យេម៉ែន

បដិវត្តន៍​យេម៉ែន​កំពុង​ដើរតាម​គន្លង​លីប៊ី?

មេទ័ព​ផ្តាច់ខ្លួន​ទៅ​គាំទ្រ​ចលនា​ប្រឆាំង យេម៉ែន​ប្រឈមមុខ​នឹង​សង្រ្គាម​ស៊ីវិល។
មេទ័ព​ផ្តាច់ខ្លួន​ទៅ​គាំទ្រ​ចលនា​ប្រឆាំង យេម៉ែន​ប្រឈមមុខ​នឹង​សង្រ្គាម​ស៊ីវិល។ ©Reuters

នៅពេលនេះ ចលនា​បះបោរ​នៅ​យេម៉ែន​បាន​ឈានចូល​ដល់​របត់​ថ្មីមួយទៀត ក្រោយ​ពី​​ឧត្តមសេនីយ៍​យោធា ឯកអគ្គរដ្ឋទូត រដ្ឋមន្រ្តី និង​មន្រ្តី​ជាន់​ខ្ពស់​ជាច្រើន​រូប​បាន​ផ្តាច់ខ្លួន​ពី​រដ្ឋាភិបាល ហើយ​ងាក​មក​គាំទ្រ​ចលនា​ប្រឆាំងវិញ។ រថក្រោះ​ជាច្រើន​គ្រឿង​ត្រូវ​បាន​ដាក់ពង្រាយ នៅ​តាម​ទីតាំង​សំខាន់ៗ​ក្នុង​​ទីក្រុង​សាណា (Sanaa) រដ្ឋធានី​របស់​យេម៉ែន។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ សេង ឌីណា

អំណាច​របស់​លោក​អាលី អាប់ដាឡា សាឡេះ (Ali Abdallah Saleh) ប្រធានាធិបតី​យេម៉ែន​ កំពុង​តែ​រង្គោះរង្គោះ ក្រោយ​ពី​មាន​ការបាក់បែក​ក្នុង​ជួរ​រដ្ឋាភិបាល និង​ជួរកងទ័ព។

ឧត្តមសេនីយ៍​យោធា​កំពូលៗ​និង​ដ៏មាន​ឥទ្ធិពល ​ចំនួន ៣​រូប បាន​​ផ្តាច់​ខ្លួន​ពី​រដ្ឋាភិបាល​ ហើយ​ងាក​មក​​គាំទ្រ​ចលនា​ប្រឆាំង​វិញ។ មន្រ្តី​កងទ័ព​​ថ្នាក់​កណ្តាល​មួយចំនួនផ្សេងទៀត ក៏បាន​ផ្តាច់ខ្លួន​តាម​ឧត្តមសេនីយ៍​ទាំងបី​រូបខាង​លើ​នេះ​ដែរ។

នៅ​​ក្នុង​ជួរមន្រ្តីស៊ីវិល មាន​មន្រ្តី​កំពូលៗ​ជាច្រើន​រូប​បាន​ប្រកាស​គាំទ្រ​ចលនា​ប្រឆាំង​ ហើយ​បាន​ទាមទារ​ឲ្យ​លោក​​សាឡេះ​លាឈប់​ពីតំណែង។ ក្នុង​ចំណោម​មន្រ្តី​កំពូលៗ​ទាំងនោះ រួមមាន អនុប្រធាន​រដ្ឋសភា រដ្ឋមន្រ្តី អភិបាលក្រុង ព្រម​ទាំង​ឯកអគ្គរដ្ឋទូត និង​អគ្គកុងស៊ុល ចំនួន ១៧រូប នៅ​តាម​បណ្តាប្រទេស​នៅអាស៊ី អឺរ៉ុប និង​ប្រទេស​អារ៉ាប់។

ចលនាផ្តាច់ខ្លួន​នេះ​បាន​ចាប់ផ្តើម​កើតមានឡើង ក្រោយ​ពី​មាន​អំពើ​ហិង្សា​ទៅលើ​បាតុករ​ប្រឆាំង កាល​ពីថ្ងៃ​សុក្រ បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ ៥០​នាក់​បាត់បង់ជីវិត។

លោក​អាលី អាប់ដាឡា សាឡេះ ដែល​បាន​កាន់អំណាច​នៅយេម៉ែន​​រយៈពេល ៣២​ឆ្នាំ​មក​ហើយ​នោះ ធ្លាប់​បាន​សន្យា​ថា នឹង​ចុះចេញ​ពីតំណែង នៅ​ពេល​ផុតអាណត្តិ នៅ​ឆ្នាំ​២០១៣​ខាងមុខ ក៏ប៉ុន្តែ បាន​បដិសេធ​ដាច់ខាត​ថា នឹង​មិនលាឈប់​នៅពេល​នេះ​ទេ។ ចាប់តាំង​ពីថ្ងៃ​ចន្ទ ម្សិលមិញ​មក រថក្រោះ​ជាច្រើន​គ្រឿង​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់ពង្រាយ​នៅតាម​ទីតាំង​សំខាន់ៗ​មួយចំនួន ដូចជា នៅ​ជុំវិញ​វិមាន​ប្រធានាធិបតី ក្រសួង​ការពារជាតិ និង​ធនាគារ​ជាតិ​យេម៉ែន។

កន្លងមក នៅក្នុង​ចលនា​បះបោរ​នៅលីប៊ី គេ​ក៏​ធ្លាប់​បាន​ឃើញ​ចលនា​ផ្តាច់ខ្លួន​របស់​មេទ័ព មន្រ្តី​រដ្ឋាភិបាល និង​មន្រ្តី​ទូត​បែបនេះ​ដែរ។ នៅ​យេម៉ែន ប្រសិន​បើ​លោក​សាឡេះ នៅតែ​ជំនះ​ក្រាញ​អំណាច​តទៅទៀត ចលនាបះបោរ​យេម៉ែន​ក៏​អាច​នឹង​ធ្លាក់​ចូល​​ក្នុង​សង្រ្គាម​ស៊ីវិល ដូចជា នៅ​លីប៊ី​បច្ចុប្បន្ន​នេះ​ដែរ។

កាល​ពីថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ រដ្ឋមន្រ្តី​ការបរទេស​បារាំង​បាន​ថ្លែង​​ជា​សាធារណៈ​ថា នៅពេលនេះ ការចុះចេញ​ពី​អំណាច​របស់​លោក​ប្រធានាធិបតី​​សាឡេះ ទំនង​​ជា​រឿង​ដែល​មិន​អាច​ចៀសរួច​នោះទេ។ សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​ផ្តល់​ជំនួយ​ផ្នែក​យោធា​ដ៏ច្រើន​សន្ធឹកសន្ធាប់​ដល់​យេម៉ែន​នោះ ក៏​បាន​ថ្កោលទោស​ចំពោះ​ការ​ប្រើ​កម្លាំង​ទៅលើ​បាតុករ​ប្រឆាំង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI