Youtube ត្រូវពិន័យឱ្យបង់ប្រាក់ ជិត២០០លានដុល្លារ ពីបទមិនថែរក្សាទិន្នន័យជីវិតឯកជនរបស់កុមារ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមហ៊ុនវីដេអូ Youtube បានបំពានច្បាប់ ចំពោះការបង្ហាញរូបភាពកុមារដោយមិនសមរម្យ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះ មិនបានថែរក្សាទិន្នន័យជីវិតឯកជនរបស់កុមារ ឱ្យបានល្អត្រឹមត្រូវនោះទេ ហើយថែមទាំងបានលក់ទិន្នន័យទាំងនោះ សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មទៀតផង។ តាមច្បាប់អាមេរិក គឺក្រុមហ៊ុនវីដេអូ Youtube នឹងត្រូវបង់ពិន័យជាប្រាក់ ចន្លោះពីជាង១៥០ទៅ២០០លានដុល្លារ។
ការផាកពិន័យជាប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំពោះក្រុមហ៊ុន Youtube គឺបានធ្វើឡើងដោយ គណៈកម្មាធិការសហព័ន្ធ ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម (Federal Trade Commision) ដែលជាស្ថាប័នឯករាជ្យរបស់អាមេរិក។ សេចក្តីសម្រេចផាក់ពិន័យ ជាផ្លូវការ នឹងត្រូវប្រកាស នៅក្នុងខែកញ្ញា នៅពេលដែលទទួលបានការយល់ព្រមឯកភាពពីក្រសួងយុត្តិធម៌។ នេះបើតាមការបញ្ជាក់របស់អាមេរិក The New York Time ដែលផ្សាយនៅក្នុងសប្តាហ៍នេះ ។
ក្នុងខែមេសា ឆ្នាំ២០១៨កន្លងទៅ អង្គការសមាគមការពារសិទ្ធកុមារ ចំនួន២៣ស្ថាប័ន បានដាក់ពាក្យបណ្តឹងទៅកាន់ គណៈកម្មាធិការសហព័ន្ធទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម។ នៅក្នុងពាក្យបណ្តឹង, ក្រុមអង្គការការពារសិទ្ធកុមារ បានចោទប្រកាន់ Youtube ថាបានប្រមូលយកទិន្នន័យជីវិតជនរបស់កុមារ ដោយគ្មានការអនុញ្ញាតពីមាតាបិតា (ចំពោះកុមារក្រោមអាយុ១៣ឆ្នាំ)។ ទិន្នន័យទាំងនោះ មានដូចជា ព័ត៌មានស្តីពីកន្លែងប្រើប្រាស់អ៊ីនធ័រនែត, ម៉ាស៊ីនឧបករណ៍សម្រាប់មើលវីដេអូ, និងលេខទូរសព្ទ ជាដើម ហើយដែលក្រុមហ៊ុន Youtube បានលក់បន្តទៅក្រុមហ៊ុនរកស៊ីដទៃ ដើម្បីគេយកទៅផ្សាយពាណិជ្ជកម្ម ឱ្យចំគោលដៅមនុស្ស។ ទង្វើបែបនេះ គឺត្រូវហាមឃាត ដោយច្បាប់អាមេរិក។
Youtube ជាសាខាមួយរបស់ក្រុមហ៊ុន Google និងដែលមានជំនាញផ្សាយវីដេអូតាមអ៊ីនធ័រនែត។ Youtube មានមនុស្សប្រើប្រាស់ ជាង២ពាន់លានគណនី ប្រើជាប្រចាំខែ។ ចាប់ពីឆ្នាំ២០១៥មក ក្រុមហ៊ុននេះ បានបង្កើតទំព័រកម្មវិធីថ្មីមួយ យ៉ាងពិសេស សម្រាប់តែកុមារអាយុក្រោម១៣ឆ្នាំ ដែលក្នុងនោះ គឺមានបណ្តុំដោយវីដេអូ និងគំនូរជីវចលសម្រាប់កុមារ ជាច្រើន... រួមទាំងការបញ្ចាំងផ្សាយពាណិជ្ជកម្ម ពីរបស់របរប្រើប្រាស់ សម្រាប់ក្មេងៗ និងឧបករណ៍ក្មេងលេងយ៉ាងសម្បូរបែប។
ប្រសិនបើក្រសួងយុត្តិធម៌អាមេរិក បើកភ្លើងខៀវ យល់ព្រមសម្រេចដាក់ពិន័យជាប្រាក់ចំពោះក្រុមហ៊ុន Youtube នៅក្នុងខែកញ្ញានេះមែន សេចក្តីសម្រេចនោះ នឹងក្លាយជាការសម្រេចដ៏សំខាន់ ជាប្រវត្តិសាស្ត្រ ក្នុងការជួយថែរក្សាទិន្នន័យជីវិតឯកជនរបស់កុមារ នៅអាមេរិក។
នៅបារាំងវិញ, ក្រោយពីច្បាប់សហភាពអឺរ៉ុបស្តីពីការថែរក្សាព័ត៌មានទិន្នន័យជីវិតឯកជន បានចូលជាធរមាន, គណកម្មាធិការជាតិបារាំងផ្នែកព័ត៌មាននិងសេរីភាព (CNIL) នៅដើមឆ្នាំ២០១៨ធ្លាប់បានសម្រេចដាក់ពិន័យ ជាប្រាក់ចំនួន ៥០លានអឺរ៉ូ ចំពោះក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនមេរបស់ Youtube ពាក់ព័ន្ធនឹងបទចោទស្រដៀងគ្នា ជុំវិញការថែរក្សាទិន្នន័យព័ត៌មានជីវិតឯកជនរបស់អ្នកប្រើប្រាស់។ តែ Google បានប្តឹងឡើងឧទ្ធរណ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ