ទីបេ

ព្រះសង្ឃ​ទីបេ​កាន់តែច្រើន​ដុត​សម្លាប់​ខ្លួន ដើម្បី​ប្រឆាំង​ការគាប​សង្កត់​របស់​អាជ្ញាធរ​ចិន

ជនជាតិ​ទីបេ​ម្នាក់​ប៉ុនប៉ង​ដុត​សម្លាប់​ខ្លួន នៅមុខ​ស្ថានទូត​ចិន ក្នុង​ទីក្រុង​ញូវដេលី​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​សុក្រ​ទី ៤ វិច្ឆិកា ២០១១
ជនជាតិ​ទីបេ​ម្នាក់​ប៉ុនប៉ង​ដុត​សម្លាប់​ខ្លួន នៅមុខ​ស្ថានទូត​ចិន ក្នុង​ទីក្រុង​ញូវដេលី​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​សុក្រ​ទី ៤ វិច្ឆិកា ២០១១ ©Reuters

យុវជន​ជាតិទីបេ​ម្នាក់​បាន​ប៉ុនប៉ង​ដុត​សម្លាប់ខ្លួន កាលពី​ថ្ងៃ​សុក្រ​ទី ៤ វិច្ឆិកា នៅមុខ​ស្ថានទូត​ចិន ក្នុង​ទីក្រុង​ញូវដែលី។ ជាសំណាងល្អ ប៉ូលិស​ឥណ្ឌា​បាន​អន្តរាគម ពន្លត់​ភ្លើង​ទាន់ និង​អូសយក​យុវជន​ទីបេ​រូបនោះ បោះ​បញ្ចូល​ឡាន​ប៉ូលិស។ តាមប៉ូលិស យុវជនទីបេ​ម្នាក់នោះ​គ្រាន់តែ​ទទួល​រងរបួសស្រាល ដោយសារ​ភ្លើង។ ករណី​ប៉ង​ដុត​សម្លាប់ខ្លួន​របស់​យុវជន​ទីបេ នៅក្នុង​ប្រទេស​ឥណ្ឌា ធ្វើ​ឡើង​តែមួយ​ថ្ងៃ​ក្រោយ ដូនជី​ទីបេ​ម្នាក់ដែល​បាន​ដុត​សម្លាប់ខ្លួន នៅខេត្ត​ស៊ីឈាន់ ក្នុង​ប្រទេស​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ៣ វិច្ឆិកា។

ផ្សាយពាណិជ្ជកម្ម

 

ការសម្លាប់ខ្លួន គឺ​ជា​ច្រកចុងក្រោយ ដែល​សម្តែង​ពីការអស់សង្ឃឹម​របស់​ព្រះសង្ឃ និង​ជនជាតិទីបេ។ ការដុតសម្លាប់ខ្លួន គឺជា​មធ្យោបាយ​តែមួយ​គត់ ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ប្រឆាំង​នឹង​ការគាបសង្កត់​របស់​អាជ្ញាធរ​ចិន។ ដូនជី​ដែល​បាន​បូជា​ជីវិត​នៅក្នុង​ភ្លើង កាលពី​ថ្ងៃ​ព្រហស្បតិ៍ គឺ​ជា​ដូនជី​ទីបេ​ទីពីរ ដែល​បាន​ដុតសម្លាប់ខ្លួន។ ដូចព្រះសង្ឃ និង​ដូនជីមុនៗ មុន​នឹង​​ដុតសម្លាប់ខ្លួន ដូនជី​រូបនេះ​បាន​ស្រែកសុំ​ឲ្យ​មាន​សេរីភាព​សាសនា​នៅ​ទីបេ និង​សុំ​ឲ្យ​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​អាច​វិល​ត្រលប់​ចូល​ទីបេវិញ។

ក្នុង​រយៈពេល ៨ខែ នៅឆ្នាំ ២០១១ មាន​ព្រះសង្ឃ និង​ដូនជី​ទីបេ ១១​នាក់​បាន​ដុតសម្លាប់​ខ្លួន បន្តបន្ទាប់គ្នា (៧អង្គ​សុគត)។ ករណី​ព្រះសង្ឃ​ទីបេ ដុត​សម្លាប់​ខ្លួន​ដំបូង​គេ កើត​មាន​នៅខែ​មីនា ឆ្នាំ ២០១១ គឺ​ដើម្បី​រំលឹក​ដល់​ចលនា​ងើបបះបោរ​របស់​ជនជាតិទីបេ​ប្រឆាំង​អាជ្ញាធរ​ចិន នៅឆ្នាំ ២០០៨ (ការបះបោរ​ដែល​ទទួល​តបមកវិញ​ដោយ​ការបង្រ្កាប​ដោយ​ហិង្សា​ពី​ប៉ូលិស និង​ទាហាន​ចិន)។

ព្រឹត្តិការណ៍​ព្រះសង្ឃ​ដុតសម្លាប់ខ្លួន ​កើតមាន​តែនៅក្នុង​ទីក្រុង​អាបា ក្នុង​ខេត្ត​ស៊ីឈាន់ ដែល​នៅជាប់តំបន់​ស្វយ័តទីបេ។ ​ភាគច្រើន គឺ​ព្រះសង្ឃ​មកពី​វត្ត​គីរទី (Kirti)​ដែល​ដុត​សម្លាប់​ខ្លួន​ច្រើន​ជាងគេ។ បើតាម​អង្គការ​ដើម្បីសេរីភាព​ទីបេ ដែល​មាន​មូលដ្ឋាន នៅទីក្រុង​ឡុងដ៍ សេរីភាព​សាសនា នៅក្នុង​វត្ត​គីរទី ត្រូវអាជ្ញាធរ​ចិន​រំលោភ​កាន់តែខ្លាំង។ ចាប់តាំង​ពីមាន​ការដុត​សម្លាប់ខ្លួន​ព្រះសង្ឃ​ទីបេ នៅ​ខែ​មីនា ប៉ូលិស​ចិន​កាន់តែច្រើន ត្រូវ​ដាក់​ពង្រាយយាម យ៉ាង​តឹងតែង នៅជុំ​ វិញវត្ត គីរទី ​។ អ្នកកាន់​សាសនា​ទីបេ​ត្រូវ​សុំ​ការអនុញ្ញាតិ​ពី​អាជ្ញាធរ​ចិន​ដើម្បី​ធ្វើ​បុណ្យ​សាសនា។

ការដាក់​គំនាប​ លើ​សកម្មភាព​សាសនា កាន់តែខ្លាំង​ពី​ទាហាន​ចិន ធ្វើ​ឲ្យ​​ជនជាតិ​ទីបេ​ថប់​ដង្ហើម។ ដូច្នេះ ព្រះសង្ឃ និង​ដូនជី​ទីបេ​មាន​តែ​​ជ្រើសរើស​យក​មធ្យោបាយ​ដុតសម្លាប់​ខ្លួន។ ការដុតសម្លាប់​ខ្លួន​ភាគច្រើន​គឺ​ធ្វើ​នៅកន្លែង​សាធារណៈ នៅមុខ​វត្ត នៅមុខ​ទាហាន​ចិន។ គោលដៅ គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​ចិន និង​ពិភពលោក​ទាំងមូល​បាន​ដឹង​លឺ​ ពី​ការឈឺចាប់​របស់​ពួកគេ និង​ដើម្បី​ឲ្យ​រដ្ឋអំណាច​ចិន​ដកខ្លួន និង​ផ្តល់​សិទ្ធិដល់​​ប្រជាជន​ទីបេវិញ។

កាសែត​ចិន​បាន​ចុះផ្សាយ​ពី​ករណី​ដូនជី​ទីបេ​ដុតសម្លាប់ខ្លួន នៅមុន​ការប្រកាស​របស់​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ទីបេ នៅ​បរទេស។ ប៉ុន្តែ កាសែត​​មិន​បាន​សរសេរ​លម្អិត​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ដូនជី​បូជាជីវិត​ក្នុង​ភ្លើងនោះទេ។ ក្រសួងការបរទេស​ចិន​បាន​ប្រកាស​ថ្កោលទោស​​សកម្មភាព​ដុតសម្លាប់ខ្លួន​របស់​ព្រះសង្ឃ​ទីបេ និង​ថា ការដុតសម្លាប់ខ្លួន​បន្តបន្ទាប់ គឺ​កើត​ឡើង​ដោយសារ ​មាន​ការញុះញង់​របស់​ពួកទាមទារ​បំបែក​ខ្លួនដែល​ចង់​ផ្តាច់​ទីបេ ពី​ទឹកដី​ចិន។

ជាស្វ័យប្រវត្តិ ទីក្រុង​ប៉េកាំង​បាន​ទម្លាក់​កំហុស​ទៅលើ​ប្រមុខដឹកនាំ​សាសនា​ទីបេ ដោយថា គឺ​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា ដែល​បាន​លើក​ទឹកចិត្ត​ព្រះសង្ឃទីបេ​ឲ្យ​ដុត​សម្លាប់​ខ្លួន។ តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ​មេដឹកនាំ​សាសនា​ទីបេ បាន​ស្ងាត់​បិទមាត់ មិនថ្កោល​ទោស​​សកម្មភាព​ដុតខ្លួន​របស់​ព្រះសង្ឃទីបេ។ ផ្ទុយទៅវិញ គេមាន​តែអបអរ​ និង​ជម្រុញ​ឲ្យ​មនុស្ស​ហ៊ាន​ដុតសម្លាប់​ខ្លួន​តទៅទៀត។

សម្រាប់​ទីក្រុង​ប៉េកាំង ការនៅស្ងៀម របស់​ប្រមុខ​ដឹកនាំ​សាសនា​ទីបេ ធ្វើ​ឲ្យជីវិត​មនុស្ស​បាត់បង់ និង​ផ្ទុយនឹង មនសិការ និង​សីលធម៌​មនុស្ស​ជាតិ។ អាជ្ញាធរ​ចិន​នៅបាន​​ចាត់ទុក​ថា​ វា ជា​​អំពើ​ហិង្សា និងអំពើ​ភេរវកម្ម​បំភាន់​ភ្នែក​មួយ។

កន្លងមក សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​ធ្លាប់​បាន​ប្រកាស​ថា នៅក្នុង​ធម៌ព្រះពុទ្ធ ការបូជា​ជីវិត​រស់​ដ៏មាន​តម្លៃ គឺ​ជាអំពើបាប​មួយ។ ប៉ុន្តែ នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាលទីបេ ​និរទេស​ខ្លួន នៅបរទេស ដែល​ទើបចូលកាន់​តំណែង​ជំនួស​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា កាលពី​ខែ​មីនា បាន​សម្តែង​គាំទ្រ​ ភាពក្លាហាន​របស់​អ្នកដែល​ហ៊ាន​បូជា​ជីវិត ដើម្បី​បុព្វហេតុ​ទីបេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI