ព័ត៌មាន​វិទ្យា

ពិភពលោក​សម្តែង​គារវកិច្ច​គោរព​វិញ្ញាណក្ខន្ធ​លោក​Steve Jobs

ជនជាតិ​ចិន នៅក្នុង​ទីក្រុង​សៀងហៃ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ដល់​​​លោក​Steve Jobs ដែល​រូបថត​របស់គាត់​ដាក់នៅ​មុខ​ក្រុមហ៊ុន​Apple
ជនជាតិ​ចិន នៅក្នុង​ទីក្រុង​សៀងហៃ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ដល់​​​លោក​Steve Jobs ដែល​រូបថត​របស់គាត់​ដាក់នៅ​មុខ​ក្រុមហ៊ុន​Apple ©Reuters

ប្រតិកម្ម​ផ្សេងៗ​បាន និង​កំពុង​ធ្លាក់មក​បន្តបន្ទាប់​គ្នា។ ជាទូទៅ សុទ្ធសឹង​ជាសារ​និយាយ​លើក​តម្កើង​កេរ្តិ៍ឈ្មោះ​របស់លោកSteve Jobs ដែលម្នាក់ៗ​ចាត់ទុក​ថា ជា​អ្នកដែល​មាន​ចក្ខុនិមិត្តិ និង​ចិត្តក្លាហាន​ក្នុង​ការបង្កើត​បច្ចេកវិជ្ជា​ឈានមុខ ដើម្បី​ប្រែក្លាយ​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

« ក្រុមហ៊ុនApple បានបាត់បង់​បុគ្គល​ម្នាក់​ដ៏កម្រ បុគ្គលម្នាក់​ប្រកប​ទៅ​ដោយ​ចក្ខុនិមិត្ត ជ្រៅជ្រះ និង​ពូកែខាង​បង្កើត​បច្ចេកវិជ្ជា​ឈានមុខ»  នេះជា​សារអេឡិចត្រូនិក​ដែល​លោក​អគ្គនាយក​នៃApple បាន​ផ្ញើទៅ​ឲ្យ​បណ្តា​បុគ្គលិក​ការងារ​នៃ​ក្រុមហ៊ុន ក្រោយពី​បាន​ជ្រាប​ដឹងពី​មរណភាព​របស់​លោកSteve Jobs។

ដូចគ្នា​អ៊ីចឹងដែរ សម្រាប់​លោក​ប្រធានាធិបតី​អូបាម៉ា Steve Jobs គឺជា« បុគ្គលម្នាក់ ក្លាហាន​ហ៊ានគិត​ខុសពីគេ ក្លាហាន​ហ៊ានជឿ​ថា ខ្លួន​អាច​ប្រែក្លាយ​ពិភពលោក​បាន និង​ប្រកប​ទៅដោយ​ប្តេជ្ញាខ្ពស់​ដើម្បី​ធ្វើ​ឲ្យ​សុបិន​របស់​ខ្លួន​ក្លាយ​ជាការពិត»។

រីឯ​លោកBill Gates អ្នកបង្កើតMicrosoft ដែលជា​គូប្រជែង​របស់Apple វិញ បានថ្លែង​ថា « Steve នឹង​ធ្វើឲ្យ​ខ្ញុំនឹក​អាឡោះអាល័យ​គាត់ខ្លាំង»។ លោកMark Zuckerberg ដែល​ជាអ្នក​បង្កើតFacebook បន្ថែម​ថា « អរគុណ​ដែលបាន​បង្ហាញ​ពួកយើង​ឲ្យឃើញ​ថា Steve​ឯងបាន​បង្កើត​បច្ចេកវិជ្ជា​ឈានមុខ ដើម្បី​ប្រែក្លាយ​ពិភពលោក»។

សូម្បី​តែ​មហា​ក្រុមហ៊ុន​កូរ៉េSamsung ដែលជា​គូប្រជែង​កាចជាង​គេរបស់Apple ក៏បាន សម្តែង​គារវកិច្ច​គោរព​លោកSteve Jobsដែរ ដោយបាន​អះអាង​ថា « Steve Jobs បាននាំ មកនូវ​បដិវត្តន៍​ជាច្រើន សម្រាប់​វិស័យ​ព័ត៌មានវិជ្ជា និងជា​អ្នកដឹកនាំ​ក្រុមហ៊ុនម្នាក់​ដ៏ពូកែ​គ្មាន ពីរ»។

តាំងពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍​មក នៅទូទាំង​សកលលោក ជាពិសេស នៅអាមេរិក និងនៅអាស៊ី អ្នក ប្រើប្រាស់ប្រព័ន្ធ​អ៊ីនធ័រណែត​ជាច្រើនលាន​នាក់បាន​សរសេរ​សារ​សម្តែង​គាវរកិច្ច​គោរព​វិញ្ញាណក្ខន្ធ​របស់​លោកSteve Jobs៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI