ឥណ្ឌូនេស៊ី-ចិន

លោកស៊ី ជីនពីង​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​ជម្លោះ​នៅ​សមុទ្រចិន​ដោយ​សន្តិវិធី

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣ តុលា​នេះ ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជុំវិញ​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង​រវាង​ចិន និង​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន។ សេចក្តីអំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ឱកាស​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង
លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

« ទាក់ទង​នឹង​ជម្លោះ​ដែនដី និង​ដែន​សមុទ្រ​រវាង​ប្រទេស​ចិន និង​អាស៊ាន ភាគី​ទំាង​ពីរ​ត្រូវ​តែ​គោរព​នូវ​គោលការណ៍​នៃ​ការ​ពិគ្រោះយោបល់​ដោយ​សន្តិវិធី និង​កិច្ចសន្ទនា​មិត្តភាព​ដើម្បី​ធ្វើ​យ៉ាង​ណា ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី​ក្នុង​ការ​រក្សា​ស្ថិរភាព និង​សន្តិភាព​នៅ​ក្នុង​តំបន់ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​នៅ​ក្នុង​ទីក្រុង​ហ្សការតា ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​នាម​ជា​អន្តរការី​នៅ​ក្នុង​ជម្លោះ​នេះ។

គួរ​រម្លឹក​ជូន​ថា ចិន​តែងតែ​បាន​ចាត់​ទុក​ដែនដី​នៅ​ក្នុង​សមុទ្រចិនខាងត្បូង​ថា ជា​អធិបតេយ្យ​ផ្តាច់​មុខ​របស់​ខ្លួន តែ​ប្រទេស​ជាប់​ពាក់ព័ន្ធ មាន​ដូច​ជា​វៀតណាម ហ្វីល្លីពីន ម៉ាឡេស៊ី និង​ព្រុយនេ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ។ តំាង​ពី ១០ឆ្នំា​កន្លង​ទៅ អាស៊ាន​បាន​ព្យាយាម​និយាយ​ជាមួយ​ចិន​នូវ​ដំណោះស្រាយ​សមស្រប​មួយ​ទាក់ទង​នឹង​ជម្លោះ​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង​នេះ។ កាល​ពី​ពាក់កណ្តាល​ខែ​កញ្ញា​កន្លង​ទៅ ចិន​ក៏​បាន​សន្យា​ពន្លឿន​កិច្ចចរចា​លើ​សំណុំរឿង​ដ៏​ស្មុគស្មាញ និង​ដែល​ហាក់​ដូច​ជា​បាន​ទ្រឹង​មួយ​កន្លែង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

កន្លង​មក អាស៊ាន និង​សហរដ្ឋអាមេរិក​ចង់​បាន​ដំណោះស្រាយ​មួយ​ជា​លក្ខណៈ​ពហុភាគី តែ​ចិន​មិន​ព្រម ដោយ​បាន​ទាមទារ​ឲ្យ​ដោះស្រាយ​ជា​លក្ខណៈ​ទ្វេភាគី មាន​ន័យ​ថា ចិន​ចង់​ដោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នីមួយៗ​តែ​ប៉ុណ្ណោះ។ ត្រង់​ចំណុច​នេះ ក្រុមអ្នកវិភាគ​វាយតម្លៃ​ថា ចិន​ប្រាកដ​ជា​មាន​ប្រៀប​ជាង​ដៃគូ​របស់​ខ្លួន ដោយ​អាង​ជា​ប្រទេស​មហាអំណាច​មួយ​នៅ​ក្នុង​តំបន់។ យ៉ាង​ណា​ក៏​ដោយ និង​ក្រៅ​ពី​អំពាវនាវ​ឲ្យ​បន្ត​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី លោក​ស៊ី ជីនពីង​ក៏​បាន​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​មាន​សមាជិក ១០ប្រទេស។

ដោយឡែក និង​ដូច​ដែល​បាន​គ្រោង​ទុក ប៉េកំាង និង​ហ្សាការតា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​ក្នុង​ទឹកប្រាក់​ជាង ២០ ០០០លានដុល្លារ។ ទន្ទឹម​គ្នា​នេះ ប្រទេស​ទំាង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​បង្កើត​ចេញ​នូវ​កតិកាសញ្ញា​ដៃគូ​យុទ្ធសាស្រ្ត​មួយ​ក្នុង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តការ​លើ​គ្រប់​វិស័យ​ក្នុង​គោលដៅ​បង្កើន​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា​ឲ្យ​បាន ៨០ ០០០លានដុល្លារ ចាប់​ពី​ពេល​នេះ ដល់​ឆ្នំា ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI