អ្នកភូមិបឹងកក់២នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តំណាងអ្នកភូមិបឹងកក់២នាក់ត្រូវបានដោះលែងពីពន្ធនាគារព្រៃសឲ្យនៅក្រៅឃុំបណ្តោះអាសន្នវិញកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ។អ្នកទាំងពីរស្ថិតក្នុងចំណោមអ្នកភូមិបឹងកក់១៥នាក់ដែលត្រូវបានតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី២៤ឧសភាប៉ុន្តែនៅមិនទាន់បានទទួលការកាត់ទោសនៅឡើយទេ។ ចំណែកឯស្ត្រីអ្នកភូមិបឹងកក់១៣នាក់ទៀតដែលតុលាការបានកាត់ទោសរួចហើយនោះនៅមិនទាន់ត្រូវបានគេដោះលែងនៅឡើយទេ។ ការដោះលែងអ្នកភូមិបឹងកក់ទាំងពីរនាក់នេះ បានធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌បានអន្តរាគម។
រឿងភាគដ៏វែងអន្លាយរបស់អ្នកភូមិបឹងកក់ទំនងជាជិតដល់ទីបញ្ចប់ហើយ។ តំណាងអ្នកភូមិបឹងកក់២នាក់គឺលោក សៅ សារឿន និងអ្នកស្រី លី ចាន់ណារី ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចដោះលែងឲ្យមានសេរីភាពនៅក្រៅឃុំបណ្តោះអាសន្នកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ។ ការដោះលែងអ្នកទាំងពីរឲ្យនៅក្រៅឃុំបានធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌បានសរសេរលិខិតទៅតុលាការរាជធានីភ្នំពេញឲ្យពិនិត្យមើលឡើងវិញអំពីសំណុំរឿងអ្នកភូមិបឹងកក់។
យ៉ាងណាក៏ដោយ អ្នកទាំងពីរត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ ពួកគេត្រូវទៅបង្ហាញខ្លួននៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញរៀងរាល់៣សប្ដាហ៍ម្ដង ហើយមិនត្រូវផ្លាស់ប្ដូរលំនៅឋាន និងត្រូវទៅបង្ហាញខ្លួននៅមុខប៉ុស្តិ៍រដ្ឋបាលស្រះចក ខណ្ឌ ដូនពេញផងដែរ។ អ្នកភូមិទាំងពីរនាក់ត្រូវបានអាជ្ញាធរចាប់ខ្លួននិងបញ្ជូននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី២៤ ខែឧសភា ដំណាលគ្នានឹងស្ត្រីអ្នកភូមិបឹងកក់១៣នាក់ដែលមានទំនាស់ដីធ្លីនោះដែរ។ នៅមិនទាន់មានដំណឹងល្អពីស្ត្រី១៣នាក់ដែលកំពុងជាប់ពន្ធនាគារនោះនៅឡើយទេពីព្រោះពួកគេកំពុងជាប់បណ្តឹងឧទ្ធរណ៍។ សាលាឧទ្ធរណ៍គ្រោងលើកយកសំណុំរឿងនេះមកបើកសវនាការនៅថ្ងៃទី២៧មិថុនាខាងមុខ។
ក្រុមអ្នកតាមដានសំណុំរឿងនេះចាត់ទុកការដោះលែងអ្នកភូមិបឹងកក់ទាំងពីរថាជាសញ្ញាល្អមួយ។ លោក ចាន់ សូវ៉េត មន្ត្រីអ្នកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ស្ត្រីអ្នកភូមិបឹងកក់អាចនឹងត្រូវគេដោះលែងឲ្យមានសេរីភាពវិញក្នុងពេលខាងមុខ។ លោកកត់សម្គាល់ថា មានសម្ពាធច្រើនយ៉ាងដែលដាក់ទៅលើរដ្ឋាភិបាលទាក់ទងនឹងបញ្ហានេះ។ សម្ពាធទាំងនោះមានដូចជាការទាមទាររបស់អ្នកភូមិបឹងកក់ផ្ទាល់ ការទាមទាររបស់សង្គមស៊ីវិល និងរបស់សហគមន៍អន្តរជាតិ ដែលរដ្ឋាភិបាលមិនអាចរកហេតុផលមកពន្យល់បានឡើយ។
យ៉ាងណាក៏ដោយនៅក្នុងជំនួបជាមួយលោកស្រី ហ៊ីលឡារីគ្លីនតុនរដ្ឋមន្ត្រីការបរទេសអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១២មិថុនា លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបានពន្យល់ថា ការចាប់ខ្លួនអ្នកភូមិទាំងនោះដោយសារតែពួកគេមិនមែនជាអ្នកភូមិបឹងកក់ពិតប្រាកដហើយបានប៉ុនប៉ងបង្កបញ្ហាមុនពេលបោះឆ្នោតដោយប្រើឧបករណ៍ដែលអាចសម្លាប់មនុស្សបានប្រឆាំងអាជ្ញាធរមានសមត្ថកិច្ច។
ដូច្នេះមានតែវិធានការផ្លូវច្បាប់ទេទើបអាចចៀសវាងអំពើហិង្សាបាន។ ទោះជាយ៉ាងណា ប្រមុខការទូតកម្ពុជាអះអាងថា គ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរគ្នាឯងឡើយ។ លោកបញ្ជាក់ថា ក្រសួងយុត្តិធម៌កំពុងដោះស្រាយបញ្ហានេះហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ