ពិភពលោកប្រតិកម្មចំពោះការវាយប្រហារមីស៊ីលរបស់អាមេរិកលើមូលដ្ឋានទ័ពអាកាសស៊ីរី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីអាមេរិកបាញ់មីស៊ីល៥៩គ្រាប់ទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី បណ្ដាប្រទេសនានាជុំវិញពិភពលោក បានចេញមុខប្រតិកម្មជាបន្តបន្ទាប់ មានខ្លះថ្កោលទោស និងខ្លះទៀតស្វាគមន៍គាំទ្រ។ ជាការកត់សម្គាល់ ការថ្កោលទោសមានតែពីប្រទេសរុស្ស៊ី ដែលនៅពីក្រោយរដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធមិត្តរបស់រុស្ស៊ី គឺ អ៊ីរ៉ង់តែប៉ុណ្ណោះ ខណៈប្រទេសផ្សេងទៀតសម្ដែងការគាំទ្រចំពោះទង្វើអាមេរិក។
ការវាយប្រហារមីស៊ីលរបស់អាមេរិក គឺជាការឈ្លានពានអធិបតេយ្យរបស់ប្រទេសស៊ីរី រំលោភលើបទដ្ឋានអន្ដរជាតិក្រោមលេសប្រឌិតឡើងមួយ។ នេះគឺជាការថ្កោលទោសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ចំពោះទង្វើរបស់អាមេរិក បាញ់មីស៊ីល៥៩គ្រាប់ តម្រង់ទៅបំផ្លាញមូលដ្ឋានទ័ពអាកាសរបស់ស៊ីរី។ បន្ថែមពីលើនេះ ដើម្បីចៀសវាងកុំឲ្យមានការវាយប្រហារណាមួយថែមទៀតទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី រុស្ស៊ីបានទាមទារឲ្យមានការកោះប្រជុំមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជជែកពីបញ្ហានេះជាបន្ទាន់។
ក្រៅពីរុស្ស៊ី សម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី គឺអ៊ីរ៉ង់ ក៏បានចេញមុខថ្កោលទោសទង្វើរបស់អាមេរិកនេះដែរ។ សម្រាប់អ៊ីរ៉ង់ ទង្វើរបស់អាមេរិក គឺជាសកម្មភាពយោធាឯកតោភាគី ដែលធ្វើឡើងក្រោមលេសនៃការប្រើអាវុធគីមីរបស់រដ្ឋាភិបាលរបស់លោកបាស្ហា អាល់អាសាដ តែប៉ុណ្ណោះ។ សូមជម្រាបជូនថា រហូតមកទល់ពេលនេះ ការវាយប្រហារដោយម៉ីស៊ីលរបស់អាមេរិកទៅលើមូលដ្ឋានទ័ព អាកាសស៊ីរី បានសម្លាប់ទាហានស៊ីរីចំនួន៦នាក់ហើយ ខណៈមូលដ្ឋានទ័ពនោះត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។
សូមរំលឹកជូនថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យយោធាអាមេរិកបាញ់ម៉ីស៊ីល៥៩គ្រាប់ ទៅលើមូលដ្ឋានទ័ពអាកាសរបស់ស៊ីរី។ បើតាមលោកដូណាល់ត្រាំ ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងរដ្ឋាភិបាលលោកប៉ាស្ហា អាល់អាសាធ ដែលបានប្រើប្រាស់អាវុធគីមី សម្លាប់ជនស៊ីវិលស្លូតត្រង់អស់ជាច្រើននាក់។
ជប៉ុន អង់គ្លេស តួកគី អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត សុទ្ធតែស្វាគមន៍ការវាយប្រហាររបស់អាមេរិក ដោយចាត់ទុកទង្វើនេះ ថាបានបង្ហាញពីការឆ្លើយតបដ៏ត្រឹមត្រូវទៅនឹងការប្រើប្រាស់អាវុធគីមី។ ចំណែកបារាំងនិងអាឡឺម៉ង់វិញ បានធ្វើសេចក្ដីថ្លែងការណ៍រួម ទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅលើប្រធានាធិបតីស៊ីរី លោក បាស្ហា អាល់អាសាធ ថាជាដើមចមដែលធ្វើឲ្យរឿងរ៉ាវវិវត្តតឹងតែងដូច្នេះ។ ប្រទេសចិនឯណោះវិញ បង្ហាញជំហរប្រឆាំងនឹងការប្រើអាវុធគីមីក្នុងហេតុផលអ្វីក៏ដោយ ប៉ុន្តែចិនបានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ស្ងប់ស្ងាត់ ធ្វើយ៉ាងណាកុំឲ្យស្ថានការណ៍ធ្លាក់ចុះដុនដាបបន្ថែមទៀត ខណៈតួកគី ស្នើឲ្យដាក់ប្រទេសស៊ីរីជាតំបន់ហាមឃាត់ការហោះកាត់ ដើម្បីចៀសវាងកុំឲ្យមានការបង្ហូរឈាមតទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ