កម្ពុជា

ចលនា​យុវជន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ

ក្រុម​សកម្មជន​ស្រឡាញ់​បរិស្ថាន​ធ្វើការ​ទាមទារ​នៅមុខ​រដ្ឋសភា
ក្រុម​សកម្មជន​ស្រឡាញ់​បរិស្ថាន​ធ្វើការ​ទាមទារ​នៅមុខ​រដ្ឋសភា ©Kim Yuthana

នៅថ្ងៃទី៥ មិថុនានេះ ដែលជាទិវា​បរិស្ថាន​ពិ​ភព​លោក មានអង្គការ​-​សមាគមកម្ពុជា​យ៉ាងតិច ចំនួន​៥ និង​សកម្មជន​ដែល​ស្រឡាញ់​បរិស្ថាន ប្រមាណជិត ៣០០​​នាក់ បានជួបជុំ​គ្នា​នៅ​មុខ​រដ្ឋ​សភា ដើម្បី​ប្រារព្ធ​​ទិវា​បរិស្ថាន​ពិភពលោក​​លើក​​ទី​​៤១ ក្រោម​ប្រធានបទ “​ព្រៃឈើ​យើង បរិស្ថាន​យើង”។ គោលបំណង​នៃ​ការប្រារព្ធ​ទិវាបរិស្ថាន​របស់​អង្គការ និង​សមាគម​កម្ពុជា នៅថ្ងៃនេះ គឺ​ដើម្បី​ស្នើឲ្យ​រដ្ឋាភិបាល​​ចាត់​​វិធានការ​​ការពារ​បរិស្ថា ននិង​ត្រួត​ពិនិត្យ​ទៅ​​លើ​ក្រុមហ៊ុន​​ដី​សម្បទាន សេដ្ឋកិច្ចដែល​កំពុង​​ប្រតិបត្តិការ នៅ​កម្ពុជា ហើយ​កំពុង​តែ​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាងច្រើន​ក្រោម​រូបភាព​ដី​សម្បទាន​សេដ្ឋ​កិច្ច ឬ​សម្បទាន​​រ៉ែនោះ។ 

ផ្សាយពាណិជ្ជកម្ម

តាំងពី​ម៉ោង៧ កន្លះព្រឹក នៅថ្ងៃ​ពុធនេះ ក្រុម​សកម្មជន​ស្រឡាញ់​បរិស្ថាន​ប្រហែល ៣០០នាក់ ដែល​មក​ពី​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ចំនួន​៥ បាន​មក​ប្រមូលផ្តុំគ្នា នៅមុខ​ព្រះបរមរាជវាំង ក្នុង​គោលបំណង​ដើរ​ដង្ហែរ​ក្បួន​នាំញត្តិ​ឆ្ពោះមកកាន់​មន្ទីរ​រដ្ឋសភា​ជាតិ ប៉ុន្តែ​ការជួបជុំ​នេះត្រូវ​បាន​រារំាង​ដោយ​ក្រុម​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ហេតុផល​ថា ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​មុខ​ព្រះបរមរាជវាំង។

ទោះយ៉ាងណា ក្រុម​អ្នកបរិស្ថាន​ទាំងអស់​នោះ បាន​ព្យាយាម​ប្រមូល​ផ្តុំគ្នា នៅមុខ​មន្ទីរ​រដ្ឋសភា​វិញ នៅពេល​បន្ទាប់ ដោយ​មិនមាន​ការប៉ះទង្គិច​ជាមួយ​នឹង​ក្រុម​សមត្ថកិច្ច​នោះឡើយ ដើម្បី​ដាក់​ញត្តិ​ជូន​សមាជិក សភា ក្នុង​គោលបំណង​ជំរុញ​រដ្ឋាភិបាល​ជួយ​ការពារ​បរិស្ថាន​ព្រៃឈើ នៅកម្ពុជា។ នេះ​បើ​យោង​តាម​លោក វន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​រៀបចំ​ការដឹកនាំ​ពិធី​ជាមួយ​នឹង​អង្គការ​មួយចំនួន​ទៀតនោះ។

យោង​តាមញតិ​ដែល​សកម្មជន​បរិស្ថាន ដាក់​ជូន​រដ្ឋសភា បានសរសេរ​ឲ្យ​ដឹង​ថា ការជួបជុំ​របស់​សកម្មជន​បរិស្ថាន ដែល​ភាគច្រើន​ជា​យុវជន គឺ​ដើម្បី​បង្ហាញ​ពី​សេចក្តី​ព្រួយបារម្ភ​របស់​ខ្លួន ចំពោះ​វិនាសកម្ម​ព្រៃឈើ​ដែល​កំពុង​កើតមាន​ទ្បើង នៅ​ប្រទេស​កម្ពុជា នា​ប៉ុន្មាន​​ឆ្នាំ​​ចុង​ក្រោយ​នេះ ហើយ​​កំពុង តែធ្វើឲ្យ​ប៉ះពាល់​ដល់​​បរិស្ថាន​​យ៉ាង​ធ្ងន់ធ្ងរ។

ញត្តិ​ដដែល ក៏បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់​​វិធានការ​ការពារ​​បរិស្ថាន និង​​ត្រួត​ពិនិត្យ​​ទៅ​​លើ​ក្រុមហ៊ុន​​ដី​​សម្បទាន សេដ្ឋកិច្ច​ដែល​កំពុង​​ប្រតិបត្តិការណ៍ នៅ​កម្ពុជា ហើយ​ក៏បាន​ជំរុញ​ផងដែរ ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការផ្តល់ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ ចំពោះ​ក្រុមហ៊ុន​ណា​ដែល​មិនមាន​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ឲ្យបាន​ត្រឹមត្រូវ និង​មិន​បាន​គោរព​ច្បាប់​របស់​ប្រទេស​កម្ពុជា។

របាយការណ៍​នៃ​សមាគម​អាដហុក ផ្សាយ​ក្នុង​ខែកុម្ភៈ ឆ្នាំ២០១៣​នេះ បាន​បង្ហាញ​ថា ដីសម្បទាន​ជាង ៣០កន្លែង ដែល​មាន​ទំហំជាង ២០៨ ៨០៥​ហិកតា​ត្រូវ​បាន​ផ្តល់​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន។

ប៉ុន្តែលោក​ចាន់ សារុន រដ្ឋមន្រ្តី​កសិកម្ម និង​រុក្ខាប្រមាញ់ ដែល​បាន​ថ្លែងនៅ​ក្នុង​រដ្ឋសភា កាល​ពី​ខែឧសភា កន្លងទៅនេះ ក្នុងពេល​ពិភាក្សា​ច្បាប់ស្តី​ពី​សហគមន៍​កសិកម្ម​បានអះអាង​ថា គិត​មក​ត្រឹម​ពេល​នេះ​មាន​ក្រុមហ៊ុន​៦៣ ហើយ​ដែល​ត្រូវ​បាន​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច។ហើយរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជនចាប់​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​២០១២​មក​ម្ល៉េះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI