ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អាជីវកម្ម​សៀវ​ភៅ​ហាក់​កំពុង​ប្រឹង​ងើប​ពី​គំនាប​ទីផ្សារ​ដ៏​តូច​ចង្អៀត!

សំឡេង ០៤:៥៣
សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​របស់ វ៉ាន់ឌី កាអុន
សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​របស់ វ៉ាន់ឌី កាអុន RFI

នៅ​ក្នុង​សង្គម​មួយ​ដែល​មនុស្ស​មិន​សូវ​ចាប់​អារម្មណ៍​អាន​សៀវ​ភៅ ការ​សរសេរ​សៀវ​ភៅ​ជា​មុខរបរ​ដែល​ពិបាក​រក​ចំណូល។ មុខ​របរ​នេះ​ទាម​ទារ​ឆន្ទៈ និង​ការ​ស្រឡាញ់​ចូល​ចិត្ត​ជាង​ការរ​ក​ប្រាក់ចំណេញ។ ទោះ​ជា​យ៉ាង​នេះ​ក្តី និន្នា​ការ​សរសេរ​សៀវភៅ​ហាក់​ដូច​ជា​កំពុង​រីក​ដុះ​ដាល​គួរ​ឲ្យ​កត់សម្គាល់​។​ មាន​សៀវ​ភៅ​ជា​ភាសា​ខ្មែរ​ជាច្រើន​ត្រូវបាន​ដាក់តាំង​លក់​នៅតាម​តូប​លក់​កាសែត​ឬ​បណ្ណាគារ។ សៀវភៅ​ខ្លះ​ត្រូវ​បាន​បកប្រែ​ពី​ភាសា​បរទេស និង​សៀវ​ភៅ​ខ្លះទៀត​ជា​ស្នាដៃ​សរសេរ​របស់​ជន​ជាតិ​ខ្មែរ​ដោយ​ផ្ទាល់។ ប៉ុន្តែ ក្រុម​អ្នក​សរសេរ​សៀវភៅ​ហាក់​កំពុង​ស្ថិត​ក្នុង​គំនាប​នៃ​ទីផ្សារ​ដ៏​តូច​ចង្អៀត និង​បរិយា​កាស​មិនគួរ​ជាទី​លើក​ទឹក​ចិត្ត​មួយ​ចំនួន​។

ផ្សាយពាណិជ្ជកម្ម

 

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សៀវ​ភៅ​ជា​សា​ភា​ខ្មែរ​ត្រូវបាន​ដាក់​តាំង​លក់​ព្រោង​ព្រាត​គួរ​ឲ្យ​កត់សម្គាល់។ សៀវ​ភៅ​ប្រវត្តិ​សាស្ត្រ ច្បាប់ ចំណេះ​ដឹង​ទូទៅ ប្រលោម​លោក រហូត​ដល់​រឿង​និទាន​សម្រាប់​កុមារ និង​វិជ្ជា​ធ្វើ​ម្ហូប​ជាដើម កំពុង​បង្ហាញ​វត្ត​មាន​កាន់​តែច្រើន​នៅ​តាម​តូប​លក់​កាសែត ឬ​ក្នុង​បណ្ណាគារផ្សេង។

 
ក្រៅពី​សៀវភៅ​មួយ​ភាគ​ធំ​ដែល​ជា​ការ​បក​ប្រែ​ចេញ​ពី​ភា​សា​បរទេស ក៏មានដែរ​សៀវភៅ​មួយចំនួន​ជា​ស្នាដៃ​និពន្ធ​និង​ចងក្រង​ដោយ​អ្នក​និពន្ធ​ជន​ជាតិ​ខ្មែរ​ដោយ​ផ្ទាល់ ក្នុងនោះ​ក៏មាន​លេចមុខ​អ្នកនិពន្ធ ចង​ក្រង និង​អ្នក​បោះពុម្ព​សៀវភៅ​ថ្មីថ្មោង​មួយចំនួន​ដែល​ទើបតែ​ផ្តើម​ប្រឡូក​ក្នុង​វិស័យ​តែង​និពន្ធ​ដ៏​ចង្អៀត​នេះដែរ។

នេះ​ជាសញ្ញា​វិជ្ជមាន​មួយ​សម្រាប់​សង្គម​ខ្មែរ​ដែលជា​ទូទៅ​មនុស្ស​មិនសូវ​ផ្តល់​តម្លៃ​ដល់​សៀវភៅ​ឡើយ។ មាន​មូលហេតុ​សំខាន់​មួយចំនួន​ដែល​ជំរុញ​ឲ្យ​បញ្ញវន្ត​ខ្លះ​ក្នុង​សម័យ​បច្ចុប្បន្ន​ផ្តើម​ចាប់​អារម្មណ៍​ទៅ​លើ​ការ​សរសេរ​សៀវភៅ។

មូលហេតុ​ទី១ គឺ​ផ្តើម​ចេញពី​បទ​ពិសោធន៍រ​បស់​ខ្លួន​ដែល​បាន​ជួប​បញ្ហា​កង្វះ​ឯកសារ​សម្រាប់​ស្រាវជ្រាវ។ កង្វះ​ឯកសារ​ពី​ព្រោះតែ​ម្យ៉ាង​សង្គម​ខ្មែរ​មិនសូវ​សម្បូរ​អ្នក​ចងក្រង​សៀវភៅ​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង​ម្យ៉ាងទៀត ឯកសារ​ដែលមាន​ស្រាប់​បន្តិចបន្តួច​នោះ​ក៏​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម​ស្ទើរ​គ្មាន​សល់។

មូលហេតុ​ទី២ គឺ​ខ្មែរ​មួយចំនួន​បាន​ផ្តើម​ស្រឡាញ់​ស្នាដៃ​ដែល​ពួកគេ​ត្រូវ​បង្ហាញ​តាមរយៈ​ការសរសេរ​សៀវភៅ។ មានឈ្មោះ​ជា​អ្នកនិពន្ធ​សៀវភៅ​គឺជា​អ្វីដែល​មនុស្ស​ជាច្រើន​ចាត់​ទុក​ថា​ជា​កិត្តិ​យស​មួយ​ក្នុង​ជីវិត។ ស្នាដៃ​ទាំងនោះ​នឹង​បន្សល់ទុក​រាប់​ជំនាន់​មនុស្ស​ទៅមុខទៀត​មិន​ងាយ​សាប​សូន្យ ដូច​សុភាសិត​បុរាណ​ខ្មែរ​ដែល​ពោលថា« ទូក​ទៅ​កំពង់​នៅ» ។ ចំណែក​ឯ​មូលហេតុ​សេដ្ឋកិច្ច​ត្រូវបាន​ចាត់ទុកជា​គោលដៅ​ចុង​ក្រោយ​មួយ​ប៉ុណ្ណោះ​ពី​ព្រោះ​ការ​សរសេរ​សៀវភៅ​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រហែល​ជា​មិន​មែន​ជា​អាជីវកម្ម​ដែល​ងាយ​នឹង​រក​ប្រាក់​ចំណេញ​នោះ​ឡើយ​។

មូលហេតុ​ទី៣ គឺ​ដើម្បី​លើក​កម្ពស់​វប្ប​ធម៌​អាន​សៀវ​ភៅ​ក្នុង​ចំណោម​ជន​ជាតិ​ខ្មែរ។ មាន​អង្គការ​មួយ​ចំនួន​ដូច​ជា​អង្គ​ការ​ស៊ី​ប៉ា ( Sipar) បាន​ធ្វើ​សកម្ម​ភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​បោះ​ពុម្ព​សៀវ​ភៅ និង​បង្កើត​បណ្ណាល័យ​រាប់​ទាំង​បណ្ណា​ល័យ​ចល័ត​ផង។ ក្រុម​ហ៊ុន​ខ្លះ​ទៀត​ដូច​ជា​ម៉ាញ​ប៊ុក​ជាដើម​ក៏​បាន​បោះពុម្ព​សៀវភៅ​ជា​ភាសា​ខ្មែរ​យ៉ាង​ច្រើន​ដែរ។ សកម្ម​ភាព​ទាំង​នោះ​បាន​ចូលរួមចំណែក​យ៉ាង​ខ្លាំង​ដល់​ក្នុង​ការ​លើក​ស្ទួយ​វប្បធម៌​អាន​សៀវភៅ​នៅ​កម្ពុជា ហើយ​វា​ក៏​បង្ហាញ​ពី​តម្រូវ​ការ​សៀវភៅ​កាន់តែ​ច្រើនជាង​មុន​ដែរ។

ជាការ​ពិត​ណាស់ អ្នក​សរសេរ និង​បោះពុម្ព​សៀវភៅ​គួរ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ពី​ព្រោះ​ពួកគេ​បាន​លះបង់​ពេលវេលា និង​កម្លាំង​បញ្ញា​ស្មារតី​ជាច្រើន​ដើម្បី​ផលិត​សៀវភៅ​មួយ​ក្បាល។ បើទោះ​បីជា​គុណភាព​របស់​សៀវភៅ​ខ្លះ​នៅ​មាន​កម្រិត ក៏ប៉ុន្តែ ការផ្តើម​រីកដុះដាល​នៃ​វប្បធម៌​សរសេរ​និង​បោះពុម្ព​សៀវភៅ​គឺជា​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​សង្គម​ខ្មែរ។ ប៉ុន្តែ អ្នកសរសេរ​សៀវភៅ​បាន​ត្អូញត្អែរ ស្រ​ដៀង​ៗ​គ្នា​ពី​បញ្ហា​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ។

បញ្ហា​ទី១ គឺ​ទីផ្សារ​លក់​សៀវភៅ​នៅតែ​តូចចង្អៀត​យ៉ាងខ្លាំង​បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​សិស្ស និង​និស្សិត​ថ្នាក់​ឧត្តម​សិក្សា​ដែល​បាននិងកំពុង​កើន​ឡើងជា​លំដាប់​នោះ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា មិន​ត្រឹមតែ​ប្រជា​ពលរដ្ឋ​សាមញ្ញ​ប៉ុណ្ណោះ​ទេ តែ​សូម្បី​ក្នុង​ចំណោម​និស្សិត បញ្ញវន្ត ក៏​នៅ​មិនទាន់​ចាប់​អារម្មណ៍​នឹង​សៀវភៅ​ប៉ុន្មាន​ដែរ។

បញ្ហា​ទី២ គឺ​ទម្លាប់​របស់​ជនជាតិខ្មែ​រ​ភាគ​ច្រើន​មិនសូវ​ចូល​ចិត្ត​ចំ​ណាយ​លុយ​បន្តិច​បន្តួច​ទិញ​សៀវភៅ។ កុំថាឡើយ​ដល់​ទៅ​អ្នកក្រ សូម្បី​អ្នកមាន​ជីវភាព​ធូរធារ​មួយចំនួន​ក៏​មិនសូវ​ចំណាយលុយ​ទៅលើ​សៀវភៅ​ដែរ។ ពួកគេ​ច្រើនតែ​មិន​ញញើត​នឹង​ចំណាយ​ប្រាក់​ទៅលើ​គ្រឿង​ស្រវឹង​និង​ទៅលើ​វត្ថុ​មានតម្លៃ​ផ្សេងទៀត​ដែល​មិនសូវមាន​ប្រយោជន៍ ប៉ុន្តែ មិន​ចូលចិត្ត​ចំណាយ​បន្តិចបន្តួច​ទៅលើ​សៀវភៅ​ទេ។

សរុប​មកវិញ សង្គម​ខ្មែរ​គួរ​បណ្តុះ​វប្បធម៌​ស្រឡាញ់​សៀវភៅ​ឲ្យ​បាន​ច្រើនជាង​នេះ ជាពិសេស​ក្នុងចំណោម​សិស្ស និស្សិត​និង​បញ្ញវន្ត​តែម្តង។ ការចំណាយ​ថវិកា​ខ្លះ​ដើម្បី​ទិញ​សៀវភៅ​មិន​ត្រឹម​តែមាន​ប្រយោជន៍​សម្រាប់​បង្កើន​ធនធាន​បញ្ញា​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ចូលរួមចំណែក​លើកទឹកចិត្ត​ដល់​អ្នកសរសេរ​សៀវភៅ​ផងដែរ។ ដូច្នេះ ដើម្បី​ធ្វើខ្លួន​ឲ្យ​ក្លាយជា​សសរ​គ្រឹះ​រឹងមាំ​របស់​ប្រទេសជាតិ យុវជន​ខ្មែរ​គួរ​មាន​ទម្លាប់​យក​សៀវភៅ​ជា​មិត្ត​ជំនួស​ឲ្យ​កែវស្រា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI