដ្ឋ និង​អរិយធម៌​ដ៏​ចំណាស់​បំផុត​របស់​មនុស្ស​ជាតិ គឺ​អេហ្ស៊ីប មេសូប៉ូតាមី ឥណ្ឌា និង​ចិន។ គឺ​ជា​រដ្ឋ​ដែល​បាន​ចាប់កំណើតឡើង ដោយ​សារ​តម្រូវការ​ចាំបាច់​របស់​ប្រជាកសិករ នៅ​ក្រោយ​បដិវត្តន៍​កសិកម្ម និង​ជា​អរិយធម៌​ដែល​បាន​បន្សល់​ទុក​នូវ​របកគំហើញ​សំខាន់ៗ​ជាច្រើន​ទុក​ជាកេរមរតក សម្រាប់​មនុស្ស​ជាតិ​ប្រើប្រាស់​រហូត​មក​ទល់​នឹង​សព្វថ្ងៃ។

ផ្សាយពាណិជ្ជកម្ម

ប្រមាណ​ជា ៨ពាន់ឆ្នាំ​មុនគ្រឹស្តសករាជ (ប្រមាណ​ជា ១ម៉ឺន​ឆ្នាំ​មុន) មនុស្ស​ចាប់ផ្តើម​ចេះ​ធ្វើ​កសិកម្ម ដើម្បី​ចិញ្ចឹម​ជីវិត​ ជំនួស​ឲ្យ​ការ​បរបាញ់។ បដិវត្តន៍​កសិកម្ម​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ចាប់ផ្តើម​មាន​តម្រូវការ​សំខាន់មួយ គឺ​ត្រូវការ​ឲ្យ​មាន​អ្នកដឹកនាំ និង​រចនាសម្ព័ន្ធ​សហគមន៍​ត្រឹមត្រូវ ដែល​ជា​ទម្រង់​ដំបូង​នៃ​រដ្ឋ ដើម្បី​ចាត់ចែង​បែងចែក​ធនធានទឹក​ឲ្យ​បាន​ស្មើភាព​គ្នា ដើម្បី​ប្រើប្រាស់​ក្នុងការ​ប្រកប​របរ​កសិកម្ម ព្រមទាំងរក្សា​សណ្តាប់ធ្នាប់ និង​ការ​ពារ​សុវត្ថិភាព​របស់​ប្រជាកសិករ។

រដ្ឋ និង​អរិយធម៌​បាន​ចាប់កំណើត​ឡើង​មុនគេ នៅ​តាម​តំបន់​ដែល​មនុស្ស​ចាប់ផ្តើម​បង្កើត​របរ​កសិកម្ម គឺ​តំបន់​​ទាំង ៤ ដែល​ជាប់​នឹង​ទន្លេ​សំខាន់ៗ រួមមាន អេហ្ស៊ីប ជាប់នឹង​ទន្លេ​នីល មេសូប៉ូតាមី ជាប់នឹង​ដងទន្លេ​អឺហ្រ្វាត និង​ទន្លេ​ទីហ្រ្គីស ឥណ្ឌា ជាប់នឹង​ដងទន្លេ​ឥណ្ឌុស និង​ចិន​ ជាប់នឹង​ដងទន្លេ​លឿង។

ដោយសារ​តែ​សកម្មភាព​ដាំដុះ និង​ចិញ្ចឹម​សត្វ ជា​សកម្មភាព​ដែល​អាច​ផ្តល់​ផល​បាន​យ៉ាងច្រើន​លើសពី​តម្រូវការ​ប្រចាំថ្ងៃ រដ្ឋត្រូវ​​មាន​ភារៈ​ដ៏សំខាន់មួយទៀត គឺ​ចាត់ចែង​ស្តុក​ផលិតផល​កសិកម្ម ដើម្បី​បម្រុង​ទុក​សម្រាប់​ឆ្នាំណា​ដែល​​ការដាំដុះ​មិន​សូវ​ផ្តល់​ផល​ច្រើន។ ដើម្បី​ចាត់ចែង​ស្តុក​ផលិតផល​ដ៏​ច្រើន និង​ក្នុងរយៈពេល​យូរ​អង្វែង​​បែបនេះ គេ​ចាំបាច់​ត្រូវការ​ឲ្យ​មាន​បញ្ជី​កត់ត្រា​ចំណាំឲ្យ​បាន​ច្បាស់លាស់ ហើយ​ដើម្បី​​អាច​កត់ត្រា​បាន គេ​ចាំបាច់​ត្រូវ​បង្កើត​អក្សរ។

ការបង្កើត​អក្សរ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ដែនកំណត់​ ពី​សម័យកាល​បុរេប្រវត្តិ ឈាន​ចូល​ក្នុង​សម័យកាល​ប្រវត្តិសាស្រ្ត។ ក៏ប៉ុន្តែ ដែនកំណត់​នៃ​បុរេប្រវត្តិ មិនដូចគ្នា​ទាំងអស់ នៅ​គ្រប់​ទីកន្លែង​​ទូទាំង​ពិភពលោក​នោះទេ ពីព្រោះថា ក្រុមមនុស្ស​ដែល​នៅ​កន្លែង​ផ្សេងៗ​គ្នា មិនបាន​ចាប់ផ្តើម​បង្កើត​អក្សរ​ក្នុង​ពេល​ព្រមគ្នា​នោះទេ។ នៅកន្លែងណា ដែល​មិនទាន់​មាន​ការ​បង្កើត​អក្សរ មនុស្ស​បន្ត​រស់នៅ ក្នុង​សម័យកាល​បុរេប្រវត្តិ។ ក្នុង​ពេល​ជាមួយគ្នា​នោះ ​នៅ​កន្លែង​ផ្សេងទៀត ដែល​មាន​ការ​បង្កើត​អក្សរ​ មនុស្ស​ចាប់ផ្តើម​បោះជំហាន​ចូល​ក្នុង​សម័យកាល​នៃ​ប្រវត្តិសាស្រ្ត។

នៅ​អេហ្ស៊ីប មនុស្ស​ចាប់ផ្តើម​បង្កើត​អក្សរ​ នៅ​ប្រមាណ​ជា ៣ពាន់ ទៅ៤ពាន់​ឆ្នាំ​មុន​គ្រឹស្តសករាជ (៥ពាន់ ទៅ៦ពាន់ឆ្នាំ​មុនសម័យកាល​បច្ចុប្បន្ន) ហើយ​ទម្រង់​រដ្ឋ​ដំបូង​បង្អស់​ក្នុង​ប្រវត្តិ​មនុស្ស​ជាតិ គឺ​បាន​ចាប់​កំណើត​ឡើង នៅ​អេហ្ស៊ីប​នេះ​ឯង។

រដ្ឋ​ចាប់កំណើត​ដំបូង​នៅ​អេហ្ស៊ីប តាម​ដងទន្លេនីល គឺ​មក​ពី​តម្រូវការ​ចាំបាច់​នៃ​អាកាសធាតុ។ អេហ្ស៊ីប ដែល​ស្ថិត​នៅ​ក្បែរ​វាលខ្សាច់​សាហារ៉ា ជា​តំបន់​ដែល​កម្រ​នឹង​មាន​ភ្លៀងធ្លាក់ ហើយ​ប្រជាកសិករ​ដែល​រស់នៅទីនោះ ត្រូវ​ការ​ឲ្យ​មេដឹកនាំ និង​រចនាសម្ព័ន្ធ​រដ្ឋ ដើម្បី​ជួយចាត់ចែង​បែងចែក​ធនធានទឹក​ប្រើប្រាស់ឲ្យ​បាន​ស្មើ​ភាព​គ្នា ចៀសវាង​វិវាទ។

អេហ្ស៊ីប​នៅ​ក្នុង​សម័យកាល​នោះ គឺ​ជា​អាណាចក្រ​ដែល​មាន​ប្រជាជន​យ៉ាងច្រើន គឺ​ប្រមាណ​ពី ៧ ទៅ ៨លាន​នាក់ ហើយអាណាចក្រ​អេហ្ស៊ីប​បាន​ស្គាល់​នូវ​ភាព​រុងរឿង​ និង​ឯករាជ្យ អស់រយៈពេល​ប្រមាណ​ជា ២៥សតវត្សរ៍។ គឺ​នៅ​ក្នុង​អាណាចក្រ​អេហ្ស៊ីប​សម័យបុរាណ និង​សម័យកាល​រុងរឿង​នេះ​ហើយ​ ដែល​​មាន​ការ​សាងសង់​ពីរ៉ាមីត​ជាច្រើន​ បន្សល់ទុក​ជា​អច្ឆរិយវត្ថុ​របស់​មនុស្ស​ជាតិ​រហូតមកទល់នឹង​ពេល​បចុប្បន្ន។

អាណាចក្រ​​អេហ្ស៊ីប​ឯករាជ្យ​ ​ត្រូវ​បាន​បញ្ចប់ នៅ​ឆ្នាំ​៥២៥​មុនគ.ស. នៅ​ពេល​ដែល​អេហ្ស៊ីប​ត្រូវ​បាន​​អាណាចក្រ​ពែរ្ស៍​វាយដណ្តើម​កាន់កាប់។ ចាប់ពីពេលនោះ​មក អេហ្ស៊ីប​ក៏​ត្រូវ​ធ្លាក់​ដុនដាប លែង​ស្គាល់​ឯករាជ្យ រហូត​ទាល់តែ​ដល់​អំឡុង​ឆ្នាំ​១៩៥០​ថ្មីៗនេះ​ប៉ុណ្ណោះ ទើប​អេហ្ស៊ីប​សម័យ​ទំនើប​ និង​ឯករាជ្យ​បាន​ចាប់កំណើត​ឡើងវិញ។

បន្ទាប់​ពី​អេហ្ស៊ីប រចនាសម្ព័ន្ធ​រដ្ឋ​ក៏​បាន​ចាប់​ផ្តើម​ចេញ​ជារូបរាង​ឡើង​ដែរ នៅ​​មេសូប៉ូតាមី (អ៊ីរ៉ាក់​បច្ចុប្បន្ន)។ នៅតាម​ដងទន្លេ​អឺហ្វ្រាត និង​ទីហ្គ្រីស គេ​ឃើញ​មាន​អាណាចក្រ​ជាច្រើន​បាន​ចាប់កំណើត​ឡើង​ជា​បន្ត​បន្ទាប់ ដែល​ក្នុងនោះ អាណាចក្រ​មួយ ដែល​ត្រូវ​បាន​គេ​ស្គាល់​ទូទៅ​ច្រើន​ជាងគេ គឺ​បាប៊ីឡូន។ អាណាចក្រ​បាប៊ីឡូន មាន​រាជធានី នៅ​ក្បែរ​រដ្ឋធានី​បាកដាដ​របស់​អ៊ីរ៉ាក់​នាពេលបច្ចុប្បន្ន ហើយ​អាណាចក្រ​បាប៊ីឡូន​សម័យបុរាណ មាន​មហាក្សត្រ​​​​មួយ​​​អង្គ​ គឺ​​ព្រះចៅ​ហាមូរ៉ាប៊ី (Hammourabi) ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​ការ​យក​មាត្រា​ច្បាប់​មក​ចងក្រង​ធ្វើ​ជា​ក្រម​ច្បាប់​ដ៏ពេញលេញ​មួយ ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជា “ក្រម​ហាមូរ៉ាប៊ី” បង្កើត​ឡើង តាំង​ពីប្រមាណ​ជា​ ១៧៥០​ឆ្នាំ​មុន​គ.ស ហើយ​ជា​ក្រមច្បាប់​ដ៏ពេញលេញ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្ស​ជាតិ។

អាណាចក្រ​នៅ​ក្នុង​តំបន់​មេសូប៉ូតាមី​ក៏​ជា​អាណាចក្រ​ដែល​មាន​ស្ថាបត្យកម្ម​ដ៏រុងរឿង​មិនចាញ់​អេហ្ស៊ីប​ប៉ុន្មាន​ដែរ ក៏ប៉ុន្តែ នៅ​មេសូប៉ូតាមី សំណង់​ភាគច្រើន​ សង់​ពី​ដីឥដ្ឋ ដែល​មិន​អាច​នៅគង់វង់​បាន​យូរ​ដល់​ពេល​បច្ចុប្បន្ន ​ដូចជា​សំណង់​​នៅ​អេហ្ស៊ីប ដែល​សង់​ពី​ថ្ម។

កាល​ពី​សម័យដើម អេហ្ស៊ីប និង​មេសូប៉ូតាមី​ ដែល​មាន​ព្រំប្រទល់ដែន​ជាប់គ្នា នៅ​ប៉ាឡេស្ទីន គឺ​ជា​គូប្រជែង​នឹង​គ្នា​យ៉ាង​ស្រួចស្រាវ។

ចេញ​ពី​មេសូប៉ូតាមី បើ​គេ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិសខាងកើត ហើយ​ធ្វើដំណើរ​ឆ្លងកាត់​ពេលវេលា ប្រមាណ​ជា ១ពាន់ ៥រយឆ្នាំ​ក្រោយ​មកទៀត គេ​នឹង​ឃើញ​មាន​អរិយធម៌​ពីរ​ទៀត គឺ​ឥណ្ឌា នៅតាម​ដងទន្លេ​ឥណ្ឌុស (Indus) និង​ចិន នៅ​តាម​ដងទន្ល​លឿង។

ហេតុអ្វី​បាន​ជា ១ពាន់ ៥រយឆ្នាំ ក្រោយមក​ ទើប​​រដ្ឋ​ចាប់កំណើត​នៅ ឥណ្ឌា និង​ចិន? នៅ​ក្នុង​តំបន់​នេះ ថ្វីដ្បិត​តែ​ ការប្រែប្រួល​អាកាសធាតុ​បណ្តាល​ឲ្យ​បាត់បង់​ព្រៃឈើ បង្ក​ជា​វាលខ្សាច់​ច្រើន ក៏ប៉ុន្តែ ខុស​ពី​អេហ្ស៊ីប និង​មេសូប៉ូតាមី តំបន់​ជុំវិញ​ដងទន្លេ​ឥណ្ឌុស និង​ទន្លេ​លឿង គឺ​ជា​តំបន់​ដែល​សម្បូរ​ភ្លៀង។ ហេតុដូច្នេះ​ហើយ​បាន​ជា​ដំណើរវិវឌ្ឍ ឆ្ពោះ​ទៅ​ការ​បង្កើត​រដ្ឋ នៅ​ឥណ្ឌា និង​ចិន បាន​ធ្វើឡើង​ដោយ​សន្សឹមៗ ដោយសារ​តែ​ មនុស្ស​នៅ​ក្នុង​តំបន់​នេះ មិនសូវ​ជា​មាន​តម្រូវការ​ចាំបាច់ និងបន្ទាន់​ខ្លាំង ក្នុងការ​បង្កើត​ជា​រចនាសម្ព័ន្ធ​រដ្ឋ ដើម្បី​គ្រប់គ្រង​បែងចែក​ធនធានទឹក ដូចជា នៅ​អេហ្ស៊ីប និង​មេសូប៉ូតាមី​នោះទេ។

១ពាន់ឆ្នាំមុន​គ.ស (ជាង ៣ពាន់​ឆ្នាំ​មុន​សម័យកាល​យើង​បច្ចុប្បន្ន) អរិយធម៌​ចំនួន ៤ បាន​ចាប់​កំណើត​នៅលើ​ភពផែនដី៖ អេហ្ស៊ីប មេសូប៉ូតាមី ឥណ្ឌា និង​ចិន ដោយ​មួយៗ មាន​ប្រជាជន​សរុប​ប្រមាណ​ជា ១០លាន​នាក់ ហើយ​មាន​ទំនាក់ទំនង​ជាមួយគ្នា​ច្រើន ​ទាំង​ការ​ធ្វើ​សង្រ្គាម និង​ការ​ជួញដូរ។​

សូត្រ ដែល​ពេលនោះ​ មាន​ផលិត​តែ​នៅ​ចិន ត្រូវ​បាន​គេ​នាំ​យក​ទៅលក់​រហូត​ទៅដល់​អេហ្ស៊ីប ដោយ​ឆ្លងកាត់​តាម​ផ្លូវគោក​ដ៏វែងឆ្ងាយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ផ្លូវសូត្រ” ចេញ​ពី​ឆាងអាន កាត់តាម​ឥណ្ឌា និង​មេសូប៉ូតាមី រហូត​ទៅដល់​អេហ្ស៊ីប។

និយាយ​ពី​សង្រ្គាមវិញ ចិន និង​ឥណ្ឌា ក្នុង​សម័យបុរាណ មិនសូវ​ជាធ្វើ​សង្រ្គាម​នឹង​គ្នា​ដោយ​ផ្ទាល់ ច្រើន​ដូចជា អេហ្ស៊ីប និង​មេសូប៉ូតាមី​នោះទេ ក៏ប៉ុន្តែ ​រដ្ឋ និង​បុរី នៅ​ខាង​​ផ្ទៃក្នុង​អាណាចក្រ​ចិនវិញ មាន​ការ​ធ្វើ​សង្រ្គាម​ស៊ីសាច់​ហុតឈាម​រវាង​គ្នា​និងគ្នា ដោយ​ឥត​ត្រាប្រណី រហូតដល់​ជាប់ឈ្មោះ​ថា​ជា “អាណាចក្រ​សង្រ្គាម”។ រហូតដល់​ឆ្នាំ​២២០​មុនគ.ស. ទើប​អាណាចក្រ​ចិន​បាន​ស្គាល់​ការ​រួបរួមគ្នា ក្រោមការ​ដឹកនាំ​របស់​អធិរាជ “ឈីន” (Qin)។

នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ចិន​សម័យបុរាណ គេ​ឃើញ​មាន​យុគសម័យកាលរួបរួម និង​រុងរឿង គឺ​សម័យ​រាជវង្ស​ហាន (ពី​ឆ្នាំ​២០០​មុនគ.ស ដល់​ឆ្នាំ​២០០​គ.ស.) រាជវង្ស​ថាង (នៅ​អំឡុង​សតវត្សរ៍​ទី៧ ដល់​ទី១០) រាជវង្ស​សុង (ចុងសតវត្សរ៍​ទី១០ ដល់​សតវត្សរ៍​ទី១៣) រាជវង្ស​មីង (ចន្លោះ​សតវត្សរ៍​ទី១៤ ដល់​ទី១៧) ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សម័យកាល​រុងរឿង​បំផុត​មួយ ​ក្នុង​ប្រវត្តិសាស្រ្ត​ចិន ក៏ដូចជា​ប្រវត្តិមនុស្ស​ជាតិ។

នៅ​ចន្លោះ​សម័យកាល​ដ៏រុងរឿង​អស់ទាំងនេះ ចិន​ធ្លាក់​ក្នុង​សម័យកាល​ខ្មៅងងឹត ដែល​​ប្រជាជន​ស្គាល់​នូវ​ភាព​បាក់បែក ប្រកាប់ប្រចាក់គ្នា​ និង​​ភាព​អនាធិបតេយ្យ ដូចជា សម័យកាល​នគរ​ទាំងបី​ ជាដើម ដែល​ជា​សម័យកាលមួយ​មាន​ការ​បង្ហូរ​ឈាម​ខ្លាំង​បំផុត ក្នុង​ប្រវត្តិសាស្រ្ត​ចិន និង​ដែល​គេ​ច្រើន​យក​មក​សរសេរ​ជារឿង ជា​ល្ខោន ឬ​ផលិត​ជាកុន ដូចជា រឿង​ “សាមកុក” ជាដើម។

ក្រៅ​ពី​ហេតុការណ៍​បះបោរ រដ្ឋប្រហារ ការ​ធ្វើ​សង្រ្គាម​ផ្ទៃក្នុង​គ្នា​ឯង អាណាចក្រ​ចិន​សម័យ​បុរាណ ក៏​ប្រឈមមុខ​នឹង​ការ​គំរាម​កំហែង​ដ៏​ធំមួយ​ទៀត​ដែរ គឺ​ការ​ឈ្លានពាន​ពី​សំណាក់​ពួក​ក្រុម​កុលសម្ព័ន្ធ ដែល​បន្ត​រស់​នៅ​តាម​របៀប​សម័យ​បុរេប្រវត្តិ។ ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឈ្លានពាន ពី​សំណាក់​ពួកទាំងនេះ​ហើយ ដែល​ចិន​បាន​សង់​ជា​មហាកំផែង ដែល​បន្ត​ទុក​រហូត​មក​ទល់​នឹង​សព្វថ្ងៃនេះ។

អេហ្ស៊ីប មេសូប៉ូតាមី ឥណ្ឌា ចិន... នេះ​ហើយ​គឺ​ជា​អរិយធម៌​ដំបូង​បង្អស់​នៃ​មនុស្ស​ជាតិ។ គឺ​ជា​ទីកន្លែង​ចាប់កំណើត​នៃ​កសិកម្ម តាំង​ពី​រាប់ពាន់​ឆ្នាំ​មុន។ ​របៀបរស់​នៅ ដែល​​យើង​នៅ​តែ​បន្ត​ឃើញ​មាន​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។​ គំនិត​ច្នៃប្រឌិត និង​របកគំហើញ​មួយ​ចំនួន ដូចជា ត្រីវិស័យ រំសេវ​ផ្ទុះ ក្រមច្បាប់ ជាដើម គឺ​សុទ្ធសឹង​ជា​​មរតក ដែល​បន្សល់​ទុក​ដោយ​អរិយធម៌​ដ៏​ចំណាស់​ទាំង ៤​នេះ ឲ្យ​​មនុស្ស​ជាតិ​យើង​បន្ត​ប្រើប្រាស់ រហូតមកទល់នឹង​ពេល​បច្ចុប្បន្ន។ នៅ​ពេល​ដែល​យើង​អាន ស្តាប់ និង​មើល​ព័ត៌មាន​​ជារៀងរាល់ថ្ងៃ យើង​នៅតែ​ឃើញ​ ចិន ឥណ្ឌា អេហ្ស៊ីប និង​តំបន់​​ដើមបូព៌ា ​​បន្ត​ជា​ប្រធានរឿង​ធំៗ ជា​ចំណុច​ចាប់​អារម្មណ៍​​នៃ​មនុស្ស​ជាតិ​សម័យ​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI